មន្ត្រីបក្សកាន់អំណាចប្តឹងសកម្មជនបក្សប្រឆាំង៣នាក់ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត

អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ថត​រូប​ជុំគ្នា​កាល​ពី​ថ្ងៃ​ទី​១៩ ខែកកក្កដា ដើម្បី​បង្ហាញ​«ម្រាមដៃស្អាត»​មិន​ចូលរួម​ការ​បោះឆ្នោត​(រូបថតពីហ្វេសប៊ុក​លោក ជា ជីវ)

អតីត​មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៣​នាក់​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ត្រូវ​បាន​មន្រ្តី​គណ​បក្សប្រជាជន​កម្ពុជា​ប្តឹង​ទៅ​កាន់​ គណៈកម្មការរៀបចំ​ការ​បោះ​ឆ្នោតប្រចាំខេត្តមួយនេះ កាលពី​ថ្ងៃ​សុក្រ ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត តាមរយៈសារដែល​ពួក​គេបង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

កន្លង​ទៅ អាជ្ញាធរ​កម្ពុជា​បាន​ព្រ​មាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រឆាំង​នឹង​អ្នក​ណា​ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត។ អតីត​មេ​ដឹក​នាំ​គណ​បក្សប្រឆាំង លោក សម រង្ស៊ី ក៏​បានអំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត​ផង​ដែរ តាម​រយៈ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត។

យោង​តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី២០ ខែ​កក្កដា ដាក់​ទៅ​កាន់ គ.ជ.ប. លោក ជា ជីវ អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​បាត់​ដំបង​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ប្តឹង​ដោយ លោក ពីវ ហូយ ជំទប់ទី២ មកពី​គណ​បក្សប្រជាជន​កម្ពុជា ក្នុង​ឃុំអន្លង់វិល ស្រុក​សង្កែ ពីបទរារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។

ពាក្យ​បណ្តឹង​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា លោក ជា ជីវ និង​អតីត​មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រមាណ​៣០​នាក់ បាន​ជួប​ជុំ​គ្នា​ហូបនំបញ្ចុក​នៅ​ផ្ទះ​របស់​លោក ក្នុង​ឃុំអន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ហើយ​បាន​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត និង​បាន​ថតរូបជុំ​គ្នា​លើក​ម្រាម​ដៃ​ស​ស្អាត ដែល​ត្រូវ​ជានិម្មិតរូប​នៃ​ការ​ធ្វើ​ពហិការការ​បោះ​ឆ្នោត ដែល​ក្រោយ​មករូប​នោះ​ត្រូវ​បាន​ពួក​គេបង្ហោះលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

គួរ​រំឭក​ផង​ដែរ​ថា លោក ជា ជីវ ស្ថិត​ក្នុង​ចំណោម​អ្នក​នយោបាយ​គណ​បក្សសង្គ្រោះជាតិ​១១៨រូប ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​ចំនួន​៥ឆ្នាំ ក្រោយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ទាំង​ចម្រូងចម្រាស​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ចំណែក​នៅ​ក្នុង​ពាក្យ​បណ្តឹង​ពីរដោយឡែកផ្សេង​ទៀត មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ពីរ​នាក់​ទៀត គឺ​លោក ពៅ តាំង និង​លោក គ្រុយ គឹមសាំង ដែល​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កំរៀង ក៏​ត្រូវ​បាន​ប្តឹង​ផង​ដែរ ដោយ​ជំទប់ទី២​នៃ​ឃុំ​បឹង​រាំង មកពី​គណ​បក្សប្រជាជន​កម្ពុជា។

មន្រ្តី​គណ​បក្សប្រជាជន​កម្ពុជា លោក ពីវ ហូយ បាន​ថ្លែង​ប្រាប់​VOAថា លោក​បាន​ប្តឹង​លោក ជា ជីវ ដោយ​លោក​យល់​ថា សកម្មភាព​របស់​ពួក​គេជា«ការ​ញុះញង់»។

លោក​មាន​ប្រសាសន៍​ថា៖ «អាហ្នឹង​មកពី​ចង្អុល​ដៃ​ហ្នឹង យុទ្ធនាការ​ម្រាម​ដៃ​ស្អាត លើក​ម្រាម​ដៃ​ទាំង​អស់​គ្នា គ្នា​ម្ភៃសាមសិប​នាក់​ហ្នឹង។ អាហ្នឹង​វាដូច​រឿង​ញុះញង់​អញ្ចឹងណា ពី​ព្រោះ​អាហ្នឹង​មេគេ​បញ្ជា​មក អា​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត។ សួរ​ថាបើ​ប្រជាជន​ទូ​ទៅ ខ្ញុំ​មាន​ថាអី។ គណ​បក្ស​សង្រ្គោះ​ជាតិ​គេ​បាន​រំលាយ​ចោល​ហើយ ដល់​មេគេ​បញ្ជា​អា​រឿង​ម្រាម​ដៃ​ស្អាត​ហ្នឹង បាន​ខ្ញុំ​ប្តឹង​កន្លែង​ហ្នឹង»។

ពួក​គេ​ទាំង​៣​នាក់​ត្រូវ​បាន​ប្តឹង​តាម​មាត្រា១៤២​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ដែល​ចែង​ត្រង់​ចំណុច​មួយ​ថា ត្រូវ​ផាកពិន័យជា​ប្រាក់​ពី៥លាន​រៀល​ដល់​២០លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ពុំ​ទាន់​គិត​ដល់​ទោសព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជនណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ក្នុង​ការរារាំង​ប្រជា​ពលរដ្ឋដែល​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត។

លោក ជា ជីវ បាន​ចាត់​ទុកថា​នេះ​ជា​សេរីភាព​នៃ​ការបញ្ចេញ​មតិ​របស់​លោក។ លោក​មាន​ប្រសាសន៍​ថា៖ «សកម្មភាព​ហ្នឹង​គឺជា​ការ​បំភិតបំភ័យ និង​គំរាម​កំហែង​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ហ្នឹង​គឺជា​ការរារាំង​មិន​ឲ្យ​ខ្ញុំ និង​អតីត​សហការី​របស់​ខ្ញុំ​ហ្នឹង គាត់​ធ្វើ​សកម្មភាព​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​មាន​ឆន្ទៈ​ក្នុង​ការ​មិន​ទៅ​បោះ​ឆ្នោត ប្រសិន​បើអត់​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ»។

អតីត​មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ លោក ពៅ តាំង អាយុ​៤២ឆ្នាំ មាន​ប្រសាសន៍​ថា សារ​ដែល​លោក​បង្ហោះ​គឺជា​ការបញ្ចេញ​មតិ​របស់​លោក​ផ្ទាល់ ហើយ​លោក​ក៏​មិន​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្រាន់​តែ​សរសេរ​ថា​សិទ្ធិ​សេរី រួច​ហើយ​សេចក្តី​ថ្លៃ​ថ្នូរ ឆន្ទៈ សេចក្តី​ស្នេហា ការ​ស្រឡាញ់។ ទាំង​អស់​នេះ គឺជា​សញ្ញា​បញ្ជាក់នូវ​ការ​រស់​នៅ​របស់​មនុស្ស​ក្នុង​សង្គម​ជាតិ។ ខ្ញុំ​ចិត្ត​ស្អាត រូប​ខ្ញុំ​មិន​ស្អាត ក៏​ប៉ុន្តែ​ម្រាម​ដៃ​ខ្ញុំ​ស្អាត ខ្ញុំ​គ្រាន់​តែ​សរសេរ​តែ​ប៉ុណ្ណឹង​ទេ»។ លោក​ចាត់​ទុកថា​នេះ​គ្រាន់​តែ​ជាការ​គំរាម​កំហែង​ដល់​រូប​លោក និង​អ្នក​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ។

ចំណែក​លោក គ្រុយ គឹមសាំង ដែល​រង​ពាក្យ​បណ្តឹង​នោះ​ដែរ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ញុះញង់ ដូចការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ «បង្ហោះ​ហ្វេសប៊ុក​ហ្នឹង ខ្ញុំ​ដាក់​ចំណង​ជើង​ថាម្រាម​ដៃ​ខ្ញុំ​ស្អាត បើគ្មាន​គណ​បក្ស​សង្រ្គោះ​ជាតិ។ ហើយ​គាត់​ប្តឹងហ្នឹង ប្តឹង​ចោទ​ប្រកាន់​ថា​ខ្ញុំ​ញុះញង់​ប្រជា​ពលរដ្ឋមិន​ឲ្យ​ទៅ​បោះ​ឆ្នោត។ ខ្ញុំ​អត់​មាន​បាន​ញុះញង់​ទេ សិទ្ធិ​ខ្ញុំ បុគ្គល​ខ្ញុំ។ ខ្ញុំ​ចេញ​ខ្លួន​ឯង​អញ្ចឹងណា»។

អ្នក​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុង​ក្បួន​រថយន្តនៃ​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត នៅព្រឹកថ្ងៃសៅរ៍នេះ នៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (គី ម៉េងលី/VOA)

ខណៈ​មន្រ្តី​គណ​បក្សកាន់​អំណាច​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ហើយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋចេញ​ទៅ​បោះ​ឆ្នោត។ គណបក្ស​សង្រ្គោះជាតិ​ធ្លាប់​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋប្រមាណ​៤៤​ភាគរយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា​មន្រ្តី​បោះ​ឆ្នោត​នៅ​ថ្នាក់​ក្រោម​ជាតិ នឹង​ព្យាយាម​ដោះ​ស្រាយបញ្ហា​នេះ។ ប៉ុន្តែ​ប្រសិន​បើ​ដោះ​ស្រាយមិន​ចេញ ពាក្យ​បណ្តឹង​នេះ នឹង​ត្រូវ​បញ្ជូន​មក គ.ជ.ប.។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​ជា​ច្បាប់​រក​ឃើញ​ថា គាត់​មាន​ចេតនា​ប្រមូល​គេ​ប្រមូល​ឯង​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត អាហ្នឹង​ហើយ​ជា​បញ្ហា»។

ចំណែក​លោក សម រង្ស៊ី ក៏​បានអំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត​ផង​ដែរ។ នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​ថ្លែង​ថា៖ «បើបងប្អូន​អញ្ជើញ​ទៅ​បោះ​ឆ្នោត មាន​ន័យថា​ប្រទេស​កម្ពុជា​នឹង​រលាយសាបសូន្យ​ហើយ ពី​ព្រោះ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នេះ គឺ​គ្រាន់​តែ​ដើម្បី​ឲ្យ លោក ហ៊ុន សែន បន្ត​កាន់​អំណាច​ត​ទៀត»។

កាលពី​ថ្ងៃ​សុក្រ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ឧត្តមស្នងការ​នៃ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ អ្នក​ស្រី Rhona Smith បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ថ្កោលទោស​ចំពោះ​ការ​បំភិតបំភ័យ​ដល់​អ្នក​មិន​ទៅ​បោះ​ឆ្នោត និង​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ជន​គ្រប់រូប៕