ជំងឺ​​កូវីដ១៩​ពន្យារ​ពេល​ការ​បោះឆ្នោត​បឋម​ ហើយ​នាំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា

ស្ត្រីវ័យចំណាស់ម្នាក់ដែលស្នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ជរា Lambeth House ក្រវីទង់ជាតិអាមេរិក ខណៈអ្នកចម្រៀងអូប៉េរ៉ាម្នាក់បានច្រៀងកំដរពលរដ្ឋរស់នៅក្នុងទីក្រុង New Orleans ដែលត្រូវនៅក្នុងផ្ទះដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

ដោយសារតំបន់​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បិទ​ ការ​រាតត្បាត​នៃ​មេរោគ​វីរុសកូរ៉ូណា​បាន​កែប្រែ​ទិដ្ឋភាព​សឹង​តែ​ទាំង​អស់​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជារាស្ត្រ​ក្នុង​ស.រ.អ.។​ មេរោគ​នេះ​ក៏​មាន​ផលប៉ះពាល់​ជា​បន្ទាន់​និង​អាច​ជា​អចិន្ត្រៃយ៍​ផង​ដែរ​ទៅ​លើ​ថា​តើ​ប្រទេស​ជាតិ​ជ្រើសរើស​មេដឹកនាំ​ខ្លួន​ដោយបែបណា។​

អ្នកស្រី ​Lauren Jewett ជា​គ្រូបង្រៀន​ខាង​ការ​សិក្សា​អប់រំ​ក្មេង​ដែល​ត្រូវ​ការ​ជំនួយ​ពិសេស​ នៅ​ក្នុង​រដ្ឋ Louisiana ដែល​ជា​រដ្ឋ​ទី​មួយ​ដែល​ប្រកាស​អំពី​ការ​លើក​ថ្ងៃ​ការ​បោះឆ្នោត​បឋមដោយ​សារ​ការ​រាលដាល​នៃ​មេរោគ​វីរុសកូរ៉ូណា។ ​អ្នកស្រី​បារម្ភ​ថា​ បញ្ហា​នានា​នឹង​មាន​រហូត ដល់ ការបោះឆ្នោត​ទូទៅ​ក្នុងខែវិច្ឆិកាដែលនៅ​ពេលនោះលោកប្រធានាធិបតី​ Donald​ Trump នឹង​ប្រឈម​នឹងបេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី​ Jewett សួរថា៖ «តើយើង​បោះឆ្នោត​បែបណា?តើ​យើង​ចុះ​ឈ្មោះ​អ្នក​ឯ​ទៀត​ឱ្យ​បោះឆ្នោត​បែប​ណា?តើ​យើង​ស្ទង់​មតិ​អ្នកជិត​ខាង​បែបណា​សម្រាប់​បេក្ខជន​ម្នាក់?​ការណ៍​នេះ​អាច​មាន​ផលប៉ះពាល់​ដល់លទ្ធផល​នៃ​ការបោះឆ្នោតប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា​ហើយ​ការ​បោះឆ្នោត​នោះ​មាន​ផលប៉ះពាល់​លើ​ប្រទេស​ក្នុង​រយៈ​ពេល​យូរ‍»។

រដ្ឋ​ Louisiana បាន​ក្លាយ​ជា​កន្លែង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខាង​ការ​រាលដាល​មេរោគ COVID-19 ដោយ​មាន​អត្រា​កំណើនមនុស្សផ្ទុកមេរោគវីរុសនេះ​លឿនបំផុត​មួយ​ក្នុងពិភពលោក។​ នៅ​ក្នុង​ពេល​មួយ​សប្តាហ៍ រដ្ឋ​នេះ​បាន​រាយ​ការណ៍​ថា​ ករណី​មនុស្ស​ផ្ទុក​មេរោគ​វីរុសនេះ​កើន​ឡើង​ពី​មិន​ដល់​ ១០០នាក់​ ទៅ​ដល់​ ១.៤០០នាក់​ កាលពី​ថ្ងៃអង្គារ​ ទី​២៤ ខែមីនា។

នៅ​មុន​ករណី​អ្នក​ផ្ទុក​មេរោគ​វីរុស​នេះ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រដ្ឋ Louisiana កាល​ពី​ថ្ងៃ​ទី១៣ ខែមីនា​ លោក John Bel Edwards អភិបាល​រដ្ឋ​ខាងគណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជា​ឱ្យ​លើក​ការបោះឆ្នោត​បឋម​មាន​កំណត់ធ្វើ​នៅ​ថ្ងៃទី៤​ ខែមេសា​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី២០​ ខែ​មិថុនា​វិញ។

រដ្ឋ​និង​ដែន​ដី១០ទៀត​ បាន​ធ្វើ​ដូច្នេះ​ដែរ​ដោយ​បាន​លើក​ការបោះឆ្នោត​បឋម​របស់ពួក​គេ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ក្រោយ​វិញ។ ​អ្នក​បោះឆ្នោត​ច្រើន​នាក់​នៅ​ក្នុង​រដ្ឋ Louisiana និយាយ​ថា​ ពួកគេ​យល់​អំពី សេចក្តី​ត្រូវ​ការ​ការពារ​សុខភាព​សាធារណៈ។ ចំណែក​ឯ​ជន​ខ្លះទៀត​ក៏កត់​សម្គាល់​ដែរ​ថា​សំឡេង​របស់ពួក​គេ​បាន​ត្រូវ​ខ្ទប់។

រូបឯកសារ៖ ទិដ្ឋភាពស្ងត់ជ្រងំនៃលើដងវិថី Bourbon Street ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា នៅទីក្រុង New Orleans រដ្ឋ Louisiana កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

សេចក្តី​សម្រេច​ពន្យារ​ពេល​ការ​បោះឆ្នោត​បឋម

អ្នក​បោះឆ្នោត​ឈ្មោះ Ernesto Noguera និយាយ​ថា៖ «ការ​ពន្យារ​ពេល​ការ​បោះឆ្នោត​បឋម​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃក្រោយ​វិញ​ជា​ការ​ធ្វើ​ត្រឹមត្រូវ​នៅ​ក្នុង​កាលៈទេសៈ​នេះ។ ជីវិត​របស់​ប្រជារាស្ត្រ​និង​សុខភាព​របស់​ប្រជារាស្ត្រជា​អាទិភាព​កំពូល‍»។

អ្នកស្រី​ Marielle Pichon ជា​អ្នកបោះឆ្នោត​នៅ​ក្នុង​ក្រុង​ New Orleans។ ​អ្នកស្រី​និយាយ​ថា៖«ការ​តប់​ប្រមល់​តែ​មួយ​របស់​ខ្ញុំ​គឺ​រដ្ឋឯទៀតៗ​ដូច​ជារដ្ឋ​ Arizona, Florida និងរដ្ឋ Illinois ជា​ដើម​បាន​ធ្វើ​ការ​បោះឆ្នោត​បឋម​របស់​ពួកគេ។ នេះ​ជា​ការ​មិន​ទទួល​ខុសត្រូវ‍»។

លោក Tyler Brey អ្នកនាំពាក្យ​របស់​លោក Kyle Ardoin រដ្ឋមន្ត្រី​រដ្ឋលេខាធិការ​រដ្ឋ Louisiana និយាយ​ប្រាប់​វីអូអេ​ថា ​ពួកមន្ត្រីរដ្ឋ Louisiana មិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​អ្វី​ដែល​រដ្ឋឯទៀតៗ​ធ្វើ​នោះទេ។​

លោក Tyler Brey ពន្យល់ថា៖ «យើង​ធ្វើសេចក្តី​សម្រេច​របស់​យើង​ដោយផ្អែក​តែ​លើ​សុវត្ថិភាព​នៃ​ក្រុមអ្នក​បោះឆ្នោត​នៅក្នុង​រដ្ឋ​យើង​ ហើយ​ការណ៍​នេះ​ក៏​មាន​រួម​បញ្ចូលពួក​អ្នកធ្វើការរៀបចំ​ការបោះឆ្នោត​របស់​យើងដែរ​ដែល​ជា​ច្រើននាក់​មានអាយុ​ច្រើនជាង​៦៥ឆ្នាំ​ហើយភាគ​ច្រើន​អាចប្រឈម​នឹងគ្រោះថ្នាក់​បាន‍»។​

លោក​ Brey កត់សម្គាល់​ថា​រដ្ឋ Louisiana បានជ្រើសរើស​យក​ការ​ពន្យារ​ពេល​ការបោះឆ្នោត​បឋម​នៅ​មុនការ​បោះឆ្នោត​ដំបូង​បានចាប់ផ្តើម​ធ្វើនៅ​ក្នុង​រដ្ឋនេះ ដោយ​លោកនិយាយ​ថា «យើង​មិនទាន់ឋិត​នៅ​ពាក់​កណ្តាល​ការបោះឆ្នោត​មួយ​នៅ​ឡើយទេហើយ​យើង​មិន​ចង់​បញ្ឈប់​ការ​បោះឆ្នោតនៅ​ក្រោយ​វា​បាន​ចាប់​ផ្តើមទេ‍»។

ច្បាប់​រដ្ឋ​មាន​រួមបញ្ចូល​មាត្រាមួយ​សម្រាប់​ការ​លើក​ការបោះឆ្នោត​ទៅ​ធ្វើនៅ​ពេល​ក្រោយ។

រដ្ឋមន្ត្រី​ការបរទេសរបស់​រដ្ឋអាច​បញ្ជាក់​ភាព​មានអាសន្ន​ជម្រាបអភិបាល​រដ្ឋដែល​អាចចេញ​បញ្ជា​នីតិប្រតិបត្តិមួយដើម្បីលើកការបោះឆ្នោតទៅ​ធ្វើនៅ​ពេលក្រោយ។

លោក Brey និយាយថា ​លោក​ Ardoin ដែលជា​អ្នក​សាធារណរដ្ឋ​ម្នាក់​បានចាប់ផ្តើម​ដំណើរការ​នោះហើយ​នៅ​ក្រោយ​ពិនិត្យមើល​ជម្រើសនៃ​ការបោះឆ្នោតឯ​ទៀតៗ​ ដូចជា​ធ្វើការបោះឆ្នោត​តាមរយៈ​ការផ្ញើសន្លឹក​ឆ្នោត​តាមប្រៃសណីយ៍ ឬ ការ​បោះឆ្នោត​ដោយគ្មាន​វត្តមាន​អ្នក​បោះឆ្នោត។​

លោក Brey ថ្លែងថា៖ «ខ្ញុំ​មិនគិត​ថា​ប្រជារាស្ត្រដឹង​អំពីដំណើរការ​ទាំង​នេះទេ។ គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​បោះពុម្ព​សន្លឹក​ឆ្នោត សម្រាប់រក​ស្រោមសំបុត្រ ដើម្បី​ផ្ញើ​សន្លឹកឆ្នោត​ទៅ​ឱ្យក្រុម​អ្នកបោះឆ្នោត​និង​ដើម្បី​ឱ្យមាន​ការ​ផ្ញើសន្លឹក​ឆ្នោត​ត្រឡប់​មក​វិញទេ‍។»

ទោះ​ជា​គណបក្ស​សាធារណរដ្ឋ​ច្បាស់​ជា​នឹងតែងតាំង​លោក ​Trump ​សម្រាប់តំណែង​ប្រធានាធិបតី មួយ​អាណត្តិទៀតក៏​ដោយ ក៏​ការ​ប្រកួតប្រជែង​ប្រធានាធិបតី​ខាង​គណបក្សប្រជាធិបតេយ្យ​នៅមានធ្វើ​ចំហរហូត​ដល់​កាល​ពីប៉ុន្មានសប្តាហ៍​ថ្មីៗ​នេះ។

នៅ​ពេលឥឡូវនេះ​លោក​សមាជិកព្រឹទ្ធសភាស.រ.អ. Bernie Sanders នៅ​តែឋិតនៅ​ក្នុង​ការ​ប្រកួតប្រជែង​នៅឡើយ ទោះណាជា​លោកអតីតអនុប្រធានាធិបតី Joe Biden បាននាំ​មុខច្រើនក្នុងចំនួនពួក​ប្រតិភូ​ដែល​នឹង​ចូលរួម​ក្នុង​មហាសន្និបាត​ជាតិ​នៃ​គណបក្សប្រជាធិបតេយ្យ នៅ​ពាក់កណ្តាលខែកក្កដា​ខាងមុខនេះក៏ដោយ។​

ការពន្យារពេល​ការបោះឆ្នោតបឋម​មិនគ្រាន់តែបន្ថយផលប៉ះពាល់​របស់​ក្រុម​អ្នក​បោះឆ្នោតទៅ​លើ​ការប្រកួតប្រជែង​ដើម្បី​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​ប៉ុណ្ណោះទេ តែ​វាថែម​ទាំង​អាច​ធ្វើឱ្យ​មានបញ្ហា​ដល់ការចូលរួមរបស់​ពពួក​រដ្ឋក្នុង​មហា​សន្និបាត​គណបក្ស​ផង​ដែរ។

រូបឯកសារ៖ លោក Joe Biden អតីតអនុប្រធានាធិបតីអាមេរិក និងលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont ចូលរួមវេទិកាជជែកដេញដោលលើកទី១១ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

រូបឯកសារ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនៅក្នុងយុទ្ធនាការជួបអ្នកគាំទ្រលោក នៅទីក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

ផលវិបាក

បទបញ្ញត្តិ​បច្ចុប្បន្ន​របស់​គណៈកម្មាធិការ​ជាតិនៃ​គណបក្ស​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​ DNC បញ្ជាក់​ថា​ ការ​ប្រកួត​ប្រជែង​ទាំង​អស់​ដើម្បី​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​ត្រូវធ្វើ​ឱ្យ​ចប់​មិន​ហួស​ពី​ថ្ងៃទី៩ ខែមិថុនា ទេ​ហើយ​បញ្ជី​ឈ្មោះពួក​ប្រតិភូ​ត្រូវ​ដាក់ស្នើ​មិន​ឱ្យ​ហួស​ថ្ងៃទី២០ ខែ​មិថុនា​ឡើយ គឺ​ជិត​បួន​អាទិត្យមុន​ការ​ចាប់ផ្តើម​មហាសន្និបាត​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង Milwaukee រដ្ឋ Wisconsin។

បទបញ្ញត្តិ​របស់ DNC ចែង​ថា​ការ​ធ្វើមិន​ទាន់​ពេល​កំណត់​ចុងក្រោយ​បង្អស់អាច​នាំ​ឱ្យនាំ​រដ្ឋ​បាត់បង់ការ​បោះឆ្នោត​ពាក់កណ្តាល​របស់​ខ្លួន​នៅ​ក្នុង​មហាសន្និបាត​របស់​គណបក្ស។ អ្នកនាំ​ពាក្យ​ម្នាក់​របស់ DNC និយាយ​ថា​ គណៈកម្មាធិការខាង​បទបញ្ញត្តិ​និងច្បាប់របស់​ពួកគេកំពុងពិនិត្យ​មើលអំពី​បទបញ្ញត្តិ​នៅក្នុងកាលៈទេសៈមិន​ធម្មតា​បណ្តាល​មក​ពីមេរោគ​វីរុស​ COVID-19 ក៏​ប៉ុន្តែ​មិនទាន់មានសេចក្តី​សម្រេច​អំពី​ការថាតើ​នឹងព្យួរ​ការចែង​លក្ខខណ្ឌ​ឬបែបណាទេ។

លទ្ធភាព​នៃ​ការបាត់បង់​ភាពតំណាង​នៅក្នុង​មហាសន្និបាត​គណបក្ស នៅ​ក្រោយការ​ពន្យារ​ពេល​ការបោះឆ្នោត​បឋម នាំ​ឱ្យពួកអ្នកបោះឆ្នោត​ច្រើននាក់​នៅ​ក្នុង​រដ្ឋ ​Louisiana ខក​ចិត្ត​ដោយសារ​ការណ៍នេះ​អាច​ឱ្យ​លោក​ Trump ឈ្នះ​ឆ្នោត​ក្នុងរដ្ឋ​នេះ​បាន​ នៅ​ក្នុង​ខែ​វិច្ឆិកាខាង​មុខនេះ។​

អ្នកស្រី​ Pichon ​ដែល​ជា​អ្នក​បោះ​ឆ្នោត និយាយ​ថា ​អ្នកស្រីមានអារម្មណ៍​ថា​ ការជ្រើសរើសបេក្ខជន​ប្រធានាធិបតីជា​វិធីតែមួយ​គត់ដែល​អ្នកស្រី​មាន​សំឡេង​ពិតប្រាកដ​មួយ ក្នុង​ការសម្រេច​ថា​នរណានឹង​ក្លាយ​ជាប្រធានាធិបតី។

អ្នកស្រី​និយាយ​ថា៖ ​«ខ្ញុំមិនមានអារម្មណ៍​ថា​ខ្ញុំមានមតិ​មួយ​នៅក្នុង​ការ​បោះឆ្នោត​ក្នុង​ខែវិច្ឆិកា​ទេ‍» ដោយ​អ្នកស្រីកត់សម្គាល់​ថា ​ប្រព័ន្ធ​បោះឆ្នោត​ដោយ​គណៈអ្នកបោះឆ្នោត​របស់​សហរដ្ឋអាមេរិកអាមេរិក​ផ្តល់ប្រតិភូទាំង​អស់ពី​រដ្ឋមួយទៅ​ឱ្យបេក្ខជន​ដែលឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ដោយផ្ទាល់នៅ​ក្នុង​រដ្ឋនោះ។

អ្នកស្រី​ថ្លែងថា៖ «នៅ​ក្នុងការបោះឆ្នោត​បឋម ​សន្លឹក​ឆ្នោត​ដែល​អ្នកឈ្នះ​មានលើស​ពី​គូប្រជែងរបស់​ខ្លួនមាន​សារៈសំខាន់។ ​សន្លឹក​ឆ្នោតនីមួយៗ​មាន​សារៈសំខាន់​សម្រាប់​ឱ្យបាន​ទទួល​ចំនួន​ប្រតិភូ‍»។

អ្នកស្រី Pichon និយាយ​បន្ថែមថា៖ «ការកាត់បន្ថយប្រតិភូយើង​ពាក់កណ្តាល​ដោយសារ​ការរាតត្បាត​ជំងឺ​មួយជា​ការដក​សិទ្ធិ»។

ការ​ស្វែង​រក​ដំណោះ​ស្រាយ

លោក Brey និយាយ​ថា៖ «ខ្ញុំ​បានឭ​ពួក​អ្នកបោះឆ្នោតដែល​និយាយ​ថា​ ហេតុ​ដូចម្តេច​បានជា​យើងមិន​ប្រើវិធី​បោះឆ្នោតឯទៀតៗ​ដូច​ជាការបោះឆ្នោតតាមរយៈការ​ផ្ញើសន្លឹក​ឆ្នោត​តាមប្រៃសណីយ៍​ឬ​ការបោះឆ្នោត​ដោយ​គ្មានវត្តមាន​អ្នកបោះឆ្នោត។​ ទាំង​នេះ​ជា​អ្វី​ដែល​យើង​កំពុង​ពិនិត្យមើលនៅ​ពេលនេះ ក៏ប៉ុន្តែវិធានការ​ទាំង​នេះមិន​មែន​ជា​អ្វីដែល​យើងមានរួចស្រេច​ហើយ​សម្រាប់​ការបោះឆ្នោត​បឋម​ក្នុងខែមិថុនាទេ‍»។

អង្គការ​ការពារ​សិទ្ធិបោះឆ្នោត​ជា​ច្រើននិយាយ​ថា ​ពួកគេអបអរ​ចំពោះ​រដ្ឋនានា​ដែល​ប្រឹងប្រែង​ពុះពារ​ឧបសគ្គ ក្នុងការ​រៀបចំ​ការ​បោះឆ្នោតនៅ​ពេល​មាន​ការ​រាតត្បាតជំងឺជា​សាកល​នេះ។ នៅ​ពេល​ជាមួយ​គ្នានេះ អង្គការទាំង​នេះ​បាន​ជំរុញ​រដ្ឋទាំងនោះឱ្យ​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ ការ​ចូលរួម​ក្នុង​ការបោះឆ្នោត​តាម​លទ្ធិប្រជាធិតេយ្យ​មិន​ត្រូវ​កាត់បន្ថយ​ទេ។

អ្នកស្រី Caren​ Short ជា​មេធាវី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ស្វែង​រក​យុត្តិធម៌​ជូន​ពល​រដ្ឋ​ក្រី​ក្រ​Southern Poverty Law Center។

អ្នកស្រី​និយាយថា៖« ពួកមន្ត្រី​រដ្ឋ​កំពុង​ធ្វើ​សេចក្តី​សម្រេច​សាំញ៉ាំដោយ​ខិតខំ​ព្យាយាមផ្តល់​អាទិភាព​ដល់សុខភាព​សាធារណៈ ស្របពេល​ជាមួយ​កិច្ច​ការពារ​ដំណើរការ​ប្រជាធិបតេយ្យ។ អ្វី​ដែលធ្វើឱ្យមានភាព​ច្បាស់លាស់នៅ​ក្នុងវិបត្តិនេះគឺ​សារៈសំខាន់​នៃការផ្តល់​ជម្រើសសម្រាប់​ពួក​អ្នកបោះឆ្នោត​ដែល​មិន​អាចចុះ​ឈ្មោះដោយ​ផ្ទាល់បានឬ​មិនអាច​បោះឆ្នោតដោយផ្ទាល់​បាននៅថ្ងៃ​បោះឆ្នោត​នៅឯ​កន្លែង​បោះឆ្នោត​របស់ពួកគេ‍»។

អ្នកស្រី Short និយាយ​ថា វិធានការ​នានាគួរមានរួមបញ្ចូលការចុះ​ឈ្មោះតាមបណ្តាញ​Internetនិងការចុះឈ្មោះអ្នកបោះឆ្នោត​នៅ​ថ្ងៃ​តែមួយដូចគ្នា ការពង្រីកកម្មវិធីផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍ឬ​ការ​បោះឆ្នោត​ដោយគ្មានវ​ត្តមាន​អ្នកបោះឆ្នោត ការ​ជ្រើសរើស​ពួកអ្នក​ចាត់ចែង​ការបោះឆ្នោតពី​ក្នុង​ចំណោមប្រជារាស្ត្រដែល​អាច​មាន​គ្រោះថ្នាក់​តិចដោយសារ​ជំងឺ​នេះ​និង​ការបោះឆ្នោតតាមចញ្ចើម​ថ្នល់។​

កាលពី​ថ្ងៃពុធ​ទី២៥ ខែមីនា ព្រឹទ្ធសភា​ស.រ.អ.​ បាន​អនុម័តសេចក្តី​ព្រាង​ច្បាប់​ខាង​សេដ្ឋកិច្ច​មួយដែល​ផ្តល់ប្រាក់​៤រយ​លានដុល្លារ សម្រាប់​ជួយដល់រដ្ឋ​ទាំងអស់​ក្នុង​ប្រទេស​អាមេរិក​ក្នុង​ការរៀបចំ​ការបោះឆ្នោត​នៅ​ពេលមានការរាតត្បាតសាកល​នៃ​ជំងឺនេះ។ ក្រុម​ចម្រុះមួយ​នៃ​អង្គការ​ក្នុងមូលដ្ឋាន​និងអង្គការ​ជាតិជាង​១៥០​ដឹកនាំ​ដោយ​អង្គការ​ការ​ពារ​សិទ្ធិពលរដ្ឋ​ The Leadership Conference on Civil and Human Rights មាន​ជំនឿ​ថា​ គេត្រូវការប្រាក់កាស​ជា​ចាំបាច់​ថែមទៀត ដោយ​សុំ​ទឹកប្រាក់ ២ពាន់​លាន​ដុល្លារ​ ដើម្បី​ធ្វើឱ្យ​ការ​បោះឆ្នោត​មាន​សុវត្ថិភាព​ និង​ការងាយ​ស្រួលជាងមុន​សម្រាប់មនុស្ស​គ្រប់គ្នា។​

អ្នកស្រី​ Short និយាយ​ថា៖ «ប្រសិនបើ​ពួក​មន្ត្រីរដ្ឋាភិបាល​យើង​ខកខាន​មិនបាន​ចាត់វិធានការទេ នៅ​ខែ​វិច្ឆិកា​នេះ ក្រុមអ្នក​បោះឆ្នោត​ប្រហែលត្រូវ​ជ្រើសរើស​ថា​ តើមួយ​ណា​សំខាន់​ជាង សុខភាព​របស់​ខ្លួន ឬការ​ចេញ​ទៅ​បោះឆ្នោត ហើយ​គ្មាន​នរណា​ម្នាក់គួរ​ធ្វើការ​ជ្រើសរើស​នោះទេ»៕

ប្រែ​សម្រួល​ដោយ ឈឹម​ សុមេធ