តុលាការ​ខេត្ត​បាត់ដំបង​គ្រោង​បើក​​សវនាការ​ជំនុំ​ជម្រះ​គ្រូ​ពេទ្យ​បួន​រូប​នៅ​ដើម​ខែ​មិថុនា

គ្រូ​ពេទ្យ​កំពុង​ថែ​ទាំ​អ្នក​ជំងឺ​គ្រុន​ឈាម​ម្នាក់។

តុលាការ​ខេត្ត​បាត់ដំបង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​គ្រូ​ពេទ្យ​បួន​រូប​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​នៅ​ដើម​ខែ​មិថុនាខាង​មុខ​នេះ​ ទាក់​ទង​នឹង​ការ​បើក​គ្លីនិក​ដោយ​គ្មាន​អាជ្ញា​បណ្ណ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង។​

ការ​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​គ្រូពេទ្យ​ទាំង​បួន​នាក់​ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​នេះ​គឺ​ធ្វើ​ឡើង​ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចុះ​ទៅ​បិទ​គ្លីនិក​បី​កន្លែង​ ​ដែល​បាន​បើក​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​ដែល​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា។​

លោក​ នួន សាន​ ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​សមត្ថ​កិច្ច​ពុំ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​របស់​គ្រូពេទ្យ​ទាំង​បួន​រូប​នេះ​ទេ ​ពីព្រោះពួក​គេ​គ្រាន់​តែ​បើក​គ្លីនិក​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​តែប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍ថា៖ ​«ទណ្ឌកម្ម​ពន្ធនាគារ​ដូច​មិន​មាន​ មាន​តែ​ពិន័យ​ជា​ប្រាក់»។​

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ ក្រុម​សមត្ថ​កិច្ច​ចម្រុះ​ក្នុង​ខេត្ត​បាត់ដំបង​បាន​ចុះ​ទៅ​បិទ​គ្លីនិក​ទាំង​បី​នេះ​នៅ​ក្នុងស្រុក​សំពៅ​លូន​ និង​ស្រុក​ភ្នំ​ព្រឹក្ស​ ហើយ​បាន​ឃាត់​ខ្លួន​គ្រូ​ពេទ្យ​បួន​រូប​ ដែល​ក្នុង​នោះ​មាន​ជន​ជាតិខ្មែរ​មួយ​រូប​ ចិន​ពីររូប​ និង​ចិន​ដើម​កំណើត​ខ្មែរ​មួយ​រូប។​

លោក​ព្រះ​រាជ​អាជ្ញា​បាន​បន្ត​ថា ​គ្រូ​ពេទ្យ​សញ្ជាតិ​ចិន​ និង​ខ្មែរ​ទាំងបួន​នាក់​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រ​ឡប់​ទៅ​គេហ​ដ្ឋាន​វិញ​ បន្ទាប់​ពី​ការ​សាក​សួរ​ដោយ​អាជ្ញាធរ​ខេត្ត​រួច​ហើយ៖​

«យើង​តម្រូវ​ឲ្យ​គាត់ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ​ទៅ​ ដោយ​យើង​គ្រាន់តែ​ដក​ហូត​ស្អី​មួយ ​យើង​អាច​ឃាត់​គាត់​បាន ​ដូច​ជាលិខិត​ឆ្លងដែន​សម្រាប់​អ្នក​បរទេស​ ហើយ​អ្នក​ក្នុងស្រុកយើង​ អញ្ចឹងត្រូវមាន​ការ​ធានា។​ យើង​គិត​ថា​ មិន​មាន​បញ្ហា​អី​ទេ​ បើ​គាត់​ទៅ ​គាត់​គង់​ត្រឡប់​មក​វិញ​ទេ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មាន​ករណី​ចម្លង​មេរោគ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ភូមិ​រការ ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០១៤ ​ហើយ​មក​ដល់​ពេល​នេះ ​ក្នុង​ចំណោម​អ្នក​ភូមិ​រការសរុប​២ពាន់​នោះ​ មាន​អ្នកភូមិ​ចំនួន​២៥០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​នេះ។​

ការ​ចម្លង​នេះ​គឺត្រូវ​បាន​គេ​សង្ស័យ​ថា​ ​បង្ក​ឡើង​ដោយ​គ្រូ​ពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​ ដែល​ធ្វើការ​ចាក់​ថ្នាំ​ និង​ចាក់សេរ៉ូម​ ដោយ​ប្រើ​ម្ជុល​ស៊ីរ៉ាំង​រួម​ក្នុង​ពេល​ព្យាបាល​អ្នក​ជំងឺ។​ គ្រូពេទ្យ​រូប​នេះ​ពុំ​មាន​លិខិត​អនុ​ញ្ញាត​ត្រឹម​ត្រូវ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​នោះ​ទេ។​

ក្រោយ​ពី​ការ​ផ្ទុះ​នៃ​ការ​ចម្លង​មេរោគ​អេដស៍​នោះ​មក ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បង្រ្កាប​សកម្ម​ភាព​ព្យាបាល​សុខភាព​ ដែល​គ្មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​សុខា​ភិបាល៕