ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក មន្ត្រីអង្គការសហប្រជាជាតិបានក្រើនរំឭកថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បង្កឲ្យមានការគំរាមកំហែងបន្ថែមលើជនភៀសខ្លួន និងជនខ្ចាត់ព្រាត់ពីផ្ទះសម្បែងរាប់លាននាក់ ក្នុងចំណោមជនងាយរងគ្រោះបំផុតក្នុងពិភពលោក។
នៅពេលបច្ចុប្បន្ននេះ មានមនុស្សរស់នៅក្នុងសភាពនិរទេសខ្លួនដោយបង្ខំច្រើនជាងពេលណាៗទាំងអស់។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន UNHCR បញ្ជាក់ថា ជនភៀសខ្លួនមានចំនួនជិត ៣០ លាននាក់ ក្នុងចំណោមមនុស្ស ៧៩ លាន ៥ សែននាក់ ដែលបានចាកចេញពីលំនៅដ្ឋានដោយសារសង្គ្រាម និងការធ្វើទុក្ខបុកម្នេញ ដែលជាចំនួនច្រើនមិនធ្លាប់មានពីមុន។ ភាគច្រើននៃក្រុមជនទាំងនេះរស់នៅក្នុងប្រទេសក្រីក្រដែលមានសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលអន់ថយ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក WHO បាននិយាយថា ស្ថានភាពរស់នៅរបស់ជនភៀសខ្លួនធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
លោក Tedros និយាយដូច្នេះថា៖ «ជារឿយៗ ជនភៀសខ្លួនទាំងនេះមានលទ្ធភាពមានកំណត់ក្នុងការទទួលបានកន្លែងស្នាក់នៅសមរម្យ ទឹកបរិភោគ អាហារូបត្ថម្ភ អនាម័យ និងសេវាថែទាំសុខភាព។ ...អង្គការ WHO មានការខ្វាល់ខ្វាយយ៉ាងខ្លាំងអំពីគ្រោះថ្នាក់ពិតប្រាកដនៅពេលបច្ចុប្បន្ននេះ ទាក់ទិននឹងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងជំរំជនភៀសខ្លួន»។
លោក Filippo Grandi ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន យល់ស្របជាមួយនឹងការវាយតម្លៃនេះ។ ក៏ប៉ុន្តែ លោកបានកត់សម្គាល់ថា ជនភៀសខ្លួនភាគច្រើនមិនរស់នៅនៅក្នុងជំរំទេ ក៏ប៉ុន្តែរស់នៅក្នុងសហគមន៍ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានថ្លែងថា នៅតាមកន្លែងខ្លះ សហគមន៍ទាំងនោះត្រូវបានញាំញីដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
លោក Grandi និយាយថា៖ «ខ្ញុំចង់និយាយអំពីទ្វីបអាមេរិកឡាទីន ដែលនៅទីនោះ ប្រទេសចំនួន ១៧ ឬក៏ ១៨ បានទទួលជនភៀសខ្លួនវេណេហ្សុយអេឡាជាង ៤ លាននាក់ ដែលបានចាកចេញពីប្រទេសរបស់ពួកគេ។ ខ្ញុំចង់និយាយអំពីតំបន់ទីក្រុងជាច្រើនក្នុងទ្វីបអាហ្វ្រិក ដែលបានទទួលជនភៀសខ្លួនច្រើននាក់ឱ្យរស់នៅក្នុងទីទាំងនោះ។ ខ្ញុំចង់និយាយអំពីជនជាតិអាហ្វហ្គានីស្ថាននៅក្នុងប្រទេសប៉ាគីស្ថាន និងប្រទេសអ៊ីរ៉ង់ ដែលរស់នៅរួមជាមួយនឹងសហគមន៍មូលដ្ឋាន ដែលរងការប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩»។
លោក Grandi និយាយថា លោកក៏មានការព្រួយបារម្ភខ្លាំងផងដែរអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ លើជីវភាពរស់នៅរបស់មនុស្ស។ លោកបានថ្លែងថា ជនភៀសខ្លួនភាគច្រើនបានបាត់បង់ការងាររបស់ខ្លួន ដោយសារការបិទសកម្មភាពសង្គម និងវិធានការផ្សេងទៀត។
លោកថ្លែងថា ជនភៀសខ្លួនដែលបាត់បង់ប្រាក់ចំណូល មិនអាចបង់ថ្លៃថែទាំសុខភាពបានទេ។លោកលើកឡើងថា វាជាការសំខាន់ណាស់ដែលរដ្ឋាភិបាលគួរបញ្ចូលជនភៀសខ្លួន មនុស្សខ្ចាត់ព្រាត់ពីផ្ទះសម្បែង និងក្រុមមនុស្សផ្លាស់ទីផ្សេងទៀត ទៅក្នុងវិធានការឆ្លើយតបថ្នាក់ជាតិផ្នែកសុខាភិបាលចំពោះការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
លោក Grandi បានមានប្រសាសន៍ថា នេះគឺជាគន្លឹះសំខាន់នៅក្នុងការបញ្ឈប់ការរាតត្បាតជំងឺនេះ ដោយលោកបានកត់សម្គាល់ថា វីរុសកូរ៉ូណាអាចចម្លងទៅគ្រប់មនុស្សទាំងអស់ ទាំងពលរដ្ឋមូលដ្ឋាន និងជនដែលត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងពួកគេ ហើយរស់នៅរួមគ្នាជាមួយនឹងពលរដ្ឋមូលដ្ឋានទាំងនោះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ