តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក ​កឹម ​សុខា ​បន្ថែម​៦ខែ​ទៀត

FILE - Opposition party Cambodia National Rescue Party (CNRP) President Kem Sokha adressess party supporters during the party's political congress in Phnom Penh, Cambodia, March 2, 2017.

សាលាដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​បន្ត​ការ​ឃុំ​ខ្លួន​លោក ​កឹម​ សុខា ​ចំនួន​៦​ខែ​ទៀត​ ក្រោយ​ពីបាន​ធ្វើការ​សាកសួរ​ពេញ​មួយ​ថ្ងៃ។​

ជា​ថ្មី​ម្ដង​ទៀត ​គូ​ប្រជែង​ផ្នែក​នយោបាយ​ជាមួយលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​គឺ​លោក​ កឹម សុខា​ បាន​បរាជ័យ​សា​ជា​ថ្មី ​ក្នុង​ការ​ទាម​ទារ​រក​សិទ្ធិ​សេរីភាព​នៅ​ក្រៅ​ពន្ធនាគារ ខណៈ​ដែល​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ដំណើរ​ទៅពន្ធនាគារ​ដែល​ឃុំ​ខ្លួន​លោកក្បែរ​ព្រំដែន​វៀតណាម ​ដើម្បី​បើក​សវនាការ ​និង​សម្រេច​ថា ​អ្នក​នយោបាយ​ជំទាស់​រូប​នេះ​ត្រូវ​ដាក់​ឱ្យ​ឃុំ​ខ្លួនរយៈ​ពេល៦​ខែ​ទៀត។​

មន្ត្រី​តុលាការ ​និង​មេធាវី​ការពារ​ក្ដី​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រដ្ឋ​អំណាច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ បាន​និយាយ​នៅ​ល្ងាច​ថ្ងៃច័ន្ទ​នេះ​ថា​ ​ចៅក្រមស៊ើបសួរ​គឺលោក​ គី ​ឫទ្ធី​ បាន​បញ្ចប់​ការ​សាកសួរលោក​ កឹម ​សុខា​ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ដោយ​សម្រេច​បន្ត​នីតិវិធី​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធនាគារ​ដើម្បី​ស៊ើប​សួរ។​

លោក ​លី សុផាន់ណា ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​តាម​សារ​អេឡិច​ត្រូនិច​តេឡេក្រាម​ នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ ក្រោយ​បញ្ចប់​ដំណើរ​ការ​នៃ​នីតិ​វិធី​ក្នុង​ការ​សាក​សួរ ​និង​ពិភាក្សា​ដេញ​ដោល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ចៅក្រម​ស៊ើប​សួរ​យល់ថា ​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​លោក​ កឹម សុខា ​ដើម្បី​បន្ត​កិច្ច​ស៊ើប​សួរ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ជន​ត្រូវ​ចោទ​ត្រូវ​បាន​ដាក់​ក្រោម​ការ​ពិនិត្យ​ពី​បទ​ល្មើស​ជាបទ​ឧក្រិដ្ឋ ​ដែលការ​ពន្យារពេលឃុំខ្លួនមានរយៈ​ពេល​៦​ខែ»។​

រូបឯកសារ៖​ អ្នក​ស្រី​ ម៉េង​ សុភារី ​ជា​សហ​មេធាវី​ការពារ​ក្តីលោក កឹម សុខា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលា​ឧទ្ធរណ៍​ បន្ទាប់​ពី​សវនាការ​នៃសំណុំ​រឿង​បណ្ដឹង​លោក​ កឹម​ សុខា​ សុំ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (អូន​ ឆេងប៉រ/VOA)

អ្នកស្រី ​ម៉េង​ សុភារី ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​៧​រូប​ ដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា ​បាន​ប្រាប់ ​VOA​ ថា ​ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ និង​សុខភាព​របស់​លោក ​កឹម សុខា ​និង​ថា ​មេធាវី​ទាំង​៧​រូប​នឹង​ប្តឹង​បន្ត​ទៅ​សភា​ស៊ើបសួរនៃ​សាលា​ឧទ្ធរណ៍​ដើម្បី​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ។​

មេធាវី​រូប​នេះ​បាន​បញ្ជាក់​ថា៖​ ​

«បញ្ហា​ជំងឺ​ឆ្អឹង​កៀប​សសៃ​ហ្នឹង​ធ្វើ​ទុក​គាត់​ខ្លាំង​ឡើងៗ ​រួម​ផ្សំ​ជាមួយ​នឹងជំងឺ​ទឹក​នោមផ្អែម​ ក៏​ដូច​ជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ហ្នឹង ​ធ្វើ​ឲ្យគាត់​មាន​បញ្ហា​សុខភាព​ហ្នឹង​ខ្លាំង។ ​ម្ល៉ោះ​ហើយ ​ទើប​បាន​ជា​យើង​ខ្ញុំ​យល់​ថា​ ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លើ​កូន​ក្តី​យើង​ខ្ញុំ​ហ្នឹង​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​កូនក្តី​យើង​ខ្ញុំត្រូវ​ការ​ការ​ព្យាបាល​ ការ​ពិនិត្យ ​ជា​ពិសេស​ត្រូវ​ការ​ការ​វះ​កាត់​ជំងឺ​ឆ្អឹងកៀប​សសៃ​ហ្នឹង​ ទៅ​តាម​វេជ្ជ​បញ្ជានៃ​គ្រូពេទ្យ​ប្រទេស​សិង្ហ​បុរី»។​

គិត​ត្រឹមចុង​សប្ដាហ៍​កន្លង​ទៅ​ លោក ​កឹម​ សុខា ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល៦​ខែ​មក​ហើយ ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​ទាំង​មាន​អភ័យ​ឯក​សិទ្ធិ ​នៅពេលសមត្ថកិច្ចសម្រុក​ចូលទាំង​កណ្ដាល​រាត្រី ​នៅ​បី​ខែ ​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ​ដណ្ដើម​បាន​ការ​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់​មូល​ដ្ឋាន។

លោក ​អំ សំអាត ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​លីកាដូ ​ប្រាប់ ​VOA ​ថា ​ តុលាការគួរ​សិក្សា​ពី​ស្ថានភាព​ជំងឺ​របស់​លោក ​កឹម សុខា ​ដើម្បី​រក​ឲ្យ​ឃើញ​ថា ​តើ​លោក​ កឹម ​សុខា​ ពិត​ជាមាន​ជំងឺ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ជា​ចាំបាច់​មែន ឬ​យ៉ាង​ណា។ ​លោក​បន្ថែម​ថា ​ប្រសិនបើ​លោក​ កឹម សុខា ​ពិត​ជា​មាន​ជំងឺ​មែន ​នោះ​ការ​ឃុំ​ខ្លួន​លោក​ កឹម​ សុខា ​ក្នុង​ពន្ធនាគារ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​របស់​លោក​យ៉ាង​ធ្ងន់​ធ្ងរ។​

អ្នក​ឃ្លាំ​មើល​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា៖​ ​

«ទាក់​ទង​នឹង​ការ​សុំ​ព្យាបាល​ហ្នឹង​ បើ​សិន​ជា​យើង​មើល​ទៅ​លើ​បញ្ហា​សុខ​ភាព ​អា​ហ្នឹង​វា​ត្រូវ​តែ​មាន​ការ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ ថា​តើ​ឯកឧត្តម​ កឹម ​សុខា ​មាន​ជំងឺ​ពិត​ជា​ត្រូវ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មែន​ ​ឬ​ត្រូវ​ការ​ព្យាបាល​ដោយ​ពេទ្យ​ជំនាញ​មែន​ ឬ​យ៉ាង​ម៉េច?​ ​អា​ហ្នឹង​គួរ​តែ​ពិចារណា​ទៅ​លើ​បញ្ហា​ហ្នឹង​ ពី​ព្រោះ​សុខ​ភាព​មនុស្សហ្នឹង​ជា​ធំ»។​

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ប្រកាស​ថា ​លោក​នឹង​មិន​ស្នើ​សុំ​ព្រះ​រាជ​ទាន​លើកលែង​ទោស​ជាលើក​ទី៣​ឲ្យ​លោក​ កឹម ​សុខា ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពី​ការ​ចោទ​ថា ​មាន​ជាប់ព័ន្ធ​នឹងបទ​ក្បត់​ជាតិ​នោះ​ទេ។​

លោក ​ហ៊ុន សែន​ ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ឈូក​វ៉ា ​នៅ​រាជធានី​ភ្នំពេញ​ ខណៈ​លោក​កំពុងប្រតិកម្ម​នឹង​ការ​ស្នើ​ឲ្យ​មាន​ការ​ចរចានយោបាយរវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការរំលាយ។​

លោកថ្លែង​ថា៖​

«ហើយ​អាអ្នក​ដែល​ជាប់​គុក​រួច​ហើយ​នេះ ​ក៏​កុំ​សង្ឃឹម​ថា ​នឹង​មាន​ការសុំ​លើក​លែង​ទោស​ពី ​ហ៊ុន សែន ​នៅ​លើក​ទី៣​ឲ្យ​សោះ»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​កាន់អំណាច​ជាង​៣​ទសវត្សរ៍​ ​បាន​ស្នើ​ព្រះ​រាជ​ទាន​ទោស​ដល់​លោក ​កឹម សុខា​ ម្ដង​កាល​ពី​ឆ្នាំ​២០០៦ ​ទាក់​ទិន​នឹង​រឿង​ព្រំដែន ​និង​ម្ដង​ទៀត​កាល​ពី​ឆ្នាំ​២០១៦ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គេច​វេស​មិន​បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ។​

រដ្ឋាភិបាល ​និងព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​បាន​ចោទ ​លោកកឹម សុខាពី​បទ​«ក្បត់ជាតិ»​ ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់លោក​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ប្រព័ន្ធ​ឃោសនា​បំពង​សំឡេង​រណបរដ្ឋា​ភិបាល​ ​ដែល​ចង់​បង្ហាញ​ថា ​លោក កឹម សុខា ​បាន​ថ្លែង​ទទួល​ស្គាល់​ថា​ បាន​ទទួល​ការ​ណែនាំ​ពី​សហ​រដ្ឋ​អាមេរិក​ឱ្យ​អនុវត្ត​គម្រោងការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។​

ទាំង​លោក​ កឹម សុខា ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ទាំង​សហ​រដ្ឋ​អាមេរិក ​សុទ្ធ​តែ​បាន​បដិសេធ​បទ​ចោទ​ទាំង​នោះ​ថា ជា​រឿង​មិន​ពិត។ ​ជាមួយ​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​ទណ្ឌកម្ម​បុគ្គល​ផង​ បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច​ក៏​បាន​ថ្កោល​ទោស​សកម្មភាព​បង្ក្រាប​នេះ​ផង​ដែរ​ ដោយ​ពួក​គេ​ និង​អ្នក​ឃ្លាំ​មើល​ផ្សេង​ទៀត​ថា​ ចាត់​ទុក​ថា​ ជា​វិធី​ផាត់​ចេញ​នូវ​គូ​ប្រជែង​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់។

កន្លង​មក​ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​បាន​ប្តឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ ​ដើម្បី​សុំ​ធ្វើ​មោឃ​ភាព​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ដោយ​អះអាង​ថា​ ​ការ​ចាប់អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​ទាំង​កណ្តាល​យប់​និងមានអភ័យ​ឯក​សិទ្ធិ​សភា​បែប​នេះ​គឺ​ជា​អំពើ​ខុស​ច្បាប់​កំពូល​របស់​កម្ពុជា៕