សាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យថា នៅទូទាំងពិភពលោក មានករណីឆ្លងជំងឺកូវីដ១៩ ជាង ៣៧ លាន ២ សែនករណី និងករណីស្លាប់ដោយសារជំងឺនេះចំនួនជាង ១ លានករណី។
សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ជាង ៧ លាន ៧ សែនករណី ដែលជាចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសុខភាពសាធារណៈរំពឹងថា ករណីឆ្លងជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌានឹងកើនឡើងលើសសហរដ្ឋអាមេរិកទៅទៀត។ ឥណ្ឌាបានរាយការណ៍នៅថ្ងៃអាទិត្យនេះថាមានករណីឆ្លងជំងឺនេះសរុបចំនួនជាង ៧ លានករណី។
ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៧៤.៣៨៣ ករណី។
ប្រទេសប្រេស៊ីលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនជាង ១ សែន ៥ ម៉ឺនករណី។ នេះបើយោងតាមក្រសួងសុខាភិបាលប្រេស៊ីល។ បើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះដែលមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនជាង ២១៤.០០០ ករណី ដែលច្រើនជាងប្រទេសប្រេស៊ីលនោះ។
ប្រធានាធិបតីប្រេស៊ីលដែលប្រកាន់ទស្សនៈស្ដាំនិយមលោក Jair Bolsonaro បាននិយាយសម្រាលពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សយ៉ាងច្រើននៅក្នុងប្រទេសនេះ ខណៈដែលខ្លួនលោកផ្ទាល់ក៏បានឆ្លងជំងឺនេះផងដែរ៕