កម្មវិធី​ COVAX​ របស់​អង្គការ​សុខភាព​ពិភពលោក​កំពុង​​ខ្វះខាត​​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​​យ៉ាង​ខ្លាំង

រូប​​ឯកសារ៖ ក្រុម​ការងារ​កំពុង​លើក​ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca របស់​កម្មវិធី​ចែកចាយ​វ៉ាក់សាំង COVAX នៅ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុងអត់តាណាណារីវ ប្រទេសម៉ាដាហ្គាស្កា ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

កម្មវិធីវ៉ាក់សាំង​ COVAX ​ដែល​ជា​កម្មវិធី​អន្តរជាតិ​មួយក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដោយ​សមធម៌ទៅឲ្យ​ប្រទេស​នានា​នៅ​ជុំវិញពិភពលោក​នោះ​ កំពុង​ខ្វះខាត​វ៉ាក់សាំង​សម្រាប់​ធ្វើ​ការ​ចែក​ចាយ។​

ការ​ខ្វះខាត​នេះភាគ​ច្រើន​គឺ​ដោយសារ​វិទ្យាស្ថានផលិត​វ៉ាក់សាំង​ដ៏​ធំ​របស់​ឥណ្ឌា​ឈ្មោះ Serum Institute លែងមាន​លទ្ធភាព​ផលិតចែកចាយទៅ​តាម​តម្រូវការរបស់​ពិភពលោក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ ដោយ​សារ​តែមាន​តម្រូវការ​ខ្លាំង​ហួសហេតុ​ពេកនៅ​ក្នុង​ប្រទេស​ឥណ្ឌា​ខ្លួនឯង។​

​អង្គការ​មូលនិធិ​កុមារ​ UNICEF ​របស់​អង្គការសហប្រជា​ជាតិទទួល​បន្ទុក​ជាអ្នក​ចរចា​ទិញនិង​ចែកចាយ​ក្នុងកម្មវិធី COVAX ​ទៅ​ឲ្យ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក។​

អ្នកស្រី Henrietta Fiore នាយិកា​ប្រតិបត្តិនៃ​ទី​ភ្នាក់ងារ​ UNICEF​ បាន​អំពាវនាវ​ដល់​ប្រទេសមួយ​ចំនួន​ ដោយ​មិនគ្រាន់​តែ​ផ្តល់​ថវិកា​ជួយ​ទ្រទ្រង់​ដល់​កម្មវិធី COVAXតែ​ប៉ុណ្ណោះ​ទេ​ តែត្រូវ​ជួយ​ចែក​រំលែកនូវ​វ៉ាក់សាំង​ដែល​ខ្លួន​មានលើស​កំណត់មក​ឲ្យ​ផង​ដែរ​ ដែល​វ៉ាក់សាំង​ទាំង​នេះ«កំពុង​ត្រូវការជា​ចាំ​បាច់​នៅ​ពេល​នេះ»។​

​អ្នកស្រី Fiore និយាយ​ថា​ ការ​វិភាគ​ទិន្នន័យ​មួយ​ចំនួន បាន​បង្ហាញ​ថា​ ​ក្រុម​ប្រទេស​អ្នក​មាន G-7 និង​រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប «អាច​ផ្តល់​វ៉ាក់សាំងប្រមាណ​ចំនួន​ ១៥៣​លាន​ដូស​ ប្រសិន​បើ​គេអាចជួយ​ចែក​រំលែកតែ ​២០% នៃ​វ៉ាក់សាំង​ដែលពួកគេ​មានក្នុង​ខែ​មិថុនា​ កក្កដា​ និង​ខែ​សីហា​ខាង​មុខ​នេះ។​ សំខាន់​ជាង​នេះ​គឺប្រទេស​ទាំង​នេះ​អាច​ធ្វើ​ដូចនេះ​បាន​ ​ខណៈដែល​គេ​នៅ​តែ​អាចឆ្លើយ​តប​ទៅ​តាម​ការ​សន្យារបស់​គេ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទៅ​ឲ្យ​ពលរដ្ឋក្នុង​ប្រទេស​របស់​ខ្លួន​»។​

ប្រធាន​អង្គការ​ UNICEF រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា៖​ «កម្មវិធី COVAX នឹង​ចែក​ចាយវ៉ាក់សាំង​របស់​ខ្លួន​ចំនួន ​៦៥ ​លាន​ដូស​ ​ក្នុង​រយៈ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ចំនួន​វ៉ាក់សាំង​នេះ​ គួរ​មានយ៉ាង​តិចណាស់​ក៏​១៧០​លាន​ដូស​ដែរ។ នៅ​ពេល​ដែល​ក្រុមប្រទេស G7 ជួប​ប្រជុំ​គ្នា​ក្នុង​ប្រទេស​អង់គ្លេសនៅ​ខែ​ក្រោយ​នោះ​ ហើយ​ស្រប​ពេល​ដែល​រលក​រាតត្បាត​ទី​២​នៃ​ជំងឺ​កូវីដ​១៩​ កំពុង​វាយលុក​យ៉ាង​ខ្លាំងនៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ក្បែរ​ខាងឥណ្ឌា​ជា​ច្រើន​នោះ​ ការ​ខ្វះ​ខាត​វ៉ាក់សាំង​សម្រាប់​ចែកចាយតាម​រយៈ​កម្មវិធី COVAX នឹង​មាន​ចំនួន​កើន​ឡើង​រហូត​ដល់​ជិត ​១៩០ ​លាន​ដូស»៕