សាលា​ឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្រោយ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន

រូបឯកសារ៖ លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។ (VOA)

ខណៈ​សាលា​ឧទ្ធរណ៍​កំពុង​​បើក​​សវនាការ​លើ​​​បណ្តឹង​​ប្រឆាំង​នឹង​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​​ពីជំនឿ​របស់​លោក​ថា​ ​សាលា​ឧទ្ធរណ៍​នឹង​មិន​ដោះលែង​លោក​ ​កឹម សុខា​ ​ឲ្យ​នៅក្រៅឃុំ​នោះ​ទេ។​ ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី​តែ​បន្តិច​ ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ក៏​បាន​សម្រេច​​បន្ត​ការ​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដូច​​ការ​លើកឡើង​របស់​លោក​  ​ហ៊ុន សែន។

សាលា​ឧទ្ធរណ៍នៅព្រឹក​ថ្ងៃអង្គារនេះ​ ​ប្រកាស​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ ​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​នៅ​ក្នុង​ឃុំ​ដដែល។​ ​ការ​សម្រេច​នេះ​ធ្វើ​ឡើង​ភ្លាម​ក្រោយការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន ​ដែល​បាន​ប្រកាស​ថា​ ​នឹង​មិន​ដោះលែង​ ​ឬ​បន្ធូរបន្ថយ​ទោស​លោក​ ​កឹម សុខា​ ​ជា​ដាច់​ខាត។​

ថ្លែង​ក្នុងពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​នៅ​ព្រឹក​ថ្ងៃទី​២៧​ ​ខែ​មីនា​នេះ​ ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រកាស​យ៉ាង​ដាច់​ណាត់​ជា​ថ្មី​ថា​ ​លោក​នឹង​មិនចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំងនោះ​ទេ​ ​ដោយ​លោក​ថា​ ​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ទើប​ត្រូវ​បាន​តុលាការ​រំលាយ​ ​តែងប្រមាថ​លោក​ ​និង​ក្រុម​គ្រួសារ​របស់​លោក​ជា​រឿយៗ។

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​បញ្ជាក់​តែ​ពីរ​ចំណុច​ទេ​ ​ទី១​ ​គ្មាន​ការចរចា​ជាមួយ​ពួក​ក្បត់​ជាតិ​ ​ទី២​ ​គ្មាន​ការ​លើក​លែង​ទោស​ ​ឬ​បន្ធូរ​បន្ថយ​ទោស​ឲ្យ​ក្រុម​ពួក​ក្បត់ជាតិ​នេះ​ទេ»។

លោក​នាយក​រដ្ឋមន្រ្តី ​ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ​ បាន​បន្ថែម​ថា​ ​លោក​ជា​អ្នក​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ទាំង​យប់​ ​ហើយ​លោកក៏​មិនជឿ​ថា​ ​តុលាការ​នឹង​ដោះលែង​លោក​ ​កឹម សុខា​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ដែរ។

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​មិន​ជឿ​ថា​ ព្រឹក​នេះ​ ​សាលា​ឧទ្ធរណ៍​គេនឹង​ដោះលែង​អាចោរ​ក្បត់ជាតិ​នោះ​ទេ​ ​ព្រោះ​នេះ​ជា​អំពើ​ក្បត់​ជាតិ។​ ​ប៉ុន្តែ​ខ្ញុំ​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​ ​ប្រសិន​បើ​តុលាការ​អនុញ្ញាត​ឲ្យ​វា​នៅ​ក្រៅ​ឃុំ។​ អាហ្នឹង​ខ្ញុំក៏​មិន​ដឹង​ធ្វើ​ម៉េច។​ ​ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ទេ​ថា​ តុលាការ​នឹង​ដោះលែង​អា​មេ​ក្បត់​ជាតិ​ហ្នឹង​ទេ។​ ​ហើយ​អ្នក​ដែល​ចាប់​ខ្លួន​ដំបូង​ ​អ្នក​ដែល​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដំបូង​គឺ​ ​ហ៊ុន សែន​ ​អ្នក​បញ្ជា​ ​គ្មាន​អ្នក​ណា​ផ្សេង​ទេ។​ ​បើ​គ្មាន​បទ​បញ្ជា​ពី​ ​ហ៊ុន សែន​ ​គ្មាន​អ្នកណា​ហ៊ាន​ចាប់​ទេ!​ ​តែ​ទោស​ក្បត់​ជាតិ​គឺ​ត្រូវ​ចាប់​ខ្លួន​ទាំង​យប់​អីចឹង»។​

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ធ្វើ​ឡើង ​ខណៈ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​កំពុង​បើក​សវនាការ​លើ​បណ្តឹង​របស់​លោក​ ​កឹម សុខា​ ​ដែល​ប្តឹង​មិន​សុខចិត្ត​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដែ​ល​បាន​បន្ត​ឃុំ​ខ្លួន​លោក​ ​ក្រោយ​ការ​ជាប់​ឃុំ​រយៈ​ពេល​៦​ខែបាន​បញ្ចប់។

ក្រោយ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​បន្តិច​ ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បានប្រកាស​តម្កល់​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ក្នុង​ពន្ធនាគារ​ដដែល។​ ​ការ​សម្រេច​នោះ​ធ្វើ​ឡើង​ ខណៈ​មាន​ការ​យាមកាមពី​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់​ ​ដោយ​មាន​ការ​បិទ​ផ្លូវ​ជុំវិញ​តុលាការ​ផង​ដែរ។​ ​ទោះ​យ៉ាង​ណា​ គេ​មិន​ឃើញ​មានវត្តមាន​របស់​លោក​ ​កឹម សុខា​ ​ចូល​រួម​ក្នុង​សវនាការ​នោះ​ទេ​ ​បើ​ទោះបី​ជា​អគ្គព្រះ​រាជអាជ្ញាសាលា​ឧទ្ធរណ៍​បានផ្ញើលិខិត​ទៅ​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ឲ្យ​បញ្ជូន​ខ្លួន​លោក​ ​កឹម សុខា​ ​ទៅ​ចូលរួម​សវនាការ​ក្តី។​

រូបឯកសារ៖ អ្នក​ស្រី​ ម៉េង​ សុភារី ​ជា​សហ​មេធាវី​ការពារ​ក្តីលោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​សវនាការ​នៃសំណុំ​រឿង​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)

ក្រោយ​បញ្ចប់​សវនាការ ​មេធាវី​មួយរូបក្នុង​ចំណោម​៨​រូប​ ​ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​គឺ​អ្នកស្រី​ ​ម៉េង សុភារី​ ​ប្រាប់​ ​VOA​ ​នៅ​ខាង​ក្រៅ​តុលាការ​ថា​ ​ការ​សម្រេច​របស់​តុលាការ​ ​គឺជា​ការ​សម្រេចដែល​អយុត្តិធម៌​ ​និងមិនអាច​ទទួល​យក​បាន។​ ​អ្នកស្រី​បន្ថែម​ថា​ ​ករណី​កូន​ក្តី​របស់​អ្នកស្រី​ ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយសុទ្ធ​សាធ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«យើង​ខ្ញុំ​ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ យល់​ឃើញ​ថា​ ​រឿងហ្នឹងជារឿង​នយោបាយ​ទេ​ ​ព្រោះ​គាត់​អត់​មាន​ប្រព្រឹត្ត​បទ​ល្មើស​អី​ទេ។​ ​ណាមួយ​យើង​ឃើញ​ថា​ ​ការ​ស៊ើប​អង្កេត​៦​ខែ​មក​នេះ​ ​ចៅ​ក្រម​ស៊ើប​សួរ​រកភស្តុតាង​មក​ដាក់​បន្ទុក​អី​មិន​ទាន់មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​គាត់​នៅ​ឡើយ​ទេ។ ​ការ​ពន្យារ​ពេល​ហ្នឹង​គឺជា​ការ​ប៉ះពាល់​សិទ្ធិ​របស់​គាត់​ ​ពីព្រោះ​អី វា​គ្មាន​ភស្តុតាង​អី​ដែល​អាច​មក​ដាក់​បន្ទុក​គាត់។​ ​អីចឹង បើកាល​ណា​ពន្យារ​ពេល​ឃុំ​ខ្លួន​ហ្នឹងធ្វើ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាពកូនក្តី​របស់​យើង​ខ្ញុំ​ធ្ងន់ធ្ងរ»។​

មេធាវី​ដដែល​បន្ថែម​ថា​ ​ការថ្លែង​ធ្ងន់ៗ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​នេះ​ ​គឺជា​ការ​ថ្លែង​បែប​អ្នក​នយោបាយ​ ​ ហើយថា ក្រុម​មេធាវី​នៅ​តែ​រំពឹង​ថា​ ​ដំណោះស្រាយ​សម្រាប់​អ្នកនយោបាយ​នឹង​នៅ​តែ​មាន។

អ្នកស្រី​បញ្ជាក់​ថា៖​

«កន្លង​មក​ យើងធ្លាប់​ឃើញ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ មិន​មែន​មិនធ្លាប់​មាន​ទេ​ ធ្លាប់​កើត​មាន​ជា​ហូរហែ​ ​ក៏​ប៉ុន្តែ​ចុងក្រោយ​គឺ​ដំណោះ​ស្រាយ​រវាង​អ្នក​នយោ​បាយគឺ​តែងតែ​កើត​មាន។ ​ហេតុ​ដូច្នេះ ​លើក​នេះ​ក៏​ដូចគ្នា​ យើង​ខ្ញុំ​សង្ឃឹម​ថា ​នឹង​មាន​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​មួយ​នៅ​ថ្ងៃ​ខាង​មុខ»។​

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

លោក​ ​កឹម សុខា ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ​ ​កាល​ពីខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ពី​បទ​ ​«ក្បត់ជាតិ»​ ​និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​ ​ក្រោយ​ការ​ចាប់ខ្លួន​អតីត​មេដឹកនាំ​គណបក្ស​ប្រឆំាង​ ​តុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ព្យួរ​សិទ្ធិ​របស់​ក្រុម​មន្ត្រី​ ​និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងនេះ​ចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​៥​ឆ្នាំ​ ​ទៅ​តាមបណ្តឹង​របស់​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន សែន​ ​កាលពី​ពាក់​កណ្តាលខែវិច្ឆិកា​ ​ឆ្នាំ​២០១៧។​

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​អស់​រយៈ​ពេល​ជាង​៦​ខែ​មក​ហើយ។​ ​ចៅ​ក្រម​សាលា​ដំបូង​រាជធានីកាលពី​ដើម​ខែមីនា​ ​បាន​បើក​សវនាការ​នៅ​ក្នុង​ពន្ធនាគារ​ ​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​បន្ថែម​ទៀត​ ​ក្រោយ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រយៈពេល​៦​ខែ​បាន​បញ្ចប់។​

កន្លង​មក​ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ប្តឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ​ដើម្បី​សុំ​មោឃ​ភាព​ការ​ចាប់​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ​ទាំង​កណ្តាល​យប់​ ដោយ​អះអាង​ថា​ ​ការ​ចាប់​ឃុំឃាំង​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ ដែល​មាន​អភ័យ​ឯក​សិទ្ធិ​សភា​នោះ​ គឺជា​អំពើ​ខុស​ច្បាប់​កំពូល​របស់​កម្ពុជា។​ ​ក្រុម​មេធាវី​ទាំង​នោះ​ក៏​បាន​ប្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​និង​សាលាឧទ្ធរណ៍​ ​សុំ​ឲ្យ​លោក​ ​កឹម សុខា​ បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម​ ​និង​ទឹក​នោម​ផ្អែម​ ​ប៉ុន្តែ​បណ្តឹង​របស់​ពួកគេ​ត្រូវ​បាន​តុលាការ​ទាំង​នោះ​ច្រាន​ចោល។​

ពេល​សាលា​ឧទ្ធរណ៍​បើ​កសវនាការ​របស់​លោក​ ​កឹម សុខាសុំ​នៅ​ក្រៅ​ឃុំ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​គេ​សង្កេត​ឃើញ​ថា​ មាន​ការ​ដាក់​របាំង ​និង​កងកម្លាំង​ការពារ​សន្តិសុខ​ជុំវិញ​សាលា​ឧទ្ធរណ៍​យ៉ាងតឹងរ៉ឹង។​ ជា​មួយ​គ្នា​នោះ​ដែរ ​មាន​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ ​កឹម សុខា​ ​ប្រមាណ​ជាង​៥០​នាក់​បាន​ប្រមូល​ផ្តុំក្បែរតុលាការ​ឧទ្ធរណ៍​ផង​ដែរ។​ ​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​ ​លោក​ ​កឹម សុខា​ ​បាន​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​តិចតួច​ជាមួយ​សមត្ថកិច្ច ពេល​ដែលអាជ្ញាធរ​ខណ្ឌ​ដូនពេញ​បើ​ការ​វាយ​ប្រហារ​លើ​អ្នក​គាំទ្រ​មួយ​រូប។​

លោក​ ​ម៉េត មាសភក្តី​ ​អ្នក​នាំពាក្យ​សាលារាជ​ធានី​ភ្នំពេញ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ពង្រាយ​កង​កម្លាំង​ចម្រុះ​នៅ​តាម​បរិវេណ​សាលា​ឧទ្ធរណ៍​ ​គឺ​ដើម្បី​រក្សា​សន្តិសុខ​ ​និង​សណ្តាប់​ធ្នាប់​នៅ​ទី​នោះ។​ ទោះយ៉ាងណា​ ​លោក​បដិសេធ​មិនប្រាប់​ពី​ចំនួន​កង​កម្លាំង​ចម្រុះ​ដែល​ត្រូវ​បាន​ពង្រាយ​កាល​ពីព្រឹក​មិញ​នោះទេ។ ​ ​ចំណែក​ករណី​ហិង្សា​ដែល​កង​សន្តិសុខ​ខណ្ឌប្រព្រឹត្ត​លើ​បុរស​អ្នក​គាំទ្រ​លោក​ ​កឹម សុខានោះ​ ​លោក​និយាយថា​ ​លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​នេះ​នៅ​ឡើយ។​

លោក ​ម៉េត មាសភក្តី​ ​បញ្ជាក់​ថា៖​

«ការ​ដាក់​កម្លាំង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ ​ក៏​ដូច​ជា​សន្តិសុខ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង ​ផ្តោត​ទៅ​លើ​ទីតាំង​នៅ​បរិវេណ​ជុំវិញ​សាលា​ឧទ្ធរណ៍​នេះ​ ​គឺ​ជាកិច្ចការ​ដែល​អាជ្ញាធរ​របស់​យើង​ត្រូវ​តែរក្សា​ ត្រូវ​តែ​ការពារ​ជូន​ទៅ​ដល់​អង្គ​សវនាការ​ផង​ ​ជូនទៅ​ដល់​អីៗ​អីចឹង​ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ម្តុំ​ហ្នឹង​កុំឲ្យ​មាន​ការ​កក​ស្ទះ​ ​កុំ​ឲ្យមាន​អី​ដែល​មាន​ការ​រំខាន​ដល់​សវនាការ។​ ​នេះ​ជា​ភារកិច្ច​ដែល​យើង​ត្រូវ​ធ្វើជូន​ទៅ​ស្ថាប័ន​តុលាការ»។​

គិត​មក​ដល់​ពេល​នេះ​ ​ ក្រៅ​ពី​លោក​ ​កឹម សុខា​ ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ យ៉ាង​ហោច​ណាស់​មាន​សកម្ម​ជន​នយោបាយ​ ​មន្ត្រី​ ​និង​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​ជាង​២០រូបកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ​នៅ​ទូទាំង​ប្រទេស។​ ​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​និង​កាត់​ទោស​ជា​បន្ត​បន្ទាប់​ចាប់​ពី​ឆ្នាំ​២០១៥​មក​ ​ទាក់ទង​នឹង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ​រាប់​ចាប់​តាំង​ពី​ការ​បង្ក​អំពើ​ហិង្សា​ ​និង​ការ​កកូរ​កកាយ​រឿង​ផែនទី​រឿង​ព្រំដែន​កម្ពុជា-វៀតណាម​ឡើង​វិញ។

ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ ការរំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​ ​ព្រម​ទាំង​ការ​បិទ​ស្ថាប័នមិនមែន​រដ្ឋាភិបាល​ ​និង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​មកនោះ​ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ ​ដោយ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ។​ ​ទាំង​សហ​រដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ខ្លួន​ឈប់គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ចំណែក​សភា​អឺរ៉ុប​ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​ដោយ​បាន​ទទូច​ឲ្យ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ ​ពន្លឿន​ការ​ដាក់​ទណ្ឌ​កម្មប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន ​ផង​ដែរ៕​