តុលាការបារាំងត្រៀមចេញសាលក្រមនៅថ្ងៃពុធនេះ ជុំវិញសវនាការកាត់ក្តីជនជាប់ចោទចំនួន១៤នាក់ ដែលបានចូលរួមពាក់ព័ន្ធនឹងការវាយប្រហារបណ្តាលឲ្យស្លាប់មនុស្សក្នុងឆ្នាំ២០១៥ នៅឯការិយាល័យទស្សនាវដ្តីបែបកំប្លែងរិះគន់មួយក្នុងទីក្រុងប៉ារីស។
សវនាការនោះ បានចាប់ផ្តើមធ្វើឡើងកាលពីខែកញ្ញា ដោយកាត់ក្តីជនជាប់ចោទ៣នាក់ដោយកំបាំងមុខ។
ព្រះរាជអាជ្ញា បានស្នើដល់តុលាការ ឲ្យដាក់ទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារពី៥ឆ្នាំដល់មួយជីវិត។
ដោយឡែកមេធាវីជនជាប់ចោទ បានរិះគន់ការលើកឡើងដោយក្រុមព្រះរាជអាជ្ញាថា ខ្វះភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកថា ជនសង្ស័យមានការពាក់ព័ន្ធជុំវិញការវាយប្រហារនោះ។
ក្រុមសកម្មប្រយុទ្ធឥស្លាម៣នាក់ដែលជាខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស១២នាក់ ក្នុងការវាយប្រហារទៅលើការិយាល័យទស្សនាវដ្តី Charlie Hebdo ហើយបន្ទាប់មក បានសម្លាប់មនុស្សបន្ថែម៤នាក់ផ្សេងទៀតក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីនោះ ក្នុងការវាយប្រហារដែលមានការពាក់ព័ន្ធគ្នា។ ខ្មាន់កាំភ្លើងទាំងអស់ត្រូវបានបាញ់សម្លាប់ពេលបាញ់តដៃគ្នានឹងក្រុមប៉ូលិស។
ទស្សនាវដ្តី Charlie Hebdo បានផ្សព្វផ្សាយអត្ថបទនិងរូបត្លុកព្យាការី Muhammad នៃសាសនាឥស្លាម ដែលធ្វើឲ្យជនមូស្លីមជាច្រើននាក់ខឹងសម្បារ ហើយមុនសវនាការនោះ ទស្សនាវដ្តីមួយនេះ បានផ្សព្វផ្សាយឡើងវិញនូវរូបត្លុកទាំងនេះមួយចំនួនម្តងទៀត។
បីសប្តាហ៍ក្រោយសវនាការនោះចាប់ផ្តើម បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលមានកាំបិតក្នុងដៃ បានវាយប្រហារទៅលើមនុស្ស២នាក់ នៅខាងក្រៅទីតាំងអតីតការិយាល័យរបស់ទស្សនាវដ្តីនេះ។
ហើយនៅខែតុលា គ្រូបង្រៀនម្នាក់ ដែលបានលើកយករូបត្លុកនោះ មកពិភាក្សាថាជាសេរីភាពនៃការបញ្ចេញមតិនោះ ត្រូវបានគេសម្លាប់ដោយកាត់ក្បាល៕