គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ស.រ.អា.​និងអឺរ៉ុប

  • Sisovann Pin

Your browser doesn’t support HTML5

​ការពង្រឹង​នេះ​ធ្វើឡើង​តាមរយៈ​ស្ថានទូត​ និង​ទស្សនកិច្ច​របស់​កូន​ប្រុស​លោកហ៊ុន សែន ​ជាពិសេស​គឺ​លោក​ហ៊ុន ម៉ាណែត​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ជាអ្នក​ដែល​មតិ​ជាច្រើន​សន្និដ្ឋាន​ថា​ កំពុង​ស្វែងរក​ការ​គាំទ្រ​ដើម្បី​បន្ត​តំណែង​ពី​ឪពុក​របស់​លោក។

គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​ពង្រីក​ឥទ្ធិពល​របស់ខ្លួននៅក្រៅ​ប្រទេស ជា​ពិសេស​នៅ​ស.រ.អា.​ និង​នៅ​តំបន់​អឺរ៉ុប។ ​ការពង្រឹង​នេះ​ធ្វើឡើង​តាមរយៈ​ស្ថានទូត​ និង​ទស្សនកិច្ច​របស់​កូន​ប្រុស​លោកហ៊ុន សែន ​ជាពិសេស​គឺ​លោក​ហ៊ុន ម៉ាណែត​ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ជាអ្នក​ដែល​មតិ​ជាច្រើន​សន្និដ្ឋាន​ថា​ កំពុង​ស្វែងរក​ការ​គាំទ្រ​ដើម្បី​បន្ត​តំណែង​ពី​ឪពុក​របស់​លោក។ ​

នៅ​ស.រ.អា.​ការជួប​ជុំ​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កម្ពុជា​មាន​ទ្រង់​ទ្រាយជា​ពិធី​សំណេះ​សំណាល​និង​ជប់​លៀង​ផ្សេងៗ​ ជា​ពិសេស​ខួបថ្ងៃ​៧​មករា​ដែល​គណបក្ស​នេះអះអាង​ថា ជា​ថ្ងៃ​កំណើត​ជាទី២​ និង​ជា​ជ័យ​ជម្នះ​របស់​គណបក្ស​នេះ​ និង​របស់​ប្រជាជន​កម្ពុជា​ទាំង​មូល​លើ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម។​

លោក​ជុំ ប៊ុនរ៉ុង ​ឯកអគ្គ​រាជទូត​កម្ពុជា​នៅ​ស.រ.អា.​ដែល​ធ្វើ​អធិបតី​នៃ​ទិវា​អបអរ​ថ្ងៃ​៧​មករា​នៅ​ទីក្រុង ​Philadelphia ​រដ្ឋ ​Pennsylvania​ បានស្រង់​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​ស.រ.អា.​នៅ​កម្ពុជា ​ប្រាប់​អ្នកចូលរួម​ថា ​៧មករា​ជា​ថ្ងៃ​ជ័យ​ជម្នះ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។​

«អ្វី​ដែល​យើង​ចាប់​អារម្មណ៍​បំផុតនោះ​គឺ​ឆ្នាំនេះ​រដ្ឋាភិបាល​អាមេរិកាំង​ទទួល​ស្គាល់​ថ្ងៃ​៧មករា​ជា​ថ្ងៃ​ជ័យ​ជម្នះរបស់​ប្រជាជន​និង​មនុស្សជាតិអំពី​ប្រល័យ​ពូជ​សាសន៍។ ​នេះជា​ចំណុច​សំខាន់​មួយ​ ដែល​ត្រូវ​ជម្រាប​បងប្អូន​ឲ្យ​បានជ្រាប ​ព្រោះ​ខ្លះ​អត់​ដឹង​ទេ។ ​ខ្លះ​ថា​ ​៧មករា​ជាថ្ងៃ​របស់​គណបក្ស​ប្រជាជន​តែឯង ​គឺ​មិន​មែន​ទេ! ​ថ្ងៃ៧​មករា​ជា​ថ្ងៃ​ជ័យ​ជម្នះ​ទាំងអស់​គ្នា​គឺ​ថ្ងៃ​បុណ្យ​ជាតិ។ ជយោ!​ ៧មករា»។​

Your browser doesn’t support HTML5

គណបក្ស​ប្រជាជន​កម្ពុជា​ពង្រឹង​​ឥទ្ធិពល​របស់ខ្លួន​នៅ​ក្រៅ​ប្រទេស

លោក​ឯកអគ្គ​រាជទូត​ឲ្យដឹង​ថា​ ខ្មែរ​ក្រហម​បាន​ដាក់គុក​លោក​នៅ​ខេត្ត​កំពង់ធំ​ ព្រោះ​លោក​ធ្វើជា​ប៉េអឹម​នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​លន់ នល់។ ​លោក​បានរួច​ជីវិត​ដោយសារ​ខ្មែរក្រហម​ត្រូវការ​ឲ្យ​លោក​ធ្វើ​ជីរ​លេខមួយគឺ​ជីរ​លាមក។​

«ចេញពី​គុក​មក​ គេ​ឲ្យ​ធ្វើ​ជីរ​លេខ​មួយ ​ប្រធាន​ជីរលេខ​មួយ។ ​នៅ​ស្រុង​ហ្នឹង​ខ្វះ​អ្នក​ធ្វើ​ជីរ​លេខ​មួយ ​ព្រោះ​គេ​ខ្ពើម។​ ម៉្លោះហើយ​បាន​ជា​ខ្ញុំ ​ចៃដន្យ​គេឲ្យ​រស់​តែ​ម្នាក់​ឯង​គត់»។

លោក​ស៊ុននី សៀក ​សែម​ ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​រដ្ឋNew Jersey ​ឲ្យ​ដឹង​ថា ​កម្មវិធី​អបអរ​៧មករាត្រូវ​ធ្វើនៅ​ថ្ងៃទី​១០​វិញ​ដើម្បី​ឲ្យ​ចំ​ថ្ងៃ​សម្រាក​ពី​ធ្វើ​ការ​ដោយ​មានអ្នក​ចូលរួម​ជាង​៣០០​នាក់​នៅ​ហាង​ Saigon Maxim។

«ភាគ​ច្រើន​បងប្អូន​យើង​តែង​តែ​យល់​ថា ​៧​មករា​ជា​ថ្ងៃ​យួន​ចូល​ស្រុក​ មក​យក​ស្រុក​ខ្មែរ​យើង​នោះ ​អញ្ចឹង​បាន​ខ្ញុំ​ទាំង​អស់​គ្នា ​បងប្អូន​ខ្មែរ​នៅ​ស.រ.អា.​ តែងតែ​ព្យាយាម​រួបរួម​គ្នា​ពន្យល់​បងប្អូន​ឲ្យ​យល់​ថា ​៧មករា​មិនមែន​ជា​ថ្ងៃ​អបអរយួន​ចូល​ស្រុក​ទេ។​ ៧មករា​គឺជា​ថ្ងៃ​ដែល​ខ្មែរ​យើង​បានរស់​ជីវិត​ទី​២​វិញ»។

​លោក​ឲ្យ​ដឹង​ថា ​ពេល​លោក​ហ៊ុន ម៉ាណែត​មក​ជួប​អ្នកគាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​កាណាដា ​លោក​បាន​អញ្ជើញ​លោក​ហ៊ុន ម៉ាណែតមក​ចូលរួម​ តែ​លោក​ជាប់​រវល់​មិន​អាច​មក​បាន។​

«បើ​គាត់​បាន​អញ្ជើញ​មក​វិញ​ ពិតជា​ក្រុម​សាខា​បក្ស​និង​ក្រុម​យុវជន​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ​ព្រោះ​ម្នាក់ៗ​ទន្នឹង​រង់ចាំ​ជួប​គាត់​គ្រប់ៗ​គ្នា»។​

លោក​និយាយ​ថា ​លោក​ចង់​សួរ​លោក​ហ៊ុន ម៉ាណែត​ថា ​មាន​ច្បាប់​ទប់ស្កាត់​ព័ត៌មាន​មិនពិត​និយាយ​បំផ្លើស​បែប​អវិជ្ជមាន​ខុស​សភាព​ការណ៍​ពិត​នៅ​កម្ពុជា ​ដែល​នាំឲ្យ​សង្គម​ខ្មែរនៅ​បរទេស​ច្របូកច្របល ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​ហ៊ាន​ទៅ​លេង​ស្រុក​កំណើត។​

«ខ្ញុំ​ ចំពោះ​ខ្លួន​ខ្ញុំ​ តែងតែ​ចង់​សួរ​គាត់​ពី​រឿង​ដែល​កើត​ឡើង​នៅ​ស្រុក​ខ្មែរ​ ហើយ​មាន​ព័ត៌មាន​ក្លែងក្លាយ​ចេញ​មក​ក្រៅ​ប្រទេស​ហ្នឹង​ធ្វើ​ឲ្យ​ខ្មែរ​យើង​ចលាចល។ ​ចង់ដឹង​ថា ​ខ្មែរ​យើង ​តើ​អាច​មាន​ច្បាប់​បញ្ចប់​ការ​បំផ្លើស​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​បាន​ឬ​ទេ?»​

លោក​ឯកអគ្គ​រដ្ឋទូត​បន្ថែម​ថា ​លោក​បេសក​កម្ម​របស់​លោក​គឺធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ដឹង​ពី​ការណ៍​ពិត​នៅ​កម្ពុជា​ដែល​នាំទៅ​រក​ការ​ទាក់ទាញ​ទេសចរ​ វិនិយោគិន​ ជំនួយ​ និង​កិច្ច​សហ​ប្រតិបត្តិការច្រើន​ថែម​ទៀត។​

ការ​ជួប​ជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ជា​ពិធី​សំណេះ​សំណាល​ជប់​លៀង។​

តែការ​ជួបជុំ​របស់​អ្នក​ប្រឆាំង ​ច្រើន​តែ​ជា​ការ​ធ្វើ​បាតុកម្ម។​

អ្នក​ប្រឆាំងថ្ងៃ​៧​មករា​និយាយ​ថា ​ថ្ងៃ​៧​មករា​ជា​ថ្ងៃ​ឈ្លានពាន​របស់​វៀតណាម​ហើយ​ថា ​សោកនាដ្ឋ​កម្ម​នៅ​ប្រទេស​កម្ពុជា​ជាឆាក​ល្ខោន​រៀបចំ​ដោយ​វៀតណាម។​

ក្នុង​កម្មវិធី ​Hello VOA ​នៅ​ថ្ងៃ​ច័ន្ទ​ លោក​សម រង្ស៊ី ​បាន​ឲ្យ​ដឹង​ថា ​លោក​មិន​បារម្ភ​អំពី​ការ​ពង្រឹង​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​កូន​លោក​ហ៊ុន សែន​និង​ឥទ្ធិពល​ស្ថានទូត​នោះ​ទេ។​

«ខ្ញុំ​ជឿ​ថា ​ប្រជារាស្ត្រ​ខ្មែរ​អស់​ជំនឿ​លើ​គណបក្ស​ប្រជាជន​ហើយ​ ទោះ​ជា​ចង់​និយាយ​អី ​ចង់​ព្រោក​ប្រាជ្ញា​ចង់​សន្យា​អី ​គេអស់​ជឿ​ហើយ។ ដូច្នេះ​មិន​ចាំបាច់​គណបក្សប្រជាជន​ទៅ​ទំនាក់​ទំនងបញ្ជូន​អ្នក​តំណាង​ទៅ​ដល់​ទី​ណាទេ»។​

លោក​និយាយ​ថា​ បញ្ហា​ពុករលួយ ​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ ការ បាត់បង់​ព្រៃឈើ ​សប្បទាន​គ្មាន​តម្លាភាព ​បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​បាត់​បង់​ជំនឿ។

លោក​សោម គាឡី ​ស្ថាបនិក ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីក្រុង​ ​ Philadelphia​ និយាយ​ថា ​ពេល​បង្កើត​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​ពីដំបូង នៅ​ទីក្រុង​ ​Philadelphia​ ​លោក​ប្រឈម​នឹង​បញ្ហា​និង​ការ​ចោទ​ប្រកាន់​ជាច្រើន ​ដូចជា​ថា​ លោក​ធ្វើ​តាម​របប​កុម្មុយនិស្ត​ ឬ ​ធ្វើតាម​វៀតណាម​ ហើយ​ថា​ រដ្ឋាភិបាល​ឲ្យ​លុយ​លោក។​ លោក​និយាយ​ថា ​តាម​ពិតលោក​មិន​ចំណេញ​ថវិកា​អ្វី​ទេ ​មានតែ​ចេញ​លុយ​ហោប៉ៅ​ខ្លះ​ផង។ លោក​ធ្វើដូច្នេះ​ដោយសារ​លោក​មាន​ឆន្ទៈ​ថា​ ៧មករា​ផ្តល់​កំណើត​ទីពីរ​ដល់​លោក។​

«កម្មវិធី​នេះ​ ពេល​យើង​ធ្វើ​ដំបូង ​គណបក្ស​ប្រឆាំង​គេ​ថា ​យើង​ហ្នឹង​ រណប​អ្នកនេះ ​រណប​អ្នក​នោះ។​ ​ក៏​ប៉ុន្តែ​យើង​យល់​ថា ​យើង​បង្កើត​នេះ​ព្រោះ​ថា​ ប្រជាជន​ខ្មែរ​របស់​យើង​បាន​រួច​ជីវិត​រស់​ជា​លើក​ទី២»។

លោក​សោម គាឡី ​និយាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស.រ.អា.​មាន​ការ​គាំទ្រ​ស្ទុះឡើង ​ហើយ​កម្មវិធី​សំណេះ​សំណាលរបស់​គណបក្ស​នេះ​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ជា​រៀងរាល់​ឆ្នាំ​នៅ​ទីក្រុង​ ​Philadelphia៕​