លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចេះ រួបរួមសាមគ្គីទាំងអស់គ្នាដើម្បីជំរុញឱ្យប្រទេសដ៏ក្រីក្រមួយនេះអាចមានភាពខ្លាំងរឹងមាំ។
លោកបានថ្លែងបែបនេះនៅក្នុងឱកាសពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ក្នុងតំបន់ប្រាសាទបាយ័ន នាថ្ងៃអង្គារនេះដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃ ណីខ្មែរដែលមានរយៈពេល៣ថ្ងៃ។
លោកហ៊ុន សែនបានបញ្ជាក់ថា៖
«បញ្ចប់ទៅសូមបញ្ចប់ទៅនយោបាយទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីអំពាវនាវទាំងអស់គ្នា សាមគ្គីគ្នាឡើងដើម្បីធ្វើឱ្យខ្មែរខ្លាំង»។
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលហែកហួរជាច្រើនទសវត្សរ៍មកហើយ ថ្វីបើ ប្រទេសកម្ពុជាធ្លាប់ជួបការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យជាបន្តបន្ទាប់ ក៏ប៉ុន្តែរៀងរាល់ ក្រោយពីការ បោះឆ្នោត ប្រជាពលរដ្ឋកម្ពុជានៅតែបង្ហាញជំហរប្រកាន់គណបក្ស និងពណ៌ សម្បុរនយោបាយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានមានប្រសាសន៍បន្ថែមថាការរើសអើងបែបនេះគួរតែត្រូវបញ្ឈប់។
«បោះឆ្នោតឱ្យបក្សណាវាគឺជារឿងសិទ្ធិនយោបាយក៏ប៉ុន្តែយើងជាពលរដ្ឋខ្មែរមិនអាចទុកឱ្យដើមភូមិបក្សផ្សេងកណ្តាលភូមិបក្សផ្សឹងនោះទេ ត្រូវតែនៅ ជាមួយគ្នា។ យ៉ាងហោចណាស់យើងជាឈាមជ័រខ្មែរដូចគ្នា ជាសេចក្តីត្រូវការសេចក្តីសុខរបស់ជាតិគឺសង្ឃឹមលើការដឹកនាំរបស់យើងឱ្យចេះរួមគ្នា ចេះធ្វើការជាមួយគ្នាហើយមិនប៉ែងជើងសម្លាប់គ្នា»។
នៅក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល មន្រ្តីតំណាងរាស្រ្តភាគតិច មន្រ្តីស្ថានទូត ក្រុមយុវជន និងប្រជាពលរដ្ឋហើយក៏ មានការចូលរួមពី លោក សម រង្ស៊ីផងដែរ។
នេះគឺជាលើកទី១ដែលមេដឹកនាំកាន់អំណាចនិងប្រធានគណបក្សប្រឆាំងមានវត្តមានរួមគ្នានៅក្នុងពិធីផ្លូវការបែបនេះក្រោយពីដំណោះស្រាយនយោបាយបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ប្រធានក្រុមតំណាងរាស្ត្រភាគតិចបានឱ្យដឹងថាវត្តមានរបស់លោកពេលនេះជាសារមួយបង្ហាញដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ថាត្រូវចេះសាមគ្គីគ្នាដើម្បីប្រយោជន៍ជាតិទាំងមូល។
«សូមឱ្យប្រកាន់យកវប្បធម៌សន្ទនា គោរពគ្នាទុកចិត្តគ្នា នាំគ្នា បបួលគ្នាធ្វើអំពើល្អជាមួយគ្នាដម្កល់ទុកផលប្រយោជន៍ជាតិជាធំ។ នេះអាស្រ័យលើយើងទេបើយើងចង់ឱ្យវប្បធម៌សន្ទនាគ្នានាំមកនូវផ្លែផ្កាឱ្យបានល្អឱ្យបានច្រើនឱ្យបានដល់ប្រជារាស្រ្តខ្មែរទាំងមូលសូមឱ្យប្រជារាស្រ្តខ្មែរទាំងមូលហើយអ្នកទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ទាំងអស់យើងអនុវត្តអ្វីដែលយើងបាននិយាយធ្វើម៉េចឱ្យអ្វី ដែលយើងនិយាយក្លាយជាការពិត»។
លោក សម ជេន ជាប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានសាទរចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនទៀតដែលបានចូលរួមកំសាន្តក្នុងពិធីអង្គរសង្រ្កាន្ត នោះក៏បានឱ្យដឹងស្រដៀងគ្នាថាខ្មែរអាចសាមគ្គីឱ្យបានរឹងមាំបានលុះត្រាតែមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ក៏ប៉ុន្តែប្រហែលមិនអាចទៅរួចនោះទេ។
នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះលោក ហ៊ុន សែន និង លោក សម រង្ស៊ី បានធ្វើដំណើររួមគ្នាទស្សនា ការតាំងបង្ហាញភូមិខ្មែរ ផលិតផលខ្មែរ របាំ ល្ខោន និង ល្បែងកំសាន្ត ជាដើម។ជាមួយគ្នានោះដែរ ក៏មានការភ្លក់នំអន្សមយក្សដែលមានទម្ងន់ប្រមាណជា៤តោនដោយនំអន្សមនេះបានជាប់កំណត់ត្រាឯកទត្តកម្មថ្មីក្នុងសៀវភៅកំណត់ត្រាវត្ថុប្លែកៗលើពិភពលោក៕