ហ្វូងមនុស្សជាច្រើនបានចាប់ផ្ដើមប្រមូលផ្ដុំគ្នាជាជួរ នៅខាងក្រៅព្រលានយន្តហោះរដ្ឋ Florida កន្លែងដែលលោកប្រធានាធិបតី Donald Trump កំណត់ពេលជួបជុំអ្នកគាំទ្ររបស់លោកនៅល្ងាចថ្ងៃសៅរ៍នេះ ម៉ោងនៅក្នុងសហរដ្ឋអាមេរិក។
មនុស្សចំនួន បីម៉ឺននាក់ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃសៅរ៍នេះ គ្រោងនឹងធ្វើនៅព្រលានយន្តហោះ Melbourne ដែលស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រអាត្លង់ទិច រដ្ឋ Florida។ លោក Trump ត្រូវគេរំពឹងថា នឹងមកដល់ព្រលានយន្តហោះនេះ តាមរយៈការធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់ប្រធានាធិបតី Air Force One នៅម៉ោងប្រហែល ៥ល្ងាច ហើយការជួបជុំគ្នានេះនឹងចាប់ផ្ដើមក្រោយពេលលោក Trump អញ្ជើញមកដល់តែម្ដង។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Sarah Sanders បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ហេតុផលមួយផ្នែកដែល លោក Trump បង្កើតព្រឹត្តិការណ៍នេះឡើង ពីព្រោះលោកមិនគិតថា សាររបស់លោកតែងតែត្រូវបាន សារព័ត៌មានយកទៅចុះផ្សាយដោយយុត្តិធម៌នោះទេ ហើយលោក Trump អាចបញ្ចេញសាររបស់លោកដោយខ្លួនឯង «ប្រកបដោយប្រសិទ្ធភាព តាមរយៈការឈរលើវេទិកា និយាយទៅកាន់ពលរដ្ឋអាមេរិកាំង»។
ព្រឹត្តិការណ៍ជួបជុំគ្នាជាមួយអ្នកគាំទ្រ ត្រូវបានធ្វើឡើងនៅក្នុងយុទ្ធនាការរបស់លោក Trump ហើយលោកក៏បានរៀបចំព្រឹត្តិការណ៍តូចៗជាច្រើនទៀតក្នុងអំឡុងពេលផ្ទេរអំណាច ដែលបានហៅព្រឹត្តិការណ៍ទាំងនោះថា ជា «ការជួបជុំគ្នាដើម្បីថ្លែងអំណរគុណ»។
ការជួបជុំជាមួយអ្នកគាំទ្រដែលលោក Trump បាននឹងគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍នេះ មិនមានអ្វីប្លែកពីជំនាន់ប្រធានាធិបតីពីមុនៗឡើយ ហើយលោកអតីតប្រធានាធិបតី Barack Obama ក៏បានរៀបចំព្រឹត្តិការណ៍នានាស្រដៀងគ្នានេះដែរ នៅពេលដែលលោកកាន់ដំណែងជាប្រធានាធិបតី ដើម្បីកសាងការគាំទ្រទៅលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់លោក៕