បក្ស​កាន់​អំណាច​ទទួល​ស្គាល់​សម្ពាធ​បរទេស​ថា​គំរាម​ដល់​អព្យាក្រឹតភាព​ អធិបតេយ្យជាតិ​ និង​ការ​អភិវឌ្ឍ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ជាប្រធានគណបក្សប្រជាជនកម្ពុជា​ផង​នោះ​ ថ្លែង​​សុន្ទរកថា​ក្នុង​ពិធី​អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃ​​​​ទិវា​ជ័យជម្នះ​៧មករា​លើ​របប​ខ្មែរក្រហម​ នៅ​មជ្ឈមណ្ឌលកោះពេជ្រ​ក្នុង​​រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២០។

​អង្គ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​តម្លៃ​ដល់​មេដឹកនាំ​ខ្លួន​គឺ​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​បាន​ជម្នះ​សម្ពាធ​បរទេស​​បាន​ដោយ​ជោគជ័យ​ ដោយ​ការ​កែ​ទម្រង់​ខាង​ក្នុង​ បង្កើន​មិត្ត​ខាង​ក្រៅ ​ក្នុង​ស្មារតី​ឯករាជ្យ។

គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ចោទ​ប្រកាន់ប្រទេស​មួយ​ចំនួន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​ព្យាយាម​ធ្វើឲ្យ​អព្យាក្រឹតភាព​ អធិបតេយ្យ​ជាតិ​ និង​ការ​អភិវឌ្ឍ​កម្ពុជា​រងការ​គំរាម​កំហែង ​ជាមួយ​គ្នា​ដែល​ស្ថាន​ការណ៍​ពិភព​លោក​កំពុង​វិវត្តន៍​ដ៏​ស្មុគស្មាញ​និង​ផ្លាស់ប្តូរ​យ៉ាង​ជ្រាលជ្រៅ ​ឆាប់​រហ័ស​ ពិបាក​ប៉ាន់ស្មាន​ និង​មាន​ហានិភ័យ​កាន់តែ​ច្រើន​នោះ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៃ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤២​ អាណត្តិ​ទី៥ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២ថ្ងៃ ​ដែល​ទើប​បញ្ចប់​កាល​ពីថ្ងៃទី២ ​ខែកុម្ភៈ។ ​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​សង្កត់​ធ្ងន់​ថា៖

«ប្រទេស​ខ្លាំងៗ​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើប្រាស់​បញ្ហា​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស បំពាន​លើ​អធិបតេយ្យ​របស់​ប្រទេស​ដែល​ខ្សោយ​ជាង​ខ្លួន។​ ស្ថាន​ការណ៍​នេះ ​បាន​ដាក់ សម្ពាធ​ និង​គំរាម​កំហែង​ដល់​អព្យាក្រឹត​ភាព​ ឯករាជ្យ​ និង​អធិបតេយ្យ​ជាតិ ​ហើយ​ក៏​បាន​ជះ​ឥទ្ធិពល​ផងដែរ​ដល់​សន្តិភាព​ ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា‍»។

ទោះជា​គណបក្ស​កាន់​អំណាច​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំង​នោះ​ក្តី ​តែ​ត្រូវ​គេ គិត​ថា​ជា​ការ​និយាយ​សំដៅ​លើ​ក្រុម​មហា​អំណាច​ដូចជា​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ដែល​កំពុង​ទាមទារ​ឲ្យ​មាន​ការ​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ ​សិទ្ធិ​មនុស្ស ​ការ​ដោះ លែង​ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ក្រុម​ជំទាស់​របស់​លោក ​កឹម សុខា ​និង លោក​ សម រង្ស៉ី ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​រំលាយ​មុន​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៨ ​ដើម្បី​ជាថ្នូរ​នឹង​ការ​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ឬ​ការ​អនុ​គ្រោះពន្ធ​នាំ ចូល​គ្រប់​មុខ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​លើក​លែង​តែ​អាវុធ។

តែ​អង្គ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​តម្លៃ​ដល់​មេដឹកនាំ​ខ្លួន​គឺ​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា​បាន​ជម្នះ​សម្ពាធ​ទាំង​នេះ​បាន​ដោយ​ជោគជ័យ​ ដោយ​ការ​កែ​ទម្រង់​ខាង​ក្នុង​ បង្កើន​មិត្ត​ខាង​ក្រៅ ​ក្នុង​ស្មារតី​ឯករាជ្យ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ជា​ឯកតោ​ភាគីដូច្នេះ​ដោយ​យោង​ថា​រាជ​រដ្ឋាភិបាល​បាន​ទប់​ស្កាត់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ និង​ផ្លាស់ប្តូរ​របប​រាជា​និយម​នៅ​កម្ពុជា ​ដោយ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​បក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​ជំទាស់​របស់​លោក ​សម រង្ស៉ី ​និង​លោក​ កឹម សុខា ​ដែល​លោក​ទាំងពីរ​បាន​បដិសេធ​ និង​អះអាង​ថា​ប្រកាន់​យក​ការ​ផ្លាស់​ប្តូរ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ។​ បន្ថែម​ពី​លើនេះ​គឺ​ការ​រក្សា​បាន​សន្តិភាព​ និង​កំណើន​សេដ្ឋកិច្ច​៧,១​ភាគរយ​និង​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​លើ​បញ្ហា​រដ្ឋបាល​សាធារណៈ ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រព័ន្ធ​យុត្តិធម៌​ អភិបាលកិច្ចល្អ​ ធនធាន​មនុស្ស ​សេវាកម្ម​សាធារណៈ គោល​នយោបាយ​ជាតិ​គាំពារ​សង្គម ​ការ​បន្ត​លើក​កម្ពស់​លទ្ធិ​ប្រជាធិប​តេយ្យ​ សេរី​ពហុបក្ស​នៅ​កម្ពុជា​ជាដើម៕