តុលាការ​ខេត្ត​រតនគិរី​កំហិត​សេរីភាព​របស់​លោក មាជ សុវណ្ណារ៉ា

ប្រធានគណបក្ស​ជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា សន្ទនាជាមួយមេធាវីរបស់លោកនៅមុខសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ (Facebook / គណបក្សជំនាន់ថ្មី)

តុលាការ​ខេត្ត​រតនគិរី​ នៅ​ថ្ងៃ​ចន្ទ​ បាន​សម្រេច​មិន​ឃុំ​ខ្លួន​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប​ និង​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះ​ជាតិ ​លោក​ មាជ សុវណ្ណារ៉ា ​ឡើយ ​ប៉ុន្តែ​បាន​កំហិត​សេរីភាព​ជា​មូលដ្ឋាន​មួយ​ចំនួន​របស់​លោក។​

លោក ​សឺន ជុំជួន ​មេធាវី​របស់​លោក ​មាជ សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​ថា​ ​ចៅក្រម​បាន​សាកសួរ​លោក មាជ សុវណ្ណារ៉ា ​រយៈ​ពេល​ជិត​មួយ​ថ្ងៃ ​នា​ថ្ងៃ​ទី​៧ ​ខែ​តុលា ​បន្ទាប់​មក​ចៅក្រម​បាន​សម្រេច​ឱ្យ​លោក​ចាក​ចេញ​ពី​តុលាការ ​ដោយ​មិន​មាន​ការឃុំ​ខ្លួន​ឡើយ។ ​លោក​មេធាវី​បន្ថែម​ថា ​តុលាការ​បាន​កំហិត​សេរី​ភាព​របស់​លោក ​មាជ សុវណ្ណារ៉ា ​មួយ​ចំនួន។​

លោក​ថ្លែង​ថា៖ ​«ហើយ​លទ្ធផល​ចុង​ក្រោយ​ ចៅក្រម​សម្រេច​មិន​ឃុំ​ខ្លួន​គាត់​ទេ​ ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា​លក្ខខណ្ឌ​ត្រូវ​ឱ្យ​គាត់​ហ្នឹង​ នៅ​ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ថ្មី​អី​ជាដើម ​ត្រូវ​តែ​ជូន​ដំណឹង​មក​ដល់​តុលាការ​ទាក់​ទង​នឹង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ។​ ហើយ​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ត្រូវ​តែ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ក្នុង​រយៈ​ពេល​២​ខែ​ម្តង។​ នេះ​ជា​លក្ខខណ្ឌ​សំខាន់ៗ»។​

លោក ​មាជ សុវណ្ណារ៉ា ​បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ពី​បទ​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង» ​ដើម្បី​លោក​អាច​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​សេរី។​

លោក​ប្រាប់​វីអូអេ​ថា៖​ «អ៊ីចឹង​បាន​ខ្ញុំ​សុំ​ទាម​ទារ​ឱ្យ​មាន​ការ​បើក​សិទ្ធិ​សេរីភាព​ពេញ​លេញ​ ពិសេស​ទម្លាក់​បទ​ចោទ​ដែល​ថា​ ខ្ញុំ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង​អី​ហ្នឹង ​គឺ​ខ្ញុំ​ចង់​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ ព្រោះ​ក្នុង​នាម​ប្រធាន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ជាដៃ​គូ​ប្រកួត​ប្រជែង​ដោយ​ភាព​ស្មោះ​ត្រង់​ តាម​គោល​នយោបាយ​ កម្មវិធី​នយោបាយ។ ​អ៊ីចឹង​ខ្ញុំ​ចង់​ឃើញ​សេរី​ភាព​របស់​ខ្ញុំ​ពេញ​លេញ»។​

កាល​ពី​កន្លង​ទៅ ​តុលាការ​ខេត្ត​រតនគិរី​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​មាជ សុវណ្ណារ៉ា ​នៅ​ក្នុង​ករណី​ដែល​កើត​ឡើង​មួយ​ឆ្នាំ​មក​ហើយ។ ​ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ លោក​ មាជ សុវណ្ណារ៉ា ​ក៏​បាន​រក​មេធាវី​ជួយ​ការពារ​រឿង​នេះ ​ហើយ​លោក​ក៏​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ។​

លោក ​មាជ សុវណ្ណារ៉ា ​បច្ចុប្បន្ន​ជា​ប្រធាន​គណ​បក្ស​ជំនាន់​ថ្មី ​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​នេះ ​ធ្លាប់​ប្រាប់​វីអូអេ​ថា​ លោក​មាន​ការ​ងឿង​ឆ្ងល់​នឹង​ដីកា​ចាប់​ខ្លួន​ដែល​ចេញ​ដោយ​តុលាការ​ខេត្ត​រតនគិរី​ ដោយ​សារ​ពេល​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ​លោក​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ឡើយ។​

ប៉ុន្តែ​ក្រោយ​លោក​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ​លោក​ទទួល​បាន​ដីកា​ចាប់​ខ្លួន​ ដែល​ចុះ​ថ្ងៃ​ទី​ ៨​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៣ ​ទៅវិញ​ ពោល​គឺ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ។​

បើ​តាម​លោក ​មាជ សុវណ្ណារ៉ា ​តុលាការ​ខេត្ត​រតន​គិរី​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»​ចំពោះ​ការ​ថ្លែង​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៣១​ ខែ​សីហា ​ឆ្នាំ ​២០២៣ ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ដែល​និយាយ​អំពី​កម្មករ​ខ្មែរ​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ ​តិច​ជាង​កម្មករ​វៀតណាម​ដែល​បាន​ធ្វើការ​ក្នុង​ចម្ការ​កៅស៊ូ​និង​ចម្ការ​ចេក​របស់​ក្រុមហ៊ុន​វៀតណាម​ក្នុង​ខេត្ត​រតនគិរី៕​