តុលាការ​បញ្ចេញ​ភស្តុតាង​ឃ្លីប​វីដេអូ​ចំនួន​៧​ក្នុង​សំណុំ​រឿង​លោក​ កឹម សុខា​​ តែ​មេធាវី​ថា​ ជា​ភស្តុតាង​ចាស់

រូបឯកសារ៖ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​ មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

តុលាការ​ក្រុង​ភ្នំពេញ​បាន​បង្ហាញ​ភស្តុតាង​ជាឃ្លីប​វីដេអូ​៧​បន្ថែម​ទៀត​ ក្នុង​សវនាការ​លើក​ទី​២៨​របស់​លោក​ កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ​មាន​អាមេរិក​នៅ​ពី​ក្រោយ។​

ការ​បង្ហាញ​ភស្តុតាង​ជា​វីដេអូ​ទាំង​៧​នោះ​ ធ្វើ​ឡើង​ក្រោយ​តុលាការ​ចាក់​បង្ហើយ​វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​១​ម៉ោង​ បង្ហាញ​អំពី​ការ​ថ្លែង​របស់​លោក ​កឹម សុខា​ នៅ​ប្រទេស​អូស្រា្តលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ដែល​ជា​ភស្តុតាង​មួយ​ត្រូវ​បាន​តុលាការ​កំពូល​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​

តំណាង​អយ្យការ​គឺ​លោក​ ប្លង់ សុផល​ បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដែល​មាន​លោក​ចៅក្រម​ កូយ សៅ ​ជា​ប្រធាន​ ប្រើ​ប្រាស់​វីដេអូ​ទាំង​៧​នោះ​ដើម្បី​បញ្ជាក់​អំពី​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ​របស់​លោក ​កឹម សុខា​ បន្ទាប់​ពី​ការ​ថ្លែង​របស់​អតីត​មេបក្ស​ប្រឆាំង​រូប​នេះ​នៅ​ទីក្រុង​ Melbourne ​រដ្ឋ​ Victoria ​ប្រទេស​អូស្ត្រាលី។

ក៏​ប៉ុន្តែ​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ​កឹម សុខា​ បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ តំណាង​អយ្យការ​បាន​ព្យាយាម​ប្រើ​ប្រាស់​ភស្តុតាង​«ច្រំដែល» ​និង​ធ្លាប់​ត្រូវ​ជជែក​សួរ​ដេញ​ដោល​គ្នា​រួច​មក​ហើយ​ ហើយ​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ក៏​ធ្លាប់​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ប្រឆាំង​ការ​ដាក់​បន្ថែម​ភស្តុតាង​ទាំង​នេះ​ផង​ដែរ។​

លោក​មេធាវី អាង ឧត្តម និយាយ​ជាមួយ​អ្នកកាសែត នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

លោក​ អាង ឧត្តម ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៤​រូប​ដែល​ការពារ​ក្តី​ឱ្យ​លោក​ កឹម សុខា ​បកស្រាយ​ថា៖ ​

«ឯកសារ​នេះ​ យើង​បាន​តវ៉ា។ ​ យើង​បាន​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ក្នុង​ការ​ដាក់​ឯកសារ​បន្ថែម​របស់​តំណាង​អយ្យការ​ ក៏​ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​ ដោយ​សារ​...​ដែល​យើង​ថា​ អត់​មាន​ពាក់​ព័ន្ធ។ ​ វា​ចម្រូង​ចម្រាស។​ អ៊ីចឹង​គេ​យក​ឯកសារ​នេះ​មក​ចាក់​ឡើង​វិញ​គោល​បំណង​គេ​ ចង់​ឱ្យ​សាធារណ​ជន​បាន​ដឹង​ បាន​ឮ​ដែរ។​ តាម​ពិត​ឯកសារ​ទាំង​អស់​នេះ​បាន​សួរ​ដេញ​ដោល​ អស់​គ្មាន​សល់​ទេ​ កន្លង​មក»។​

ចំណែក​អ្នកស្រី ​ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក ​កឹម សុខា ​មួយ​រូប​ទៀត​ បាន​ស្នើ​ឱ្យ​តុលាការ​បង្កើន​ថ្ងៃ​ជម្រះ​សំណុំ​រឿង​លោក ​កឹម សុខា ​ដើម្បី​ការពារ​សិទ្ធិ​ទទួល​បាន​ការ​កាត់​ក្តី​មួយ​ត្រឹម​ត្រូវ​ ហើយ​ចៅក្រម​ក៏​មិន​អាច​ធ្វើ​តាម​ការ​ស្នើ​របស់​តំណាង​អយ្យការ​ថា​សំណុំ​រឿង​លោក​ កឹម សុខា​ ជា​សំណុំ​រឿង​ធំ ​ដូច្នេះ​មិន​អាច​មាន​ការ​កំណត់​ថ្ងៃ​ជាក់​លាក់​ដើម្បី​កាត់​សេចក្តី​នោះ​ទេ។​

«អត់​អាច​លើក​ហេតុ​ផល​ថា​ រឿង​នេះ​ធំ​ លើក​ហេតុ​ផល​ថា​ រឿង​នោះ​តូច​បាន​ទេ»។ ​

ក្នុង​សាល​សវនាការ​ តំណាង​អយ្យការ​លោក​ ប្លង់ សុផល​ បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​រឿង​ក្តី​លោក​ កឹម សុខា​ ជា​សំណុំ​រឿង​ស្មុគ​ស្មាញ ​ដែល​ត្រូវ​ការ​ពេល​ពិនិត្យ ​និង​ដេញ​ដោល​សួរ​ពី​ភស្តុតាង​នីមួយៗ​ ដើម្បី​បាន​ជា​សំអាង​ហេតុ​ចេញ​សាល​ក្រម​ ដូច្នេះ​លោក​ថា​ ភាគី​មេធាវី​ជន​ជាប់​ចោទ​គ្មាន​សិទ្ធិ​តវ៉ា​លើ​ការ​កំណត់​ពេល​ជម្រះ​ក្តី​ដោយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«សំណុំ​រឿង​នេះ ​មិន​មែន​ចោរ​លួច​កង់​ គឺ​ជា​សំណុំ​រឿង​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ជាតិ»។​

បន្តិច​ក្រោយ​មក​ទៀត​ តំណាង​អយ្យការ​លោក ​ប្លង់ សុផល​ លើក​ឡើង​ថា​ លោក​ កឹម សុខា​ អាច​សារភាព​ ព្រោះ​មាន​ភស្តុតាង​ជា​ដុំ​កំភួន​រួច​ទៅ​ហើយ។ ​ ការ​ព្រលយ​ពាក្យ​អំពី​ការ​តម្រូវ​ឱ្យ​លោក​កឹម សុខា​ សារភាព​ រួច​បញ្ចប់​នីតិវិធី​ជម្រះ​ក្តី​នោះ​ គឺ​ធ្វើ​ឡើង​ជា​លើក​ទីពីរ​ហើយ​ ព្រោះ​កាល​ពី​សប្តាហ៍​មុន​ លោក​តំណាង​អយ្យការ​ដដែល​ក៏​បាន​ប្រើ​ពាក្យ​សម្តី​ស្រដៀង​គ្នា​នេះ​ដែរ។​

អ្នកស្រី​ ម៉េង សុភារី ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ សេចក្តី​ពន្យល់​របស់​ភាគី​អយ្យការ​ ពាក់​ព័ន្ធ​នឹង​លទ្ធភាព​ដែល​លោក​ កឹម សុខា​ អាច​សារភាព​នោះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។​

«មិន​អាច​និយាយ​ថា​ រឿង​លឿន​...​ ទាល់​តែ​ជន​ជាប់​ចោទ​មរណ​ភាព​ឬ​មួយ​ក៏​ជន​ជាប់​ចោទ​សារ​ភាព ។ ​អត់​អាច​និយាយ​អ៊ីចឹង​បាន​ទេ។ រឿង​ជន​ជាប់​ចោទ​ទទួល​មរណភាព​ គឺ​ជា​រឿង​អាជ្ញា​អស់​ជំនុំ​ មិន​មែន​ជា​រឿង​នីតិវិធី​ដោយ​តាម​រយៈ​ជន​ជាប់​ចោទ​ ទទួល​មរណ​ភាព​ ឬ​មួយ​ក៏​ពន្លឿន​នីតិវិធី​ដោយ​ជន​ជាប់​ចោទ​ ទទួល​សារភាព​នោះ​ទេ។ ​ វា​ជា​ការ​រំលោភ​ទៅ​នឹង​សិទ្ធិ​ជន​ជាប់​ចោទ​ និង​គោល​ការណ៍​បទដ្ឋាន​យុត្តិធម៌»។​

ឃ្លីប​វីដេអី​ខ្លីៗ​ចំនួន​៧​ដែល​តុលាការ​ចាក់​បញ្ចាំង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​អំពី​សេចក្តី​រាយ​ការណ៍​មួយ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ ទាក់​ទង​នឹង​ការ​ព្រម​ព្រៀង​នយោបាយ​រវាង​ លោក ​សម រង្ស៊ី​ ប្រធាន​គណ​បក្ស​សម រង្ស៊ី​ និង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ ដើម្បី​ធ្វើ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណ​បក្ស​ទាំង​ពីរ​ ដើម្បី​បង្កើត​ជា​គណបក្ស​ជំទាស់​ថ្មីមួយ​តំណាង​អ្នក​ប្រជា​ធិបតេយ្យ​ខ្មែរ។​

វីដេអូ​ខ្លះ​បាន​បង្ហាញ​អំពី​ព្រឹត្តិ​ការណ៍​បាតុកម្ម​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​ការ​ដឹកនាំ​របស់​លោក ​កឹម សុខា​ និង​លោក​សម រង្ស៊ី ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ​ដែល​មាន​គោល​ដៅ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​កម្មករ ​និង​មន្ត្រី​រាជការ​ ព្រម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ តែ​ត្រូវ​ខាង​អយ្យការ​ចោទ​ថា​ ជា​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​កម្ពុជា ព្រោះ​មាន​ការ​អំពាវនាវ​ពី​លោក ​កឹម សុខា​ និង​លោក​ សម រង្ស៊ី​ឱ្យ​ពលរដ្ឋ​ប្រមូល​ផ្តុំ​ជា​មហា​បាតុកម្ម​អំឡុង​ពេល​នៃ​ការ​ធ្វើ​ការ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ កាល​ខែធ្នូ​ ឆ្នាំ​២០១៣។​

ក្នុង​ចំណោម​វីដេអូ​ទាំង​នោះ ​មាន​វីដេអូ​មួយ​បាន​បង្ហាញ​អំពី​ហេតុ​ការណ៍​ហិង្សា​របស់​បាតុករ​មួយ​ចំនួន​ដែល​វាយ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​ក្នុង​អគារ​មន្ទីរ​សម្រាក​ព្យាបាល​ឯករាជ្យ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង។​ភាគី​តំណាង​អយ្យការ​ពន្យល់​តុលាការ​ថា​ ផ្តើម​ចេញ​ពី​អំពើ​ហិង្សា​នោះ​ គឺ​ជន​ជាប់​ចោទ​ មិន​អាច​យក​រួច​ខ្លួន​ថាការ​ធ្វើ​បាតុកម្ម​កន្លង​មក​នោះ​ជា​បាតុកម្ម​អហិង្សា​ទេ។​

អ្នកស្រី ម៉េង សុភារី មេធាវី​ការពារ​ក្តី​លោក កឹម សុខា និយាយ​ជាមួយ​អ្នកកាសែត នៅ​ខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

តំណាង​អយ្យការ​ពន្យល់​ទៀត​ថា​ វីដេអូ​ទាំង​៧​ ដែល​ចាក់​បញ្ចាំង​ក្នុង​សាល​សវនាការ​នៅ​ថ្ងៃ​អង្គារ​ បង្ហាញ​ថាលោក​ កឹម សុខា​ ដែល​ជាប់​ចោទ​ពី​បទ​សន្ឋិដ្ឋិភាព​ជាមួយ​បរទេស​ ឬ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​ បាន​អនុវត្ត​ផែន​ការ​ទៅ​តាម​ការ​រៀបរាប់​របស់​លោក​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​បក្ស​ជំទាស់​នៅ​ប្រទេស​អូស្រាលី។​

ក្នុង​សាល​សវនាការ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ​ លោក ​កឹម សុខា ​ដែល​រង​ការ​ចោទ​ថា​ បង្ក​ឱ្យ​មាន​អំពើ​ប្រទូស​រ៉ាយ​ ឬ​អំពើ​ឈ្លាន​ពាន​កម្ពុជា​ផង​នោះ មិន​បាន​ថ្លែង​សំណូម​ពរ​ណា​មួយ​ទៅ​កាន់​ក្រុម​ ប្រឹក្សា​ជំនុំ​ជម្រះ​ទេ​ ដោយ​លោក​ត្រូវ​គេ​សង្កេត​ឃើញ​អង្គុយ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​និង​មាន​ការ​កត់​ត្រា​ទុក​នូវ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ភាគី​តតាំង​ក្តី​ក្នុង​សវនាការ។​

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី​ ចក់ សុភាព​ ដែល​បាន​ចូល​ឃ្លាំ​មើល​សវនាការ​បាន​ផ្តល់​ការ​កត់​សម្គាល់​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហេ្វសប៊ុក​ថា​អយ្យការ​ និង​ចៅក្រម​បាន​យល់​ស្រប​ឱ្យ​មាន​ការ​ប្រើប្រាស់​ភស្តុតាង​វីដេអូ​ទាំង​៧​ ដែល​ក្រុម​មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​បាន​ជំទាស់ ​ដោយ​សារ​ក្រុម​មេធាវី​ចង់​ឲ្យ​ពន្លឿន​នីតិវិធី។​

អ្នកស្រី​ ចក់ សុភាព​ បាន​ពន្យល់​ទៀត​ថា​សេចក្តី​រាយ​ការណ៍​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ដែល​និយាយ​អំពី​ការ​រួបរួម​រវាង​លោក ​កឹម សុខា ​និង​លោក​ សម រង្ស៊ី ​នៅ​ប្រទេស​ហ្វីលីពីន​នោះ​ ត្រូវ​បាន​អយ្យការ​អះអាង​ថា​ ជា​ភស្តុតាង​បង្ហាញ​ពី​ភាព​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស។​ មេ​ដឹកនាំ​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​បន្ថែម​ថា​ លោក​ កឹម សុខា​ និង​សកម្ម​ជន​ដទៃ​ទៀត​មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​រង​បទ​ចោទ​ប្រកាន់​ដោយ​សារ​តែ​ភាព​សកម្ម​ខាង​នយោបាយ​ ឬ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​នោះ​ឡើយ។​

ក្រុម​មេធាវី​ការពារក្តី​របស់​លោក​ កឹម សុខា ​បាន​និយាយ​ថា​រឿង​ក្តី​លោក​ កឹម សុខា​ មាន​ជាប់​ហេតុ​ផល​នយោបាយ​ ដែល​តោង​ឱ្យ​មាន​ការ​សម្រប​សម្រួល​ និង​ការ​ផ្តល់​សម្បទាន​នយោបាយ​ពី​ថ្នាក់​ដឹកនាំ​នយោបាយ​កម្ពុជា​ ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក​ កឹម សុខា​ បាន​វិល​មក​បម្រើ​ប្រទេស​ជាតិ​វិញ។​

មេធាវី​ការពារ​ក្តី​ម្នាក់​ លោក​អាង ឧត្តម​ និយាយ​ថា៖​ «មិន​ថា​តែ​ពលរដ្ឋ​ខ្មែរ​ទេ​ មិន​ថា​ តែ​មតិ​អន្តរ​ជាតិ​ទេ​ ពិភព​លោក​ សាកល​លោក​ សូម្បី​តែ​អ្នក​ប្តឹង​ខ្លួន​ឯង​ អ្នក​ប្តឹង​ដើម​បណ្តឹង​អាជ្ញា​ហ្នឹង​ ព្រះ​រាជអាជ្ញា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ហ្នឹង​ រដ្ឋាភិបាល​ក៏​ដឹង​ថា​ រឿង​នេះ​ជារឿង​នយោបាយ​ដែរ។​ ប៉ុន្តែ​គេ​នៅ​តែ​ធ្វើ»។​

បន្ទាប់​ពីការ​ចាក់​បញ្ចាំង​វីដេអូ​ចំនួន​៧​នោះ​មក លោក​ចៅក្រម ​កូយ សៅ​ បាន​ប្រកាស​បន្ត​សវនាការ​ទៅ​ថ្ងៃ​ពុធ​ ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២៕​