ធនាគារ Credit Suisse បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួននឹងខ្ចីប្រាក់ជិត៥៤ពាន់លានដុល្លារពីធនាគារកណ្តាលស្វីសដើម្បីពង្រឹងខ្លួនក្រោយភាគហ៊ុនខ្លួនចុះថ្លៃ។
ការប្រកាសនេះមានឡើងតែប៉ុន្មានម៉ោងក្រោយធនាគារជាតិស្វីសបាននិយាយថាកម្រិតមូលធននិងទុនបង្វិលរបស់ធនាគារCredit Suisse មានគ្រប់គ្រាន់ក្នុងនាមជា«ធនាគារដ៏សំខាន់»មួយ ទោះជាធនាគារជាតិសន្យាថានឹងមានទុនបង្វិលសម្រាប់ផ្តល់ជូនប្រសិនបើត្រូវការ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធនាគារ Credit Suisse បានថ្លែងថាប្រាក់កម្ចីពីធនាគារកណ្តាល រហូតដល់៥៣,៧ពាន់លានដុល្លារនឹង«គាំទ្រ...ធុរកិច្ចស្នូលនិងក្រុមអតិថិជន» ដោយបន្ថែមថាខ្លួនទិញវិញនូវការស្នើលក់ប្រាក់បំណុលប្រមាណ៣ពាន់លានដុល្លារផងដែរ។
ធនាគារ Credit Suisse ដែលមានរឿងអាស្រូវមួយចំនួនកាលពីប៉ុន្មានឆ្នាំមុននេះ បានជួបស្ថានភាពដែលតម្លៃភាគហ៊ុនខ្លួនធ្លាក់ចុះថោកខ្លាំងកាលពីថ្ងៃពុធបន្ទាប់ពីធនាគារជាតិអារ៉ាប៊ីសាអ៊ូឌីតមិនបានបណ្តាក់ទុនបន្ថែមក្នុងធនាគារនេះ ដោយនិយាយយោងដល់ការរឹតត្បិតខាងនិយ័តកម្ម។
ភាគហ៊ុនរបស់ធនាគារ Credit Suisse បានធ្លាក់ចុះជាង៣០%ដល់កម្រិតទាបបំផុត នៅមុនកើនឡើងវិញនៅចុងថ្ងៃនេះ ដោយចុះថយ២៤,២៤% នៅត្រឹមកម្រិត១,៦៩៧ហ្វ្រង់ស្វ៊ីស។
តម្លៃនៅទីផ្សារនៃធនាគារ Credit Suisse បានធ្លាក់ចុះខ្លាំងក្នុងសប្តាហ៍នេះ ដោយសារមានការបារម្ភអំពីការរលំដូចធនាគារស.រ.អ.ពីរ ហើយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនបានបង្ហាញឲ្យដឹងពី«កម្សោយខាងរូបធាតុ»នៅក្នុងការត្រួតពិនិត្យផ្ទៃក្នុង៕