នៅជុំវិញពិភពលោក ករណីនៃការឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងដ៏ឆាប់រហ័សនៅក្នុងប្រទេសជាច្រើនហើយនៅទូទាំងសាកលលោក បានឆ្លងដល់មនុស្សជិត៥០លាននាក់ គិតត្រឹមថ្ងៃសៅរ៍។ នេះបើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។
ក្រសួងសុខាភិបាលឥណ្ឌា បានបញ្ជាក់កាលពីថ្ងៃសៅរ៍ម្សិលមិញថា ខ្លួនបានកត់ត្រាការឆ្លងវីរុសកូរ៉ូណាថ្មីជាង៥ម៉ឺនករណី និងមនុស្សស្លាប់ជិត៦០០នាក់ ដែលទាក់ទិននឹងវីរុសកូរ៉ូណាក្នុងរយៈពេល២៤ម៉ោង។
ឥណ្ឌាមានការឆ្លងជំងឺកូវីដ១៩ទាំងអស់ចំនួនប្រមាណ៨,៤លានករណី ដែលជាចំនួនតិចជាងតែសហរដ្ឋអាមេរិកមួយគត់ មានករណីឆ្លងច្រើនជាងគេបំផុតគឺ៩,៧លានករណី។
ចំណែកក្នុងប្រទេសប៉ាគីស្ថានជាប់គ្នានោះវិញ អាជ្ញាធរបាននិយាយថា ពួកគេបានបិទសកម្មភាពសង្គមនៅសង្កាត់ខ្លះនៃទីក្រុងសំខាន់ៗ ដើម្បីព្យាយាមទប់រលកនៃការឆ្លងវីរុសកូរ៉ូណា។ ប្រទេសនេះ បានរាយការណ៍ថា មានការឆ្លងថ្មីចំនួន១.៣៧៦ករណី និងមនុស្សស្លាប់៣០នាក់បណ្តាលមកពីវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រ។
នៅក្នុងតំបន់អឺរ៉ុបវិញ ពួកអាជ្ញាធរនៅក្នុងចក្រភពអង់គ្លេស ក្រិក និងប្រទេសអ៊ីតាលី បានចាប់ផ្តើមការរឹតត្បិត ឬបិទសកម្មភាពផ្នែកខ្លះនៅសប្តាហ៍នេះ ខណៈដែលប្រទេសដាណឺម៉ាក បានប្រកាសថា ខ្លួនបានសម្លាប់សត្វសំពោចប្រភេទ mink ជាង១៥លានក្បាល ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូរ៉ូណាដែលវិវត្តន៍ថ្មីដែលទំនងមានឡើងនៅក្នុងសត្វសំពោច។
ប្រទេសបារាំង អ៊ីតាលី និងរុស្ស៊ី បានរាយការណ៍ពីការឆ្លងថ្មីនៃវីរុសកូរ៉ូណាប្រចាំថ្ងៃ កើនឡើងកាលពីថ្ងៃសុក្រ។
ហើយជាចុងបញ្ចប់ មានព័ត៌មានល្អខ្លះមកពីតំបន់អាមេរិកខាងត្បូងដែលស្ថានភាព មានភាពប្រសើរឡើងនៅក្នុងប្រទេសអេក្វាទ័រដែលអត្រានៃការឆ្លងបានធ្លាក់ចុះចំនួន៤៤% មកនៅចំនួន៨០០ករណីក្នុងមួយថ្ងៃ៕