វិបត្តិ​នៅ​ពី​ក្រោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង

លោក លី គឿង ឪពុករបស់យុវតីវ័យ ២០ឆ្នាំ ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ កំពុងឈរមើលរូបថតកូនស្រី នៅផ្ទះរបស់លោក ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ភ្នំពេញ — លោក លី គឿង និង​ភរិយា​ បាន​ជម្នះ​នឹង​ក្តី​ព្រួយបារម្ភ​ពី​សន្តិសុខ​នៃ​ស្ថានភាព​រស់នៅ​របស់​កូនស្រី​ពៅ ​វ័យ​ ២០ឆ្នាំ​របស់​លោក នៅ​ពេល​នាង​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​ប្រាក់​កម្រៃ​មក​ជួយ​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ។

ក៏​ប៉ុន្តែ​គ្រួសារ​លោក លី គឿង បាន​ប្រឈម​នឹង​សោកនាដកម្ម​មួយ គ្រា​ដែលកញ្ញា សាន ផល្លី ដែល​ជា​កូន​ស្រី​ពៅរបស់​លោក លី គឿង និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត ​បាន​ស្លាប់​បាត់​បង់​ជីវិត​កាលពី​យប់​ថ្ងៃ​ទី ​១៦ ខែ​តុលា ឆ្នាំ ២០២១ ដោយសារ​ហេតុការណ៍​បុក​រះ​ដែល​បង្ក​ឡើង​ដោយអ្នក​បើក​បរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង នៅ​បណ្តោយ​ផ្លូវ​វេងស្រេង រាជធានីភ្នំពេញ​ ដែល​ជា​រាជធានី​សម្បូរទៅ​ដោយ​ភ្លើងពណ៌​របស់​កម្ពុជា។

«មិនដឹង​រក​អី​ធៀប​បានទេ កូន​យើង​ទាំងមូល។ ដល់នឹក​ឃើញ​ដល់កូន​ ចេះ​តែ​ស្រក់​ទឹក​ភ្នែក។ យើង​ស្តាយ វា​ស្រស់ៗពេក។ ទើប​លា​ចេញ​បាន​បី​ថ្ងៃ ទៅជាអ៊ី​ចឹង​បណ្តោយ»។

កំពុង​អង្គុយ​នៅ​ខាង​មុខ​ផ្ទះ​ដែល​ទើប​សារ​រោង​បុណ្យ​សព ​៧​ថ្ងៃ​ កូន​ស្រី​ពៅ​របស់​លោក​រួច លោក លី​ គឿង បាន​លើក​ឡើង​ថា គ្រោះ​ថ្នាក់​នេះ​នឹង​មិន​អាច​កើត​ឡើង​បាន​នោះ​ទេ ប្រសិន​បើ​អ្នក​បើក​បរ​មិន​ស្រវឹង​នោះ។

លោក លី គឿង ឪពុករបស់យុវតីវ័យ ២០ឆ្នាំ ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ នៅផ្ទះរបស់លោក ក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

និយាយ​ទាំង​មាន​ទឹក​ភ្នែក​រលីង​រលោង​ផង លោក លី គឿង ​ថា៖

«បើ​អត់​ស្រវឹង​មាន​នរណា​បុក បើ​កូន​ខ្ញុំ​ដើរ​លើ​ចិញ្ចើម​ថ្នល់​លើ ខាងការ៉ូឡា​លើ។ មនុស្ស​មិន​អាច​គ្រោះ​ថ្នាក់​បាន​ទេ។ ដោយ​សារ​គាត់​ស្រវឹង គាត់​បើក​បរ​ស្រវឹង​បាត់​ស្មារតី ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​រាលដាល​គ្រោះ​ថ្នាក់​អ្នក​ដទៃ។​បើ​គាត់​មិន​ស្រវឹង​ក៏​មិន​អាច​បង្ក​ហេតុ​បាន​ទេ»។

នៅកម្ពុជា​មានអ្នករងរបួសជិត ​១៣,៧០០ នាក់​ និង​ជាង​ ២,០០០ នាក់ ​បាន​ស្លាប់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ឆ្នាំ ​២០១៩។ នេះបើតាម​របាយ​ការណ៍​ដ៏​ស៊ី​ជម្រៅ​មួយ​ស្តី​ពី «គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា»​ របស់​អង្គការ​ UNDP ប្រចាំ​កម្ពុជា​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២៣ ខែ​មិថុនា ឆ្នាំ​ ២០២១។

តួលេខ​នេះ​បង្ហាញ​ថា ជា​មធ្យម​មនុស្ស​ ៥,៤ នាក់​បាន​ស្លាប់​ជា​រៀងរាល់​ថ្ងៃ។ របាយ​ការណ៍​ដដែល​បន្ថែម​ថា​ មាន​កត្តា​បួន​ធំៗដែល​ទាក់​ទង​នឹង​ការ​បាត់បង់​អាយុ​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​កត្តា​មួយ​ក្នុង​នោះ គឺ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។

ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដ៏​ច្រើន​ឥតឧបមា

កាល​ពី​មុន ប្រជាជន​កម្ពុជា​ភាគច្រើន​ទទួល​ទាន​គ្រឿង​ស្រវឹង​តែ​ក្នុង​ឱកាស​ពិសេសៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពិធី​ជប់​លៀង ឬ​ពិធីបុណ្យ​ផ្សេងៗ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ការ​ពិសារ​គ្រឿង​ស្រវឹង​បាន​ក្លា​យ​ទៅ​ជា​ទម្លាប់សម្រាប់ការ​ជួបជុំ​ជាមួយ​មិត្តភក្តិ សាច់ញាតិ និង​ព្រឹត្តិការណ៍សង្គម​ផ្សេងៗ​និង​មួយ​ចំនួន​ធំ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ផង​ដែរ។ នេះ​បើរបាយការណ៍​នានា​ដែល​ស្រាវជ្រាវ​អំពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។

នៅ​កម្ពុជា​ គ្រឿង​ស្រវឹង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​តាម​កញ្ចក់​ទូរទស្សន៍ កាសែត ទស្សនាវដ្តី ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ធំៗ​តាម​ដង​ផ្លូវ​ និង​តាម​ទីកន្លែង​សាធារណៈ​នានា នៅ​ទូទាំង​ប្រទេស។

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​មួយ​ចំនួន​តែង​ភ្ជាប់​ជាមួយ​នឹង​សារ​ដែល​ជំរុញ​ឱ្យ​ចង់​ពិសារ។ សារខ្លះ​ មានសរសើរ​ពី​គុណសម្បត្តិ​របស់​ស្រា ឬ​ស្រាបៀរ ថា​មានរសជាតិ​ឆ្ងាញ់ គេង​លក់​ស្រួល និង​មាន​សារ​ខ្លះ​ថា​ជា​មោទនភាពជាតិ​ក៏​មាន។ បន្ថែម​លើ​នេះ ក្រុមហ៊ុន​ស្រាបៀរ​ខ្លះ​មាន​កម្មវិធី​ផ្តល់​ជា​រង្វាន់លើកទឹក​ចិត្ត​ដល់​អ្នក​ទិញ និង​អ្នក​ពិសារ ដូច​ជា​ពិសារ​ស្រាបៀរ​ឈ្នះ​រង្វាន់​ម៉ូតូ ឡាន និង​ការ​ឈ្នះ​ជា​សាច់​ប្រាក់ ព្រមទាំងរង្វាន់​ដែល​ទទួល​បាន​ស្រាបៀរ​បន្ថែម​ជាដើម។​

ក៏ប៉ុន្តែ​នៅ​ពី​ក្រោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​រង្វាន់​ដ៏​គគ្រឹកគគ្រេង​ទាំង​នោះ វិបត្តិ​មួយ​កំពុង​កើត​មាន​ឡើង​ដែល​មិន​អាច​មើល​រំលង​បាន​នោះ ​គឺ​អត្រា​ខ្ពស់​នៃ​ករណីគ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ហើយ​និង​ជំងឺរ៊ាំរ៉ៃ​ធ្ងន់ធ្ងរ​ប្រចាំ​កាយ​ផ្សេងៗ។ មន្ត្រីសាធារណៈ​កម្ពុជាបានលើកឡើង​ថា វាជារឿង​ពិតដែល​ថា​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​នឹង​អត្រា​ខ្ពស់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ប៉ែន សុវិជាតិ អនុ​រដ្ឋលេខាធិការ​និង​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

​ហើយកិច្ច​ប្រឹងប្រែង​នានារបស់កម្ពុជាដើម្បី​ទប់ស្កាត់​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹងដ៏លើសលុបក្នុង​រយៈពេល​ជាច្រើន​មក​នេះ បាន​ផ្តល់​លទ្ធផល​តិចតួច​តែ​ប៉ុណ្ណោះ ទោះ​បី​ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ត្រូវបាន​បង្កើត​ឡើង ​មួយ​ផ្នែក​ក្នុង​គោល​បំណង​ចាត់​វិធានការ​មួយ​ចំនួន​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​គ្រប់​គ្រង​ការ​លក់​គ្រឿង​ស្រវឹង​ក្តី។ សេចក្តី​ព្រាង ​«ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង» ដែល​មាន​ចំនួន ១៧​ ទំព័រ ត្រូវបាន​និង​កំពុង​បន្តពិភាក្សាអស់​រយៈពេល​ជាង ៥ ​ឆ្នាំ​មកហើយ។

គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ថា ក្រុម​ហ៊ុន​គ្រឿង​ស្រវឹងដែល​ចំណាយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​លើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មផលិតផល​គ្រឿង​ស្រវឹង​របស់​ខ្លួន ភាគ​ច្រើន​គ្រប់គ្រង​ដោយ​ក្រុម​ឧកញ៉ា​ដ៏​មាន​ឥ​ទ្ធិពល​មួយ​ចំនួននៅ​កម្ពុជា។ នេះបើយោងតាមការកត់សម្គាល់ក្នុងរបាយការណ៍មួយរបស់មូលនិធិអាស៊ី (Asia Foundation) ចេញផ្សាយកាលពីឆ្នាំ ២០១៦។

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​គ្រឿង​ស្រវឹង​បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ទៅ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​ទី​ផ្សារ និង​ជំរុញ​ឲ្យ​មានការ​លក់​បានកាន់​តែ​ច្រើន។

«បើ​តាម​ការ​ស្រាវជ្រាវ​នានា​របស់​អង្គការ​សុខភាព​ពិភព​លោក ក៏​ដូច​ជាស្ថាប័នធំៗ​លើ​ពិភព​លោក​បាន​បញ្ជាក់ច្បាស់​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ហើយ ​គឺ​ជាដើម​ហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​សេព​គ្រឿង​ស្រវឹង។ ពីព្រោះ​ថា​ក្នុង​មួយ​ឆ្នាំៗ ក្រុមហ៊ុន​គ្រឿង​ស្រវឹង​បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ។ បើ​សិន​ជា​មិន​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​សម្រាប់​ទាក់ទាញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ទេនោះ ក្រុម​ហ៊ុន​ទាំងនោះ​នឹង​មិន​ចំណាយ​លុយ​ច្រើន​គគ្រឹង​គគ្រេង​បែប​ហ្នឹង​ទេ»។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែង​បន្ថែម​ថា​ កម្មវិធី​ផ្តល់​ជា​រង្វាន់​របស់​ក្រុមហ៊ុន​គ្រឿង​ស្រវឹង ក៏​ជា​យុទ្ធសាស្រ្ត​ទាក់ទាញ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផឹក​កាន់​តែ​ច្រើនផ​ងដែរ។

«មិនត្រឹមតែ​សម្រាប់​ការ​សេព​គ្រឿង​ស្រវឹង​ទេ ​ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​ដែល​សេព​គ្រឿង​ស្រវឹង​ហ្នឹង សេពលើស​ធម្មតា ពីព្រោះ​ដើម្បី​តាម​រង្វាន់​ហ្នឹង។ ឧទាហរណ៍​ថា នៅ​ពេល​គាស់​កំប៉ុង​មក​ត្រូវ​គ្រឿង​ស្រវឹង​បន្ថែម​ទៀត អ៊ីចឹងយក​ទៅ​ណា មិន​យក​ទៅ​ផឹក។ កាល​ណា​ផឹក​កាន់​តែ​ច្រើន គ្រោះ​ថ្នាក់​ក៏​កាន់​តែ​ច្រើន​នៅ​ពេល​នោះ»។

ប៉ូលិសចរាចរណ៍កំពុងធ្វើចរាចរណ៍ត្រង់ចំណុចស្តុបចំការមន ដែលសម្បូរទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​ខាតបង់​សេដ្ឋកិច្ច​សុខភាព​សាធារណៈ​និង​សង្គម​ជាតិ

ការ​ប្រើប្រាស់​គ្រឿង​ស្រវឹងមាន​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា និង​បណ្តាល​ឲ្យ​មាន​ជំងឺធំៗ​ជាង ៦០ ​ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ក្រិនថ្លើម ថ្លើម មហារីក និង​ជំងឺ​កាមរោគ រួមទាំង​មេរោគ​អេដស៍/​ជំងឺ​អេដស៍ និង​ការ​ស្លាប់ និង​របួស​ដោយ​អចេតនា​ជាច្រើន​ករណី​ជាពិសេស​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​មូលនិធិ​អាស៊ី ស្តី​ពី​«ឧស្សាហកម្ម​គ្រឿង​ស្រវឹង​កម្ពុជា» ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦។

របាយការណ៍​របស់​មូលនិធិ​អាស៊ី​បាន​កត់​សម្គាល់​ថា បុរស​កម្ពុជា​កំពុង​ផឹកស្រា​ដែល​មាន​ជាតិ​អាល់កុល​សុទ្ធ​ចំនួន ៩.៧ លីត្រ​ក្នុង​មួយ​ឆ្នាំ ដែល​ចំនួន​នេះ​លើស​ពី​កម្រិត​មធ្យម​នៃ​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​ប្រចាំ​ឆ្នាំ​ក្នុង​មនុស្សម្នាក់ៗ​របស់​ពិភពលោក​ដល់​ទៅ ​៣.៥ លីត្រ។ ហើយ​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ពិសារ​គ្រឿង​ស្រវឹង​ច្រើន គឺ​ដោយសារ​វា​មាន​តម្លៃ​ថោក មិនមាន​ការ​រឹតត្បិតលើ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​និង​មិនមាន​ច្បាប់​សម្រាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ ថ្លែង​ថា៖

«បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ឈឺ នៅ​ពេល​ដែល​សេព​គ្រឿង​ស្រវឹង។ អ្នក​ខ្លះ​ទៅ​ត្រូវ​ការ​រយៈពេល​យូរ​ទើប​គាត់ចាប់​ផ្តើមមាន​ជំងឺ។ អ្នក​ខ្លះ​ទៅ​គាត់ផឹក​បន្តិច​បន្តួច។ គាត់​ចាប់​ផ្តើម​មាន​ជំងឺ ហើយ​មាន​ជំងឺ​ច្រើន​ណាស់​រហូត​ដល់ជាង​២០០​មុខ​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង»។

បន្ថែមលើនេះ ការ​សេព​គ្រឿង​ស្រវឹង​ហួស​កម្រិត ជាពិសេសរហូត​ដល់​ញាណ​ជាតិ​ស្រវឹង ​ក៏​អាច​ពាក់ព័ន្ធ​នឹង​ភាព​ក្រីក្រ​ផងដែរ។

លោក​វេជ្ជបណ្ឌិត មុំ គង់ ថ្លែង​ថា៖ «គ្រឿង​ស្រវឹង ​វា​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ភាព​ក្រី​ក្រ ពីព្រោះ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​គាត់​សេព​គ្រឿង​ស្រវឹង ​គាត់​ទិញ។ ប៉ុន្តែ​ការ​ចំណាយ​ថវិកា​ទិញគ្រឿង​ស្រវឹង​ បើ​ធៀប​ទៅនឹង​ការ​ចំណាយ​លើ​ជំងឺ និង​ការ​ខាត​បង់​ផ្សេងៗ​ដោយសារ​គ្រឿង​ស្រវឹង​ គឺ​វា​នៅ​ទាប​ណាស់។ អ៊ី​ចឹង​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​បណ្តាលឲ្យ​មាន​ការ​ខាត​បង់​ដោយសារ​ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ ការ​ទិញ​គ្រឿង​ស្រវឹង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ខាតបង់សង្គម​យ៉ាង​ច្រើន ដូចជា​នាំ​ឲ្យខាត​បង់​ធនធាន​មនុស្ស​ ដែល​យើង​មិនអាច​មាន​អ្វី​យក​មក​គណនា​បាន​ទេ»។

បើ​តាម​លោក​វេជ្ជបណ្ឌិត​ មុំ គង់ ដើម្បី​ទប់ស្កាត់​ការ​បរិភោគ​គ្រឿង​ស្រវឹង រដ្ឋាភិបាលត្រូវ​តម្លើង​ពន្ធ​លើ​គ្រឿង​ស្រវឹង ត្រូវ​មាន​ច្បាប់​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង កំហិត​អាយុ​ប្រើប្រាស់ និង​ទិញ​គ្រឿង​ស្រវឹង និង​ត្រូវ​កម្រិត​ម៉ោង​និង​ទីកន្លែង​លក់​គ្រឿង​ស្រវឹង។

សេចក្តី​ព្រាងច្បាប់​ជាប់គាំង

ជាង ​៥ ​ឆ្នាំ​មក​ហើយ គិត​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​ ២០១៥ កម្ពុជាមាន​បទប្បញ្ញត្តិ​តិចតួច​បំផុត​ដើម្បី​គ្រប់គ្រង​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ ដូចជា​ប្រទេស​ថៃ​ដែល​មាន​ច្បាប់​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដ៏​តឹងរ៉ឹង​បំផុត និង​វិធានការ​ផ្សេងៗ​ទៀត​ រួមមាន​ការ​កម្រិត​ជាតិ​អាល់កុល​សម្រាប់​អ្នក​បើកបរ កា​រហាមឃាត់​ម៉ោង​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ម៉ោង​បាយ​ពេល​ល្ងាច ចាប់​ពី​ម៉ោង​ ៦ ដល់​ម៉ោង ៨ ​ជាដើម។​

សេចក្ដី​ព្រាង​ «ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង» ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​ដើម្បី​គ្រប់​គ្រង​គ្រឿង​ស្រវឹង និង ​«ក្នុង​គោល​បំណង​ការពារ​សុខភាព​សាធារណៈ ​និង​កាត់បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​សេដ្ឋកិច្ច​និង​សង្គម»។ ប៉ុន្តែ​ចាប់​តាំង​ពី​កំណែ​ចុងក្រោយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា ឆ្នាំ​ ២០១៥​ មក គេ​មិន​ឃើញ​មាន​ការ​វិវត្ត​ទៅ​មុខ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។

លោក​វេជ្ជបណ្ឌិត ​លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លើក​ឡើងថា កម្ពុជា​កំពុង​បន្ត​ធ្វើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង ប៉ុន្តែ​លោក​មិន​បកស្រាយ​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាងច្បាប់នេះ​ទេ ដោយ​លោក​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​លោកស្រី ឈា ឆដាភា ប្រធាន​មជ្ឈ​មណ្ឌលជា​តិ​លើក​កម្ពស់​សុខភាព (NCHP)។

រីឯ​ក្រុម​អ្នក​តស៊ូ​មតិបានលើកឡើង​ថា ការ​មិន​ដើរ​ទៅ​មុខ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ មួយផ្នែកគឺ​ដោយ​សារ​ផល​ប្រយោជន៍​នយោបាយ​ដែល​រង​ឥទ្ធិពល​ពីក្រុមហ៊ុន​គ្រឿងស្រវឹងកំពូលៗ​នៅកម្ពុជា។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​មូលនិធិ​អាស៊ី ស្តី​ពី​«ឧស្សាហកម្ម​គ្រឿង​ស្រវឹង​កម្ពុជា» ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ។

ដោយ​ឡែក លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​បញ្ជាក់​ថា ក្រសួង​តែង​តែ​អប់រំ​ពលរដ្ឋ​អំពី​កម្រិត​នៃ​ការ​ពិសារ​គ្រឿង​ស្រវឹង។ លោក​ថា គ្រោះ​ថ្នាក់​ខ្លាំង​ដែល​បណ្តាលមក​ពី​គ្រឿង​ស្រវឹង គឺ​ដោយ​សារ​ការ​ពិសារ​ស្រាស ​ដែល​មិន​ត្រូវបាន​ទទួលស្គាល់​ពី​អ្នក​ជំនាញ ហើយ​ដែល​បានបណ្តាល​ឲ្យ​ករណី​ពុល​ស្រា។

«កន្លងមកនេះ ​ក្រសួង​ក៏​តែង​តែ​មាន​ការ​ផ្សព្វផ្សា​យ​អប់រំ​ដែរអំពី​កម្រិត​នៃ​ការ​សេព​គ្រឿង​ស្រវឹង​នេះ។ ហើយក៏កន្លង​មក​ហ្នឹង​ ក៏ជួប​ប្រទះ​ចំពោះ​ស្រាដែល​មាន​ការ​ទទួល​ស្គាល់​ក្រសួង​ជំនាញ​ហ្នឹង​មិន​អី​ទេ ប៉ុន្តែ​ខ្លាច​តែ​អ្នក​ផលិត​សិប្បកម្ម​ស្រា​ស​នោះ។ ជួន​កាល​ផឹក​បង្ក​ឲ្យ​ពុល​ស្រា មាន​ការ​ស្លាប់ មាន​ការ​អី​អ៊ីចឹង។ ​អ៊ី​ចឹង​មាន​តែ​ចូល​រួម​ទាំងអស់​គ្នា ទាំង​អាជ្ញាធរ​ដែនដី​សង្គម​ស៊ីវិល អ្នក​ពាក់ព័ន្ធ​ទាំងអស់ ជួយ​អប់រំ ជួយ​ហាមឃាត់»។

នៅ​កម្ពុជា​ ក្រុមហ៊ុន​ស្រាបៀរ​ធំៗ​ចំនួន​បី​ជាអ្នក​ផលិត​និង​នាំចូល​គ្រឿង​ស្រវឹង​មក​ចែក​ចាយ​នៅ​កម្ពុជា​ដល់​ទៅ ៨០​ ភាគរយ ​នៃ​គ្រឿង​ស្រវឹង​ទាំងអស់។ ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ត្រូវ​បាន​ជំរុញ​គាំទ្រ ដោយ​ផល​ប្រយោជន៍របស់​អ្នក​ផលិត និង​អ្នក​នាំចូល​ធំៗ ដែល​បង្កប់​ក្នុង​ទំនាក់​ទំនង​នយោបាយ និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។

ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​អ្នក​នាំចូល​ផលិតផល​គ្រឿង​ស្រវឹងធំ​ជាងគេ មាន​ទំនាក់ទំនង​យ៉ាង​រឹងមាំ​ជាមួយ​គណបក្ស​នយោបាយ​ដ៏​ធំ​ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការ​កាន់កាប់​ភាគហ៊ុន និង​ទំនាក់​ទំនង​ដ៏​មាន​ឥទ្ធិពល​នៅ​ថ្នាក់​ជួរ​រដ្ឋមន្ត្រី និង​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​កត់​សម្គាល់​នៃ​របាយការណ៍​របស់​មូលនិធិ​អាស៊ី។​

របាយការណ៍​នេះ​បាន​កត់​សម្គាល់​ថា«នេះមាន​ន័យ​ថា អ្នក​ផលិត​ធំៗ​បាន​ចូលរួម​ក្នុង​អាជីវកម្ម​ផ្សេងៗ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​រដ្ឋ​មន្ត្រី និង​សមាជិក​គ្រួសារ​នៃ​មន្ត្រី​ជាន់​ខ្ពស់​ផងដែរ។ តាមរយៈ​ទំនាក់​ទំនង​ទាំង​នេះ អ្នក​ផលិត​ធំៗ​អាច​មាន​ឥទ្ធិពល​លើ​ច្បាប់ និង​បទប្បញ្ញត្តិថ្មី»។

ព័ត៌មាន​ទាក់ទង៖ អ្នក​ជំនាញ​វេជ្ជសាស្ត្រ៖ ការ​សេព​គ្រឿង​ស្រវឹងហួសហេតុ​ជា​ឃាតក​ខាង​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត

VOA បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុន​ផលិត​និង​នាំ​ចូល​ស្រាបៀរមួយ​ចំនួន​ដូចជា​ ក្រុមហ៊ុន Khmer Beverages ក្រុមហ៊ុន​ Kingdom Brewery និង​ក្រុម​ហ៊ុន Hanuman Beverages តាម​រយៈសារ​អេឡិច​ត្រូនិច ឬ​អ៊ីមែល ប៉ុន្តែ​ពួកគេ​មិន​ឆ្លើយ​តប។ ចំណែក​លោក អ៊ឹម សុធារិទ្ធ ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់ក្រុម​ហ៊ុន Khmer Beverage បដិសេធ​មិនធ្វើអត្ថាធិប្បាយ។​

ក្រៅ​ពីការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ទូរទស្សន៍ ​ផ្ទាំង​បដា កាសែត ទស្សនាវដ្តី គេក៏​ឃើញ​ប្រមុខ​រដ្ឋាភិបាល​តែង​ចូលរួម​សម្ពោធ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ ដោយ​មាន​ទាំង​ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុនទាំង​នោះខិតខំបង្កើនការ​នាំចេញ​ទៅ​កាន់បរទេស ព្រមទាំង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពិសារ​គ្រឿង​ស្រវឹង​ទៀត​ផង។​

ជាច្រើន​លើក​ច្រើនសារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​រោង​ចក្រស្រាបៀរ ដោយ​ជំរុញឱ្យ​ប្រជាជន​កម្ពុជា​ផឹក​គ្រឿង​ស្រវឹង ដោយ​កត់សម្គាល់​ថា ការ​ផឹក​ស្រាបៀរដែល​ជាប់​ពន្ធ​នេះ គឺជា​ការ​ជួយ​ប្រទេស​ជាតិ។

លោក ហ៊ុន សែន ថ្លែងក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស្រាបៀរ​មួយ កាលពី​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០១២ ថា៖ «​កុំ​ភ្លេច​ណា ផឹក​មួយ​កំប៉ុង​ ឬ​មួយ​ដប រដ្ឋ​ត្រូវ​យក​ប៉ុន្មាន​?»

ឆ្លើយ​តប​នឹង​សំណួរ​ពាក់ព័ន្ធនឹង​ការ​ផ្សាយ​ពាណិជ្ជកម្មជំរុញ​ឲ្យ​ប្រជាពលរដ្ឋពិសារ​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន លោក ប៉ែន សុវិជាតិ អនុ​រដ្ឋលេខាធិការ​និង​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លើក​ឡើងថា កម្ពុជា​មិនទាន់​មាន​ច្បាប់​ហាមឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​នៅ​ឡើយ។​ ប៉ុន្តែ​លោកថា ក្រសួង រួម​ជាមួយ​នឹង​អង្គភាព​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ បាន​ណែនាំដល់​ក្រុម​ហ៊ុន​គ្រឿង​ស្រវឹង​ទាំងអស់​ផ្សាយ​ពាណិជ្ជ​កម្ម​ឲ្យ​បាន​ត្រឹម​ត្រូវជៀស​វាង​ការ​ផ្សព្វផ្សាយ​រំលោភ​លើ​សីលធម៌ និង​គុណធម៌។​

«យើង​ស្តាប់​ព័ត៌មាន​ពី consumer watchdog [អ្នកឃ្លាំមើលអ្នកប្រើប្រាស់] បើសិនជា​មានការ​ផ្តល់​ព័ត៌មាន​អំពី​បញ្ហា​ខ្លះទាក់ទង​ដល់​ការ​រំលោភ​សិទ្ធិ​អ្នកប្រើ​ប្រាស់ យើង​ទទួល​យក​សំណូម​ពរ​ហ្នឹង​មក​ដោះ​ស្រាយ។ ហើយយើងក៏​តាមដាន​ជាប្រចាំ​ដែរ​នៅ​លើស្ពត​តាម​ទូរទស្សន៍ តាម​វិទ្យុ រួម​ទាំងស្ពត​ដែល​ចល័ត​តាម​ធុក​ធុក​ផង ដើម្បី​យើង​ប្រមូល​ផ្តុំ​ព័ត៌មាន ហើយ​យើង​ចាប់​ផ្តើម​មាន​វិធានការ»។

លោក​បន្ថែម​ថា ក្រសួង​ពាក់ព័ន្ធ​តែង​មានការ​បារម្ភ​អំពី​ផល​ប៉ះពាល់​ដែល​កើត​ឡើង​ ដោយសារ​ការ​ពិសារ​គ្រឿង​ស្រវឹង ប៉ុន្តែ​លោក​ថា ការ​បង្កើត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង គឺ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សិក្សា និង​ស្វែង​យល់​អំពី​ផល​ប៉ះពាល់​សង្គម និង​សេដ្ឋកិច្ច។

«ដោយសារ​កត្តា​សេដ្ឋកិច្ចមួយ​ចំនួន​វា​ទាក់ទាញ ហើយ​និង​ការ​ថ្លឹង​ថ្លែង​ចំពោះផល​វិបាក និងផ​ល​ប្រយោជន៍ គឺ​យើង​ត្រូវ​ធ្វើ​ការ​ដោយ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​កិច្ចការ​នេះ។ មិនអាច​គំហុក​បានភ្លាម​ថា​ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ត្រូវ​តែ​បញ្ឈប់​ការ​ដាក់​លក់ -ល- ជាសាធារណៈ​អី​ដូច​យើង​ចង់​បាន​ទេ។ ពីព្រោះ​ក្រសួង​សុខាភិបា​លមានការ​ថ្លឹង​ថ្លែង ក្រសួង​ពាណិជ្ជកម្មក៏​ចូល​រួម​កក្នុង​គណៈ​កម្មការតាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ដែរ។ប៉ុន្តែ​យើង​ត្រូវ​ធ្វើម៉ត់ចត់​ជាទី​បំផុត»។

ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ចំណាត់ការ​វិធានការ​ច្បាប់​ដ៏​សំខាន់​មួយ​នេះ​នៅតែ​បន្ត​ពន្យារ​ពេល នោះ​ឱកាសដែល​អ្នក​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​កាន់តែ​កើនឡើង ហើយ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង​លើ​ក្រុម​គ្រួសារប្រជា​ពលរដ្ឋ​កម្ពុជា ដូចជា​លោក លី គ្រឿង ក៏​អាច​បន្ត​កើត​មាន​ដដែល៕