​ការ​បង្រ្កាប​លើ​ការតវ៉ាប្រឆាំងបន្តធ្វើ​ឡើង​​ក្នុង​ប្រទេស​ថៃ

  • Steve Herman

ប៉ូលីសចូល​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ក្រុង​បាងកកនៃ​ប្រទេស​ថៃ នៅថ្ងៃ​ទី​១ ​ខែ​មិថុនា ឆ្នាំ២០១៤។

កងយោធា​របស់​ប្រទេស​ថៃ​កំពុង​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​មួយ ដើម្បី​គាំទ្រ​រដ្ឋប្រហារ​ដែល​បាន​ដឹកនាំ​ដោយ​នាយអគ្គសេនាធិការ​កងទ័ព។ ព្រឹត្តិការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃពុធ ហើយនឹង​មាន​ការធ្វើ​បាតុកម្ម​តូចៗ​ខុសច្បាប់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​រាជធានី​បាងកក ដើម្បី​ប្រឆាំង​នឹង​របប​យោធា​ដែល​បាន​ព្យួរ​រដ្ឋ​ធម្មនុញ្ញ ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រារាំង​យ៉ាង​តឹងរឹង​ទៅ​លើ​ការបញ្ចេញ​មតិ​អំពី​នយោបាយ។

កងយោធា​បាន​ហាមឃាត់​ការប្រមូល​ផ្ដុំ​នៅ​ទីសាធារណៈ​ដែល​មាន​មនុស្ស​ចាប់​ពី​៥នាក់​ឡើង​ទៅ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​កងទ័ព​នៅ​ថ្ងៃពុធ​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ការធ្វើ​រដ្ឋប្រហារ គឺ​ជា​ករណី​លើកលែង។ កងយោធា​ហៅ​ព្រឹត្តិការណ៍​នេះ​ថា «សេចក្ដីសុខ​ត្រឡប់​មក​វិញ» ដែល​នឹង​មិន​សង្កត់​ធ្ងន់​ទៅ​លើ​នយោបាយ​ទេ។ ព្រឹត្តិការណ៍​នេះនឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិមាន​ជ័យជម្នះ​ ដែល​ធ្លាប់​មាន​ការធ្វើ​បាតុកម្ម​តូចៗ​ប្រឆាំង​នឹង​ការធ្វើ​រដ្ឋប្រហារ។ កងកម្លាំង​សន្តិសុខ​បាន​បង្រ្កាប​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​មាន​វត្តមាន​ក្រុម​បាតុករ​មួយ​ក្រុម​តូច​នៅ​ផ្សារទំនើប Terminal 21។ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទ​ផ្សារ​ទាំងមូល​ បង្ខំ​ឲ្យ​អតិថិជន​រាប់ពាន់​នាក់​ចាកចេញ។

«ដោយសារ​ការប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម ផ្សារទំនើប​នេះ​នឹង​ត្រូវ​បិទ។ សូម​អ្នកទាំងអស់​គ្នា​ចាកចេញ។ ចំពោះ​អ្នក​ដែល​មិន​ពាក់ព័ន្ធ រួមទាំង​អ្នក​យក​ព័ត៌មាន និង​អ្នក​ផ្សេង​ទៀត​សូម​ចាកចេញ​ពី​ទីនេះ។ សូម​សហការ​ជាមួយ​មន្រ្តី​មាន​សមត្ថកិច្ច»។

មាន​មនុស្ស​មួយ​ក្រុម​ប្រមូល​ផ្ដុំ​នៅ​ខាងក្រៅ ដោយ​អ្នកខ្លះ​ធ្វើ​ការគោរព​ដោយ​ប្រើ​ម្រាមដៃ​បី។ កាយវិការ​នេះ​មាន​ប្រើ​នៅ​ក្នុង​រឿង “Hunger Games” ជា​សញ្ញា​នៃ​ការគោរព ហើយ​ឥឡូវ​នេះ​គេ​ឃើញ​កាយវិការ​នេះ​ក្លាយជា​និមិត្ត​សញ្ញា​របស់​ក្រុម​ប្រឆាំង​រដ្ឋប្រហារ។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​នេះ រួមទាំង​ស្រ្តី​ម្នាក់​នេះ​ផងដែរ។ ក្រុម​អ្នកតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ប្រឈម​មុខ​នឹង​ការកាត់ទោស​ដោយយោធា នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​កងទ័ព​ លោក​ឧត្តមសេនីយ៍​ Winthai Suvaree។

«យើង​បាន​ចាត់វិធាន​ការច្បាប់​មួយ​ចំនួន ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់​អាជ្ញា​សឹក។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បាន​ដោះលែង​ទៅ​វិញ។ មនុស្ស​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ហិង្សា​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់»។

តាំងពី​រដ្ឋប្រហារ​បាន​ចាប់ផ្ដើម មាន​មនុស្ស​ប្រមាណ​៣០០​នាក់​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជួរ​យោធា។ អ្នកទាំងនោះ​រួម​មាន​ទាំង​អ្នកនយោបាយ សកម្មជន សាស្រ្តាចារ្យ អ្នកជំនួញ​សំខាន់ៗ និង​អ្នកកាសែត។ លោក Pravit Rojanaphruk ដែល​ជា​អ្នកសរសេរ​វិចារណកថា​ឲ្យ​កាសែត The Nation ត្រូវ​បាន​ចាប់​ខ្លួន អស់​រយៈពេល​មួយ​សប្តាហ៍។

«ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ការឆ្លុះ​បញ្ចាំង​អំពី​ភាពអសន្តិសុខ ដូច្នេះ​យើង​កំពុងតែ​ប្រឈមមុខ​នឹង​ស្ថានភាព​មួយ​ដែល​អ្នកធ្វើ​រដ្ឋប្រហារ​មិន​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​ក្ដោបក្ដាប់​អំណាច​បាន​ទាំងស្រុង​នៅ​ឡើយ​ទេ»។

លោកនិយាយថា ក្រោយពីលោកត្រូវបានដោះលែង លោកត្រូវបាន​វរសេនីយឯក​ម្នាក់ស្នើមិនឲ្យលោករិះគន់រដ្ឋប្រហារនៅលើគេហទំព័រ Twitter។

«លោក​បាន​និយាយ​ថា​មេដឹកនាំ​រដ្ឋប្រហារ លោក​ឧត្តមសេនីយ៍ Prayuth គ្រាន់តែ​ត្រូវការ​ពេល​វេលា ដើម្បី​រៀបចំ​របៀប​រៀបរយ ហើយ​ប្រសិន​បើ​ខ្ញុំ​អាច​ឈប់​បង្ហោះ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​លើ Twitter មួយ​រយៈ»។

ក្នុង​ខណៈពេល​ដែល​បុគ្គល​សំខាន់ៗ​មួយ​ចំនួន ដែល​ភ័យខ្លាច​នឹង​ការចាប់​ឃុំឃាំង អាច​នឹង​មិន​ហ៊ាន​បញ្ចេញ​មតិ​លើ​គេហទំព័រ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែត​នោះ មាន​ប្រជា​ពលរដ្ឋ​ថៃ​ជាច្រើន​លាន​នាក់​កំពុង​ប្រើប្រាស់​កុំព្យូរទ័រ និង​ទូរស័ព្ទដៃ​ទំនើប​របស់​ពួកគេ​ដើម្បី​យក​ឈ្នះ​លើ​ការចាប់​ពិរុទ្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ។ ការធ្វើ​បែប​នេះ​បង្ក​ភាពងាយស្រួល និង​ឆាប់​រហ័ស ក្នុងការជួយ​ឲ្យ​ សាធារណៈជន​ប្រឆាំង​នឹង​រដ្ឋប្រហារ៕

ប្រែសម្រួល​ដោយ ហុង ចិន្តា