តុលាការ​សម្រេច​ឱ្យ​លោក ទាវ វណ្ណុល សង​ជំងឺ​ចិត្ត​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​​១លាន​៥សែនដុល្លារ

រូបឯកសារ៖ លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។

ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សម្រេច​ផ្តន្ទា​ទោស​លោក​ ទាវ វណ្ណុល​ ប្រធាន​គណបក្ស​ភ្លើង​ទៀន ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​ដោយ​បង្គាប់​ឱ្យ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​រូប​នោះ​បង់​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្តឹង​ដែល​ជា​រដ្ឋាភិបាល​កម្ពុជា​ ប្រមាណ ​១​លាន ​៥​សែន​ដុល្លារ​អាមេរិក។​

លោក ​ជូង ជូងី ​មេធាវី​របស់​លោក ​ទាវ វណ្ណុល ​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​ស្តាប់​ការ​ប្រកាស​សាលក្រម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា ​តុលាការ​ពិន័យ​លោក ​ទាវ វណ្ណុល​ចំនួន​ ១០​លាន​រៀល​ ឬ​ប្រមាណ​ ២.៥០០ ​ដុល្លារ​អាមេរិក ​និង​បង្គាប់​ឱ្យ​សង​ទៅ​ដើម​បណ្តឹង​ចំនួន ​៦ ​ពាន់​លាន​រៀល​ ឬ​ប្រមាណ​ ១​លាន ​៥​សែន​ដុល្លារ​អាមេរិក។​

លោក​យល់​ថា ​ការ​សម្រេច​របស់​តុលាការ​មិន​យុត្តិធម៌​សម្រាប់​កូនក្តី​លោក​ឡើយ។​ លោក​បន្ថែម​ថា ​លោក​នឹង​ផ្តល់​ការ​ប្រឹក្សា​ច្បាប់​ដល់​កូនក្តី​ថា តើ​លោក ​ទាវ វណ្ណុល​ នឹង​សម្រេច​ប្តឹង​ឧទ្ធរណ៍​ ឬ​យ៉ាងណា។​

លោក​ថ្លែង​ថា៖ ​«ពី​ព្រោះ​ខ្ញុំ​ជា​មេធាវី​យល់​ឃើញ​ថា ​អ្វី​ដែល​គាត់​និយាយ​នោះ ​គឺ​ជា​ការ​ពិត​ម្យ៉ាង ​ហើយ​ម្យ៉ាង​ទៀត ​គឺ​ជា​ការ​បង្ហាញ​ទស្សនៈ​យល់​ឃើញ​របស់​គាត់ ​បាទ»។​

បើ​តាម​លោក ​ជូង ជូងី ​លោក ​ទាវ វណ្ណុល ​មិន​អាច​បង្ហាញ​មុខ​នៅ​តុលាការ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ពេល​ប្រកាស​សាលក្រម ​ដោយ​សារ​លោក​ជាប់​«ការងារ​នយោយបាយ​នៅ​ក្រៅ​ប្រទេស»។​

នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​កន្លង​ទៅ ​មេធាវី​រដ្ឋាភិបាល​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​បាន​ទា​មទារ​សំណងជំងឺ​ចិត្ត​ចំនួន​ ៦​ពាន់​លាន​រៀល​ ឬ​ប្រហែល​ ១,៥​លាន​ដុល្លារ​ ពី​លោក ​ទាវ វណ្ណុល។ ​មេធាវី​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា ការ​ថ្លែង​របស់​លោក ​ទាវ វណ្ណុល ​ទៅ​កាន់​សារ​ព័ត៌មាន​ជប៉ុន​ កាល​ពី​កន្លង​ទៅ​ បាន​ធ្វើ​ឱ្យ​ខូចមុខ​មាត់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន ​Nikkei Asia ​លោក ​ទាវ វណ្ណុល ​បាន​រិះគន់​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ចាប់​តាំង​ពី​លោក ​ហ៊ុន ម៉ាណែត ​ចូល​កាន់​តំណែង។ ​លោក​អះអាង​ថា ​អាជ្ញាធរ​បាន​ដំឡើង​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ឃ្លាំ​មើលសកម្មភាព​របស់​លោក ​និង​មេដឹកនាំ​គណបក្សភ្លើង​ទៀន​មួយ​ចំនួន​ទៀត។​

កាល​ពី​កន្លង​ទៅ ​លោក ​ទាវ វណ្ណុល ​ធ្លាប់​បាន​ស្នើ​ឱ្យ​អយ្យការ​ច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល ​ព្រោះ​លោក​យល់​ឃើញ​ថា​ អ្វី​ដែល​លោក​បាន​អត្ថាធិប្បាយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជប៉ុន​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ គឺ​ជា​សេរី​ភាព​នៃ​ការ​សម្តែង​មតិ។ ​លោក​បន្ថែម​ថា ការ​អតា្ថធិប្បាយ​របស់​លោក​ធ្វើ​ឡើង​គ្រាន់តែ​ជា​ការ​ប្រៀប​ធៀប​អំពី​ស្ថាន​ភាព​ប្រជា​ធិបតេយ្យ​ ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន​គឺ​លោក​ ហ៊ុន ម៉ាណែត ​និង​អតីត​នាយក​រដ្ឋមន្ត្រី ​គឺ​លោក ​ហ៊ុន សែន។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​លោក ​គី តិច​ ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ នី សុខា ​ប្រាប់​វីអូអេ​ថា​ លោកសោក​ស្តាយ​ចំពោះ​ការ​កាត់​ទោស​ដោយ​ពិន័យ​ជា​ប្រាក់​យ៉ាង​ច្រើន​ដល់​មេដឹក​នាំ​គណបក្ស​ប្រឆាំង។ ​លោក​ថា ​នេះ​នឹង​ធ្វើ​ឱ្យ​លំហ​នយោបាយ​កាន់​តែ​រួមតូច​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា៖​ «វា​ជា​សិទ្ធិ​សេរីភាព​របស់​អ្នក​នយោបាយ​ក្នុង​ការ​បញ្ចេញ​មតិ​ ជា​សារ​នយោបាយ​ទៅ​ដល់សកម្ម​ជន​របស់​ខ្លួន​ ដែល​ខ្លួន​ជា​មេដឹកនាំ​នយោបាយ​មួយ។​ ដូច្នេះ​យើង​មិន​គួរ​យក​បញ្ហា​សារ​នយោបាយ​របស់​ក្រុម​អ្នក​នយោបាយ​មួយ​មក​ចាប់​ទោស​អូស​ដំណើរ​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ។ ​អាហ្នឹង​វា​ធ្វើ​ឱ្យ​មាន​ការ​បង្ហាញឱ្យ​ឃើញ​ថា​ ដំណើរ​ការ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​យើង​កាន់តែ​មាន​បញ្ហា​រួមតូច​ទៅៗ»។​

បើ​តាម​លោក ​នី សុខា​ នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ជឿន​លឿន​ គេ​តែង​តែ​អត់ឱន​និង​អាស្រ័យ​ឱ្យ​គ្នា​ចំពោះ​ការ​សម្តែង​មតិ ​ឬក៏​សារ​នយោបាយ។​

គួរ​បញ្ជាក់​ថា ​កាល​ពីឆ្នាំ ​២០២២ ​សាលាដំបូង​បាន​កាត់​ក្តី​ឱ្យ​លោក ​សុន ឆ័យ ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​ចាញ់​ក្តី​នៅ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ដែល​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​តម្រូវ​ឱ្យ​លោក​សង​សំណង​សរុប​ជា​ទឹក​ប្រាក់​ប៉ុន្មាន ​៧៥ ​ម៉ឺន​ដុល្លារ​អាមេរិក ​ហើយ​អចលន​ទ្រព្យ​មួយ​ចំនួន​របស់​លោក​ត្រូវ​បាន​តុលាការចេញ​ដីកា​រក្សា​ការពារ៕​