អ្នកស្រី Zhang Zhan ដែលជាអ្នកកាសែតជនជាតិចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ សម្រាប់ការរាយការណ៍បន្តផ្ទាល់របស់អ្នកស្រីពីទីក្រុង Wuhan ប្រទេសចិន នៅពេលដែលការផ្ទុះឡើងដំបូងនៃជំងឺកូវីដ១៩ បានរីករាលដាលឡើង។ នេះបើតាមការបញ្ជាក់របស់មេធាវីរបស់អ្នកស្រីនៅថ្ងៃច័ន្ទនេះ។
អ្នកស្រី Zhang ដែលធ្លាប់ធ្វើជាមេធាវី ត្រូវបានកាត់ទោសនៅក្នុងសវនាការដ៏ខ្លីមួយនៅក្នុងតុលាការទីក្រុងសៀងហៃ ក្រោមបទចោទប្រកាន់ថាបាន «បង្កឲ្យមានបញ្ហា» សម្រាប់ការរាយការណ៍របស់អ្នកស្រីនៅក្នុងដំណាក់កាលចលាចលដំបូងៗនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩។
សេចក្តីរាយការណ៍ផ្សាយបន្តផ្ទាល់របស់អ្នកស្រី ត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅតាមបណ្តាញព័ត៌មានតាមអ៊ីនធឺណិតកាលពីខែកុម្ភៈ ដោយបានធ្វើឲ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរចិន។ កន្លងមក អាជ្ញាធរចិនបានដាក់ទោសអ្នកលួចបញ្ចេញព័ត៌មានអំពីវីរុសនេះចំនួន ៨ នាក់រួចមកហើយ នៅពេលដែលអ្នកទាំងនោះបានរិះគន់លើវិធានការរបស់រដ្ឋាភិបាលចិនចំពោះការផ្ទុះឡើងនៃវីរុសនេះ។
អ្នកស្រី Zhang បានសរសេរអត្ថបទមួយកាលពីខែកុម្ភៈថា រដ្ឋាភិបាលចិន «មិនបានជូនដំណឹងគ្រប់គ្រាន់ដល់ពលរដ្ឋ មុនពេលបិទទីក្រុង [Wuhan]»។ អ្នកស្រីសរសេរបន្ថែមថា៖ «នេះគឺជាការរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស»៕