សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ជំទាស់​បន្ត​ជំរុញ​កម្ពុជា​ឱ្យ​គោរព​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ

ទិដ្ឋភាព​នៃព្រឹត្តិការ​ណ៍រំឭក​ខួប​លើកទី៣៣ នៃ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់​អង្គការសង្គមស៊ីវិល​និងក្រុមអ្នកនយោបាយជំទាស់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ (Facebook / Cambodian Center for Human Rights)

ក្រុម​អង្គការ​សង្គម​ស៊ីវិលចំនួន​ ១៨​ និង​អ្នក​នយោបាយមួយចំនួនមកពី​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​ ជំរុញ​ឱ្យ​កម្ពុជា​គោរព​តាម​ស្មារតី​បង្រួប​បង្រួម​ជាតិ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​ ១៩៩១ ខណៈ​ពួកគេ​ថា កម្ពុជា​មិន​ទាន់​អនុវត្ត​ពេញ​លេញនៅ​ឡើយ ​ចំពោះ​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​កិច្ច​ព្រមព្រៀងនេះ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ​ រួមមាន​អង្គការ​លីកាដូ​ សមាគម​អាដហុក ខុមហ្រ្វែល សង់ត្រាល់ ​ព្រមទាំង សមាគម សហជីព និង​សហ​គមន៍ដីធ្លីជា​ដើម។

ក្នុង​ពិធី​ប្រារព្ធ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ លើក​ទី ៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​ ២០២៤ ​មាន​អ្នក​ចូលរួម​ប្រមាណ​ ១.០០០នាក់ ហើយ​មាន​គោល​បំណង​ពង្រឹង​ការ​យល់ដឹង​ជា​សាធារណៈស្តី​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ដោយ​ផ្តោត​លើ​គោលការណ៍នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ សេរីពហុបក្ស​ និង​ដើម្បី​បញ្ចេញ​មតិ​លើក​កម្ពស់​គោលការណ៍​ពហុបក្ស​ និង​ផ្សះផ្សាជាតិ​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ពេញ​លេញ​នៅ​ឡើយ​ ដោយ​លោកថា​បញ្ហា​នៃ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ និង​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស បើទោះ​បី​ជា​កិច្ច​ព្រម​ព្រៀង​នេះ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏ដោយ​។

លោកបន្ថែម​ថា​ ដើម្បី​ទទួល​បាន​នូវ​ការ​អនុវត្ត​ពេញ​លេញ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ត្រូវ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ពិសេស​គឺរដ្ឋាភិបាល។

លោក​ថ្លែងថា៖ «អ្នក​ដែល​អាច​អនុវត្ត​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ ឱ្យ​បាន​ពេញ​លេញ​គឺ​ ភាគី​រដ្ឋ​ បាន​ន័យ​ថា​ រាជរដ្ឋាភិបាល​ត្រូវ​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ឱ្យ​បាន​ល្អ​ទាក់ទង​នឹង​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​បង្រួប​បង្រួម​ជាតិ​ជា​ដើម ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​យើង​ មាន​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ»។

រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង ​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ទីប្រឹក្សា​គណៈបក្ស​កម្លាំងជាតិលោក​ រ៉ុង ឈុន ​លើក​ឡើងថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​នៅ​តែ​សំខាន់​ ដោយ​លោកថា ​ឯកសារ​ប្រវត្តិសាស្ត្រ​នេះ បាន​នាំ​ឱ្យ​មាន​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ មាន​ការប្រកួត​ប្រជែង​យក​អំណាច​តាម​រយៈ​ការបោះឆ្នោតនៅកម្ពុជា។

លោកថ្លែងថា៖ «ស្មារតី​នៅ​ថ្ងៃទី ២៣ ខែតុលា​នេះ ហាក់បី​ដូច​ជា​កម្ពុជា​យើង​ដើរ​ងាក​ចេញ​ពី​កន្លង​ប្រជាធិបតេយ្យ ហើយ​ងាក​ចេញ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​នេះ ការគោរព​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​មាន​ការ​ធ្លាក់​ចុះ​មាន​ន័យ​ថា ហាក់បី​ដូចជា​មិន​បាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ទៅ​តាម​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ហ្នឹង​។ បន្ទាប់​បន្ត​មក​ទៀត​យើង​ឃើញ​ថា​ នៅ​ឆ្នាំ​ ២០២៣ ខែ​កក្កដា រដ្ឋាភិបាល​បាន​រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការ​បោះឆ្នោត​លើកទី​ ២ បន្ទាប់​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​នៅ​ពេល​ដែល​គណបក្ស​ភ្លើងទៀន​រៀបចំ​ចូលរួម​នយោបាយ​ មិន​បាន​ចូល​រួម​បោះឆ្នោត»។

លោក​បាន​បន្តថា កម្ពុជា​នឹង​ទទួល​រងផល​ប៉ះពាល់​ច្រើន​ ប្រសិន​មិន​គោរព​ច្បាប់​ពាក់ព័ន្ធ​នឹងការ​គោរពសិទ្ធ​មនុស្ស និង​ប្រជាធិបតេយ្យ​ឱ្យ​ពេញ​លេញ​ នោះក៏​អាច​ជា​បញ្ហា​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​សេដ្ឋ​កិច្ចជាតិ​ផង​ដែរ។

ទោះ​យ៉ាងណា​ អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា យល់ថា ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីសនៅ​តែ​ត្រូវ​បាន​អនុវត្ត និង​មាន​តម្លៃ​សម្រាប់​កម្ពុជា​ ហើយ​ក៏​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​រួច​ហើយ​សម្រាប់​ដឹកនាំ​ប្រទេស។

លោក​ថ្លែង​ថា៖​ «សូម​បញ្ជាក់​ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល ចាត់​ទុក​ជា​គោល​ក្នុង​ការ​ដឹកនាំ​ប្រទេស​។ ត្រង់ណា​ដែល​ថា​រាជរដ្ឋាភិបាល​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ខ្ញុំ​ឧទារហណ៍​ សន្តិភាព​គឺ​ជា​ស្នាដៃ​ខិតខំ​កសាង​ឡើង​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជា​អតីត​នាយករដ្ឋ​មន្រ្តី​ ឥឡូវ​សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត បន្ត​វេន​។ រដ្ឋាភិបាល​គឺ​ជា​អ្នក​ខិតខំ​ពុះពារ​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​សន្តិភាព ហើយ​ឥឡូវ​កំពុង​ឈរ​ការពារ​សន្តិភាព​យ៉ាង​រឹង​មាំ»។

គួរ​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​បារីស (Paris Peace Agreement) ដែល​បាន​ធ្វើ​ឱ្យខ្មែរ ៤ ​ភាគី ឈប់​បាញ់​គ្នា​ នាំ​ឲ្យ​មាន​សន្តិភាព​ ធានា​បូរណភាព​ដែនដី​ អធិបតេយ្យភាព​ជាតិ​ ការ​អភិវឌ្ឍ​ជា​ដើម​ផង​នោះ គឺ​ជា​ស្នា​ព្រះហស្ថ​របស់​ព្រះបរមរតនកោដ្ឋ ​សម្តេចឪ​ព្រះ​បាទ​នរោត្តម​ សីហនុ ​ដែល​ជា​អ្នក​ផ្តួចផ្តើម។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​ ២០២០​ មក ​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ថ្ងៃ​ ២៣​តុលា សម្រាប់​ការ​ឈប់​សម្រាក​ជា​សាធារណៈ​ តែ​សង្គមស៊ីវិល​និងអ្នកនយោបាយ​ជំទាស់​មួយចំនួន​នៅ​បន្ត​រំឭក​និងនិយាយដល់​ពីសារសំខាន់​កិច្ចព្រមព្រៀង​នយោបាយ​ជាលក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ​នេះ៕