ការអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំមកនេះ កំពុងរងការគំរាមកំហែងខ្លាំងបំផុតពីការរាតត្បាតជំងឺកូវីដ ដែលនឹងនាំឲ្យការងាររបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់១លាន៧០ម៉ឺននាក់«ស្ថិតក្នុងហានិភ័យ»។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក(World Bank)។
របាយការណ៍ចេញផ្សាយនៅថ្ងៃសុក្រនេះឲ្យដឹងថាការរាតត្បាតនៃជំងឺកូវីដកំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើវិស័យសំខាន់ៗដែលជំរុញកំណើនសេដ្ឋកិច្ចរួមមានវិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញនិងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឲ្យជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ចនិងផ្តល់ការងារប្រមាណជា៤០ភាគរយនៃការងារសរុបរបស់កម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយ ធនាគារពិភពលោកបញ្ជាក់ថា ដោយសារមូលហេតុនេះក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង-១និង-២,៩ភាគរយ។ ធនាគារពិភពលោកបន្ថែមថានៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០អាចនឹងកើនឡើងពី៣ទៅ១១ភាគរយប្រសិនបើអ្នកដែលស្ថិតក្នុងវិស័យរងផលប៉ះពាល់បាត់បង់ចំណូលអស់៥០ភាគរយក្នុងរយៈពេល៦ខែជាប់គ្នា។ មន្រ្តីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថាអត្រាភាពក្រីក្ររបស់កម្ពុជាបច្ចុប្បន្ននេះ មានប្រមាណ១៣ភាគរយ។
បើតាមរបាយការណ៍ជំងឺនេះធ្វើឲ្យការងាររបស់ប្រជាពលរដុ្ឋកម្ពុជាយ៉ាងតិច១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖«វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ១៩នេះបានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០»។
នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយនិងជាអ្នកវិភាគសេដ្ឋកិច្ចម្នាក់លោក ចាន់ សុផលថ្លែងថាស្ថានភាពរងផលប៉ះពាល់ពីជំងឺកូវីដនេះអាចអូសបន្លាយលើសពី៦ខែ ដោយសារវាប៉ះពាល់វិស័យសំខាន់ៗរបស់កម្ពុជា។
លោកថ្លែងប្រាប់VOAថា៖ «អញ្ចឹងប៉ះពាល់ដល់ទីផ្សាររបស់យើង ប៉ះពាល់ដល់ប្រភពដែលគេធ្វើដំណើរមកទេសចរណ៍កន្លែងយើង ប៉ះពាល់ ប៉ះពាល់ដល់អ្នកនាំចេញនាំចូលអីអញ្ចឹង។ អញ្ចឹងស្ថានការណ៍លើសពីហ្នឹង វាអាចពន្យារលើស៦ខែទៅទៀត»។
លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ថាវិបត្តិហិរញ្ញវត្ថុសាកលឆ្នាំ២០០៨ ជាបទពិសោធន៍ វាត្រូវការរយៈពេល៣ឆ្នាំ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ។ លោកថាកាលនោះវាប៉ះពាល់បំណុលភាគច្រើនលើលំនៅដ្ឋាន អចលនទ្រព្យ ដីធ្លី ប៉ុន្តែជំងឺកូវីដនេះប៉ះពាល់ស្ទើរគ្រប់វិស័យ។ ទោះជាយ៉ាងណា លោកមិនអាចបញ្ជាក់ការទស្សន៍ទាយឲ្យជាក់លាក់នោះទេ។
លោកថ្លែងប្រាប់VOAថា៖ «ប៉ុនអានេះ រឿងនេះជំងឺឆ្លង ដែលកើតឡើងពាសពេញពិភពលោក ប៉ុនបើនិយាយពីសេដ្ឋកិច្ច ស្រដៀងគ្នាដែរ។ សេដ្ឋកិច្ចយើងកាល២០០៨ វាជិត៦ភាគរយ ដល់ពេល២០០៩ភ្លាម វាធ្លាក់មកនៅ១,២ ហើយដល់ពេល២០១០មក បានវាឡើងមកជិត៧ភាគរយវិញ។ ហើយអញ្ចឹងយ៉ាងណាមិញ ដែលគេធ្វើការទស្សន៍ទាយសេដ្ឋកិច្ចរបស់យើងឆ្នាំ២០២០ហ្នឹង វាលំនាំប្រហាក់ប្រហែលគ្នាឆ្នាំ២០០៩ដែរ»។
ដោយសារបញ្ហាជំងឺកូវីដ១៩ ពលករខ្មែរជាង៩ម៉ឺននាក់ បានសម្រុកមកប្រទេសកម្ពុជា ហើយពួកគេប្រឈមអត់ការងារធ្វើ និងបំណុល។ ចំណែកកម្មករកាត់ដេរជាង២០ម៉ឺននាក់ បាត់បង់ការងាររបស់ពួកគេ ហើយក៏ប្រឈមនឹងបំណុលដូចគ្នា។
កាលពីខែមេសា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេង មានប្រសាសន៍ថា ដោយសារផលប៉ះពាល់នៃជំងឺកូវីដ អត្រាភាពក្រីក្រនៅកម្ពុជាអាចកើនឡើងក្រោយជំងឺដែលកំពុងរាតត្បាតជាសាកលនេះបាត់ទៅវិញ។
លោកមានប្រសាសន៍ថា៖«ប៉ុន្តែក្នុងស្ថានភាពដែលកូវីដវារាលដាលនេះប្រហែលជាអាចវាមានផលប៉ះពាល់បានន័យថាវាធ្វើឲ្យចំនួនអ្នកក្រហ្នឹង[កើនឡើង]ដែលចុងក្រោយយើងថានៅសល់ប៉ុន្មាន៩ភាគរយ។ប៉ុន្តែដល់តែកូវីដទៅតើវាឡើង ១០ភាគរយឬវានៅ៩ភាគរយ»៕