តុលាការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​រោងចក្រ​ដើម្បី​លក់​ឡៃឡុង​ទូទាត់​ប្រាក់​ដល់​កម្មករ

រូបភាពមួយបង្ហាញ​ទិដ្ឋភាពច្រកខាងមុខ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់វ៉ាយ&ដាប់បែលយូ ហ្គាមេន (Y&W Garment) នៅរាជធានីភ្នមពេញ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤។ (Facebook/ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឱ្យ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​វ៉ាយ​&​ដាប់បែលយូ​ហ្គាមេន (Y&W Garment Co. Ltd) ក្នុង​ខណ្ឌ​ដង្កោ យក​មក​លក់ ដើម្បី​ទូទាត់​ប្រាក់​ជូន​កម្មករ ក្រោយ​ថៅកែ​រោងចក្រ​រត់​ចោល និង​បិទ​ទ្វារ​រោង​ចក្រ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ ស្ដី​ពី​ដំណោះ​ស្រាយ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

បើ​តាម​ក្រសួង​ការងារ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​សម្រេច​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​ការងារ ដើម្បី​យក​មក​លក់​ឡៃឡុង​សម្រាប់​ទូទាត់​ជូន​កម្មករ ក្រោយ​កម្មករ​ចេញ​មុខ​តវ៉ា​និង​ទាមទារ​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់។

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «សូម​ជម្រាប​ជូន​ថា​ កម្មករ​ក្រុមហ៊ុន​វ៉ាយ​&​ដាប់បែលយូ​នេះ​មាន​ចំនួន ​៤.៥០០ ​នាក់ ដូច្នេះ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ឡៃឡុង​នៃ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​វ៉ាយ&​ដាប់បែលយូ អាទិភាព​ត្រូវ​ផ្តល់​ជូន​កម្មករ​ជិត​ដែល​ក្រុមហ៊ុន​បាន​ជំពាក់​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ឯ​ប្រាក់​នៅ​សល់​អាច​យក​ទៅ​ធ្វើ​ការ​បែងចែក​ដល់​សហ​បំណុល​ផ្សេងៗ​ទៀត​ទៅ​តាម​ការ​ស្នើ​សុំ​របស់​តុលាការ​ ចំពោះ​ករណី​ត្រូវ​លក់​ឡៃឡុង​ភ្លាម​ ឬ​ក៏​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ក្ស័យធន​វា​ជា​សិទ្ធិ​សេចក្តី​សម្រេច​តុលា​ការ​ដែល​តុលាការ​នឹង​សម្រេច​តាម​នីតិវិធី​ច្បាប់»។

លោក​បន្ថែម​ថា ក្រសួង​ការងារ​មិន​ទាន់​អាច​ប៉ាន់​ប្រមាណ​បាន​ទេ​ថា​ ទឹក​ប្រាក់​នៃ​ការ​លក់​ឡៃឡុង​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​មាន​ប៉ុន្មាន​ឡើយ ហើយទឹក​ប្រាក់​នោះ​វា​គ្រប់​សង​កម្មករ​ឬ​យ៉ាងណា។

​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​វ៉ាយ&​ដាប់បែលយូ​ហ្គាមេន ​(Y&W Garment Co. Ltd) ដែល​ផលិត​សម្លៀកបំពាក់​ទារក​និង​កុមារ ​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​បាន​ចេញ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ ក្រោយ​ថៅកែ​ជនជាតិ​ចិន​មិន​បាន​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ជាង​៤ពាន់​នាក់ ខណៈ​ថៅកែ​រត់​ចោល​រោងចក្រ ដោយ​មិន​បាន​ជូន​ដំណឹង។

ក្រសួង​ការងារ​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះ​ជួល​ទាំង​អស់ឱ្យ​ពន្យារ​ពេល​យកថ្លៃ​ឈ្នួល​ផ្ទះ​ពី​កម្មករក្នុង​អំឡុង​ពេល​រង់​ចាំ​បើក​ប្រាក់​ឈ្នួល​ពី​ការ​លក់ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

លោក ផុន សុផាត ប្រធាន​ផ្នែក​មេកានិក​នៅ​រោង​ចក្រវ៉ាយ&ដាប់បែលយូហ្គាមេន យល់​ឃើញ​ថា​ ការ​លក់​ទ្រព្យ​សម្បត្តិ​ដែល​មាន​នៅ​ក្នុង​ក្រុម​ហ៊ុន ឬ​រោងចក្រ​នេះ ទឹក​ប្រាក់​ដែល​ទទួល​បាន​ប្រហែល​ជា​មិន​អាច​ទូទាត់​ជូន​កម្មករ​និយោជិត​គ្រប់គ្រាន់​នោះ​ទេ ព្រោះ​កម្មករ​មាន​ចំនួន​ច្រើន។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ចំពោះ​រឿង​លក់​សម្ភារៈ​នៅ​ក្នុង​រោងចក្រ​ទាំង​មូល​នេះ បង​គិត​ថា​មិន​អាច​គ្រប់​គ្រាន់​នៅ​ការ​បើក​ប្រាក់​បៀវត្សរ៍​ជូន​កម្មករ​ក៏​ដូច​ជា​ប្រាក់​សំណង​ផ្សេងៗ​តាម​នីតិវិធី​ច្បាប់​ស្ដី​ពី​ការងារ​ទេ»។

លោក​បន្ត​ថា ​ការ​អាក់​ខាន​ដែល​ក្រុម​ហ៊ុន​មិន​ទាន់​បាន​បើក​ប្រាក់​ឱ្យ​កម្មករ ធ្វើ​ឱ្យ​កម្មករ​ស្ទើរ​គ្រប់​គ្នា​ជួប​ការ​លំបាកជា​ខ្លាំង ព្រោះ​កម្មករ​ភាគ​ច្រើន​ត្រូវ​បង់​ធនាគារ​ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ លោក​បន្ថែម​ថា​ កម្មករ​ភាគ​ច្រើន​ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​នីតិវិធី​ដោះស្រាយ​ជូន​ពួកគេ ដើម្បី​អាច​យក​មក​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ ខណៈ​ពេល​ដែល​កម្មករ​មិន​ទាន់​អាច​ស្វែង​រក​ការងារ​ថ្មី​ធ្វើ​បាន។

ចំណែក​អ្នកស្រី ហ៊ុន ផាន់ណា អ្នក​គ្រប់គ្រង​អគារ​មួយ​ក្នុង​រោងចក្រ​វ៉ាយ&ដាប់បែលយូហ្គាមេន ប្រាប់​វីអូអេថា ​អ្នកស្រី​មិន​ទាន់ទទួល​បាន​ប្រាក់​ខែ​ចំនួន​ពីរ​ដង ក្នុង​នោះ​រួម​មាន​កាល​ពី​ត្រឹម​ពាក់​កណ្តាល​ខែ​កុម្ភៈ និង​ដើម​ខែ​មីនា។ អ្នក​ស្រី​យល់ថា ​ការ​លក់​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​មិន​អាច​គ្រប់​គ្រាន់​សម្រាប់​បើក​ឱ្យ​កម្មករ​ឡើយ។

អ្នក​ស្រី​ ហ៊ុន ផាន់ណា​ ថ្លែង​ថា៖ « អត់​អាច​គ្រប់​ទេ​ ព្រោះ​របស់​ទ្រព្យ​គាត់​វា​តិច វា​មិន​ដល់​ថ្នាក់​អាច​សង​ជូន​កម្មករ​បាន​អញ្ចឹង ព្រោះ​កម្មករ​ដល់​ទៅ​៣ពាន់​នាក់​ជាង»។

អ្នក​ស្រី​បាន​អំពាវនាវ​ដល់​ក្រសួង​ការងារ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ឱ្យ​លឿន ព្រោះ​កម្មករ​ទាំង​អស់​ត្រូវ​យក​ថវិកា​ទាំង​នោះ​មក​ដោះ​ស្រាយ​ជីវភាព​របស់​ពួក​គេ​ ខណៈ​ពួក​គាត់​មិន​ទាន់​រក​បាន​ការងារ​ថ្មី​ធ្វើ​បាន៕