បក្ស​កាន់​អំណាច​រិះគន់​បក្ស​ប្រឆាំង​និង​ត្រៀម​យុទ្ធសាស្ត្រ​សម្រាប់​បោះឆ្នោត​ឃុំ-សង្កាត់

  • នៅ វណ្ណារិន

រូបឯកសារ៖ លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​រដ្ឋសភា​ជាតិ ថ្លែង​​នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អនុប្រធាន​គណបក្ស។

អង្គសន្និបាត​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​គណ​បក្ស​កាន់​អំណាច​បាន​បញ្ចប់​ដោយ​មាន​ការ​រិះ​គន់​ដល់​គណ​បក្ស​​ជំទាស់ ​​និង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ក្នុង​ពេល​ខាង​មុខ។

អង្គសន្និបាត​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​គណ​បក្ស​កាន់​អំណាច​បាន​បញ្ចប់​ដោយ​មាន​ការ​រិះ​គន់​ដល់​គណ​បក្សជំទាស់ និង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ក្នុង​ពេល​ខាង​មុខ។ ក្នុង​ខណៈពេល​ដែល​អ្នកតាម​ដាន​នយោបាយ​ក្នុង​ប្រទេស​ចង់​ឃើញ​គោល​នយោបាយ​ថ្មីមួយ​របស់​គណបក្ស​កាន់អំណាច​ដែល​ឆ្លើយ​តប​ទៅ​នឹង​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ។​

​នា​ថ្ងៃ​ច័ន្ទ​នេះអ្នក​តាម​ដាន​ការ​វិវឌ្ឍ​នយោបាយ​និង​អ្នក​នយោ​បាយ​កម្ពុជា​យល់​ថា​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន ​គួរ​តែ​ធ្វើ​កំណែ​ទម្រង់​ឲ្យបានស៊ី​ជម្រៅ​លើ​បញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ​កម្ពុជានិង​ធ្វើការ​ផ្លាស់​ប្តូរ​មន្ត្រី​ដែល​អសកម្ម​ ​ជា​ជាង​ការ​បង្កើត​ ​គោល​នយោ​បាយ​ដដែល​ដោយ​មិន​មាន​សកម្មភាព​នោះ។

ការ​លើក​ឡើង​នេះ​គឺ​ ​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ ​ជាង​៣៥​ឆ្នាំ​ ​បញ្ចប់​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ រយៈពេល​ពីរ​ថ្ងៃ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។​ ​ក្នុង​នោះ​ក៏​មាន​ការ​បូក​សរុប​ ​សកម្មភាព​ ​ស្ថានភាព​នយោបាយ​ក្នុង​និង​ក្រៅ​ស្រុក​នា​ឆ្នាំ​២០១៥​កន្លង​មក​ ​នឹង​ការ​រៀបចំ​យុទ្ធសាស្រ្ត​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ។

យោង​តាម​របាយ​ការណ៍​ក​ម្រាស់​ ​៤៩​ទំព័រ​ ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​តាម​រយៈ​សារ​អេឡិក​ត្រូនិក ​ឬ​ Email​ ​បាន​ឲ្យដឹង​ថា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ថា្នក់​ជាតិ​មួយ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​របស់​មន្ត្រី​គណ​បក្ស​ខ្លួន​ ទប់​ទល់​នឹង​គណបក្ស​ជំទាស់​ ​ក៏​ដូច​ជា​ត្រៀមខ្លួន​ក្នុងការ​បោះឆ្នោត ឃុំ-សង្កាត់ ​នា​ខែ​ឧសភា​ឆ្នាំ​២០១៧​ផង​ដែរ​។​ ​ក្នុង​នោះ​ដែរ​ ​គណៈ​កម្មាធិការ​កណ្តាល​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ចោទគណ​បក្ស​ប្រឆាំង​ថា​ប្រើ​ប្រាស់​ការ​បោះ​បង្គោល​ព្រំដែន​ ​និង​រឿង​ព្រំដែន​ធ្វើ​ជា​ ​«​អាជីកម្ម​នយោបាយ​» ​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​នា​ឆ្នាំ​២០១៥​ផង​ដែរ​។​

នៅ​ក្នុង​ឯកសារ​ដែល​ VOA​ បាន​ទទួល​ ​គណ​បក្ស​កាន់​អំណាច​បាន​សរ​សេរ​ក្នុង​ទិស​ដៅ​ភារ​កិច្ចនា​ពេល​ខាង​មុខ​របស់ខ្លួន​ក្នុងឆ្នាំ​២០១៦​ ​យ៉ាង​ដូច្នេះ​ថា​៖​ ​«​ជាមួយ​នឹង​កត្តា​អំណោយ​ផល​នានា​ ​យើង​ក៏​នឹង​ត្រូវប្រ​ឈម​នឹង​កា​រលំបាក​ច្រើន​ដែរ​ ​ជា​ពិសេស​ភាព​យឺត​យ៉ាវ​នៃ​កំណែ​ទម្រង់​ឲ្យ​បាន​ខ្លាំង​ក្លា​ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ឡើង​ ​ពង្រឹង​ការ​ឯក​ភាព​ទាំង​ទស្សនៈ​ ​គោល​ជំហរ​ ​និង​សកម្ម​ភាព ​ហើយ​បង្កើន​ស្មារតី​ម្ចាស់​ការ​ ​និង​ប្រុង​ប្រយ័ត្ន​ ​ខ្ពស់​សំដៅ​ទប់ស្កាត់​ទង្វើ​អាក្រក់​ផ្សេង​ៗ​របស់​ក្រុម​ប្រឆាំង​»​។​

របាយការណ៍​ដដែល​ក៏​បាន​ ​បញ្ជាក់​ថា​គណ​បក្ស​ខ្លួន​និង​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​និង​ច្បាប់​បោះ​ឆ្នោត​ដល់​ប្រ​ជាជន​និង​មន្ត្រី​របស់​ខ្លួន​ក្នុង​ថ្នាក់​មូល​ដ្ឋាន​ ​ជា​ពិ​សេស​បង្កើត​ចល​នា​បោះ​ឆ្នោត តាម​ភូមិ​ចំ​ណុះ​ឃុំ​និង​សង្កាត់​នី​មួយ​ៗ​ក្នុង​ការ​ ​«កសាង​ ​ពង្រឹង ​ពង្រីក​សមា​ជិក​គណ​បក្ស​ និង​គ្រប់គ្រង​សមាជិក​គណ​បក្ស​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​»​។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា​បាន​យល់​ថា​៖​ ​«​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើសកម្មភាព​ស្រប​ច្បាប់​ ​ធ្វើ​សកម្មភាព ​បម្រើ​ផល​ប្រ​យោជន៍​ជាតិធ្វើ​សកម្មភាព​ដោយ​ស្មោះ​ត្រង់​ ​ហើយ​ធ្វើ​ការ​តស៊ូមតិ​ដោយ​សន្តិវិធី។​ ​យើង​អត់​ចាត់​ទុកខ្មែរ​ណា​ជា​សត្រូវ​ ​ហើយ​យើង​មិន​ចោទ​ប្រកាន់​ មិន​លាប​ពណ៌​ ​អ្នក​នេះ​ អញ្ចេះ​អ្នកនោះ​អញ្ចុះ​ អ្នក​នេះ​ទង្វើ​អាក្រក់​ ​អ្នក​នោះ​ទង្វើ​ល្អ។​ ខ្ញុំ​មិន​និយាយ​បែបហ្នឹង​ទេ។​ កុំចោទ​គណ​បក្ស​នេះ​អញ្ចេះ​ គណ​បក្ស​នោះ​អញ្ចុះ។​ ​ធ្វើ​ម៉េច​ក៏​ដោយ​ ខំ​ធ្វើ​សកម្មភាពតាម​គោល​នយោបាយ​របស់​គណ​បក្ស​របស់​ខ្លួន​ទៅ​ ​ហើយ​បើ​ប្រជា​ពល​រដ្ឋ​គេ​គាំទ្រ​គណ​បក្ស​ណា​ ជា​រឿង​របស់​គេ​ ជា​ឆន្ទៈ​របស់​គេ​»​។

​លោក​បន្ត​ថា​គណបក្ស​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​គួរ​តែ​ធ្វើ​តាម​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ ​ និង​តាម​សេចក្តី​ត្រូវ​ការ​របស់​ពួក​គាត់​ជា​ជាង​ការ​បង្កើត​យុទ្ធ​សាស្ត្រ​ និង​រៀប​ចំក្រុម​ការងារ​របស់​ខ្លួន គ្រប់​គ្រង​ប្រជា​ពល​រដ្ឋ។

​«គោល​នយោ​បាយ​របស់​យើង​ គឺ​យើង​ព្យា​យាម​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​យើងឲ្យ​ទៅ​ប្រ​ជា​ពល​រដ្ឋ​ទៅ។​ ក្តាប់​សេច​ក្តី​ត្រូវ​ការ​និង​ការច​ង់​បាន​របស់​ប្រជា​ពល​រដ្ឋទៅ​ហើយ​យើង​ធ្វើតាម​ការ​ចង់​បាន​របស់​គាត់​ និ​ង​ឆន្ទៈរបស់គាត់ទៅ​គឺដូចជាវាគ្មាន​អ្វី​គួឲ្យស្មុគស្មាញ​ទេ»​។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ ​នា​ឆ្នាំ​២០១៧​និង​ការបោះ​ឆ្នោត​សាកល​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ។​ ​គណបក្ស​នយោបាយ​កម្ពុជា​ ​ជា​ច្រើន​កំពុង​តែ​មមា​ញឹក​ ​ក្នុង​ការ​បាន​រៀបចំខ្លួន​និង​គោល​នយោ​បាយ​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ។​

​លោក​ ​គល់ បញ្ញា​ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ដែល​ហៅ​កាត់​ថា​ ខុម​ហ្រែ្វល​ ​COMFREL ​បាន​ប្រាប់​ VOA​ ​ថា​ការ​ដាក់​ផែន​ការ​យុទ្ធសាស្រ្ត​របស់​គណ​បក្ស​នយោ​បាយ​គឺជា​រឿង​ល្អ​សម្រាប់​ការ​ប្រកួត​ប្រជែង​ ​ក្នុង​គោល​នយោ​បាយ​ ជា​មួយ​គណ​បក្ស​នយោបាយ​នា​នា​ សម្រាប់​ពេល​បោះ​ឆ្នោត​ ​ខាង​មុខ។​

​«ក៏ប៉ុន្តែ​គ្រាន់ថា​ គណ​បក្ស​ប្រជាជន​ ​ភាគ​ច្រើន​មន្ត្រី​ដែល​ចូល​រួមនៅ​ការ​ចាត់​ចែង​របស់​គណ​បក្ស​ហ្នឹង​វា​ទាក់​ទិន​នឹង​មន្ត្រី​ ​ហ្នឹង​ដែល​ជា​បញ្ហា​មាន​ភាព​ច្របូកច្របល់​ ​នៅ​ពេល​មាន​ការ​ដាក់​បទ​បញ្ជា​អី​ផ្សេង​ៗ​ហ្នឹង។​ ​វា​ទាក់ទិន​នឹង​មន្ត្រី​មាន​សមត្ថកិច្ច​ ដែល​ធ្វើ​កិច្ចការ​ងារ​អាជ្ញាធរ​ដែល​គ្រប់គ្រង​ការ​ងារ​រដ្ឋបាល​ដែល​ត្រូវ​បម្រើ​ឲ្យ​គ្រប់​គណ​បក្ស​នឹង​ទៅ​បម្រើ​ឲ្យ​គណ​បក្ស។​ កិច្ចការ​ខ្លះ​ហ្នឹង​ វា​មាន​ការំលោភ​បំពារបំពាន​ទៅ​លើ​ច្បាប់​ ទៅ​លើ​គណបក្ស​ផ្សេងៗ​ទៀត​។​ ​ដោយសារអី?​ដោយសារ​អ្នក​ដែល​មាន​តួនាទី​ ​ដែល​ត្រូវ​រក្សា​សុវត្ថិភាព​ ​សន្តិសុខ​ ​ឲ្យ​គ្រប់​គណ​បក្ស​ហ្នឹង​ ​បែរ​ជា​ទៅ​ការពារ​ឲ្យ​គណ​បក្ស​ខ្លួន​ឯង ​គណ​បក្ស​ ​កាន់​អំណាច​អញ្ចឹង​ទៅ»។​

នៅ​ក្នុង​របាយ​ការណ៍​៤៩​ទំព័រ​ ​ដែល​គេ​ចែក​ចាយ​ក្នុង​អង្គសន្និ​បាត​រយៈ​ពេល​ពីរ​ថ្ងៃ​ គណ​បក្ស​កាន់​អំណាច​បញ្ជាក់​ថានឹង​ពង្រឹង​ ​ការ​អនុវត្ត​ច្បាប់​ រក្សា​ស្ថិរភាព​ ​សន្តិភាព​ ​បង្កើន​សមិ​ទ្ធិផល​និង​សេវាសាធា​រណៈ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ បង្កើត​ប្រាក់​បៀវត្សរ៍ ​របស់​បុគ្គលិក​រាជការ​និង​ ​កម្មករ​ ​រួម​ទាំង​ជំរុញ​ឲ្យមាន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សហជីព​ផង​ដែរ​ នា​ឆ្នាំ​២០១៦​នេះ។​

​សម្រាប់​ ​លោក​ អ៊ូ វីរៈ​ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ​យល់​ថា​ គោល​នយោបាយ​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំ​ណាច​គឺ​មិន​មាន​អ្វី​ថ្មី​ ​សម្រាប់​លោក​ ​ហើយ​អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍នោះ​គឺ​ការ​ផ្លាស់ប្តូ​រ​មន្ត្រី​ដែល​អសកម្ម​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​និង​ការ​កែ​ប្រែ​គោល​នយោបាយ​សង្គម​មួយ​ដែល​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ។​ ​លោក​ថា​គោល​នយោ​បាយ​ថ្មី​ ​របស់​គណ​បក្ស​កាន់​អំណាច​ ​បានដាក់​នៅ​ក្នុង​អង្គ​ប្រជុំ​ខ្លួន​ដែល​បញ្ចប់​កាល​ពីថ្ងៃ​អាទិត្យ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចង់​កែ​ទម្រង់​មួយ​នោះ​ទេ។

​«​មានន័យ​ថា​គណ​បក្ស​ប្រជា​ជន​ភ័យ​ខ្លួន​ជាង​មុន​ មិន​ដូច​កាល​មុន​ជិះ​សេះ​លែង​ដៃទាំងស្រុង​ អត់ខ្វល់​ អត់អី​អញ្ចឹង តែ​គ្រាន់​តែ​ថា​ឥឡូវ​គឺ​ឲ្យ​ខ្វល់​ជាង​មុន​។​ ក៏ប៉ុន្តែ​មិនមាន​អ្វី​ដែល​ដូរ​ជា​រចនាស​ម្ព័ន្ធ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ​។​ អ្វី​ដែល​យើង​ចង់​ឃើញ​ដូរ​ជាប្រព័ន្ធ​ គឺត្រូវការ​ដូរ​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់​ដឹក​នាំ​ ជា​ពិសេស​គឺ​គណៈ​រដ្ឋមន្ត្រី​តែ​ម្តង​ ហើយបន្ទាប់​ពី​ហ្នឹង​ទៅ​គឺ​ត្រូវ​មាន​គោល​នយោបាយ​ឬ​គម្រោង​ច្បាស់លាស់​ដែល​ខុស​ពី​ឥឡូវ។​ ​ឥឡូវ​នេះ​យើង​មើល​ ​បរាជ័យ​នៅ​តុលាការ​យុត្តិធម៌​ បរាជ័យ​រឿង​ដីធ្លី ​រឿង​ដីសម្បទាន​សេដ្ឋកិច្ច​ ​គ្រប់​គ្រង​មិន​បាន​ទេ​ ​បរាជ័យ​រឿង​ព្រៃ​ឈើ​ សុទ្ធតែ​ជា​រឿង​គួរ​ឲ្យ​ឈឺ​ក្បាល​បំផុត»​។​

​ក៏ប៉ុន្តែ របាយ​ការណ៍​សកម្មភាព​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​លើក​ឡើង​ថា​ ​គណបក្ស​កាន់​អំ​ណាច​របស់​ខ្លួន​ ​បាន​ពង្រីក​ការ​អនុវត្តច្បាប់ ​ការ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​ដីធ្លី​ ​និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ផង​ដែរ។​ ​ក្រោយ​ពេល​កិច្ច​ប្រជុំ​ ២ថ្ងៃ​របស់​ខ្លួន​នា​ទីក្រុង​ក្នំពេញ​ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​បាន​សរសេរ​ក្នុង​ទំព័រហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​នាថ្ងៃ​ច័ន្ទ​នេះ​ថា​៖​ «​ការ​ពិភាក្សា​និង​ការអនុម័ត​នូវឯកសារ​ដ៏​មាន​សារៈ​សំខាន់​នេះ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ឋានៈ​ជា​បក្ស​កាន់​អំណាច​ដែល​ត្រូវ​ ​គិតគូរ​គ្រប់​ជ្រុង​ជ្រោយ​ ​និង​គ្រប់​បញ្ហា​ដែល​ជា​ផល​ប្រយោជន៍រ​បស់​ជាតិ​ ​និង​ប្រជាជន​យើង»៕