ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឱ្យ​ជីវភាព​អ្នក​រត់​ម៉ូតូ​ឌុប​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​ហើយ​មុខ​របរ​នេះ​សឹង​តែ​បាត់​បង់

រូបឯកសារ៖ បុរសម្នាក់ដឹកទំនិញតាមម៉ូតូជូនអតិថិជន នៅរាជធានី​ភ្នំពេញ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។

អ្នក​រត់ម៉ូតូ​ឌុប​ឱ្យ​ដឹង​ថា​ តម្រូវ​ការ​ពាក់​មួក​សុវត្ថិភាព​រួម​របស់​ម៉ូតូ​ឌុប​ ដែល​អ្នក​ជិះ​ជា​ច្រើន​មិន​ចង់​ពាក់​ជាពិសេស​តាំង​ពី​ជំងឺ​កូវីដ​១៩​បាន​ចាប់​ផ្តើម​នោះ​ ​នៅ​តែ​បន្ត​ជា​ឧបសគ្គ​សម្រាប់​មុខ​របរ​នេះ​នៅ​ឡើយ ​ជា​ពិសេស​អតិថិជន​ស្ត្រី​ដែល​មាន​ការ​តុប​តែង​សក់​សម្រាប់​កម្មវិធី​នានា ​ដូច​ជា​អាពាហ៍​ពិពាហ៍​ជាដើម។​ ពួក​គាត់​ទទួល​ស្គាល់​ថា ​ក្រៅ​ពី​មិន​ចាំ​បាច់​ពាក់​មួក​សុវត្ថិភាព​រួម​ដូច​ពេល​ជិះ​ម៉ូតូ​ឌុប​នោះ​ ​អ្នក​ជិះ​រ៉ឺម៉ក​កង់បី​មាន​សុវត្ថិភាព​ មាន​ដំបូល​ជ្រក​ភ្លៀង​ និង​កម្តៅ​ថ្ងៃ។​

កំពុង​រៀប​ចំ​អីវ៉ាន់​លើ​ម៉ូតូ​ឌុប​របស់​លោក​នៅ​ផ្សារ​អូរឬស្សី​ លោក​ សុង ងួន ​ប្រាប់​វីអូអេ​ថា៖

«កាល​ពី​សម័យ​កូវីដ​គេ​យល់​អ៊ីចឹង ​តែ​បច្ចុប្បន្ន​គេ​យល់​ថា​ក្តៅ»។​

លោក​ងួន​ ដែល​រក​ស៊ី​រត់​ម៉ូតូ​ឌុប​តាំង​ពី​ឆ្នាំ​១៩៩១​មក​នោះ​ បន្ត​ថា ​ តាំង​ពី​ជំងឺ​កូវីដ​១៩​រាតត្បាត​ ចំណូល​ក្នុង​មួយ​ថ្ងៃ​របស់​លោក​បាន​ត្រឹម​សម្រាប់​ថ្លៃ​សាំង ​និង​សល់​ជាង​មួយ​ម៉ឺន​រៀល​ ឬ​តិច​ជាង​នេះ ហើយ​លោក​មិន​អាច​ឱ្យ​លោក​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ក្រៅ​ផ្ទះ​បាន​ទេ។​

«បាយ​កក​ផ្ទះ​ហើយ​បាន​ចុះ​ម៉ោ! ​ញ៉ាំ​ហើយ ​ ម៉ោង​៦​ជាង​បន្តិច​ ចុះ​ម៉ោ​…​ ត្រី​ងៀត​អាំង​ ត្រី​ងៀត​ចៀន»។

Your browser doesn’t support HTML5

ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឱ្យ​ជីវភាព​អ្នក​រត់​ម៉ូតូឌុប​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​ ហើយ​មុខរបរ​នេះ​សឹង​តែ​បាត់បង់​

លោក​បន្ត​ថា​ សេវា​ដឹក​ជញ្ជូន​នេះ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

«យូរៗ​កាត់​បន្ថយ​អស់​ហើយ​…​ ម៉ូតូ​ឌុប​ចង់​បាត់​អស់​ហើយ។​ វា​ទៅ​កើន​ PassApp​(ម៉ូតូ​កង់បី)​ ហើយ​សព្វថ្ងៃ​PassApp​ កើន​ច្រើន​ពេក​ ​ចង់​បាត់​អស់​វិញ​ហើយ»។​

អ្នក​រត់​ម៉ូតូ​ឌុប​និយាយ​ថា ​ម៉ូតូ​ឌុប​របស់​ពួកគេ​ឥឡូវ​នៅ​សល់​តែ​ឈ្មោះ​ទេព្រោះ​សេវា​ពួក​គេ​ក្លាយ​ជា​ម៉ូតូ​ដឹក​អីវ៉ាន់​ទៅ​ហើយ ។​ ពួក​គាត់​អះអាង​ថា​ភាគ​ច្រើន​បាន​ចំណូល​ពី​ការ​ដឹក​ទំនិញ​ជា​ជាង​ឌុប​អតិថិជន​ដែល​មួយ​ថ្ងៃ​សូម្បី​អតិថិជន​ម្នាក់​ក៏​គ្មាន​ផង។​

កំពុង​រៀបចំ​ដឹក​បន្លែ​ដែរ​នោះ​ លោក​ ហាយ ថាវុន​ ដែល​រត់​ម៉ូតូឌុប​ប្រមាណ​២០​ឆ្នាំ​មក​នោះ​ និយាយ​ថា៖

«អត់​រត់​ផង!​ រាល់​ថ្ងៃ​អត់​រត់​ផង …ឈប់​ហើយ។​ គ្រាន់​តែ​ដឹក​បន្លែ​មួយ​ជើង​ហើយ​ចូល​ផ្ទះ»។

អ្នក​រត់​ម៉ូតូ​ឌុប​និយាយ​ថា​ ​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ពឹង​ផ្អែក​លើ​ចំណូល​ដែល​ភរិយា​រក​បានដូច​ជា​អ្នក​លក់​បាយ ​និង​ម្ហូប​ឆ្អិន​ស្រាប់​ដូច​ជា​ត្រី​អាំង​ ត្រី​ចៀន​ មាន់​អាំង​ ពេល​យប់។ ​ភរិយា​អ្នក​រត់​ម៉ូតូ​ឌុប​ខ្លះ​ជា​អាជីវករ​ក្នុង​ផ្សារ ឬ​អាជីវករ​តាម​ផ្សារ​តាម​ផ្លូវ។​

មិន​ខុស​ពី​អ្នក​រត់ម៉ូតូ​ឌុប​ផ្សេង​ទៀត​ដែល​វីអូអេ​បាន​សួរ​ ​ លោក​ យ៉ាន សុខគាន ​ដែល​មិន​ទាន់​បាន​អតិថិជន​ម្នាក់​នៅ​ឡើយ​នោះ​ បាន​ប្រាប់​វីអូអេ​ថា ​ជីវភាព​គ្រួសារ​លោក​បាន​ពឹង​លើ​ចំណូល​ភរិយា។​

«បាន​ប្រពន្ធ​ជួយ​យោង​ទេ។ តាម​ខ្ញុំ​អ្នក​ម៉ូតូ​ឌុប​ ចប់​បាត់​ហើយ!​ បាន​គ្រួសារ​គាត់​ជួយ​រក​ដែរ»។​

ពេល​កំពុង​រង់​ចាំ​អ្នក​ជិះ ​ លោក​ត្រូវ​បាន​អ្នក​លក់​ហៅ​ឱ្យ​ដឹក​ផ្លែ​លើ​ទៅ​ឱ្យ​អ្នក​ទិញ។ ​ដឹក​ទំនិញ​នេះ​ជា​សេវា​ទី​មួយ​ដែល​ម៉ូតូ​ឌុប​របស់​លោក​រក​ប្រាក់​ចំណូល​ឱ្យ​លោក​១​ម៉ឺន​រៀល​នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​មិថុនា។​

លោក​ឱ្យ​ដឹង​ថា ​លោក​និង​ភរិយា​មក​រក​ស៊ី​នៅ​ភ្នំពេញចោល​កូន​៤​នាក់​ ដោយ​កូន​ពៅ​អាយុ​ទើប​បាន​មួយ​ខួប​៣​ខែ​ នៅ​ស្រុក​មេសាង ខេត្ត​ព្រៃ​វែង។​ លោក​បាន​ទៅ​ជួប​កូន​៣​ទៅ​៤​ដង​ក្នុង​មួយ​ឆ្នាំ​គឺ​នៅ​ពេល​ទៅ​បោះឆ្នោត ​ពេល​បុណ្យ​ចូល​ឆ្នាំខ្មែរ បុណ្យ​ភ្ជុំ​ឬ ​ថ្ងៃ​បុណ្យ​ជាតិ។​

ត្រឡប់​មក​លោក ​ហាយ ថាវុន ​វិញ លោក​ឱ្យ​ដឹង​ថា​ ​លោក​ត្រូវ​ទៅ​ផ្ទះ​ជួយ​ការងារ​ប្រពន្ធ ​ដែល​លក់​ចាប់​ហួយ​ដើម្បី​ជួយ​គ្នា​រក​ចំណូល​ ហើយ​វា​គ្រាន់​បើ​ជាង​មុខ​របរ​ម៉ូតូ​ឌុប​ដែល​ត្រូវ​ចំណាយ​ពេល​រង់​ចាំ ​ដោយ​មិន​រំពឹង​ថា​មាន​អតិថិជន។​

«បាទ​វា​ខ្វះ​ខាត​បង​អើយ!​ ​ រក​ព្រឹក ​ខ្វះ​ល្ងាច។​ រាល់​ថ្ងៃ​កុំ​តែ​បាន​ប្រពន្ធ ​ជួយ​លក់​កំប៉ិកកំប៉ុក​ កុំ​អី​ចប់​បាត់​ហើយ!​ អត់​មាន​មុខ​របរ​អី​ពិត​ប្រាកដ​ផង»។​

នៅ​ថ្ងៃ​នេះ​អាទិត្យ​ទី​១២ ​ខែ​មិថុនា លោក​ថាវុន​រក​បាន​៣​ម៉ឺន​រៀល​សម្រាប់​ដឹក​បន្លែ​មួយ​ជើង​ឱ្យ​ហាង​ចំនួន​ពីរ​ដែល​ជា​ម៉ូយ​របស់​លោក។​

អ្នក​រត់​ម៉ូតូ​ឌុប​ឱ្យ​ដឹង​ថា​ ​តម្រូវ​ការ​មួក​សុវត្ថិភាព​ សាំង​ឡើង​ថ្លៃ​ និង​ ការ​ប្រជែង​ពី​ម៉ូតូ​កង់​បី​ប្រើ​ឧស្ម័ន​ដែល​ថោក​ជាង​សាំង បាន​ធ្វើ​ឱ្យ​មុខ​របរ​ម៉ូតូ​ឌុប​បាត់​បង់​អ្នក​ជិះ​ក្លាយ​ពី​ម៉ូតូ​ឌុប​មក​ជា​ម៉ូតូ​ដឹក​ទំនិញ។​

លោក​សុង ងួន​និយាយ​ថា ​អ្នក​ដំណើរ​ភាគ​ច្រើន​ហាក់​ដូច​ជា​យល់​ថា​ ​ឈប់​មាន​សេវា​ ម៉ូតូ​ឌុប​ទៀត​ហើយ។លោក​ឃើញ​អ្នក​ដំណើរ​សុខ​ចិត្ត​ហៅ​ម៉ូតូ​កង់​បី​តាម ​ PassApp ​ហើយ​រង់​ចាំ​ម៉ូតូ​កង់​បី​នេះ​ពី​៣​ទៅ​១០​នាទី ​ ខណៈ​ម៉ូតូ​ឌុប​របស់​លោក​កំពុង​រង់​ចាំ​អ្នក​ជិះ។​

ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​និយាយ​ថា ​មាន​តែ​អ្នក​ដំណើរ​ប្រញាប់​ទេ​ដែល​នៅ​រក​ម៉ូតូ​ឌុប​ជិះ​ព្រោះ​មិន​សូវ​ស្ទះ​ចរាចរណ៍ហើយ​នេះ​ជា​ហេតុផល​តែ​មួយ​គត់​ដែល​អ្នក​ដំណើរ​ត្រូវ​ការ​សេវា​របស់​ពួក​គាត់៕