អ្នក​នាំពាក្យ៖សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​១៧​រូប​នឹង​ចូល​និវត្តន៍

ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងថតរូបជាមួយមន្ត្រីរដ្ឋាភិបាល ក្នុងសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

សមាជិក​ព្រឹទ្ធស​ភា​បច្ចុប្បន្ន​រ​បស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ប្រមា​ណ​៣០​ភាគរយ​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សរុប​ជាង​៦​០រូប នឹង​ចូល​និវត្តន៍​ហើយ​ជំនួស​ដោយ​តំណាង​បេក្ខជន​ថ្មី ដែល​ក្នុង​នោះ​មាន​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ផង​ដែរ។ នេះ​បើ​តាម​លោក សុខ​ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប។

បេក្ខ​ជន​មិន​ឈរ​ឈ្មោះ​បន្ត​ទៀត មាន​ដូច​ជា​លោក សាយ ឈុំ ប្រធានព្រឹទ្ធ​សភា លោក ស៊ឹម កា អនុប្រធាន​ទី​១នៃ​ព្រឹទ្ធសភា និងលោក ទេព ងន អនុប្រធាន​ទី​២​នៃ​ព្រឹទ្ធ​សភា​ជាដើម ខណៈ​បេក្ខជនថ្មី​នឹង​ឈរ​ឈ្មោះ​រួមមាន​ លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្តី លោក ប្រាក់ សុខុន អតីត​រដ្ឋមន្រ្តី​ការបរទេស និងលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក នាង ផាត រដ្ឋលេខាធិការ​នៃ​ក្រសួង​ការពារ​ជាតិ​ជាដើម។ នេះ​បើ​តាម​បញ្ជី​បេក្ខជន​របស់​គណបក្ស​កាន់​អំណាច​ដែល​ដាក់​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​វីអូអេ​ទទួល​បាន។

ចំណែក​បេក្ខជន​ដែល​មាន​ងារ​ជា​ឧកញ៉ា​ហើយ​បច្ចុប្បន្ន​ក៏​ជា​សមាជិក​ព្រឹទ្ធសភា​ រួ​ម​មាន​លោក ម៉ុង​ ឬទ្ធី​ លោក លី យ៉ុងផាត់ និងលោក កុក អាន នឹង​នៅ​តែ​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ។ ចំណែក​លោក ឡាវ ម៉េងឃីន ដែល​ជា​ឧកញ៉ា​ល្បី​ឈ្មោះ​ម្នាក់ និង​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប មិន​មាន​ឈ្មោះ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

បើ​តាម​លោក សុខ ឥសាន ការ​មិន​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ព្រឹទ្ធសភា​ទៀត​របស់​សមា​ជិក​ទាំង​នោះ​រួម​ទាំង​រូបលោ​ក​ផង​ដែរ ដោយ​សារ​តែ​គោល​ការណ៍​របស់​គណ​បក្ស​មិន​អនុញ្ញា​ត​ឱ្យ​អ្នក​មាន​អាយុ​លើស​ពី​៧៤​ឆ្នាំ​បន្ត​ឈរ​ឈ្មោះ​ទៀត​ឡើយ។

លោក​បញ្ជាក់​ថា​៖ «អ្នក​ដែល​អត់​ឈរ​ឈ្មោះ​តាម​ដឹង​ គឺ​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​ព្រឹទ្ធសភា​ឬ​រដ្ឋ​ស​ភា។ អ្នក​ដែល​អត់​ឈរ​ឈ្មោះ​ឬមិន​ជាប់​ឆ្នោត​ហ្នឹង​គឺ​ឱ្យ​ធ្វើ​ទីប្រឹក្សា»។

នៅ​ពេល​សួរ​ថា​តើ​គ​ណបក្ស​ប្រជា​ជន​កម្ពុជា​រំពឹង​យ៉ាង​ម៉េច​ដែរ​ចំពោះ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​ស​ភា​ពេល​ខាង​មុខ​នេះ​ លោ​ក សុខ ឥសាន​ អះ​អា​ង​ថា​គណបក្ស​កាន់​អំណាច​នឹង​នៅ​តែ​ឈ្នះ​ដដែល។

អតីត​នាយក​រដ្ឋមន្ត្រីកម្ពុជា​ លោក ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា​លោក​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​ជា​ការ​បោះ​ឆ្នោត​អសកល​មួយ ហើយ​អង្គ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ដែល​ជាប់​ឆ្នោត​កាល​ពី​កន្លង​ទៅ។

លោក ឯម សុវណ្ណារ៉ា សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ ​ថ្លែង​ថា​ប្រទេសដែល​កាន់​របប​លទ្ធិ​ប្រជា​ធិប​តេយ្យ គឺមិន​មាន​ការ​តែង​តាំងសែ​ស្រឡាយ​ឱ្យកាន់​តួនាទី​ ទាំង​អំណាច​ប្រតិ​បត្តិ​ និង​អំណាច​នីតិប្ប​ញ្ញត្តិ​នោះ​ទេ ព្រោះ​វា​បង្ក​ឱ្យ​មាន​ទំនាស់​ផល​ប្រយោ​ជន៍។

លោក​ប្រាប់​វីអូអេ​ថា៖ ​«ជា​ទូ​ទៅ​នៅក្នុង​សង្គម​ប្រជាធិប​តេយ្យ​ វាអត់​មាន​មេដឹកនាំ​សែ​ស្រឡាយ​កាន់ស្ថាប័នរដ្ឋ​ អ៊ីចឹង​ទេ​។ ​វា​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ ភាគ​តិច​ដែល​គេ​ហៅ​ថា​ប្រទេស​ផ្តាច់ការ​។ ហើយ​រូបភាព​ហ្នឹង ទោះ​បី​កម្ពុជា​ចង់​បង្ហាញ​មតិ​អន្តរ​ជាតិ​យ៉ាង​ណា​ ក៏​មតិ​អន្តរជាតិ គេ​សន្និដ្ឋាន​ថា​ ​ក្នុង​ទម្រង់​រូបភាព បែប​របប​សែ​ស្រឡាយ​និយម​ បែប​ផ្តាច់​ការ​ហ្នឹង​ វា​ធ្វើ​ឱ្យ​យើង​ខូច​មុខ​មាត់​ដែរ ករណីហ្នឹង»។

អ្នក​វិភាគ​រូប​នេះ​បន្ថែម​ថា​ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ​នា​ឆ្នាំ​២០​២៤​ខាង​មុខ គឺ​ចៀស​មិន​ផុត​ទេ ដែល​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន នឹងធ្វើជា​ប្រធាន​ព្រឹទ្ធសភា ​ខណៈ​លោក ហ៊ុន ម៉ាណែត ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​ដោយ​សារ​តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មាន​អង្គ​បោះ​ឆ្នោត​ច្រើន។ ប៉ុន្តែ​លោក​ថាការ​តែង​តាំង​បែប​នេះ ​នឹងធ្វើ​ឱ្យមាន​ការ​រិះ​គន់ពីមតិ​អន្តរ​ជាតិ​ផង​ដែរ។

គួរ​បញ្ជាក់​ថា​សមាជិកព្រឹទ្ធសភា​សរុប​មាន​ចំនួន​៦២​រូប ដែល​៥៨​រូប ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ ២រូប​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ទៀត​ជ្រើស​តាំង​ដោយ​រដ្ឋសភា តាម​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នៅ​ដើម​ឆ្នាំ​ក្រោយ គណបក្ស​ជំទាស់​ដែល​ជា​សម្ព័ន្ធ​របស់​គណបក្ស​ភ្លើង​ទៀន គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​នេះ ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រមាណ​៩​អាសនៈ បើ​តាម​អង្គ​បោះ​ឆ្នោត​ដែល​ជា​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ដែល​ខ្លួន​មាន៕