សភា​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​លើក​ទីពីរ

ក្រុមតំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្មច្បាប់​គណបក្ស​នយោបាយ ដោយ​ឯកតោ​ភាគី នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​​​​ចំនួន​៦៦​រូប​ ​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​រង​ការ​រិះគន់​យ៉ាងខ្លាំង​ពី​​គណបក្ស​ជំទាស់​ និង​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់អំណាច​របស់​លោកហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើវិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដោយ​ប្រញាប់​ប្រញាល់​ ​ខណៈ​ដែល​ក្រុមតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​ មិន​ចូល​កិច្ចប្រជុំ។​

ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ ​ដែល​ក្រុម​តំណាង​រាស្រ្តរបស់​គណ​បក្ស​កាន់​អំណាច​ចំនួន​៦៦​រូប​ចូល​រួម​ស្នើ​អនុម័ត​កែប្រែ​ ​និងប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាការ​ប្រញាប់​នូវ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយនោះ​ ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​បាន​ឡើង​បកស្រាយ​ពី​ផល​ប្រយោជន៍​នៃ​ច្បាប់​នេះ​ ​ដោយ​គ្មាន​ការ​សួរ​ដេញ​ដោល។​

ដោយ​គ្មាន​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​កូន​ប្រុស​របស់​លោក​ដែល​ជា​តំណាង​រាស្រ្តមួយ​រូប​ក្នុង​ខេត្តកំពង់​ស្ពឺ​ ​គឺ​លោក​ហ៊ុន ម៉ានី​ក៏​បាន​ឡើង​បកស្រាយ​សេចក្តីស្នើ​ច្បាប់​ ដែល​គណបក្ស​ជំទាស់​ និង​អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​យល់​ថា​ ​មាន​ការ​រឹតត្បិត​ចំពោះ​គណបក្ស​ជំទាស់។

ដោយ​មិន​និយាយឈ្មោះ​លោក​សម រង្ស៊ី​ ឬ​គណបក្ស​ជំទាស់​ចំៗ​ ​ ​លោក​ហ៊ុន ម៉ានី​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​ថា​ ​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​មិនមែន​ជា​ការ​បង្កើត​ឡើងក្នុង​គោល​បំណង​សំដៅ​លើ​បុគ្គល​ណា​ម្នាក់​នោះ​ទេ។​ ​ប៉ុន្តែ​លោក​ថា​ ​សេចក្តី​ព្រាង​ច្បាប់​នេះនឹង​ជំរុញ​ឲ្យ​មាន​ការ​វិវត្ត​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​រវាង​គណបក្ស​នយោបាយ​នៅ​កម្ពុជា។

លោក​ហ៊ុន ម៉ានី​បញ្ជាក់​ថា៖​

«បើ​សិន​ជា​មាន​ការ​ធ្វើ​ខុស​ទៅលើ​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ហើយ ​គឺ​ខ្ញុំ​សុំ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ទៅ​តាម​អ្វី​ដែល​មាន​ចែងនៅ​ក្នុង​ច្បាប់​នេះ​ដែល​មាន​ជា​ធរមាន​ ​ដើម្បី​ការពារ​សុខ​ ​សន្តិភាព​ ​ការពារ​ជាតិ​ ស្ថិរភាព​ ​ការពារ​ផលប្រយោជន៍​ជាតិ​ ​ដើម្បី​ផ្តោត​អារម្មណ៍​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ស្ថិរភាព​ ​និងសុខ​សន្តិភាព​ ​ដើម្បី​ជំរុញ​បន្ថែម​នូវ​កិត្យានុភាព​របស់​ប្រទេស​ជាតិ​ ​និងប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​ ដើម្បី​ទាញ​នូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ​ដើម្បី​ប្រទេស​ជាតិ​ ​ដើម្បី​សង្គម​ជាតិ​ ​ដើម្បី​ប្រជាជន​របស់​យើង»។​

លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ឡើង​ថ្លែង​ការពារ​សេចក្តី​ស្នើច្បាប់​ស្តីពីវិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ នៅ​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ការ​លើក​ឡើង​របស់​លោក​ហ៊ុន ម៉ានី​ស្រដៀង​ទៅ​នឹងការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​ផ្សេង​ទៀត​ ​ដែល​ព្យាយាម​អះអាង​ថា ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ ​មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា។​

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​មាន​១០​ជំពូក​ ​និង​៤៣​មាត្រា។​ ​ច្បាប់​នេះ​ត្រូវ​បានប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​តុលា​ ​ឆ្នាំ​១៩៩៧​ ​ហើយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​លើក​ទីមួយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។​ ​ការ​កែ​ច្បាប់​នេះ​ជាលើក​ទីមួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ដឹក​នាំ​របស់​គណបក្ស​ជំទាស់​ ​និង​បង្ខំឲ្យលោក​សម រង្ស៊ី​ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លាលែង​ពីតំណែង​ជា​ប្រធាន​គណបក្ស​ជំទាស់។​

វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២នេះ​ត្រូវ​បាន​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ស្នើ​ឲ្យ​កែប្រែ​មាត្រា​ចំនួន​៥​ រួម​មាន​មាត្រា​៦​ថ្មី​(ពីរ)​ ​មាត្រា​១១​(ថ្មី)​ ​មាត្រា​៤៤​ថ្មី​(ពីរ)​ ​មាត្រា​៤៥​ថ្មី(ស្ទួន)​ ​និង​មាត្រា​៤៨​ថ្មី​(ស្ទួន)។​

មាត្រា​៦​ថ្មី(ពីរ)​នៃ​សេចក្តី​ស្នើវិសោធនកម្ម​ជា​លើកទី​២​នោះកំណត់​ថា​ ​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើ​ប្រាស់​សារជា​សំឡេង​ ​រូបភាព​ ​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​ ​ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​បទ​ឧក្រិដ្ឋ​ ​ឬ​បទមជ្ឈិម​ ​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ​ ​ហើយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​យល់ព្រម​ដោយ​ចំហ​ ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត ​ជាប់​ទោស​ពី​បទឧក្រិដ្ឋ​ ​ឬ​បទ​មជ្ឈិម​ ឲ្យធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​គណបក្ស​នោះទេ។​ ​បើ​សិន​ជា​គណបក្ស​នយោបាយ​ណាមួយ​ត្រូវរក​ឃើញ​ថា​ មាន​ការ​ប្រព្រឹត្ត​ល្មើស​ គឺ​អាជ្ញាធរ​នឹង​រំលាយ​គណបក្ស​នោះ ​ឬ​ហាម​ឃាត់​សកម្មភាព​គណបក្ស​នោះរហូត​ដល់​ប្រាំ​ឆ្នាំ​ ​ដែល​នាំ​ឲ្យបាត់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត។

ទោះ​ជា​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ក៏​ដោយ​ ​ក៏​ក្រុម​តំណាង​រាស្រ្ត​ទាំងនេះបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយប្រកាស​ពី​ការ​មិន​គាំទ្រ​ និង​ទាមទារ​ឲ្យ​រដ្ឋ​សភា​បញ្ឈប់​ការ​ពិភាក្សា​ ​និង​បញ្ឈប់​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​លើកឡើង​ថា​ ​ធ្វើ​ឡើង​សំដៅ​រារាំង​ និង​បញ្ឈប់​មិនឲ្យ​លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង ធ្វើការឃោសនា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត​ទៅ​ទៀត។​

ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ ​ពួកគេ​មិន​ចូល​រួម​អនុម័ត​សេចក្តី​ស្នើវិសោធនកម្ម​ច្បាប់​ស្តីពីគណបក្ស​នយោបាយ ​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ទេ​ ​ដោយសារ​សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ចរិត​នយោបាយ​ គាប​សង្កត់សិទ្ធិ​បុគ្គល​ ​និងគាបសង្កត់គណបក្សនយោបាយក្នុង​ន័យកម្ចាត់​កម្ចាយ​ខ្មែរ​គ្នា​ឯង​ ​និងគាបសង្កត់​គូ​ប្រជែង​នយោបាយ។​ ​ពួក​គេ​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះមិន​ស្រប​តាម​គោល​ការណ៍នីតិរដ្ឋ​ ​ហើយ​ផ្ទុយ​ពី​គោល​ការណ៍ប្រជាធិបតេយ្យ​ ​សេរី​ពហុ​បក្ស​ ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញកម្ពុជា។​

ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«ក្រុម​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិមិន​គាំទ្រ​ ​និង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ពិភាក្សា​ ​និង​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្មច្បាប់​ស្តីពីគណបក្ស​នយោបាយ​ ​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ ​ការ​បង្រួប​បង្រួម​ជាតិ ​ការ​ផ្សះផ្សា​ជាតិ ​និង​ឯកភាព​ជាតិ»។

វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទាំង​ពីរ​លើក​នេះធ្វើ​ឡើងក្រោយ​ពី​ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​ ​ដែល​គេ​ស្គាល់​ថា​ ជា​មេដឹក​នាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​កម្ពុជា។​

មុនការ​ស្នើ​ធ្វើ​វិសោធនកម្ម​លើក​ទី១​ ​កាលពី​ខែ​កុម្ភៈ​ ​ លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​របស់​លោក​ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ​ដោយ​កំណត់​ថា​ ​ប្រធាន​ ​ឬ​អនុប្រធាន​គណ​បក្ស​នយោបាយ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍​ ​ហើយ​គណបក្ស​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​ណា​មួយ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។​ វិសោធន​កម្ម​នាពេល​នោះ​បាន​ធ្វើ​ឲ្យ​លោកសម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​និង​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន ​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ ​និងការ​កាត់​ទោស​ ​បាន​បង្ខំចិត្ត​លាលែង​ចេញ​ពី​តំណែង​របស់​ខ្លួន​ក្នុង​គណបក្ស។​

រូបឯកសារ៖ លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ។

រី​ឯ​ការ​ស្នើវិសោធនកម្ម​លើក​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​ហ៊ុន សែន​ ​ដែល​កាន់​អំណាចជាង​៣០​ឆ្នាំ​ ​បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ចូល​រួម​ឃោសនា​របស់​លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ធ្វើសកម្មភាពនៅ​តាម​បណ្តាញ​សង្គម​ ​ក្នុង​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ​នា​ពេល​កន្លង​មក។

លោក​ចាន់ វិបុល​ ​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ ​និង​អភិបាល​កិច្ច ​បានប្រាប់​ ​VOA​ ​ថា​ ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ យ៉ាង​ប្រញាប់ប្រញាល់​ ​និង​តាម​បែប​នយោបាយ​នេះ គឺ​ជា​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​លើសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ​និង​កំពុង​ធ្វើ​ឲ្យ​តម្លៃរបស់​រដ្ឋ​សភា​ធ្លាក់ចុះ​យ៉ាង​គំហុក។​ ​លោក​បន្ថែម​ថា​ ​ការ​អនុម័ត​នេះ​ក៏​អាច​បណ្តាល​មកពី​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រកួតប្រជែងដោយ​ស្មើ​ភាព​រវាង​គណបក្ស​កាន់​អំណាច​ និងលោកសម រង្ស៊ី​ ​ដែល​ជាអតីត​ប្រធាន​គណបក្ស​ប្រឆាំង។

លោក​ចាន់ វិបុល អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ និង​អភិបាល​កិច្ចបញ្ជាក់​ថា៖

«ប្រសិន​បើ​យើង​មើល​ពី​ប្រវត្តិ​ ​លោកសម រង្ស៊ី​មាន​ឥទ្ធិពល​ណាស់​នៅ​ក្នុង​កិច្ច​ការ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​យើង​ឃើញ​ថា ​ប្រហែល​ជា​យើង​មិនអាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ ពី​ព្រោះ​រដ្ឋសភា​លោក​អាច​មាន​ហេតុ​ផល​ផ្សេង​គ្នា។​ ប៉ុន្តែ​ប្រសិន​បើ​យើង​មើល​ពី​ខាង​ក្រៅ​ ​ប្រហែល​ជា​នេះ​គឺជា​ការ​ភ័យ​ខ្លាច​មួយ​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ ​ដែល​ទាក់ទង​ជាមួយនឹង​ឥទ្ធិពល​របស់​លោក​សម រង្ស៊ី​ទៅ​លើ​សមាជិក​របស់​គាត់»។​

លោក​សម រង្ស៊ី​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់ទោស​ដោយ​តុលាការ​កម្ពុជា​ក្នុង​សំណុំ​រឿង​ជាច្រើន​ ​ក្នុង​នោះក៏រួម​មាន​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ថា​ រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ។​

ខណៈ​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ​លោក​សម រង្ស៊ី​តែង​បង្ហោះ​សារ​ជា​សំណេរ​ ​ជា​រូបភាព​ ​និងជាវីដេអូ​ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោកហ៊ុន សែន​ ​ព្រមទាំង​ឃោសនា​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ការណ៍​នេះ​ធ្វើ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់លោក​ហ៊ុន សែន​ និង​អ្នក​គាំ​ទ្រមួយ​ចំនួន​របស់​គណ​បក្ស​កាន់​អំណាច៕