ភាពយន្តត្រូវបានគេចាត់ទុកថា ជាមធ្យោបាយមួយក្នុងការផ្សាយសារអប់រំអំពីបញ្ហាផ្សេងៗ តែអ្នករៀបចំមហោស្រពភាពយន្តមួយ បានលើកឡើងថា ការផលិតកុនមិនសូវសម្បូរដោយសារខ្វះដើមទុននិងធនធាន។ នៅថ្ងៃសុក្រទី៨ ខែកក្កដានេះ ក្រុមស្ថាបនិកនៃមហោស្រពភាពយន្តខ្លីចតុមុខបានរៀបចំឲ្យមានការប្រកួតភាពយន្តខ្នាតខ្លីជាលើកទី៥ដើម្បីលើកស្ទួយឲ្យមានការផលិតកុននៅកម្ពុជានិងអាស៊ីអាគ្នេយ៍ឲ្យបានប្រសើរជាងមុន។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ វិស័យកុនរបស់កម្ពុជាធ្លាប់ត្រូវបានគេចាត់ទុកថា«យុគសម័យមាស»នៅក្នុងតំបន់ តែវិស័យនេះត្រូវបានសាបសូន្យនៅកំឡុងសង្គ្រាមពីឆ្នាំ១៩៧៥ដល់១៩៧៩រហូតដល់សម័យបច្ចុប្បន្នទើបមានក្រុមអ្នកស្រឡាញ់ភាពយន្ត និងអ្នកផលិតកុនមួយចំនួនបាននិងកំពុងខ្នះខ្នែងលើកស្ទួយស្នាដៃវិស័យភាពយន្តនេះឡើងវិញ។
ក្រុមអ្នកស្រឡាញ់កុន និងមន្ត្រីនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការប្រកាសបើកឲ្យមានការប្រកួតប្រជែងការផលិតកុនខ្លីចាប់ពីខែកក្កដានេះរហូតដល់ខែវិច្ឆិកា ដោយផ្ដោតសំខាន់លើប្រធានបទចំណាកស្រុកនិងការជួញដូរមនុស្ស។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃសុក្រទី៨ ខែកក្កដានេះ លោកហ៊ូ រេមី ប្រធានមហោស្រពភាពយន្តខ្លីចតុមុខឆ្នាំ២០១៦ បានឲ្យដឹងថា មហោស្រពភាពយន្តជាឱកាសឲ្យផលិតករវ័យក្មេងអាចបង្ហាញស្នាដៃរបស់គេ។
លោកហ៊ូ រេមីនិយាយថា៖
«នៅក្នុងមហោស្រពភាពយន្តខ្លីនេះ គោលបំណងរបស់ខ្ញុំគឺចង់លើកស្ទួយសិល្បៈអ្នកថតភាពយន្ត អ្នកសម្ដែង អ្នកចេះសរសេរ script (សាច់រឿង) ឲ្យគាត់ដឹងថា មុខរបររកស៊ីកុនហ្នឹងវាដើរឡើង ហើយនេះជាឱកាសមួយដែរ ដែលគាត់អាចចូលរួមសាកល្បង ហើយមិនបាច់ត្រូវការចំណូលច្រើនទេ ហើយឧបករណ៍ទាំងអស់នេះ យើងមាននៅស្រុកខ្មែរដែរ។ សំខាន់គឺសាច់រឿងហ្នឹង»។
លោកប្រធានមហោស្រពភាពយន្តរូបនេះបានឲ្យដឹងថា ក្នុងនាមលោកជាផលិតករកុនខ្នាតខ្លីមានបទពិសោធន៍មិនសូវច្រើន លោកយល់ថា សាច់រឿងមានសារៈសំខាន់ខ្លាំងជាងសម្ភារៈដែលគេប្រើថតកុននោះ។
លោករេមីបន្តថា៖
«ពេលខ្លះយើងមិនចាំបាច់ត្រូវការឧបករណ៍ខ្លាំង ឧបករណ៍ធំអីទេ តែសំខាន់វាសាច់រឿង។ តែសាច់រឿងល្អហើយ វាទាក់មនុស្ស។ ធម្មតាអ្នកមកមើលកុន គាត់មើលថា អូហ៍! តើគាត់ថតហ្នឹង កាមេរ៉ាអីដែរ? កាមេរ៉ារេដ កាមេរ៉ាសូនី កាមេរ៉ាអីអីចឹង។ គេអត់ខ្វល់ទេ បើកុនហ្នឹងសាច់រឿងវាល្អ គេចាប់អារម្មណ៍ហើយ កូល័រ ពណ៌ គេចូលចិត្តកុនហ្នឹងហើយ វ៉ាវ»។
លោកស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ VOA ថា តួលេខនៃស្នាដៃកុនខ្នាតខ្លីនៅកម្ពុជានៅមានចំនួនតិចជាងប្រទេសមួយចំនួនក្នុងតំបន់។លោកបន្ថែមថាគុណភាពកុនខ្នាតខ្លីនៅប្រទេសកម្ពុជានៅមានកម្រិត ដោយសារកត្តាបច្ចេកទេសនិងធនធានថវិកា។
«មានចំនួនតិច។ យុវវ័យយើងមានការចាប់អារម្មណ៍លើភាពយន្តខ្នាតខ្លី។ គាត់បានឈានជើងចូលក្នុងការផលិតភាពយន្ត គាត់បានសិក្សារៀនសូត្រខ្លះៗ វែង ខ្លី ក្នុងស្រុក ក្រៅស្រុក ហើយគាត់ចង់ធ្វើកុន។ ប៉ុន្តែបញ្ហារបស់គាត់គឺបញ្ហាដើមទុនដែលគាត់ផលិតរឿងខ្លី។ ជួនកាលគាត់មានសាច់រឿងមានអីហើយ តែគាត់ខ្វះថវិកាសម្រាប់ផលិត»។
ការរៀបចំមហោស្រពភាពយន្តខ្លីចតុមុខលើកទី៥នេះមានការចូលរួមឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID តាមរយៈអង្គការ វីនរ៉ុកអន្តរជាតិ (Winrock International) ក្នុងគោលបំណងឲ្យមានការផលិតកុនផ្សព្វផ្សាយអំពីបញ្ហាចំណាកស្រុក និងជួញដូរមនុស្ស។
លោកសៀង ម៉េង អនុប្រធានគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (CTIP) បាននិយាយថា ការផ្សព្វផ្សាយអំពីការជួញដូរមនុស្ស និងចំណាកស្រុកមានសារៈសំខាន់ដើម្បីអប់រំប្រជាពលរដ្ឋពីចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស។លោកបន្ថែមថា ការផលិតកុនទាក់ទងនឹងរឿងនេះគឺជាមធ្យោបាយមួយសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងបញ្ហាខាងលើ។
«ដោយសារវិស័យកុនវាដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មាន ព្រោះអាហ្នឹងវាអាចធ្វើឲ្យមនុស្សហ្នឹងទស្សនាទៅ គេអាចពិចារណា គេអាចផ្លាស់ប្តូរផ្នត់គំនិត ពីអ្វីដែលគេជួបប្រទះ មកជារឿងល្អវិញ។ ឧទាហរណ៍ ឆ្នាំនេះយើងនិយាយអំពីការជួញដូរមនុស្សហ្នឹង យើងផ្ដោតទាំងអស់ ទាំងការជួញដូរមនុស្សហ្នឹង ទាំងការចំណាកស្រុកប្រកបដោយសុវត្ថិភាព។ យើងនឹងមើលទៅលើរឿងទាំងអស់ហ្នឹង ហើយយើងយល់ថា វិស័យភាពយន្តជាឧបករណ៍ទៅដល់អ្នកពាក់ព័ន្ធ»។
នៅប្រទេសប៉ែកអឺរ៉ុប និងប្រទេសមួយចំនួនទៀត អ្នកផលិតកុនអាចស្នើសុំថវិកាពីស្ថាប័នមូលនិធិផលិតកុននៃរដ្ឋាភិបាលខ្លួន ដោយឡែកការជួយឧបត្ថម្ភគាំទ្ររបៀបនេះនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ លោកស៊ិន ចន្ទសាយា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការជួយពីសំណាក់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធគឺជាគន្លឹះជួយបង្កើនឲ្យមានការរីកចម្រើនដូចគេដែរ។
«ក្រុមហ៊ុនរកស៊ីគ្រប់វិស័យទាំងអស់ត្រូវតែជួយអាហ្នឹង បណ្ដុះអាហ្នឹង ពីព្រោះបណ្ដុះអ្នកធ្វើរឿងខ្នាតខ្លីមានប្រយោជន៍ណាស់។ ដូចខ្ញុំនិយាយហើយថា វាជាថ្នាលដំបូង វាជាឱកាសដំបូងដែលយើងជំរុញគាត់ ឲ្យគាត់បញ្ចេញស្នាដៃរបស់គាត់ បញ្ចេញនូវទេពកោសល្យរបស់គាត់។ អ្វីដែលគាត់ចង់ យើងឲ្យគាត់បញ្ចេញ។ មុននឹងគាត់ឈានជើងចូលអាជីពអ្នកផលិតភាពយន្ត គាត់ត្រូវសាកល្បងអាហ្នឹង។ បើសិនជាគាត់ចង់សាកល្បងចោល អាហ្នឹងវាជាជម្រើសរបស់គាត់»។
នៅក្នុងការប្រកួតនៃមហោស្រពភាពយន្តខ្លីចតុមុខកាលពីឆ្នាំ២០១៥ រឿងមានចំណងជើងថា«សង្គ្រាមគ្រាប់ឃ្លី» ឬ A Fistful of Pebbles ដឹកនាំដោយលោកចាប សោមច័ន្ទរិទ្ធិទទួលបានចំណាត់ថ្នាក់ជារឿងដែលល្អបំផុតនៃការប្រកួត។ ចំណែករឿងប្រឌិតបែបវិទ្យាសាស្ត្រ AXS13 បានចំណាត់ថ្នាក់ខាងផ្នែកទទួលបានការគាំទ្រពីអ្នកទស្សនាបានច្រើនជាងគេ។
មហោស្រពភាពយន្តខ្លីចតុមុខ ឬហៅជាភាសាអង់គ្លេសថា Chaktomuk Short Film Festival ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១២ ដោយ«ក្រុមកុនខ្មែរកូនខ្មែរ»និងដៃគូសហការផ្សេងទៀតដែលជាបណ្ដុំអ្នកស្រឡាញ់កុននិងក្រុមអ្នកផលិតកុន ក្នុងគោលបំណងលើកទឹកចិត្តឲ្យអ្នកថតកុនគ្រប់ប្រភេទ ទោះបីជាមានបទពិសោធន៍តិចតួចក្ដី មិនគួររុញរាក្នុងការចូលរួមសិក្សានិងបញ្ចេញស្នាដៃអំពីការផលិតកុនខ្លីនោះទេ។
អ្នកផលិតកុន ទាំងចាស់ ទាំងថ្មី ទាំងអស់ ត្រូវផ្ញើកុនខ្នាតខ្លីរបស់ខ្លួនដែលមានរយៈពេលមិនលើសពី៣០នាទីមកកម្មវិធីប្រកួតប្រជែងនេះចាប់ពីខែកក្កដារហូតដល់ខែវិច្ឆិកាឆ្នាំ២០១៦នេះ៕