សាលាដំបូងរាជធានីភ្នំពេញនឹងបន្តនីតិវិធីច្បាប់ចាត់ការសំណុំរឿងរបស់មន្ត្រីរាជការចំនួនបីរូប នៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងផែនការ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច ក្នុងករណីនាំមនុស្សចូលធ្វើការក្នុងស្ថាប័នរដ្ឋ។ នេះបើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមន្រ្តីតុលាការ។
មន្ត្រីរាជការទាំងបីនាក់នោះរួមមាន លោក នង រុន ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក អ្នកស្រី ស៊ុន ពេជ្រសុមាលី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាធន់មន់ និងលោក ហ៊ុយ ពិសិដ្ឋ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទនៃក្រសួងផែនការ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ បញ្ជាក់វីអូអេឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃចន្ទនេះថា ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យទាំងបីនាក់រួចហើយ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤។
លោកបន្ថែមក្នុងន័យដើមថា៖ «ការពាក់ព័ន្ធផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលចំណាត់ការផ្ទៃក្នុងរបស់អង្គភាព ដូច្នេះខ្ញុំសូមមិនធ្វើអត្ថាធិប្បាយ»។
បើតាមលោក សយ ចាន់វិចិត្រ មន្ត្រីរាជការទាំងបីរូបដែលកំពុងស្ថិតក្រោមការឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការកាត់ទោសនោះ ត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើស ចាប់ពីឆ្នាំ ២០២៣ មក និងបន្តរហូតមកដល់ខែឧសភា ឆ្នាំ ២០២៤ នេះ។
ចំណាត់ការច្បាប់ប្រឆាំងនឹងមន្ត្រីរាជការទាំងបីរូបនេះកើតឡើង ក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី បានប្រកាសកែទម្រង់ការជ្រើសរើសមន្ត្រីរាជការជាបន្តបន្ទាប់ ពោលគឺអ្នកដែលចង់ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រូវតែមានសមត្ថភាពពិតប្រាកដ ហើយត្រូវនឹងជំនាញដែលខ្លួនជ្រើសរើស។ រីឯការជ្រើសរើសនោះទៀតសោតគឺមិនអាស្រ័យលើបក្ខពួកនិយមនោះទេ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បានទេនៅថ្ងៃចន្ទនេះ។ ប៉ុន្តែលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី ១១ ខែឧសភាថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មនុស្សទាំងបីនាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធ នឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។
បើតាមមាត្រានេះ អ្នកប្រព្រឹត្តអាចជាប់ទោសទណ្ឌពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល។
ក្នុងរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មានក្នុងស្រុក ជនសង្ស័យទាំងបីនាក់នោះ ត្រូវបានអង្គភាពប្រឆាំងអំពីពុករលួយរកឃើញថាបានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌ ដោយខុសច្បាប់ ចាប់ពីឆ្នាំ ២០២៣ ដល់ខែឧសភា ឆ្នាំ ២០២៤ នេះ។ សកម្មភាពរត់ការទាំងនោះ រួមមាន ការរត់ការចូលក្របខណ្ឌគ្រូបង្រៀនរដ្ឋ និងក្របខណ្ឌក្រសួងផ្សេងៗទៀត ក៏ដូចជាការទទួលធ្វើសញ្ញាបត្រក្លែងក្លាយចាប់ពីកម្រិតទុតិយភូមិដល់ឧត្តមសិក្សា។
អ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា ប្រាប់វីអូអេថា ក្រសួងអប់រំតែងតែមានវិធានការទៅលើមន្ត្រីរូបណា ដែលប្រពឹត្តខុសនឹងច្បាប់សហលក្ខខន្តិកៈមន្ត្រីរាជការស៊ីវិល ហើយសំណុំរឿងរបស់គ្រូបង្រៀនពីរនាក់ដែលត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយនោះ កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។
អ្នកស្រីបន្ថែមថា៖ «កន្លងមក នៅពេលដែលក្រសួងអប់រំរកឃើញថាមានបុគ្គលិកអប់រំណាម្នាក់ ដែលគាត់ប្រព្រឹត្តខុសពីគោលការណ៍ណែនាំក៏ដូចជាច្បាប់ ដែលបានចែង ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំជាក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យមើលអំពីកម្រិតទោសដើម្បីកំណត់ទោសសម្រាប់បុគ្គលិកអប់រំនោះ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា អង្គការសង្គមស៊ីវិលសាទរនឹងវិធានការច្បាប់ប្រឆាំងនឹងអំពើសូកប៉ាន់ក្នុងករណីរត់ការឱ្យមនុស្សបានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ។ ទោះយ៉ាងណា លោកថា វាគួរតែមានការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធឯទៀតក្នុងសំណុំរឿងនេះ។
លោកថ្លែងថា៖ «អ៊ីចឹង សំខាន់គឺការស៊ើបអង្កេតនិងការស្រាវជ្រាវរកជនដែលពាក់ព័ន្ធ ពីព្រោះរឿងខ្លះ វាមិនមែនពាក់ព័ន្ធតែជនដែលត្រូវបានចោទប្រកាន់ទេ។ វាជនដទៃទៀតដែលពាក់ព័ន្ធនឹងផងដែរ។ អាហ្នឹង ជារឿងសំខាន់ណាស់»។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ ២០២២ អង្គការតម្លាភាពអន្តរជាតិដែលមានទីតាំងនៅប្រទេសអាល្លឺម៉ង់ បានចេញសន្ទស្សន៍នៃការយល់ដឹងអំពីអំពើពុករលួយឆ្នាំ ២០២១ ដោយបង្ហាញថាអំពើពុករលួយនៅកម្ពុជាស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ ហើយកាលពីខែមករា ឆ្នាំ ២០១៧ អង្គការតម្លាភាពកម្ពុជារកឃើញថា ស្ថាប័នតុលាការ ប៉ូលិស និងវិស័យសាធារណៈ នៅតែជាស្ថាប័នដែលមានកម្រិតអំពើពុករលួយខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា៕