ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ ​ភាព​ក្រីក្រ​បង្កើន​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩

  • Henry Ridgwell

ជន​គ្មាន​ផ្ទះសម្បែង​និង​ជនក្រីក្រ​ក្នុង​ប្រទេស​ឥណ្ឌា​ទទួល​យក​ម្ហូបអាហារ​ដែល​​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ នៅ​ទីក្រុង​ញូវឌែលលី កាល​ពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០។

បើ​តាម​ពួក​អ្នក ស្រាវជ្រាវ​នៅ​ឯ​មហា​វិទ្យាល័យ ​Imperial College ​ក្នុង​ទីក្រុង ​ឡុងដ៍​ ​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​អាច​កើន​ឡើង​ច្រើន​ដោយសារ​កំណើន​វិសមភាព​នៅ​ក្នុង​សង្គម​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ជា​ច្រើន​ក្នុង​ពិភពលោក។​

ការ​ព្រមាន​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​រាល​ដាល​លឿន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​ ​មាន​ប្រាក់​ចំណូល​ទាប​ឬ​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម ដូច​ជា​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ នីហ្សេរីយ៉ា​ជា​ដើម។បើ​តាម​ទិន្នន័យ​មក​ពី​មជ្ឈមណ្ឌល​អំពី​វីរុស​កូរ៉ូណា​នៃ​សាកល​វិទ្យាល័យ ​Johns Hopkins ប្រទេស​ឥណ្ឌា​មាន​មនុស្ស​ស្លាប់​១៣៥០០​នាក់​ដោយ​សារ​ជំងឺ​កូវីដ១៩ហើយ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ជិត​២​សែន​៥​ម៉ឺន​នាក់​ដោយ​អត្រា​ឆ្លង​បាន​កើន​ឡើង​ច្រើន​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។​

ពួក​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​មហា​វិទ្យាល័យ ​Imperial College ​និយាយ​ថា​ ការ​ខុស​គ្នា​ដោយ​អយុត្តិធ៌ម​និង​ដែល​អាច​បញ្ចៀស​បាន​ក្នុង​វិស័យ​សុខភាព​ក្នុង​ចំណោម​ក្រុម​នានា​ក្នុង​សង្គម​ដែល​គេ​ស្គាល់​ថា​«វិសមភាព​ខាង​ការ​ថែ​ទាំ​សុខភាព»​នាំ​ឲ្យ​ក្រុម​មនុស្ស​ខ្លះ​មាន​ហានិភ័យ​កាន់​តែ​ធំ។​

លោក ​Peter Winskill​ ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​មហា​វិទ្យាល័យ​ Imperial College។​លោក​បាន​និយាយ​ប្រាប់​វីអូអេ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​តាម​ Skype ​កាល​ពី​ដើម​ខែ​មិថុនា​ថា៖​« គិតត្រឹម​តែ​ហេតុផល​ចំនួន​បី​គឺ​ការ​មាន​កន្លែង​លាង​សម្អាត​ដៃលទ្ធភាព​នៃ​ការ​ធ្វើការ​ពី​ផ្ទះ​និង​ការ​ទទួល​បាន​ការ​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ​ ​យើង​ស្ទង់​ប្រមាណ​ថា​ ​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​មាន​កំណើន​ជា​មធ្យម​៣២%​ បើ​ប្រៀប​ធៀប​រវាង​ពួក​បុគ្គល​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​នឹង​ពួក​ជន​នៅ​ក្នុង​គ្រួសារ​មាន​ធនធាន​ច្រើនដោយ​សារ​ការ​ខ្វះ​លទ្ធភាព​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​និង​កង្វះ​គ្រែ​អ្នក​ជំងឺ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ហៅ​កាត់​ថា​ ICU»។​

គ្រួសារ​ក្រីក្រ​ច្រើន​រស់​នៅ​ជាមួយ​គ្នា​ច្រើន​នាក់​ដោយ​មាន​មនុស្ស​វ័យ​ផ្សេងៗ​គ្នា​ ​ហើយ​ការណ៍​នេះ​រារាំង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ការពារ​ពួក​សមាជិក​គ្រួសារ​វ័យ​ចំណាស់តាម​រយៈ​ការ​នៅ​ឃ្លាត​ពី​គ្នា​ខាង​សង្គម។ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ដោយសារ​ការ​ប៉ះពាល់​មិន​ផ្ទាល់​ឯ​ទៀតៗ​ក៏​គ្មាន​សមាមាត្រ​ដែរ។​

លោក​Winskill ​បាន​និយាយ​ថា៖​« ការ​បិទ​ប្រទេស​នៅ​ក្នុង​តំបន់​ទាំង​នោះ​ធ្វើ​ឡើង​ចំ​រដូវដាំ​ដុះ​និង​រដូវ​ច្រូត​កាត់​ដំណាំ​ធញ្ញជាតិ​សម្រាប់​ធ្វើ​អាហារ។​ ហើយ​តាម​រយៈ​ទិន្នន័យ​នានយើង​ក៏​ដឹង​ដែរ​ថា​ ពួក​បុគ្គល​នៅ​ក្នុង​គ្រួសារ​ក្រីក្រក្នុង​តំបន់​ទាំង​នោះ​ក៏​ពឹង​ពាក់ ​ច្រើន​ជាង​មុន​លើ​គ្រាប់​ធញ្ញជាតិ​ដែល​ពួក​គេដាំ​ដោយ​ខ្លួន​ឯង​សម្រាប់​ធ្វើ​ជា​អាហារ។​ដូច្នេះ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខាង​សន្តិសុខ​ម្ហូប​អាហារ​ផង​ដែរ។​

សេវា​ថែ​ទាំ​សុខភាព​សម្រាប់​ជំងឺ​ឯ​ទៀតៗ​ក៏​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូវីដ១៩​ដែរ។​

លោក​ Peter Winskill​ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​មហា​វិទ្យាល័យ​ Imperial College​ បាន​ថ្លែង​ថា៖​« ការ​ស្លាប់​ដោយ​ជំងឺ​ AIDS ​ ជំងឺ​របេង​និង​ជំងឺ​គ្រុន​ចាញ់​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ដែល​ជា​បន្ទុក​ធ្ងន់​ នោះ​អាច​កើន​ឡើង​រហូត​ដល់​១០%​សម្រាប់​ជំងឺ ​ AIDS​ ២០%​សម្រាប់​ជំងឺ​របេង​និង​៣៦%​សម្រាប់​ជំងឺ​គ្រុន​ចាញ់»។​

ពួក​អ្នក​សរសេរ​របាយ​ការណ៍​នេះ​និយាយ​ថា ​ លំនាំ​នៃ​វិសមភាព​នៅ​ពេល​នេះ​នាំ​ឲ្យ​ពួក​ជន​ក្រីក្រ​បំផុត​មាន​លទ្ធភាព​តិច​ក្នុង​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​ពួក​អ្នក​និពន្ធ​របាយ​ការណ៍​នេះ​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​បង្កើន​កន្លែង​សម្រាប់​លាង​សម្អាត​ដៃ​និង​ពង្រឹង​សេវា​ថែ​ទាំ​សុខភាព​ក្នុង​សហគមន៍​ថែម​ទៀត​ផង៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ