អ្នក​ឃ្លាំមើល​ដំណើរការ​នយោបាយ​កម្ពុជា​​ទិតៀន​ការ​ប្រើ​អំណាច​នយោបាយ​លើ​ប្រព័ន្ធ​យុត្តិធម៌

ស្ថាប័ន​​តុលាការ គឺ​ជា​អំណាច​ដាច់​ដោយ​ឡែក​ក្នុង​ចំណោម​អំណាច​ទាំង​បី​សម្រាប់​ដំណើរ​ការ​ក្នុង​ប្រទេស​នោះ​ គឺ​អំណាច​និតិ​បញ្ញត្តិ​ឬ​ហៅ​ថា​ ស្ថាប័ន​សភា​ អំណាច​និតិ​ប្រតិបត្តិ​គឺ​រដ្ឋាភិបាល​និង​អំណាច​តុលាការ។

ថ្វី​បើ​មាន​ការ​ដោះលែង​តំណាងរាស្ដ្រដែល​មិន​ទាន់​មាន​អភ័យ​ឯក​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ក្រុម​ចំនួន​ប្រាំពីរ​រូបកាល​ពី​ថ្ងៃ​អង្គារ​ ទី​២២​ខែ​កក្កដា​ ប៉ុន្តែអ្នក​ឃ្លាំមើល​ដំណើរ​នយោបាយ​កម្ពុជា​នៅ​តែ​ចាត់​ទុក​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ពិបាក​នឹង​រើ​ខ្លួន​ចេញ​ពី​គណបក្ស​គ្រប់​គ្រង​អំណាច។​

ការ​ចាប់​ខ្លួន​តំណាងរាស្ដ្រ​ធ្វើ​ឡើង​ភ្លាមៗ​ក្នុង​អំពើ​ហិង្សា​ដែល​កើត​ឡើង​ដោយ​ការ​ប៉ះទង្គិច​រវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​អាជ្ញាធរ​ ហើយ​ការ​ចាប់តំណាង​រាស្ដ្រ​បក្ស​ជំទាស់​ដាក់​គុក​នេះ​ហើយ​ដែល​បាន​ផ្តល់​បច្ច័យ​ចុង​ក្រោយ​គឺ​ការ​ចរចា​បញ្ចប់​ជម្លោះនយោបាយ​រវាង​គណបក្សប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​ ជា វណ្ណាត ​អ្នក​វិភាគ​ឯករាជ្យ​ បាន​ហៅ​សិល្បៈ​នៃ​ការ​ដោះស្រាយ​នយោបាយ​បែប​នេះ​ថា​ ជា​ការ​សើច​ចំអក​ដល់​ប្រព័ន្ធតុលាការ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ទន់​ខ្សោយ​ស្រាប់។​

«កាល​ណា​ចេះ​តែ​យក​រឿង​នយោបាយ​មក​ដាក់​ឲ្យ​ប្រព័ន្ធ​តុលាការ ​ហើយ​ដោះស្រាយ​របៀប​នេះ ​ហាក់​ដូចជា​សើច​ចំអក​ទៅ​ប្រព័ន្ធ​តុលាការ​មែន​ទែន។​ហើយ​កាល​ដែល​ធ្វើ​បែបនេះ​ហាក់​ដូចជា​អយុត្តិ​ធម៌​សម្រាប់​តុលាការ​តែ​ម្តង»។​

អ្នកស្រី​ជា វណ្ណាត​កត់​សម្គាល់​ថា​ តុលាការ​ហាក់​ដូចជា​មិន​មែន​ជា​ទីពឹង​ពាក់​របស់​ប្រជាពល​រដ្ឋ​ទូទៅ​ដើម្បី​ស្វែង​រក​យុត្តិធម៌​របស់​ខ្លួន​នោះ​ទេ។ ​មួយវិញ​ទៀត​បើ​ផ្អែក​តាម​អ្នកស្រី​ ស្ថាប័ន​យុត្តិធម៌​កម្ពុជា​ហាក់​ដូចជា​មិន​ដំណើរ​ការ។​

រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​បានចែង​អំពី​ឯករាជ្យភាព​របស់​ស្ថាប័ន​តុលាការ។ ​ហើយ​ស្ថាប័ន​នេះ​គឺ​ជា​អំណាច​ដាច់​ដោយ​ឡែក​ក្នុង​ចំណោម​អំណាច​ទាំង​បី​សម្រាប់​ដំណើរ​ការ​ក្នុង​ប្រទេស​នោះ​គឺ​អំណាច​និតិ​បញ្ញត្តិ​ឬ​ហៅ​ថា​ ស្ថាប័ន​សភា​ អំណាច​និតិ​ប្រតិបត្តិ​គឺ​រដ្ឋាភិបាល​និង​អំណាច​តុលាការ។​

ក៏​ប៉ុន្តែ​ប្រព័ន្ធ​តុលាការ​កម្ពុជា​តែងតែ​ទទួល​រង​ការ​រិះគន់​មិន​ផុត​ពី​មាត់​ទាក់ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​យ៉ាង​ចាក់​គ្រឹះ ​និង​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។

កាលពី​ថ្ងៃទី​២៦​ខែកញ្ញា ​នៅ​ក្នុង​ឱកាស​បើក​ដំណើរ​ការ​រដ្ឋាភិបាល​ថ្មី​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បង្ហាញ​ថា ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​គឺ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ។​

ក្នុង​នោះ​ដែរ ​គោលដៅ​នៃ​ការ​កែ​ទម្រង់​ មាន​ដូចជា​ការ​ពង្រឹង​ការ​យល់​ដឹង​និង​ការ​អនុវត្ត​ច្បាប់។​ ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​និង​ភាព​ត្រឹមត្រូវ​ រួម​ទាំង​ការ​ទទួល​ខុសត្រូវ​របស់​ចៅក្រម ​និង​ព្រះ​រាជ​អាជ្ញា​ ជាដើម។​

ក៏​ប៉ុន្តែ ​លោក​មេធាវី​ សុខ សំអឿន ​អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​កត់​សម្គាល់​ឃើញ​ថា​ ហាក់​ដូចជា​មិនមាន​ភាព​ជឿន​លឿន​ណាមួយ​ក្នុង​ការកែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ។​

«មាន​តែ​ការ​រីក​ចម្រើនលើ​អគារ​ និង​អាច​មាន​ការ​រៀប​ចំ​គ្រប់​គ្រង​ឯកសារ​ខ្លះ​ ដោយសារ​បញ្ហា​តុលាការ​មិន​ទាន់​កែប្រែ​នៅ​ឡើយ​ទេ​ និយាយ​ជារួម​នៅ​តែ​មាន​ជន​រង​គ្រោះ​អញ្ចឹង»។​

ដោយសារ​អំណាច​តុលាការ​កម្ពុជា​នៅ​ទន់ខ្សោយ បញ្ហា​រសើប​មួយ​ចំនួន​មិនត្រូវ​បាន​ដោះស្រាយ​ ឬ​ត្រូវ​បានដោះ​ស្រាយ​ដោយ​មិន​ពេញ​លេញ​នោះ​ទេ។​

ជាក់ស្តែងក្នុង​បរិបថ​នៃ​អំពើ​ហិង្សា​ក្រោយ​ពី​ការ​បោះឆ្នោត​ មនុស្ស​ជាច្រើន​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល ​ប៉ុន្តែនៅ​មិនទាន់​ឃើញ​មាន​សញ្ញា​នៃ​ចំណាត់​ការ​ត្រឹមត្រូវ​ណា​មួយ​សម្រាប់​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នោះ​ទេ។​

លោក ​សុខ សំអឿន ​មាន​ប្រសាសន៍​ថា ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​រដ្ឋា​ភិបាល​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់យុត្តិធម៌​ឲ្យ​មាន​ប្រសិទ្ធិ​ភាព។​

លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កត់​សម្គាល់​ដែរ​ថា ​គណបក្ស​កាន់​អំណាចមិនអាច​ប្រលែង​ដៃ​ពី​ការ​ទាញ​យក​ផល​ប្រយោជន៍​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​បាន​នោះ​ទេ។​

«ជាក់​ស្តែង ​ចៅ​ក្រម ​ព្រះរាជ​អាជ្ញា​ទាំង​ឡាយ​ដែល​គាត់​កំពុង​តែរក​លុយ​ដោយ​ពុក​រលួយ​បាន​នោះ ​គាត់​សុខចិត្ត​ស្តាប់​បញ្ជា​របស់​អ្នក​មាន​អំណាច​ដើម្បីរក្សា​តំណែង​ ដែល​គាត់​អាច​រកលុយ​បាន។​ នេះជា​ស្ថាន​ភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ខ្មែរ​បច្ចុប្បន្ន ​ដែលមិន​អាច​កែ​បាន​ទេ ​ដរាប​ណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​កាន់​អំណាច។ ​ហើយ​បើសិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​កាន់​អំណាច ​នៅ​តែ​ក្តោប​ប្រព័ន្ធ​តុលាការ​អញ្ចឹង»។​

កាលពី​ថ្ងៃ​អង្គារ ​លោក​សូរិយា ប្រសាទ ​ស៊ូបេឌី ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​បន្ទាន់ ​«ដោយ​មិន​បង្អង់»។​

លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បក​ស្រាយ​ថា ​រដ្ឋា​ភិបាល​បាន​បោះ​ជំហាន​ជា​វិជ្ជមានច្រើន​ក្នុង​ដំណើរការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ។​

«យើង​បាន​ចាប់​ផ្តើម​ផ្តួច​ផ្តើម​ច្បាប់​ស្តីពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​គឺ​មាន​ពាក់​ព័ន្ធ​នឹង​ចៅ​ក្រម​ និង​ក្រុម​ប្រឹក្សាអង្គចៅក្រម។​ ហើយ​ចំណុចទី​២​ យើង​បាន​ពន្លឿន​បង្កើត​រដ្ឋបាល​សម្រាប់​បម្រើ​ចៅក្រម»។​

សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​ រួម​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការរៀបចំ​អង្គ​តុលាការ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអាជ្ញា។​

ប៉ុន្តែ​គឺ​ជា​ច្បាប់​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​ស្តី​បន្ទោស​ថា​ ជា​ច្បាប់​មិនមាន​ធម្មនុញ្ញ​ភាព​នោះ​ទេ។​

លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លើក​ឡើង​ថា​ ក្រុម​សមាជិក​សភា​គណបក្ស​របស់​លោក​នឹង​ជំរុញ​ការ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​នេះ ​តាម​រយៈ​សំឡេងនៅ​ក្នុង​រដ្ឋសភា​ និង​តាម​រយៈ​ការ​តាម​ត្រួត​ពិនិត្យ​ដិត​ដល់​លើ​សកម្មភាព​របស់​រដ្ឋ។​

ទោះជា​បែប​នេះ​ក្តី​ ​ការ​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​អាច​នឹង​ជះ​ឥទ្ធិ​ពល​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​ ដោយសារ​តែ​ជន​រងគ្រោះ​នៃប្រព័ន្ធ​តុលាការ​ដែល​នៅ​ទន់​ខ្សោយ​នេះ​ នឹង​សម្រេច​ចិត្តនៅ​ក្នុង​សន្លឹកឆ្នោត​របស់​ពួក​គេ៕