តុលាការ​កាត់​ទោស​សមាជិក​ជាន់​ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​៦ខែ​ពី​បទ​ញុះញង់

រូបភាពដកស្រង់ពីហ្វេសប៊ុកបង្ហាញលោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួន។ (Facebook/Cambodia Government Spokesperson Unit)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​សមាជិក​ជាន់ខ្ពស់​មួយ​រូប​របស់​គណ​បក្ស​កម្លាំង​ជាតិ​គឺលោក​ មឺ សេងហ៊​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២ ​ឆ្នាំ​កន្លះ​ ចំពោះ​ការ​រិះគន់​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​លើកំណត់ត្រា​ស្ថានភាព​ប្រជា​ធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា។​ នេះបើ​តាម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។​

ការ​ផ្តន្ទាទោស​លើ​សមាជិក​ជាន់​ខ្ពស់​គណបក្ស​រូប​នេះ​កើត​មាន​ឡើង​នៅ​ពេល​មាន​សេចក្តី​ថ្លែង​ការណ៍​ និង​របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ អំពី​ការ​បន្ត​រឹតត្បិត​សិទ្ធិ​នយោបាយ​ និងស៊ីវិល​របស់​សកម្ម​ជន​ និង​អ្នក​នយោបាយ​ជំទាស់​នៅ​កម្ពុជា។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​ ២៨ ​ខែ​សីហា​ អង្គការ​លីកាដូ​បាន​បញ្ជាក់​ថា​ ​ លោក ​សេងហ៊ ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ឈ្មោះ​ គា វិសាល​ ជា​អនុ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម។​ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​មាន​ការ​រើស​អើង» ​និង​ «ជេរ​ប្រមាថ​ជា​សាធារណៈ» ​តាម​មាត្រា​ ៣០៧ ​មាត្រា​ ៤៩៤ និង​មាត្រា​ ៤៩៦​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា ​ការ​ឃាត់​ខ្លួន​លោក ​មឺ សេងហ៊ ​ហៅ ​គា វិសាល ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​សហគមន៍​ជាតិ ​និង​អន្តរជាតិ​ ជាថ្មី​ម្តង​ទៀត​ទាក់ទង​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​ដែល​សកម្ម​ទៅ​លើ​សកម្ម​ភាព​នយោបាយ​ដែល​ជា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ។​

លោក​ថ្លែង​ថា៖ ​«អាជ្ញាធរ​ក៏ដូច​ជា​តុលាការ​បាន​បកស្រាយ​ថា​ វា​ជា​ការ​អនុវត្ត​ច្បាប់របស់​កម្ពុជា ​ប៉ុន្តែ​យើង​ឃើញ​ថា​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ក៏ដូច​ជា​សហគមន៍​អន្តរ​ជាតិ​ គេ​លើក​ឡើង​ថា​ ការ​ចោទ​ប្រកាន់ និង​ការ​កាត់​ទោស​ទៅ​លើ​សកម្ម​ជន​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​មក​ វា​ហាក់​ដូច​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ហើយ​វាអាច​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ លោក ​មឺ សេងហ៊​ ត្រូវ​បាន​បឹ្តង​ដោយអតីត​មន្ត្រី​គណ​បក្ស​ជំទាស់​គឺ​លោក​ ម៉ៃ ហុងស្រៀង ​ដែល​បាន​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណ​បក្ស​កាន់​អំណាច។​ លើស​ពី​ការ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​កាល​ពីថ្ងៃពុធ ​តុលាការ​បាន​បន្ថែម​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ​៤​លានរៀល​ (ឬ​ប្រមាណ​ ១​ពាន់​ដុល្លារ​អាមេរិក) ​និង​បង្គាប់​ឱ្យ​សង​ជំងឺ​ចិត្ត​ជា​ទឹកប្រាក់​ ២០​លាន​រៀល (ឬ​ប្រមាណ​៥ពាន់​ដុល្លារ​អាមរិក)​ទៅ​លោក ម៉ៃ ហុងស្រៀង។​

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក​ រ៉ុង ឈុន​ យល់​ថា​ ការ​ឃាត់​ខ្លួន ​និង​ការ​ផ្ដទ្ទាទោស​លោក មឺ សេងហ៊ ​គឺ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ​ខណៈ​សំណុំ​រឿង​ដែល​ជាប់​ហេតុផល​នយោបាយ​នេះ​អាច​ត្រូវ​បាន​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។​ ​

លោក​ថ្លែង​ថា៖ ​«យើង​ឃើញ​ថា​ មាន​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​គាត់។ ​បើ​យើង​មើល​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ ការ​ផ្តន្ទាទោស​ក្នុង​ករណី​បទ​ញុះញង់​កម្រិត​ខ្ពស់​បំផុត​តែ ​២ឆ្នាំ​ទេ ប៉ុន្តែ​កាត់​គាត់​រហូត​ដល់​ទៅ​២ឆ្នាំ​កន្លះ។​ វា​ជា​រឿង​មួយ​ធ្ងន់​ធ្ងរ​ ហើយ​ក៏​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​សកម្ម​ជន​ក៏ដូច​ជា​អ្នក​គាំទ្រ​នយោបាយ​ផង​ដែរ»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ី រិន្ទ​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តែ​គ្មាន​ការ​ឆ្លើយ​តប។​

របាយ​ការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ ​២០២៣ ​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ បាន​កត់​សម្គាល់​ថា ​ការ​ចាប់​ខ្លួន​តាម​តែ​អំពើចិត្ត ​ឬ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ចំពោះ​អ្នក​ទោស​នយោបាយ​ បាន​បន្ត​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​ ទីដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​កំពុង​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។​

របាយ​ការណ៍​ឱ្យ​ដឹង​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ចោទ​ប្រកាន់​តាម​តែ​អំពើ​ចិត្ត​ក្រោម​បទ​ចោទ​ «ញុះញង់» ​ដោយ​ប្រើ​ច្បាប់​ដើម្បី​កាត់​ទោស​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មេដឹកនាំ​គណ​បក្ស​នយោបាយ​ប្រឆាំង ​និង​អ្នក​គាំទ្រ​ សកម្មជន​សង្គម ​និង​បរិស្ថាន ​និង​អ្នក​ដែល​បញ្ចេញ​មតិ​ដែល​ជា​ការ​ជំទាស់​ផ្នែក​នយោបាយ៕​