ក្តីក្តាំស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនឹងត្រូវតុលាការសាលាដំបូងរាជធានីភ្នំពេញលើកយកមកជំនុំជម្រះ នៅថ្ងៃសុក្រនេះ។ មេធាវីការពារក្តីលោកកឹម សុខា ជឿថា ការចាប់ខ្លួនមិនអាចកើតឡើងបានទេ។ ក្រុមអ្នកវិភាគមើលឃើញថា គណបក្សទាំងពីរនឹងខាតប្រយោជន៍នយោបាយច្រើនបន្ថែមទៀត ហើយជាតិក៏មិនបានចំណេញអ្វីផងដែរ ប្រសិនបើអ្នកនយោបាយគណបក្សទាំងពីរមិនបញ្ឈប់ទំនាស់នេះឲ្យបានឆាប់នោះ។ យ៉ាងណា ពួកគេជឿថា ទំនាស់ចប់ឬយ៉ាងនោះ អាស្រ័យលើគណបក្សកាន់អំណាច។
នៅថ្ងៃសុក្រនេះលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវចូលខ្លួនជំនុំជម្រះទោស នៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុប្រធានគណបក្សប្រឆាំងរូបនេះ បានគេចមិនចូលខ្លួនមកបំភ្លឺតាមដីកាកោះហៅរបស់តុលាការជាន់ទាប និងជាន់ខ្ពស់ជាច្រើនដងមកនោះ។
សាលាដំបូងរាជធានីភ្នំពេញនឹងធ្វើការជំនុំជម្រះលោកកឹម សុខាពីបទ «បដិសេធមិនចូលខ្លួន»ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាលួចលាក់របស់លោក ដែលគេនៅមានមន្ទិលសង្ស័យថា លោកមានជាមួយអតីតអ្នកកាត់សក់ម្នាក់ គឺនាង«ខុម ចាន់តារ៉ាទី» ហៅស្រីមុំ។ បទចោទនេះត្រូវបានធ្វើឡើងទៅតាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។
លោកស្រីម៉េង សុភារី មេធាវីតំណាងលោក កឹម សុខា បានប្រាប់ VOA នាថ្ងៃអង្គារថា កូនក្តីលោកស្រីនឹងមិនចូលរួមក្នុងសវនាការ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះទេ។
ក្រុមអ្នកវិភាគយល់ស្របថា ការចាប់ខ្លួននឹងមិនអាចកើតឡើងនោះទេ ហើយថា ការព្រមានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង ពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា គ្រាន់តែជាសារគំរាម និងជាការស្ទាបស្ទង់ទឹកចិត្តទប់ទល់ពីក្រុមអ្នកគាំទ្រគណបក្សប្រឆាំងតែប៉ុណ្ណោះ។
ប៉ុន្តែពួកគេបន្តថា ប្រសិនបើអ្នកនយោបាយគណបក្សទាំងពីរតម្កល់ប្រយោជន៍ជាតិជាធំ ជំនួបបញ្ចប់ជម្លោះនយោបាយមួយនេះ ត្រូវតែផ្តើមឡើង ដើម្បីបញ្ចៀសអរិភាពដែលអាចមានសក្តានុពលបំផ្លាញសង្គម។
លោកស្រីម៉េង សុភារីពន្យល់ថា បទចោទប្រកាន់មកលើលោលកឹម សុខា មិនអាចបើកផ្លូវឲ្យក្រុមអាជ្ញាធរចាត់វិធានការចាប់ខ្លួនកូនក្តីលោកស្រីបានទេ។ ជាងនេះទៅទៀត លោកស្រីនិយាយថា កូនក្តីលោកស្រីបានបំពេញទៅតាមនីតិវិធី ជម្រាបជូនទៅតុលាការអំពីការខកខានមិនបានទៅបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ។
លោកស្រីបានបញ្ជាក់កាលពីថ្ងៃអង្គារថា តុលាការមិនទាន់ចេញដីកាចាប់ខ្លួនលោកកឹម សុខាទេ។ លោកស្រីឲ្យដឹងថា ការចាប់ខ្លួនក៏មិនអាចធ្វើបាននោះដែរ ប្រសិនបើសាលក្រមមិនចូលជាស្ថាពរ បន្ទាប់ពីការកាត់ក្តីដែលគ្រោងធ្វើនៅថ្ងៃស្អែកនេះ។
«រហូតមកដល់ពេលនេះ ពុំមានដីកាចាប់ខ្លួនទេ ដោយសារតែនេះជាបទល្មើសដែលមានកម្រិត គឺបទល្មើសដែលមានការផ្តន្ទាទោសត្រឹមតែមួយខែ ទៅប្រាំមួយខែហ្នឹង គឺទាបហើយ។ ដូច្នេះហើយតាមនីតិវិធី គឺមិនត្រូវមានការឃុំខ្លួន ហើយក៏មិនត្រូវចាប់ខ្លួនដែរ បន្ទាប់ពីសាលក្រមមិនទាន់ចូលជាស្ថាពរ បើសិនមានការកាត់ក្តីហើយនោះច៎ា»។
លោកស្រីបន្តថា សហគមន៍អន្តរជាតិ និងប្រជារាស្ត្រខ្មែរនឹងមើលឃើញកាន់តែច្បាស់ពីការរំលោភបំពានលើនីតិវិធីតុលាការយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមអាជ្ញាធររដ្ឋាភិបាល ប្រសិនបើមានការចាប់ខ្លួនលោកកឹម សុខានោះ។ លោកស្រីបន្ថែមថា អាជ្ញាធរក៏មិនទាន់បានផ្តល់ភ័ស្តុតាងនៃអ្នកដែលផ្សព្វផ្សាយខ្សែអាត់សំឡេងសាសងដែលគេនៅសង្ស័យថា តើសំឡេងនោះពិតជាសំឡេងរបស់លោកកឹម សុខា និងនាងខុម ចាន់តារ៉ាទី ហើយមានការកាត់តឬយ៉ាងណា។
មាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាបានចែងថា៖
«រាល់បុគ្គលណា ដែលត្រូវបានកោះហៅឲ្យមកឆ្លើយជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី១០០០០០ រៀលទៅ១០០០០០០រៀល។
ផ្តើមចេញពីរឿងអាស្រូវស្នេហានេះ លោកកឹម សុខាបានដាក់បម្រាមខ្លួនឯងមិនចេញពីទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌមានជ័យ អស់ប្រមាណជាង៣ខែ។ លោកបានយកទីស្នាក់កណ្តាលគណបក្សធ្វើជាទីកន្លែងទទួលភ្ញៀវជាតិ និងអន្តរជាតិ ពិភាក្សាការងារផងដែរ។
នៅគ្រាលោកកឹម សុខាសម្ងំស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សនេះ ក្រុមកម្លាំងមានសមត្ថកិច្ចប្រដាប់អាវុធបានតាមស្វែងរកលោកកឹម សុខា កាលពីខែឧសភា។ ការតាមស្វែងរកនោះត្រូវគេជឿថា ជាការតាមចាប់ខ្លួន។
បន្ថែមលើនោះ មេបញ្ជាការយោធាជាន់ខ្ពស់កម្ពុជាមួយរូបក៏បានព្រមានកាលពីខែសីហាថា ការចាប់ខ្លួនលោកកឹម សុខានឹងធ្វើឡើង ប្រសិនបើមានបទបញ្ជា និងសំណូមពរពីតុលាការ។ ក្រោយពីមានការព្រមាននោះ ក្រុមយោធាក៏ធ្វើប្រតិបត្តិការហោះហើរឧទ្ធម្ភាគចក្រជាច្រើនគ្រឿង និងការចល័តទ័ពជើងគោក ជើងទឹក ក្បែរស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិដែលរងការរិះគន់យ៉ាងខ្លាំងពីអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិថា ជាការបំភិតបំភ័យអ្នកនយោបាយគណបក្សប្រឆាំង។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុកប្រាប់ VOA កាលពីពុធថា ការចាប់ឃុំខ្លួនលោក កឹម សុខានឹងមិនអាចកើតមាននោះទេ។ លោកអះអាងថា ការគំរាមដែលធ្វើឡើងជាបន្តបន្ទាប់តាំងពីប្រមុខរដ្ឋាភិបាល និងមេដឹកនាំយោធាគ្រាន់ជាសារនយោបាយព្រមានតែប៉ុណ្ណោះ។
លោកបន្តថា គណបក្សទាំងពីរនឹងជួបចរចាគ្នាក្នុងកាលៈទេសៈដែលស្ថានភាពនយោបាយកាន់តែតានតឹង ដោយលោកជឿថា គណបក្សទាំងពីរដឹងជាមុនថា អ្វីដែលខ្លួនកំពុងធ្វើគឺមិនចំណេញដល់ប្រជារាស្ត្រ ហើយវាប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។
«ដល់ពេលតានតឹងខ្លាំងមែនទែន ខ្ញុំមើលទៅពួកគាត់នឹងព្រួយបារម្ភហើយ ហើយព្រួយបារម្ភមែនទែន ទាំងសងខាងព្រួយបារម្ភ គឺនឹងអាចឈានទៅដល់ការចរចា ព្រោះអីបើមិនចរចាទេ ខ្ញុំមើលទៅខាតទាំងសងខាង ហើយចុងបញ្ចប់ខាតជាតិ។ អញ្ចឹងបើខាតទាំងសងខាងហ្នឹង វាអស្ថិរភាព។ អស្ថិរភាព គឺខាតជាងគេ អ្នករកស៊ី អ្នកមានដី អ្នកមានផ្ទះ អ្នករកស៊ីអីហ្នឹង គឺខាតធ្ងន់ជាងគេ។ ហើយគណបក្សប្រឆាំងក៏ខាតច្រើនណាស់ដែរ។ គាត់មានអី គាត់មានអំណាចអីអញ្ចឹងអ្នកដែលរងគ្រោះគឺអ្នកចូលពន្ធនាគារនៅពេលបច្ចុប្បន្ន អញ្ចឹងគឺគាត់ខាតច្រើន។ គាត់មិនមានអីចំណេញទេ»។
លោកអ៊ូ វីរៈបន្ថែមថា គណបក្សប្រជាជនកម្ពុជាកំពុងធ្វើឲ្យប្រជាប្រិយភាពរបស់ខ្លួនធ្លាក់ចុះនៅគ្រាគណបក្សនេះចំណាយពេលច្រើនលើរឿងរបស់បុគ្គលអ្នកនយោបាយគណបក្សប្រឆាំងនេះ ហើយបន្ធូរដៃក្នុងការកែទម្រង់។
លោកនិយាយថា បើជម្លោះនេះអូសបន្លាយទៅទៀតនោះ អ្នកចំណេញគឺគណបក្សប្រឆាំង ឯអ្នកខឹងខ្លាំងនឹងរដ្ឋាភិបាលគឺប្រជាពលរដ្ឋម្ចាស់ឆ្នោតតែម្តង។
ការកើនឡើងកម្តៅនយោបាយជាថ្មីម្តងទៀតក្រោយការបោះឆ្នោតនេះត្រូវអ្នកសង្កេតការណ៍នយោបាយមើលឃើញថា បណ្តាលមកពីការសើរើចំណាត់ការច្បាប់របស់តុលាការប្រឆាំងនឹងក្រុមសកម្មជន និងសមាជិកគណបក្សប្រឆាំងដែលជាប់ពាក់ព័ន្ធនឹងបាតុកម្មទាមទារឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញ នាឆ្នាំ២០១៤។
កំដៅកាន់តែកើនខ្លាំងទៀត នៅពេលតុលាការចាត់វិធានការច្បាប់លើក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដែលសកម្មក្នុងការរិះគន់ និងការតវ៉ាបញ្ហាផែនទីព្រំដែនវៀតណាមកម្ពុជា និងចុងក្រោយនេះគឺករណីរឿងអាស្រូវស្នេហាលោកកឹម សុខា។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ប្រាប់ VOA កាលពីថ្ងៃពុធថា ទោះបីការចាប់ខ្លួនលោកកឹម សុខា ដែលលោកយល់ថា មិនអាចកើតមាននៅថ្ងៃស្អែកនេះ ក៏វោហាស័ព្ទនៃការព្រមានចាប់ខ្លួននឹងអាចកើតមានទៅថ្ងៃខាងមុខផងដែរ។ លោកមាស នីបន្តថា ការស្ទាក់ស្ទើររបស់អាជ្ញាធររដ្ឋាភិបាលក្នុងការចាប់ខ្លួនលោកកឹម សុខានេះ អាចជាចេតនារបស់រដ្ឋាភិបាល ដែលចង់ស្ទង់មើលទឹកចិត្តមហាជនដែលជាអ្នកគាំទ្រគណបក្សប្រឆាំង។
«ខ្ញុំមើលពីមុនមកដល់ឥឡូវនេះ រដ្ឋាភិបាលហាក់ដូចជាស្ថិតក្នុងស្ថានភាពស្ទង់ស្ទាប ចង់ដឹងមើលថា តើបើសិនជាមានការចាប់ពិតមែនហ្នឹង វាអាចមានកម្លាំងគាំទ្រធំធេងប៉ុណ្ណា ឬក៏មានបញ្ហាអីកើតឡើង ដែលហួសពីការគិត។ ខ្ញុំគិតថា រឿងហ្នឹង បើសិនជាមិនចាប់ថ្ងៃទី៩ហ្នឹង ក៏នឹងមានការផ្ញើពាក្យពេចន៍មកថា នឹងចាប់ថ្ងៃក្រោយទៀត។ អញ្ចឹងរឿងហ្នឹងវានៅជាប្រធានបទមួយនៃភាពតានតឹងរបស់អ្នកនយោបាយខ្មែរហ្នឹងបាទ»។
លោកថ្លែងបន្តថា គណបក្សកាន់អំណាច មកទល់ពេលនេះ ល្មមដល់ពេលបន្ទន់ជំហរភាពខ្លាំងរបស់ខ្លួន ទទួលយកសំណើការចរចាពីគណបក្សប្រឆាំងដើម្បីបញ្ចប់ទំនាស់ ដែលបានធ្វើឲ្យរាំងស្ទះដល់កិច្ចការអភិវឌ្ឍប្រទេសជាតិ ទាំងវិស័យច្បាប់ និងសង្គមកិច្ច។
យ៉ាងណាក៏ដោយ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តវប្បធម៌សន្ទនាជានិច្ច តែការចរចាជាមួយភាគីដែលកំពុងជាប់រឿងក្តីក្តាំនេះនឹងមិនអាចធ្វើឡើងនោះទេ។
«ការជួបក្នុងសភាពការណ៍ដែលតុលាការបន្តនីតិវិធីរបស់ខ្លួនលើរឿងក្តី របស់អ្នកប្រព្រឹត្តខុសមួយចំនួននៅក្នុងជួរគណបក្សសង្គ្រោះជាតិហ្នឹង មិនទាន់អាចជួបបានទេ បាទ។ ក៏ប៉ុន្តែ យើងមិនប្រកាសបិទទ្វារវប្បធម៌សន្ទនានោះទេ»។
លោកបន្តថា វប្បធម៌សន្ទនា ឬការចរចាអាចនឹងកើតមានសារជាថ្មី ក្រោយតុលាការបញ្ចប់នីតិវិធីច្បាប់របស់ខ្លួនកាត់ទោសក្រុមអ្នកនយោបាយគណបក្សប្រឆាំងដែលបានប្រព្រឹត្តបទលើ្មស។
«យើង ពេលណាតុលាការគេចប់នីតិវិធីរបស់គេ អាហ្នឹងយើងនឹងពិនិត្យលទ្ធភាពឡើងវិញ ដើម្បីនឹងដំណើរការវប្បធម៌សន្ទនាឡើងវិញ»។
VOA មិនទាន់អាចទាក់ទងមន្ត្រីគណបក្សប្រឆាំងមួយចំនួនដើម្បីផ្តល់ការពន្យល់ថា តើគណបក្សនឹងវិធានការបែបណាប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខាដែលអាចកើតមាននោះទេ។ ប៉ុន្តែលោកម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ បានឲ្យ VOA ដឹង កាលពីថ្ងៃពុធថា គណបក្សប្រឆាំងនឹងជួបប្រជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួនជាង១ពាន់នាក់នៅទីស្នាក់ការគណបក្សនៅថ្ងៃសុក្រស្អែកនេះ។
មុនមួយថ្ងៃនៃការបើកសវនាការជំនុំជម្រះលោកកឹម សុខា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ស្នើឲ្យបញ្ឈប់ការជំនុំជម្រះក្តីដោយខុសច្បាប់ប្រឆាំងនឹងសមាជិកសភា។ សេចក្តីថ្លែងការណ៍នោះ បានចាត់ទុកសវនាការកាត់ទោសលោកកឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមថា ជាទង្វើខុសច្បាប់ដែលបំពានទាំងនីតិវិធីច្បាប់ និងរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍រដ្ឋធម្មនុញ្ញស្តីពីអភ័យឯកសិទ្ធិសភា៕