គណបក្សប្រជាជនកម្ពុជាបានប្រកាសបញ្ចូលសមាជិកចំនួន៧រូបបន្ថែមទៀតទៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដែលសមាជិកទាំងនោះភាគច្រើនជាមេទ័ពកំពូលៗរបស់កម្ពុជា និងម្នាក់ជាកូនប្រុសច្បងរបស់លោកហ៊ុន សែន។
នៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃចុងក្រោយនៃសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជារយៈពេលបីថ្ងៃ បក្សកាន់អំណាចបានសម្រេចបោះឆ្នោតបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីចំនួន៧រូបថែមទៀតទៅក្នុងគណបក្ស។ នេះបើតាមការផ្សាយរបស់គេហទំព័រគណបក្សប្រជាជនកម្ពុជា។
សមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនោះរួមមាន លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងលោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងជាកូនប្រុសច្បងរបស់លោកហ៊ុន សែន។
លោកហ៊ុន ម៉ាណែត ត្រូវបានលោកហ៊ុន សែន ដែលជាឳពុកប្រកាសថា លោកហ៊ុន ម៉ាណែត អាចនឹងក្លាយជាមេដឹកនាំបន្តពីលោក។
ចំណែកលោក សៅ សុខា ដែលត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចាត់បញ្ចូលជាឧត្តមសេនីយ៍មួយរូបក្នុងចំណោម «ឧត្តមសេនីយ៍ទុច្ចរិតទាំង១២រូបរបស់កម្ពុជា» ពាក់ព័ន្ធនឹងការប្រើហិង្សា និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក អូន ព័ន្ធមុនីរ័ត្ន និងលោកប្រាក់ សុខុន គឺជាអ្នកចូលរួមក្នុងការស្ទង់មតិជាមួយក្រុមហ៊ុនអន្តរជាតិមួយ អំពីប្រជាប្រិយ និងការគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៦។ នេះបើយោងតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧។ សារបែកធ្លាយនោះបានបង្ហាញពីលទ្ធផលនៃការស្ទង់មតិថា មហាជនគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួន៦៣ភាគរយ ខណៈការគាំទ្រគណបក្សសង្គ្រោះជាតិ មានចំនួន៨២ភាគរយ។
លោក មាស នី អ្នកវិភាគពីការវិវត្តសង្គម និងនយោបាយ ប្រាប់ VOA ថាការបន្ថែមសមាជិកអចិន្ត្រៃយ៍ទៅក្នុងគណបក្សដែលភាគច្រើនជាមេដឹកនាំក្នុងជួរកងទ័ពនេះ នឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំក្នុងការគ្រប់គ្រងប្រទេសដោយឯកបក្ស។ លោកបន្ថែមថា ការបន្ថែមនេះក៏បង្ហាញអំពីក្តីបារម្ភចំពោះអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងអំពីភាពមិនឯករាជ្យរបស់កងទ័ពផងដែរ។
«បើសិនជាយើងវិលមកមើលអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយបើយើងដើរទៅតាមលទ្ធិប្រជាធិបតេយ្យនោះ គឺការវិវត្តនេះវាជាការព្រួយបារម្ភមួយសម្រាប់អនាគតនៃប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ យើងដឹងហើយថាកាលណាកងទ័ពមិនមានឯករាជ្យ ហើយកងទ័ពបានចូលទៅក្នុងសមាជិកគណបក្សនយោបាយ អ៊ីចឹងចង់មិនចង់គឺកងទ័ពហ្នឹងត្រូវតែជាកងទ័ពរបស់បក្សនាពេលខាងមុខ មិនមែនជាកងទ័ពជាតិ»។
ក្រៅពីការបញ្ចូលសមាជិកអចិន្រ្តៃយ៍គណបក្សចំនួន៧រូបបន្ថែម គណបក្សកាន់អំណាចដែលកំពុងដឹកនាំប្រទេសដោយឯកបក្សមួយនេះ ក៏បានសម្រេចជ្រើសតាំងលោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានសមាជិករាប់ម៉ឺននាក់ ព្រមទាំងជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ ឲ្យធ្វើជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល។
បន្ទាប់ពីបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបបន្ថែម គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចជិត៤ទសវត្សរ៍មកហើយនោះ មានសមាជិកអចិន្រ្តៃយ៍សរុបទាំងអស់ចំនួន៣៧រូប បន្ទាប់ពីអតីតសមាជិកអចិន្រ្តៃយ៍សំខាន់ៗមួយចំនួនបានទទួលមរណភាព ដែលរួមមានលោក ជា ស៊ីម លោក សាយ ភូថង លោក សុខ អាន និងលោក នៃ ប៉េណា ជាដើម។
គណបក្សនេះក៏មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន៨៦៥រូប ដោយសមាសភាពគណៈកម្មាធិការកណ្ដាលបច្ចុប្បន្ន រួមមានសមាជិកចាស់វស្សាជាន់ខ្ពស់របស់គណបក្ស ក្រុមមន្ត្រីជំនាន់ក្រោយដែលជាកូនមន្ត្រីជំនាន់ទីមួយ មន្ត្រីរាជការជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ ក្រុមបញ្ញាវ័ន្តក្នុងស្ថាប័នសិក្សា ក្រុមអ្នកសារព័ត៌មាន អភិបាលខេត្ត-រាជធានី និងក្រុមមេដឹកនាំជាន់ខ្ពស់នៃរចនាសម្ព័ន្ធសន្តិសុខ និងយោធារបស់ប្រទេស៕