តុលាការកំពូល និងសាលាឧទ្ធរណ៍បានកោះហៅលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឲ្យចូលទៅតុលាការនៅថ្ងៃទី២ និងថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ ទាក់ទងនឹងបណ្តឹងសារទុក្ខ និងបណ្តឹងមិនសុខចិត្តលើដីកាដំណោះស្រាយរបស់សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងដីកាចេញនៅថ្ងៃទី២៩ ខែសីហា កោះហៅជនជាប់ចោទឲ្យចូលសវនាការលោកអ៊ុក គីមសិទ្ធិ អគ្គព្រះរាជអាជ្ញារង បានបង្គាប់ឲ្យលោកកឹម សុខា ចូលមកតុលាការកំពូលនៅថ្ងៃទី២ ខែកញ្ញា វេលាម៉ោង៨ព្រឹក ដើម្បីចូលរួមសវនាការអំពីសំណុំរឿងបដិសេធមិនចូលខ្លួនក្នុងបទល្មើសសញ្ចារកម្ម ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោកស្រីម៉េង សុភារី មេធាវីរបស់លោកកឹម សុខា បានប្រាប់ VOA ថា បណ្តឹងសារទុក្ខនៅតុលាការកំពូល គឺមេធាវីបានប្តឹងមោឃភាពលើនីតិវិធីរបស់ចៅក្រមស៊ើបសួរ។ លោកស្រីថ្លែងថា សាលាឧទ្ធរណ៍ក៏បានកោះហៅលោកកឹម សុខា ឲ្យចូលទៅតុលាការនៅថ្ងៃទី៦ ខែកញ្ញា វេលាម៉ោង៨ព្រឹកដែរ ដែលលោកស្រីថា ជាបណ្តឹងលើដីកាដំណោះស្រាយប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះនៅថ្ងៃទី៩ ខែកញ្ញា។
លោកស្រីមេធាវីបញ្ជាក់ថា ក្រុមមេធាវីការពារក្តីលោកកឹម សុខា បានស្នើឲ្យមានការលើកពេល ឬពន្យារពេលជំនុំជម្រះ ហើយថា ការដាក់កម្មវិធីជម្រះរបស់ចៅក្រមសាលាឧទ្ធរណ៍ និងតុលាការកំពូលគឺខុសនឹងនីតិវិធីច្បាប់។
លោកស្រីបន្ថែមថា៖
«ក្នុងនីតិវិធីច្បាប់ ការកោះហៅភាគីចូលក្នុងរឿងហ្នឹង ការកោះហៅជនជាប់ចោទ ត្រូវគោរព អំឡុងពេលយ៉ាងហោចណាស់១៥ថ្ងៃដែរ ដើម្បីធ្វើការកោះហៅ និងដើម្បីទុកពេលវេលាឲ្យមេធាវី និងកូនក្តីបានជួបពិភាក្សាគ្នា ដោយឡែកចំពោះរឿងនេះ យើងឃើញថា បើនៅតុលាការកំពូលវិញ ចេញដីកាកោះនៅថ្ងៃទី២៩ម្សិលមិញហ្នឹងឯង ហើយឲ្យចូលថ្ងៃទី២។ ដូច្នេះវាមានអំឡុងពេលតែ៣-៤ថ្ងៃ ហើយយើងមិនដែលឃើញតុលាការអីកោះហៅតក់ក្រហល់របៀបហ្នឹងទេ កន្លងមក»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណាមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា តុលាការនឹងបើកសវនាការជំនុំជម្រះតាមកាលកំណត់ លើកលែងតែសាលាជម្រះក្តីជាន់ខ្ពស់សម្រេចផ្សេងពីនេះ។
លោកកឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទបដិសេធមិនចូលខ្លួនទៅតុលាការតាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ដោយតុលាការចាត់ទុកថា នេះជាបទល្មើសជាក់ស្តែង។
រហូតមកដល់ពេលនេះ មានរយៈពេលជាងបីខែហើយដែលលោកកឹម សុខា ស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ បន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក និងបន្ទាប់ពីអាជ្ញាធរព្យាយាមចាប់ខ្លួនលោកមិនបានសម្រេច៕