កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍យ៉ាងហោចណាស់ ៧ នាក់ ត្រូវបានតុលាការចេញដីកាកោះហៅទៅតាមបណ្តឹងភាគីក្រុមហ៊ុន ពាក់ព័ន្ធនឹងការរំលោភលើលំនៅឋាន ការឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ស្របពេលដែលកូដករមិនបន្ទន់ជំហរបញ្ឈប់ការតវ៉ាឡើយ។ នេះបើតាមមេដឹកនាំសហជីពដែលនៅបន្តមានវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងអ្នកការពារសិទ្ធិមនុស្ស។
ការកោះហៅកូដករនេះ កើតមានឡើង ស្របពេលការតវ៉ាប្រឆាំងនឹងការបណ្តេញចេញពីការងារទាំងបង្ខំ និងការរើសអើងសហជីពនៅតែបន្តធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងនៅថ្ងៃពុធនេះថា កូដករ ៦ នាក់ បានទទួលដីកាកោះហៅជាផ្លូវការ ហើយនៅមានកូដករមួយរូបទៀតក៏ត្រូវបានតុលាការកោះហៅដែរ តែមិនទាន់បានឃើញដីកា។
កញ្ញាប្រាប់វីអូអេបន្ថែមថា ការចេញដីកាកោះហៅកូដករជាបន្តបន្ទាប់ទៀតនេះ មានចេតនាបំបិទផ្លូវតវ៉ារបស់កូដករ ដែលកំពុងទាមទារឱ្យបញ្ឈប់ការរើសអើងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានអគារកាស៊ីណូធំៗ នៅកណ្តាលទីក្រុងភ្នំពេញ។
កញ្ញាថ្លែងថា៖ «ឥឡូវហ្នឹងគឺទាំងអស់មាន ៧ សរុប ៧ [នាក់] ប៉ុន្តែគ្រាន់ថា ៦ [នាក់] ទទួលបានដីកានៅក្នុងដៃ ម្នាក់ទៀតអត់ទាន់ទទួលបានដីកាដល់ដៃទេ។ ហើយក្នុងចំណោមហ្នឹង ៧ នាក់ហ្នឹង ឥឡូវ ៥ នាក់ បានដាក់ពាក្យពន្យារពេល ព្រោះដោយសារការយកដីកាមកឱ្យពួកគាត់ហ្នឹង គឺថាអត់ប្រក្រតីទេ អត់បានយកឱ្យគាត់ដល់ដៃ ហើយមានករណីខ្លះទៀតហួសម៉ោងទៅទៀត ឱ្យគាត់ចូលឆ្លើយបំភ្លឺពេលព្រឹក ល្ងាចទើបយកដីកាមកឱ្យគាត់ ហួសថ្ងៃដែលគាត់ត្រូវចូលឆ្លើយបំភ្លឺទៀត»។
កញ្ញាបន្ថែមថា នៅពេលការបញ្ជូនដីកាមកមានភាពមិនច្បាស់លាស់តាមនីតិវិធីយ៉ាងដូច្នេះ កូដករដែលរងពាក្យបណ្តឹងពិបាកក្នុងការត្រៀមខ្លួនរកមេធាវី និងសិក្សាអំពីដំណើររឿងនៃការប្តឹងផ្តល់។
កញ្ញា ឈឹម ស៊ីថរ លើកឡើងយ៉ាងដូច្នេះ៖ «អ៊ីចឹង កុំថា ឡើយគាត់ទៅរកមេធាវី ឬក៏សិក្សាអំពីពាក្យបណ្តឹង ករណីគេប្តឹងទាំងអស់ហ្នឹង ប៉ុន្តែសូម្បីតែពេលឆ្លើយឆ្លង ពេលចូលបំភ្លឺហ្នឹង គេប្រាប់ខុសម៉ោងដែរ»។
កូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយសារតាមអ្វីដែលមេដឹកនាំសហីពនៅក្រុមហ៊ុនកាស៊ីណូនេះអះអាងថា ក្រុមហ៊ុនបានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។
ក្នុងចំណោមកម្មករនិយោជិតជាង ១.៣០០ នាក់ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីខែមេសា ឆ្នាំ ២០២១ នោះ នៅមានកម្មករនិយោជិតជាង ១០០ នាក់ទៀតកំពុងបន្តតវ៉ាជាមួយក្រុមហ៊ុន ពាក់ព័ន្ធនឹងសំណើឱ្យក្រុមហ៊ុនទទួលចូលធ្វើការវិញ និងការជំទាស់នឹងការរើសអើងសហជីព។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ចាត់ទុកការប្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថាជាការផ្តល់ប្រយោជន៍ដល់កូដករទៅវិញ ដែលកំពុងប្រើប្រាស់សិទ្ធិជួបជុំតវ៉ាដោយសន្តិវិធី។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «បើសិនជាក្រុមហ៊ុននេះ នៅតែប្រើប្រាស់នៅទម្រង់គ្រប់រូបភាពទាំងឡាយ ដែលក្រុមហ៊ុនធ្លាប់បានប្រើប្រាស់កន្លងមកនេះ។ បញ្ហានេះ វានឹងជះឥទ្ធិពល អវិជ្ជមានទៅខាងក្រុមហ៊ុនទៅវិញទេ ព្រោះថា យើងដឹងហើយថា រាល់បណ្តឹងប្រឆាំងទៅនឹងមេដឹកនាំសហជីព សកម្មជនសហជីពនេះត្រូវបានមានការយកចិត្តទុកដាក់ខ្លាំង អំពីស្ថាប័នជាតិ និងអន្តរជាតិ ហើយការណ៍ដែលសំខាន់បំផុតនោះ គឺទាក់ទងទៅនឹងសិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិនៅក្នុងការជួបជុំប្រមូលផ្តុំ»។
បើតាមដីកាចេញដោយព្រះរាជអាជ្ញារង ឆាយ ហុង ចុះថ្ងៃទី ៣១ ខែកញ្ញា ផ្ញើជូនកូដករខ្លះដែលវីអូអេទទួលបាននោះ ក្រុមហ៊ុនណាហ្គាវើលដ៍បានប្តឹងកូដករពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់»។
អ្នកស្រី សុខ ថាវុធ កូដករម្នាក់អាយុ ៣៣ ឆ្នាំ ដែលរងការប្តឹងផ្តល់ពីភាគីក្រុមហ៊ុន បង្ហាញការភ្ញាក់ផ្អើលនៅពេលឃើញដីកាកោះហៅអ្នកស្រី ដែលគ្រាន់តែធ្វើការតវ៉ារកដំណោះស្រាយចម្បងមួយ គឺការទទួលយកសកម្មជន និងមេដឹកនាំសហជីពឯករាជ្យមួយឱ្យបានចូលធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ និងទម្លាក់ចោលរាល់បទចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព។
អ្នកស្រីថ្លែងថា៖ «យើងអត់មានបានដំណោះស្រាយហើយ យើងរងភាពអយុត្តិធម៌ត្រូវមានដីកាកោះ ពីតុលាការអ៊ីចឹងទៀត វាកាន់តែអយុត្តិធម៌ហ្មង អត់មានដំណោះស្រាយហើយ ធ្វើរឿងអយុត្តិធម៌ទៅលើយើងទៀត។ វាកាន់តែឈឺចាប់ អ៊ីចឹង វាអត់អាចឱ្យយើងឈប់បានទេមានតែបន្តទៅមុខទៀត»។
កូដកររូបនេះជឿថា តុលាការនឹងចេញដីកាកោះហៅកូដករបន្ថែមទៀត ក្នុងគោលដៅបំភិតបំភ័យកូដករ មិនឱ្យបន្តកូដកម្ម។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែគ្មានការឆ្លើយតប។ វីអូអេក៏មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយតាមទូរសព្ទពីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានដែរនៅថ្ងៃពុធនេះ។
បើតាមលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ កន្លងមក មានសកម្មជន និងថ្នាក់ដឹកនាំសហជីព ដែលការពារប្រយោជន៍កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ១១ នាក់ ត្រូវបានតុលាការចោទប្រកាន់ និងចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធគារក្រោមបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងវិធានការច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩ តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។
លោក អំ សំអាត មិនទាន់ដឹងថា តើមានអ្វីនៅពីក្រោយនៃការប្តឹងផ្តល់របស់ក្រុមហ៊ុនមកលើកូដករនោះទេ ហើយថា ការប្តឹងពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់នោះ ជាករណីធ្ងន់ធ្ងរមកលើកូដករ ព្រោះជាការប្តឹងដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។ លោក អំ សំអាត អះអាងថា តុលាការនឹងចេញដីកាបន្តបន្ទាប់ទៀត នៅក្នុងសំណុំរឿងកូដកម្មនេះ ដោយសារការចរចាដោយសន្តិវិធីដើម្បីឈានដល់ដំណោះស្រាយមិនបានជោគជ័យ៕
ភ្នំពេញ —