សាច់ញាតិ​សព​អ្នក​កើត​កូវីដ៖ ភាព​មិន​ស្ងប់​ក្នុង​ចិត្ត​និង​ក្តី​បារម្ភ​ពី​ការ​ច្រឡំ​សព​និង​ធាតុ

រូបឯកសារ៖ ព្រះសង្ឃអង្គុយដោយរក្សាគម្លាតពីគ្នាដោយមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ សូត្រធម្មទេសនាក្នុងវត្តមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០។

ភ្នំពេញ — ពិធី​បុណ្យ​សព​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​និង​ជំនឿ​សាសនា​នៅ​កម្ពុជា ដូចជា​ពិធីសូត្រ​មន្ត ធម្ម​ទេសនា​ដោយ​ព្រះសង្ឃ អាចារ្យ​ និងចាស់ទុំ​ក្នុង​ភូមិ​ការ​លាង​សម្អាត​និង​តម្កល់​សព​នៅ​គេហដ្ឋាន​របស់​សាច់ញាតិ និង​ការ​ដើរហែ​សព​ដោយ​សមាជិក​គ្រួសារ​និង​សហគមន៍​ជិត​ឆ្ងាយ មិនអនុញ្ញាតឲ្យ​កើត​មាន​សម្រាប់​សព​អ្នក​កើត​ជំងឺ​កូវីដ​១៩​ នោះ​ទេ​។

ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កំពុង​ផ្លាស់ប្តូរ​ទំនៀម​ទម្លាប់​បែប​សាសនា​នេះ​ ដែល​ត្រូវបាន​ជឿ​ថា​ផ្តល់​នូវ​ក្តី​ស្ងប់​ដល់​អ្នក​ដែល​លា​ចាក​លោក​ និង​សមាជិកគ្រួសារ​សព។ រយៈពេល​តែ​មួយ​ប៉ព្រិច​ភ្នែក​ ដោយ​មនុស្ស​ប្រហែល ១០នាក់​ប៉ុណ្ណោះ​ អាច​ចូលរួម​ក្នុងការប្រារព្ធពិធី​បូជា​សព ​តាម​បែប​សាសនា​ដោយ​គ្រាន់​តែ​មាន​ការ​បង្សុកូល​ដែល​ធ្វើ​ឡើង​យ៉ាង​យូរ​ជាង​ ១០​ នាទី​តែ​ប៉ុណ្ណោះ​ ស្រប​ពេល​សព​នីមួយ​ៗ​ត្រូវ​ចំណាយ​រយៈ​ពេល​ជាង​ ១​ម៉ោង​ សម្រាប់​បូជា​សព​។

ទិដ្ឋ​ភាព​នៃ​ការ​បូជា​សព​បែប​នេះ​កើត​មាន​ឡើង​ស្ទើរ​រៀងរាល់​ថ្ងៃ នៅ​វត្ត​ទឹកថ្លា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក្នុង​នោះ​ព្រះ​សង្ឃ​កំពុង​សូត្រ​ធម៌​បង្សុកូល​ ខណៈ​សព​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ កំពុង​រុញ​ចូល​ក្នុង​បច្ឆា​ដើម្បី​បូជា​តែ​ម្តង។

​ខ្ញុំ​សោក​ស្តាយ​ខ្លាំង​ណាស់​ ពី​ព្រោះ​អត់​បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ ​កាតព្វកិច្ច​ជា​ពុទ្ធ​បរិស័ទ​ដែល​ត្រូវ​ជូន​ដំណើរ​លោក​ឲ្យ​ពេញ​ទំហឹង​។​

កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​សីហាកន្លងទៅ​ ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​ ១០ ​នាក់ ​មក​ពី​ខេត្ត​កណ្តាល​ បាន​ជុំ​គ្នា​នៅ​ក្នុង​វត្ត​ទឹក​ថ្លា​នេះ ដោយ​មាន​ព្រះ​សង្ឃ​ ៤ ​អង្គ​និង​អាចារ្យ​ម្នាក់ ​បាន​ប្រារព្ធ​ពិធី​បង្សុកូល​ជូន​ដល់​សព​លោក​ចៅ​អធិការ​វត្ត​ស្អាង​ស្រែ​ ដែល​មាន​ព្រះ​ជន្ម​ ៨១​ ព្រះ​វស្សា ​ដែល​បាន​សុង្គត​ ដោយ​សារ​ជំងឺ​កូវីដ​១៩។

ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​បង្សុ​កូល​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា​ ២០​ ម៉ែត្រ​ពី​បច្ឆា​ ដែល​ត្រូវ​បូជា​សព។

លោក ​ជក់​ សៀក​លី ​អាយុ​ ៣៣ ​ឆ្នាំ​ ជា​អាជីវករ​និង​ត្រូវ​ជា​កូន​របស់​សព​ចៅ​អធិការ​វត្ត​ស្អាង​ស្រែ​បានប្រាប់​ VOA​ ថា​ លោក​ចៅ​អធិការ​វត្ត​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​ នៅ​មជ្ឈ​មណ្ឌល​អូឡាំពិក​ អស់​រយៈពេល​ ៦ ​ថ្ងៃ​ ទើប​លោក​សុង្គត។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា ​ឱពុក​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ខ្លះ​ដែរ​ ហើយ​ក៏​មិន​ដឹង​ថា ​ឆ្លង​ជំងឺ​នេះ​ពី​ណា​មក​ដែរ ​ពី​ព្រោះ​លោក​មិន​ដែល​និមន្ត​ចេញ​ក្រៅ​នោះ​ទេ។

«យើង​ក៏​អត់​ដឹង​ថា​ករណី​ឆ្លង​នេះ​មក​ពី​ណា​ដែរ​ ក៏​ប៉ុន្តែ​បើ​ឆ្លង​ពី​កូន​ចៅ​កូន​ចៅ​ធ្វើ​តេស្ត​ទាំង​អស់​គ្នា​អត់​មាន​ទេ។ ​អាចារ្យ​ក្នុង​វត្ត​ក៏​អត់​មាន​ដែរ​លោក​ផ្សេង​ៗ​ក៏​ធ្វើ​តេស្ត​ដែរ​ អត់​មាន​ដែរ​។ តែ​គ្រាន់​ថា​តេស្ត​ទៅ​ឃើញ​កូវីដ ​ខ្ញុំ​ក៏​សោក​ស្តាយ​ដែរ ​ខ្ញុំ​ខ្លោច​ចិត្ត​តែ​ម្តង​និយាយ​អត់​ចេញ​ហ្មង​ពី​ព្រោះ​ថា​ លោក​ចាស់​ហើយ​ទៅ​កើត​កូវីដ»។​

លោក ជក់ សៀកលី អាយុ៣៣ឆ្នាំ រស់នៅស្រុកស្អាងខេត្តកណ្តាល មានឱពុកស្លាប់ដោយជំងឺកូវីដ១៩ កំពុងគោរពវិញ្ញាណខន្ធសពឪពុករបស់លោក នៅវត្តទឹកថ្លា ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

កន្លែង​បូជា​សព​អ្នក​កើត​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​វត្ត​ទឹក​ថ្លា​ មាន​បច្ឆា​ចំនួន​ពីរ​នៅ​ក្បែរ​គ្នា ​ហើយ​បរិវេណ​ប្រមាណ​ជា ​៥០​ ម៉ែត្រ​បួន​ជ្រុង​ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​នរណា​ចេញ​ចូល​ផ្តេស​ផ្តាស​ ក្រៅ​ពី​ក្រុម​ការងារ​បូជា​សព​តែ​ប៉ុណ្ណោះ​ សូម្បី​អាចារ្យ​ផ្លុក​ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ។​

ក្រុម​ការងារ​បូជា​សព​នៅ​ទីនោះ​ មាន​គ្នា​ប្រហែល​ជា​ ៥ ​នាក់​ស្លៀក​ឈុត​ការពារ​ជា​ក្រណាត់​កៅស៊ូ​ ដូច​ក្រុម​គ្រូ​ពេទ្យ​យក​សំណាក​ដែរ។​ ក្រុម​ការងារ​នោះ​រង​ចាំ​ទទួល​សព​ ពេល​ឡាន​ពេទ្យ​ដឹក​សព​មក​ដល់​ ដើម្បី​រៀប​ចំ​សព​ដាក់​ក្តា​រមឈូស ​និង​លើក​ដាក់​ចូល​ក្នុង​បច្ឆា​បូជា​ និង​លើ​ក​ធាតុ​យក​មក​ប្រគល់​ដល់​សាច់​ញាតិ​នៃ​សព។

អំឡុង​ពេល​នេះ​ ការ​បូជា​សព​អ្នក​កើត​ជំងឺ​កូវីដ​១៩​ ត្រូវបាន​រៀប​ចំ​ឡើង​តាម​ពិធី​បែប​សាសនា​រយៈពេល​យ៉ាង​ខ្លី​បំផុត​ ដែល​ធ្វើ​ឲ្យ​សាច់​ញាតិ​សព​អ្នក​ដែល​កើត​កូវីដ​១៩​ នៅ​តែ​មាន​មន្ទិល​ និង​មិន​សូវ​អស់​ចិត្ត​ចំពោះ​ការ​ធ្វើ​បុណ្យ​សព ​ដែល​មិន​មាន​សព​តម្កល់​នៅ​ក្នុង​ពិធី​បុណ្យ​ និង​មិន​បា​ន​ធ្វើ​បុណ្យ​ធំ​ដុំ​ដូច​ពេល​កន្លង​មក។

លោក​ ជក់ ​សៀក​លី​ ក៏​បាន​បង្ហាញ​ពី​ភាព​មិន​អស់​ចិត្ត​សម្រាប់​ការ​ធ្វើ​បុណ្យ​យ៉ាង​ដូច្នេះ​ដែរ​ថា៖ «មិន​ថា​តែ​ខ្ញុំ​ទេ​ជា​អ្នក​សោក​ស្តាយ​សូម្បី​តែ​ពុទ្ធ​បរិ​ស័ទ​ក៏​គាត់​សោក​ស្តាយ​ដែរ​កូន​ចៅ​ខ្លះ​ក៏​គាត់​អត់​បាន​មក​ផ្ទាល់​ដែរ​ពី​ព្រោះ​គាត់​ជាប់​ធ្វើ​ច័ត្តាឡីស័ក្ក​សោក​ស្តាយ​រឿង​ធ្វើ​ពិធី​កិច្ច​ចុង​ក្រោយ​ហ្នឹង»។

លោកបានបន្តទៀតថា៖ «​ខ្ញុំ​សោក​ស្តាយ​ខ្លាំង​ណាស់​ពី​ព្រោះ​អត់​បាន​បំពេញ​កាតព្វកិច្ច​ជា​កូន​ជា​កាតព្វកិច្ច​ ជា​ពុទ្ធ​បរិស័ទ​ ដែល​ត្រូវ​ជូន​ដំណើរ​លោក​ឲ្យ​ពេញ​ទំហឹង​។​ លោក​មក​សុង្គត​នៅ​ភ្នំពេញ​យើង​ធ្វើ​ប៉ុណ្ណឹង​ហៅ​ថា​គ្រប់​កិច្ច​ហើយ​ ខ្លាច​តែ​វិញ្ញាណខន្ធ​លោក​វិល​វ៉ុល​។ គឺ​ខ្ញុំ​សោក​ស្តាយ​ណាស់​ តែ​ខ្ញុំ​សង្ឃឹម​ថា​ លោក​ពុក​ខ្ញុំ​នឹង​បាន​រួច​ផុត​ពី​កម្ម​ ពី​ព្រោះ​ថា​លោក​ធ្វើ​តែ​ទាន​ធ្វើ​តែ​បុណ្យ​ធ្វើ​តែ​ល្អ​រហូត»។

លោក​អាចារ្យ​ សោម ​សារ៉េត ​អាយុ​ ៩៥​ឆ្នាំ​ ជា​អាចារ្យ​នៅ​វត្ត​ទឹក​ថ្លា​អស់​រយៈពេល​ ៣០​ឆ្នាំ​មក​ហើយ។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ សាច់​ញាតិ​នៃ​សព​ភាគ​ច្រើន​តែង​តែ​មិន​សូវ​អស់​ចិត្ត​ ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រាន់​តែ​មាន​ការ​បង្សុកូល​រយៈ​ពេល​យ៉ាង​ខ្លី​នេះ​។

«បើ​មាន​គ្រួសារ​មក​ជា​មួយ​សព​ហ្នឹង​ យើង​និមិន្ត​លោក​បង្សុ​កូល​ មុន​គេ​រៀប​បូជា ​រួច​យើង​អត់​មាន​ទៅ​កាន់​ប៉ះ​ពាល់​សព​ អត់​មាន​ទៅ​មើល​សព​ មើល​អី​ទៅ​ទៀត​ទេ​។ គេ​រុំ​កៅ​ស៊ូ​ជិត​អស់​ហើយ ​ចាំ​ដល់​ពេល​ធាតុ​ចេញ​មក​ ទើប​គេ​ឲ្យ​មើល។ បាន​ជា​អាឡោះ​អាល័យ​ខ្លាំង ​មក​ពី​វា​មិន​បាន​ដិត​ដល់​ មិន​បាន​ធ្វើ​បុណ្យ​ធ្វើ​ទាន​សព្វ​គ្រប់​ជូន​លោក​ឱពុក​អ្នក​ម្តាយ ​បង​ប្អូន ​ប្តី​សី​ វា​មិន​បាន​ធ្វើ​បុណ្យ​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម»។

លោក សោម សារ៉េត ជាអាចារ្យនៅវត្តទឹកថ្លា ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

ក្រុមការងារទទួលបន្ទុកសពអ្នកកើតកូវីដ១៩ កំពុងរុញម្ឈូសចូលកន្លែងបូជា នៅវត្តទឹកថ្លា ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិធី​បុណ្យ​សព​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​ដោយ​តម្កល់​សព​នៅ​ផ្ទះ​ ឬ​ក្នុង​វត្ត​ក្នុង​រយៈ​ពេល​ភាគ​ច្រើន​ប្រហែល​ចន្លោះ​ពី​ ២​ ថ្ងៃ​ទៅ​ ៥​ថ្ងៃ​ ទៅ​តាម​បុណ្យ​សព​នីមួយ​ៗ​។​ នៅ​ក្នុង​អំឡុង​ពេល​នៃ​បុណ្យ​សព​នោះ ​មាន​ការ​ចូល​រួម​ពី​ញាតិ​មិត្ត​ជិត​ឆ្ងាយ​យ៉ាង​អ៊ូរ​អរ​ទៅ​តាម​បុណ្យ​សព។​ ជាមួយ​គ្នា​នោះ​ដែរ ​ក៏​មាន​អាចារ្យ​ ដូនជី​ព្រះ​សង្ឃ​សូត្រ​ធម៌​បង្សុ​កូល​ ទេសនា​ផង​ដែរ។

ជុំវិញ​បញ្ហា​ទាំង​អស់​នេះ​លោក​ សេង ​សុមុនី ​រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ធម្ម​ការ​និង​សាសនា​ បាន​ប្រាប់​ VOA ​ថា​ ការ​ប្រារព្ធ​ពិធី​បុណ្យ​សព​មិន​មាន​ការ​កំណត់​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ថា​ ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ធំ​ទើប​បាន​បុណ្យ​ទៅ​ដល់​សព​នោះ​ទេ។

«ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ទៅ​ គឺ​បាន​បុណ្យ​ ហើយ​ចង់​ធ្វើ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​ដែរ​ ហើយ​ធ្វើ​ឲ្យ​បាន​ច្រើន​ដង​ច្រើន​ថ្ងៃ​ទៅ​បាន​ច្រើន​ ហើយ​បុណ្យ​នោះ​មិន​មែន​ទាល់​តែ​ថា ​ធ្វើ​រោង​បុណ្យ​ តម្កល់​សព​ឲ្យ​យូរ​បាន​ បាន​បុណ្យ​មិន​មែន​ចឹង​ទេ។ ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​អត់​មាន​សម្តែង​ចឹង​ទេ។ ​គឺ​ថា​ការ​ឲ្យ​ទាន​របស់​យើង​ហ្នឹង ​ត្រូវ​ឲ្យ​គោរព​ទៅ​តាម​ច្បាប់​រដ្ឋ​ ត្រូវ​ឲ្យ​គោរព​ទៅ​តាម​ពេល​វាលា ​ត្រូវ​ឲ្យ​គោរព​តាម​សាច់​ញាតិ​របស់​ខ្លួន​ ដែល​មាន​ធន​ធាន​ធ្វើ»។

​អ្នក​ស្លាប់​គាត់​ទៅ​បូជា​នៅ​កន្លែង​កូវីដ​មែន ​តែ​យើង​ត្រូវ​មាន​ពិធី​របស់​យើង​ធ្វើ​នៅ​ផ្ទះ​យើង​បាន​កិច្ច​របស់​អ្នក​ស្លាប់​ដែល​យើង​ត្រូវ​ឲ្យ​គាត់​ គឺ​ទក្ខិណា​នុប្ប​ទាន​ហ្នឹង​តែ​ម្តង​។

ជា​មួយ​គ្នា​នេះ​ដែរ​ ភិក្ខុ​វជិរ​ប្ប​ញ្ញោ ​គូ​ សុភាព​សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​ បាន​មាន​សង្ឃ​ដី​កា​ថា​ ការ​ធ្វើ​បុណ្យ​អាស្រ័យ​ទៅ​លើ​សទ្ធា​ជ្រះ​ថ្លា​នៃ​ចិត្ត​របស់​យើង​តែ​ប៉ុណ្ណោះ។

«និយាយ​រឿង​បុណ្យ​ បុណ្យ​នៅ​នឹង​ចិត្ត​យើង​ ហើយ​ចិត្ត​យើង​បាន​ជ្រះ​ថ្លា​ ធ្វើ​បុណ្យ​បាន​ច្រើន​ ចម្រើន​បុណ្យ​នៅ​ក្នុង​ចិត្ត​យើង​ច្រើន​ ហើយ​យើង​ឧទ្ទិស​បុណ្យ​ដល់​គាត់ ​ក៏​បាន​ច្រើន​ដែរ។ ​ព្យាយាម​ទៅ​កាលៈទេសៈ​នេះ​មិន​បាន​រៀប​ចំ​ឲ្យ​បាន​សម​ម្យ​ទេ​ បូជា​ហើយ​យើង​ធ្វើ​បុណ្យ​ធាតុ​នេះ​ទៅ ​មិន​ជា​ខុស​ទាស់​អី​ទេ។ បើ​ថា​មិន​អស់​ចិត្ត​ប្រមាណ​មួយ​អាទិត្យ​ហ្នឹង​ ធ្វើ​ចង្ហាន់​ប្រគេន​លោក​ឧទ្ទិស​កុសល​ជូន​គាត់​ទៅ»។

ព្រះ​ធម្ម​វិជ្ជា​ ជួន​ កក្កដា ​ព្រះ​វិន័យ​ធម៌​គុណ​ខេត្ត​តាកែវ​ និង​ជា​នាយក​សាលា​វត្ត​ប្រាសាទ​នាង​ខ្មៅ​ បាន​មាន​សង្ឃ​ដីកា​ប្រាប់​ VOA ​ថា​ផល​បុណ្យ​ ឬ​វិញ្ញាណ​វិល​វ៉ុល​របស់​សព​ អាស្រ័យ​ទៅ​លើ​កម្ម​របស់​សព។ ​រី​ឯ​បុណ្យ​ដែល​សាច់​ញាតិ​ត្រូវ​បញ្ចូន​ទៅ​ឲ្យ​សព​ជា​ពិធី​ទក្ខិ​ណា​នុប្ប​ទាន ​គឺ​ជា​ការ​ធ្វើ​ទាន​ចំពោះ​អ្នក​មាន​សីល។

«​អ្នក​ស្លាប់​គាត់​ទៅ​បូជា​នៅ​កន្លែង​កូវីដ​មែន ​តែ​យើង​ត្រូវ​មាន​ពិធី​របស់​យើង​ធ្វើ​នៅ​ផ្ទះ​ យើង​បាន​កិច្ច​របស់​អ្នក​ស្លាប់​ ដែល​យើង​ត្រូវ​ឲ្យ​គាត់​ គឺ​ទក្ខិណា​នុប្ប​ទាន​ហ្នឹង​តែ​ម្តង​។ ព្រះ​ពុទ្ធ​សាសនា​លោក​បាន​បញ្ជាក់​ថា​ មនុស្ស​ដែរ​នៅ​រស់​មុន​នឹង​ស្លាប់​ត្រូវ​តែ​សាង​ល្អ​ឲ្យ​ច្រើន​ ការពារ​ក្រែង​វិល​វ៉ុល​ ពេល​ដែល​ខ្លួន​ឯង​ស្លាប់​ទៅ​រក​ជាតិ ​រក​កំណើត​សុង្គតភព​មិន​ឃើញ​នឹង​គេ»។

សម្មភាពក្រុមការងារបូជាសពកំពុងរុញម្ឈូសសពអ្នកកើតកូវីដ១៩ចូលក្នុងឡបូជា ស្របពេលសាច់ញាតិកំពុងបង្សុកូលជូនសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវត្តទឹកថ្លា ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

ក្រុមការងារយកធាតុចេញពីឡបូជាសព ជូនដល់សមាជិកក្រុមគ្រួសារសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវត្តទឹកថ្លា ទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

នៅ​ប្រទេស​កម្ពុជា​ ក្រៅ​ពិធី​បុណ្យ​សព​បែប​ព្រះ​ពុទ្ធ​សាសនា​ នៅ​មាន​ពិធី​បុណ្យ​សព​បែប​សាសនា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។ អ្នក​ដែល​មាន​ខ្សែ​ស្រឡាយ​កាត់​ចិន​ ពិធី​បុណ្យ​សព​ភាគ​ច្រើន​គេ​យក​សព​ទៅ​បញ្ចុះ​ ដោយ​ជំនឿ​មាន​ការ​រើស​ពេល​វេលា​ហ៊ែរ​ចេញ​និង​បញ្ចុះ​សព។​

ក៏​ប៉ុន្តែ​កាល​ពី​ដើម​ខែ​មីនា​កន្លង​មក​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ប្រកាស​ឲ្យ​សព​អ្នក​កើត​កូវីដ​១៩​ ត្រូវ​បូជា​បន្ទាប់​ពី​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ស្លាប់​ ដើម្បី​ការពារ​និង​ជៀស​វាង​ការ​ឆ្លង​រីក​រាល​ដាល​។ ដោយ​ឡែក​ សព​របស់​ខ្មែរ​ឥស្លាម​ត្រូវ​បាន​លើក​លែង​ការ​បូជា។

លោក​ ហួង​ ចាយ​លិ​ មាន​អាយុ​ ៥៧​ ឆ្នាំ​ ជា​ចិន​សែ​រៀប​ចំ​បុណ្យ​សព​ដែល​សាច់​ញាតិ​ជាប់​ខ្សែ​ស្រឡាយ​កាត់​ចិន​ បាន​ប្រាប់​ VOA ​ថា​ នៅ​ពេល​បាន​ធាតុ​មក​ យើង​អាច​រៀប​ចំ​ពិធី​បញ្ចុះ​ធាតុ​នោះ​ ដូច​បញ្ចុះ​សព​ បាន​ដូច​តែ​គ្នា​ទេ​។

«​តាម​ពិត​អត់​ត្រូវ​អត់​អស់​ចិត្ត​ទេ​ ពី​ព្រោះ​មួយ​រយៈ​នេះ​ខ្ញុំ​បញ្ចុះ​ធាតុ​នេះ​ច្រើន​ណាស់ ​ដោយ​សារ​គាត់​កូវីដ​ ហើយ​គេ​យក​ធាតុ​មក​យើង​មើល​ដី​ធ្វើ​ម៉ុង​ ហើយ​មើល​ថ្ងៃ​យក​ទៅ​បញ្ចុះ​ដូច​តែ​សព​ចឹង​ដែរ»។

បារម្ភ​ខ្លាំង​តែ​ម្តង​មិន​មែន​ បារម្ភ​ដែរ​ទេ​ បារម្ភ​ខ្លាំង​តែ​ម្តង​ តាម​សួរ​ពេទ្យ​ជាប់​ដែរ​ហ្នឹង​ថា​ តើ​សព​នេះ​គេ​បូជា​ពេល​ណា​ ដើម្បី​ស្រួល​យើង​ត្រៀម​ទៅ​រង​ចាំ​ថា ​តើ​គាត់​យក​ទៅ​បូជា​នៅ​វត្ត​មួយណា​ យើង​ទៅ​រៀប​ចំ​ចាំ​មុន​។


សាច់​ញាតិ​ខ្លះ​នៃ​សព​អ្នក​ជំងឺ​កូវីដ​១៩​ ក្រៅ​ពី​ភាព​មិន​អស់​ចិត្ត​ក្នុង​ការ​ធ្វើ​បុណ្យ​នេះ​នៅ​មាន​ការ​ប្រុង​ប្រយ័ត្ន​និង​បារម្ភ​ពី​ការ​ច្រឡំធាតុ​ផង​ដែរ។​ មាន​គ្រួសារ​សព​ខ្លះ​គាត់​បាន​សួរ​ទៅ​ដល់​ក្រុម​អ្នក​បូជា​សព​បញ្ជាក់​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ ដោយ​ពួក​គាត់​បារម្ភ​ពី​ការ​ច្រលំ​សព​និង​ធាតុ។

ជាក់​ស្តែង​លោក​ សុខ​ ចំរើន​ អាយុ​ ៣៩ ​ឆ្នាំ ​ដែលជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្រុង​ភ្នំពេញ​ និង​មាន​ឱពុក​អាយុ​ ៦៧ ​ឆ្នាំ​ ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩​ បាន​ឲ្យ​ដឹ​ង​ថា​ ក្រុម​គ្រួសារ​របស់​លោក​មាន​ការ​បារម្ភ​ខ្លាំង​បំផុត​ គឺ​ការ​បូជា​ច្រលំ​សព​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​តាម​សាក​សួរ​ពត៌​មាន​ពី​ការ​បញ្ជូន​សព​ឱពុក​លោក​ យក​មក​បូជា​តាំង​ពី​ក្នុ​ងមន្ទីរពេទ្យ​រហូត​ដល់​វត្ត។

«​បារម្ភ​ខ្លាំង​តែ​ម្តង​មិន​មែន​ បារម្ភ​ដែរ​ទេ​ បារម្ភ​ខ្លាំង​តែ​ម្តង​ តាម​សួរ​ពេទ្យ​ជាប់​ដែរ​ហ្នឹង​ថា​ តើ​សព​នេះ​គេ​បូជា​ពេល​ណា​ ដើម្បី​ស្រួល​យើង​ត្រៀម​ទៅ​រង​ចាំ​ថា ​តើ​គាត់​យក​ទៅ​បូជា​នៅ​វត្ត​មួយណា​ យើង​ទៅ​រៀប​ចំ​ចាំ​មុន​»។

រូបឯកសារ៖ ព្រះសង្ឃអង្គុយដោយរក្សាគម្លាតពីគ្នាដោយមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ សូត្រធម្មទេសនាក្នុងវត្តមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០។

ការ​បូជា​សព​អ្នក​កើត​ជំងឺ​កូវីដ​១៩​ ធ្វើ​ឡើង​តាម​រយៈ​ការ​កំណត់​និង​ចាត់​ចែង​របស់​ក្រុម​គណៈ​កម្មការ​ចាត់​ចែង​ និង​គ្រប់​គ្រង​សាក​សព​កូវីដ​១៩​ នៅ​តាម​ខេត្ត​ក្រុង​នីមួយៗ។​ បន្ទាប់​ពី​បូជា​រួច​ហើយ​ បើ​សព​មាន​សាច់​ញាតិ​ក្រុម​ការ​ងារ​ចាត់​ចែង​សព​លើក​ធាតុ​នោះ​ឲ្យ​សាច់​ញាតិ​រើស​ធាតុ​ភ្លាមៗ​ ហើយ​មាន​អាចារ្យ​នៅ​ជួយ​ធ្វើ​កិច្ច​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ ដែល​ហៅ​ថា​ពិធី​ផ្គុំ​ព្រលឹង​។ ក៏​ប៉ុន្តែ​បើ​គ្មាន​សាច់​ញាតិ​នោះ​ទេ ​ក្រុម​ការងារ​នោះ​នឹង​រៀប​ចំ​ខ្ចប់​ធាតុ​រក្សា​ទុក​ឲ្យ​សាច់​ញាតិ​មក​យក​នៅ​ពេល​ណា​មួយ។

លោក ​កុល​ វីរក្ស ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​គណៈ​កម្មការ​ចាត់​ចែង​និង​គ្រប់​គ្រង​សាក​សព​កូវីដ​១៩​ បាន​មាន​ប្រសាសន៍​ប្រាប់ ​VOA ​ថា​ ការ​បូជា​សព​អ្នក​កូវីដ​១៩​ នេះ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​មាន​ឯក​សារ​បញ្ជូន​ត្រឹម​ត្រូវ​ ដែល​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​ច្រឡំ​សព​និង​ធាតុ​នោះ​ទេ។

«សព​មក​គឺ​មាន​បញ្ជី​ស្នាម​ច្បាស់​លាស់​ពេល​ ដែល​បូជា​ បូជា​សព​ណា​ស្មាន​ណា ​ចាប់​បូជា​ម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន​ ហើយ​រើស​ធាតុ​ទុក ​អត់​មាន​ច្រលំ​ច្របូក​ច្របល់​ទៅ​ណា​ទេ។ ហើយ​បូជា​សព​មួយៗ​ធម្មតា​តិច​និច​ឡ​របស់​ខ្មែរ​ ពេល​ដែល​បូជា​គេ​មាន​ដែក​ទំរ​ ដើម្បី​ចាំ​រើស​ធាតុ​ចឹង​ដែក​ទំរ​នោះ​ ពេល​ដែល​បូជា​សព​ហើយ​ គឺ​ជា​ហូត​ដែក​នោះ​មក​សម្រាប់​សព​ហ្នឹង​។ ដាក់​មួយ​ទៀត​ គេ​មាន​ដែក​ទំរ​គេមួយ​ទៀត​។ អត់​មាន​ច្រលំ​ទេ​ ហើយ​ៗ​គេ​មាន​បិទ​ផ្លាក ​បិទ​អី​ត្រឹម​ត្រូវ​របស់​គេ​»។

រហូត​មក​ដល់​ពេល​នេះ ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ចំនួន​ជិត​ ២០០០​នាក់​ និង​មាន​អ្នក​ឆ្លងសរុប​ជាង​ ៩០០០០​នាក់៕