សាលាដំបូងរាជធានីភ្នំពេញបានដាក់បម្រាមលើអ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា មិនឱ្យចេញក្រៅប្រទេស បន្ទាប់ពីលោកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ បន្ថែមលើនោះ លោក ដារ៉ា ត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលមួយខែម្តង តាមការកំណត់។ នេះបើតាមការបញ្ជាក់របស់មេធាវី។
លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថា ជាអ្នកកាសែតដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជាត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍លោក ដារ៉ា ត្រូវបានឆ្មាំពន្ធនាគារខេត្តកណ្តាលដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីលោកបានចំណាយពេលនៅទីនោះអស់រយៈពេលជិតមួយខែ។ ប៉ុន្តែសេរីភាពរបស់លោកត្រូវបានកំហិត ហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទនោះដែរ។
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា គឺលោក ឌុច ពិសិដ្ឋ ប្រាប់វីអូអេនៅថ្ងៃសុក្រថា បើតាមការបញ្ជាក់ពីកូនក្តីរបស់លោក តុលាការបានដាក់លក្ខខណ្ឌមួយចំនួនទៅលើកូនក្តី។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងលក្ខខណ្ឌដែលដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ខាងខ្ញុំអត់ទាន់បានដីកាពីចៅក្រម។ អ៊ីចឹងព្រឹកនេះ ខ្ញុំទៅតុលាការ។ ខ្ញុំនឹងសុំថតចម្លងមួយច្បាប់ដើម្បីមើលថា តើមានលក្ខខណ្ឌអីខ្លះ? ខ្ញុំអត់ច្បាស់ដែរ។ តែអ្វីដែលលោក ដារ៉ា គាត់ចាំនោះមានពីរចំណុចដែលគាត់នៅចាំ។ គាត់ថា មានហាមមិនឱ្យចេញទៅក្រៅប្រទេស ហើយនឹងត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលមួយខែម្តង»។
មេធាវីរូបនេះបន្ថែមថា លោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោកបន្តទៀតដើម្បីស្នើឱ្យមានការទម្លាក់បទចោទលើកូនក្តីទៅតាមផ្លូវច្បាប់ ដែលលោកយល់ថា អាចនឹងមានផលវិជ្ជមានច្រើនក្នុងការស្នើសុំ។
លោកប្រាប់វីអូអេថា៖ «យើងមើលទៅប្រហែលជាអាចមានការសង្ឃឹមខ្លះដែរ ដោយសារគាត់ក៏បានសុំទោសនូវអ្វីដែលគាត់បានបង្ហោះនូវការខុសឆ្គង ហើយក៏មានការយោគយល់ពីថ្នាក់ដឹកនាំដែរ។ អ៊ីចឹងខ្ញុំគិតថា វាអាចជាសញ្ញាវិជ្ជមានមួយ។ វាអាចជួយតស៊ូមតិផ្នែកច្បាប់ដើម្បីជួយទម្លាក់បទចោទដល់គាត់»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅថ្ងៃសុក្រ។
លោក ម៉ិច ដារ៉ា ត្រូវបានកម្លាំងរាជអាវុធហត្ថចាប់ខ្លួន ហើយបញ្ជូនទៅប្រឈមមុខនឹងការកាត់ទោសនៅតុលាការក្រុងភ្នំពេញ ក្រោយលោកត្រូវបានអាជ្ញាធរមូលដ្ឋាននៅស្រុកបាភ្នំ ខេត្តព្រៃវែង ចោទប្រកាន់ថា បានបង្ហោះរូបភាពមិនពិតចំនួនពីរសន្លឹកលើបណ្តាញសង្គម ដែលបង្ហាញពីការបំផ្លិចបំផ្លាញភ្នំឈើកាច់ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
នាយកប្រតិបត្តិសមាគមខេមបូចា លោក ណុប វី យល់ឃើញថា ការដាក់បម្រាមរបស់តុលាការលើលោក ម៉ិច ដារ៉ា គឺជាការអនុវត្តទៅតាមនីតិវិធីរបស់តុលាការក្នុងសំណុំរឿងព្រហ្មទណ្ឌ។ ទោះយ៉ាងណា លោកនៅតែអំពាវនាវស្នើឱ្យមានការទម្លាក់បទចោទលើលោក ម៉ិច ដារ៉ា ដើម្បីបើកផ្លូវឱ្យលោកបានបំពេញវិជ្ជាជីវៈជាអ្នកកាសែតពេញលេញឡើងវិញ។
លោកថ្លែងថា៖ «ខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយចំពោះការដាក់បម្រាមរបស់តុលាការថា ត្រឹមត្រូវឬមិនត្រឹមត្រូវទេនៅក្នុងករណីនេះ។ ប៉ុន្តែគ្រាន់តែខ្ញុំអំពាវនាវជាការស្នើសុំឱ្យមានការពិចារណា និងពិនិត្យរបស់តុលាការ គឺខ្ញុំចង់ឃើញថា តុលាការលោកទម្លាក់ចោលការចោទប្រកាន់ទៅលើលោក ម៉ិច ដារ៉ា ទាំងអស់ឱ្យលោកមានសេរីភាព និងអាចបំពេញកិច្ចការងារវិជ្ជាជីវៈទៅតាមអ្វីដែលគាត់ធ្លាប់បានធ្វើកន្លងមក ដើម្បីឱ្យសមស្របជាមួយនឹងឆន្ទៈ ការចាប់អារម្មណ៍ក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់លោក ម៉ិច ដារ៉ា»។
តុលាការក្រុងភ្នំពេញបានសម្រេចដោះលែងអ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ឱ្យបានស្ថិតក្រៅឃុំ បន្ទាប់ពីលោកបានសរសេរលិខិត និងចេញវីដេអូថ្លែងទទួលស្គាល់កំហុស និងសុំអភ័យទោសពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីក្រុមគ្រួសាររបស់លោក ដារ៉ា តែមិនទាន់អាចទាក់ទងបាននៅឡើយទេ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃសុក្រ។
យ៉ាងណាក៏ដោយ អ្នកតាមដានមួយចំនួនបានសាទរនឹងសេរីភាពរបស់លោក ដារ៉ា ហើយបន្តស្នើឱ្យតុលាការពិចារណាទម្លាក់បទចោទលើអ្នកកាសែតរូបនោះ។ ដំណឹងនៃការដោះលែងលោក ដារ៉ា ពីពន្ធនាគារក៏ទទួលបានការទទួលស្វាគមន៍ពីសហគមន៍អន្តរជាតិផងដែរ។
នាយិកាទីភ្នាក់ងារ USAID អ្នកស្រី Samantha Power បានអត្ថាធិប្បាយក្នុងបណ្តាញសង្គម X ដែលពីមុនគឺជា Twitter តាមន័យដើមថា៖ «ថ្ងៃនេះ យើងអបអរចំពោះព័ត៌មាននៃការត្រឡប់មកផ្ទះវិញរបស់លោក ម៉ិច ដារ៉ា ដើម្បីត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។ យើងបន្តស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស និងយុត្តិធម៌ចំពោះការលំបាក ដែលគាត់បានឆ្លងកាត់»។
នៅពេលបិទបញ្ចប់ទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃពុធ អ្នកស្រី Power បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទីភ្នាក់ងារ USAID បានតាមដានករណីរបស់លោក ម៉ិច ដារ៉ា យ៉ាងដិតដល់ ហើយក៏បានជួបជាមួយគ្រួសាររបស់អ្នកកាសែតរូបនោះផងដែរ។
អ្នកស្រីក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អំពីករណីលោក ម៉ិច ដារ៉ា និងករណីផ្សេងៗទៀតដែលគួរឱ្យបារម្ភ ហើយបានសង្កត់ធ្ងន់អំពីការគាំទ្ររបស់ USAID ដើម្បីស្វែងរកដំណោះស្រាយជាវិជ្ជមានមួយចំពោះករណីទាំងអស់នោះ៕