តុលាការខេត្តរតនគិរីបានសម្រេចឃុំខ្លួនលោក ថេង សាវឿន និងសហការីរបស់លោក២នាក់នៅល្ងាចថ្ងៃចន្ទ ក្រោមបទចោទប្រកាន់«រួមគំនិតក្បត់»និង«ញុះញង់បង្កអន្តិសុខសង្គម»។ នេះបើតាមលោក កែវ ភក្តី អ្នកនាំ ពាក្យរបស់តុលាការខេត្តរតនគិរី។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃពុធ ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនៅទីនោះ។
ព័ត៌មានទាក់ទង៖
អ្នកគាំទ្របន្តទាមទារឱ្យដោះលែងលោក ថេង សាវឿន និងសហការីដែលរងការចោទប្រកាន់រឿងបង្រៀនអំពី«បដិវត្តន៍កសិករ»
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា សមត្ថកិច្ចរកឃើញថាវគ្គបណ្តុះបណ្តាលរបស់លោក ថេង សាវឿន បង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។
អ្នកស្រី ញូង សុខហៀង (ចំពីមុខ) ភរិយារបស់លោក ថេង សាវឿន អង្គុយចាំដំណឹងស្វាមី ក្បែរតុលាការខេត្តរតនគិរី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។ (ស៊ុន ណារិន/វីអូអេ)
អ្នកស្រី ញូង សុខហៀង ភរិយារបស់លោក ថេង សាវឿន ប្រាប់វីអូអេថា ការចោទប្រកាន់នេះធ្ងន់ធ្ងរចំពោះស្វាមី។ អ្នកស្រីបានការពារថាស្វាមីមកប្រជុំពង្រឹងសមត្ថភាពបុគ្គលិកនៅខេត្តរតនគិរីតែប៉ុណ្ណោះ ហើយការងាររបស់លោកគឺការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះ។
អ្នកស្រីថ្លែងថា៖ «បេសកកម្មរបស់ស្ថាប័នគាត់ វាមិនមែនជារឿងដែលត្រូវរួមគំនិតក្បត់ ឬញុះញង់ឲ្យប្រព្រឹត្តបទល្មើសផ្សេងៗនោះឡើយ»៕