ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា កម្លាំងរុករកបានរកឃើញសាកសពម្នាក់ទៀតរបស់អ្នកបើកឧទ្ធម្ភាគចក្រដែលបានធ្លាក់ក្នុងព្រៃក្រាស់ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយពីប្រតិបត្តិការស្វែងរករយៈពេលជាងពីរសប្តាហ៍មកហើយ។
កាលពីថ្ងៃចន្ទ ក្រុមរុករកនិងជួយសង្រ្គោះបានប្រទះឃើញទីតាំងព្រៃដែលឧទ្ធម្ភាគចក្រធ្លាក់តាំងពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ដែលស្ថិតនៅតំបន់យ៉ាវយ៉ៃ ក្បែរភ្នំខ្មោច ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិនាថ្ងៃអង្គារនេះឱ្យដឹងថា នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃអង្គារ ក្រុមការងាររុករក និងសង្រ្គោះរបស់ក្រសួងការពារជាតិបានរកឃើញសាកសពរបស់អាកាសយានិកទីពីរ គឺលោក ស៊ុន ផល្លា ដែលស្ថិតនៅចម្ងាយ ២១០ ម៉ែត្រពីឧទ្ធម្ភាគចក្រដែលបានធ្លាក់។
ក្រសួងការពារជាតិបញ្ជាក់ថា ភ្លាមៗពេលរកឃើញ ក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចបញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។
កាលពីថ្ងៃចន្ទ កម្លាំងជំនាញរកឃើញទីតាំងដែលឧទ្ធម្ភាគចក្រធ្លាក់ និងសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលអង្គុយជាប់ក្នុងកៅអីរបស់ឧទ្ធម្ភាគចក្រ។
អភិបាលស្រុកវាលវែង លោក ធាង ឡេង ប្រាប់វីអូអេនៅថ្ងៃអង្គារថា គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកើតឡើងនៅតំបន់យ៉ាវយ៉ៃ ក្បែរភ្នំខ្មោច ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប៉ុន្តែលោកមិនអាចបញ្ជាក់លម្អិតពីស្ថានភាពទីតាំងភូមិសាស្ត្រដែលឧទ្ធម្ភាគចក្រយោធាធ្លាក់នោះទេ។ លោកបន្តថា ការងារប្រតិបត្តិការស្វែងរកស្ថិតក្នុងដែនសមត្ថកិច្ចរបស់អ្នកជំនាញបរិស្ថាន និងខាងយោធាជំនាញ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការកងយោធពលខេមរភូមិន្ទ ថ្លែងថា ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវការពេលយូរដោយសារបញ្ហាអាកាសធាតុ គឺភ្លៀងរហូតដែលបង្កជាការលំបាកសម្រាប់ការស្វែងរកឧទ្ធម្ភាគចក្រនិងសាកសព។
លោកថ្លែងតាមបណ្តាញសារព័ត៌មាន Freshnews ថា៖ «បងប្អូននៅទីនេះអាចធ្វើជាសាក្សី ហើយអាចដឹងបានថា តាំងពីថ្ងៃ ១៣ មក គឺភ្លៀងរហូតអត់មានថ្ងៃស្រាកទេ។ ទើបតែថ្ងៃទី ២៨ ថ្ងៃទី ២៩ នេះរាំងពីរថ្ងៃហ្នឹង ដែលផ្តល់ឱកាសល្អដល់កម្លាំងរុករករបស់យើង»។
លោកបន្ថែមថា ព្រៃដែលឧទ្ធម្ភាគចក្រធ្លាក់នេះមិនមានអ្នកណាម្នាក់ធ្លាប់បានទៅដល់នោះទេ ដោយសារតែព្រៃខ្ពស់ៗ និងក្រាស់ មិនអាចដើរបាន ហើយកម្លាំងថ្មើរជើងត្រូវត្បុលព្រៃផង និងបង្ហោះដ្រូនផង។ លោកឱ្យដឹងទៀតថា តំបន់ភ្នំយ៉ាវយ៉ៃមានកម្ពស់ជាង ១២៤០ ម៉ែត្រ ហើយស្ថានភាពភ្នំមានលក្ខណៈចោទខ្លាំង និងសម្បូរល្បាក់។
លោក ឥត សារ៉ាត់ សន្និដ្ឋានថា អាកាសយានិកទីពីរ គឺលោក ស៊ុន ផល្លា នៅរស់ បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់ ហើយលោកបានយកអាវរបស់ខ្លួនគ្របលើសាកសពអាកាសយានិកដែលស្លាប់ និងយកបំណែកយន្តហោះមកគ្របដើម្បីជ្រក។ លោកសន្និដ្ឋានថា លោក ស៊ុន ផល្លា អាចចេញក្រៅឧទ្ធម្ភាគចក្រដើម្បីរកជំនួយ ប៉ុន្តែដោយសារតែកត្តាធាតុអាកាស និងការអត់អាហារបណ្តាលឱ្យលោកស្លាប់។ យ៉ាងណាក៏ដោយ លោក ឥត សារ៉ាត់ មិនអាចសន្មត់បានទេថា លោក ស៊ុន ផល្លា អាចស្លាប់ដោយសារតែការអត់អាហារ របួស ឬដោយសារតែលោតចេញពីយន្តហោះ។
លោកបន្ថែមថា៖ «សពនេះយើងនឹងខិតខំយកមក ហើយបញ្ជូនទៅភ្នំពេញភ្លាម។ ហើយទៅភ្នំពេញ យើងនឹងរៀបចំពិធីមួយនៅក្នុងកន្លែងបញ្ជាការដ្ឋានទ័ពអាកាស ដើម្បីឱ្យប្រារព្ធពិធីឱ្យបានស័ក្តិសមទៅនឹងកិត្តិយស និងវីរភាព»។
បើតាមលិខិតស្តីពីផែនការហោះហើររបស់កងទ័ពជើងអាកាសដែលវីអូអេទទួលបាន មន្រ្តីយោធាពីរនាក់ គឺលោក ស៊ុន ផល្លា ប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ អាកាសយានិកត្រូវបានអនុញ្ញាតឱ្យហ្វឹកហ្វឺនផ្លូវឆ្ងាយ ដោយហោះចេញនៅម៉ោង ១១ ព្រឹក ថ្ងៃទី ១២ ខែកក្កដា និងត្រូវត្រឡប់មកវិញ នៅម៉ោង ២ រសៀលថ្ងៃដដែល។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលធ្លាក់នោះជាប្រភេទឧទ្ធម្ភាគចក្រ Z-9 ដែលផលិតនៅប្រទេសចិន។ កម្ពុជាបានទិញឧទ្ធម្ភាគចក្រប្រភេទ Z-9 ចំនួន ១២ គ្រឿង កាលពីឆ្នាំ ២០១៣។ កាលពីឆ្នាំ ២០១៤ ឧទ្ធម្ភាគចក្រប្រភេទ Z-9 នេះក៏ធ្លាប់បានធ្លាក់ម្តងហើយនៅតំបន់ជាយក្រុងភ្នំពេញ ដែលកាលនោះបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់៕