សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង

លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។

សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ចំពោះ​សំណុំ​រឿង​លោក​មាជ សុវណ្ណារ៉ា​ និងលោក​ អ៊ុក ពេជ្រ​សំណាង​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដោយ​តុលាការ​បាន​សំអាង​ថា​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ហើយដូច្នេះ​ត្រូវ​រក្សា​រឿង​ក្តី​នេះ​ទុក​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​ពេញ​អង្គសេចក្តី។​

លោក​ មាជ សុវណ្ណារ៉ា​ អាយុ៤៧​ឆ្នាំ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួនជា​បណ្តោះ​អាសន្ន​ដើម្បី​រង់​ចាំ​ជំនុំ​ជម្រះ​ទោស​បន្ទាប់​ពី​លោក​បាន​ចូល​រួម​ទាម​ទារ​ឱ្យ​ដោះ​លែង​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃទី​១៥​ខែកក្កដា​គឺ​មាន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ព្រម​ព្រៀង​គ្នា​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ។​

លោក​ មាជ សុវណ្ណារ៉ា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ៖ ​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»។​

លោក​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចេញ​ពី​រថ​យន្ត​ដោយ​គ្រង​សម្លៀក​បំពាក់​ជា​អ្នក​ទោស​និង​ដៃ​ទាំង​ពីរ​បាន​ជាប់​ខ្នោះ​ក៏ប៉ុន្តែ​លោក​បាន​ឆ្លៀត​លើក​ដៃ​ជា​សញ្ញា​លេខ​៧​ដែល​តំណាង​លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បោះឆ្នោត​កាលពីឆ្នាំ​មុន។​

បន្ទាប់​ពីតុលាការ​បាន​សម្រេច​បដិសេធ​សំណើ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ ​លោក​មាជ សុវណ្ណារ៉ា​បាន​ស្តី​បន្ទោស​ដល់​តុលាការ​ថា​អយុត្តិធម៌។​ លោក​បាន​ចាត់​ទុក​ថា​រឿង​ក្តី​នេះ​ជា​រឿង​នយោបាយ​ដោយសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​មាន​គំនុំ​ជាមួយ​លោក​កន្លង​មក។​

លោក​និយាយ​ថា៖

«រឿង​នេះ​ជា​រឿង​គំនុំ​របស់​លោក​ហ៊ុន សែន។ ​កាល​ពី​ថ្ងៃទី​២២​ខែកក្កដា​ហ្នឹង​គឺ​ថា​គាត់​បាន​គំរាម​ឱ្យ​ចាប់​លោក​មាជ សុវណ្ណារ៉ា​មួយ​ទៀត​ដាក់​គុក។​អញ្ចឹង​បើ​អ្នក​ផ្សេង​មាន​ទោស​ដូច​គ្នា​ហេតុ​អ្វី​គេចេញ​អស់​ហើយ​ខ្ញុំ​នៅ​ជាប់​ទោស​ទៀត។​អញ្ចឹង​ជាគំនុំ​របស់​លោក​ហ៊ុន សែន​តែ​យុត្តិធម៌​នឹង​កើត​មាន»។

នៅ​ខាង​ក្នុង​អគារ​បរិវេណ​សាលា​ឧទ្ធរណ៍​មាន​សមាជិក​ក្រុមគ្រួសារ​លោក​មាជ​ សុវណ្ណារ៉ា​ និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​មក​គាំទ្រ​លោក​មាជ សុវណ្ណារ៉ា។ ក្នុង​ខណៈ​ពេល​ដែល​មេដឹក​នាំ​គណបក្ស​គឺ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា​មាន​វត្តមាន​នៅ​ក្នុង​ខេត្តបន្ទាយ​មានជ័យ។​

លោក​ជួង ជូងី​ មេធាវី​ការ​ពារក្តី​លោក​មាជ សុវណ្ណារ៉ា​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ចំនួន​៥រូប​មាន​ប្រសាសន៍​ថា​ការ​សម្រេច​នេះ​មិន​យុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក​ទេ​ហើយ​លោក​នឹង​ពិចារណា​ប្តឹង​ទាស់​ទៅ​កាន់​តុលាការ​កំពូល​បន្ត​ទៀត។

លោក​និយាយ​ថា៖

«រឿង​នេះ​គឺ​ជា​រឿង​មួយ​ដែល​អយុត្តិធម៌​បំផុត​សម្រាប់​លោក​មាជ សុវណ្ណារ៉ា​ ដែល​តាម​ការ​ដេញ​ដោល​ហើយ​ក៏​ដូច​ជា​ភស្តុតាង​ស៊ើប​អង្កេត​កន្លង​មក​អត់​មាន​ភស្តុតាង​អត់​មាន​សាក្សី​ណា​មក​ដាក់​បន្ទុក​ថា​គាត់​បាន​ប្រព្រឹត្ត​ដូច​មាន​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ»។

អ្នក​ស្រី​មូរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​លោក​ស្រីមាន​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​នេះ​ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់។ អ្នក​ស្រី​បាន​បញ្ជាក់​ថា​គណបក្ស​និង​បន្ត​ការ​តស៊ូ​តទៅ​ទៀត។​

លោក​ស្រី​និយាយ​ថា៖ «ការ​តស៊ូរបស់​យើង​ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ស្នេហាជាតិ​ដូច​លោក​មាជ សុវណ្ណារ៉ា​យើង​នឹង​បន្ត​ទៅ​ទៀត​ ហើយ​ការ​ដែល​ធ្វើ​ពង្រឹង​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​លុះ​ត្រា​តែមាន​សិទ្ធិ​សេរីភាព​ហើយ ​នឹង ​មាន​តុលាការ​ដែល​អព្យាក្រិត្យ​ពិត​ប្រាកដ»។​

លោក​ អ៊ុក ពេជ្រសំណាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ផ្សេង​ទៀត​បាន​ស្រែក​យ៉ាង​ខ្លាំងៗ​នៅ​សាលាឧទ្ធរណ៍​ថា​៖​«អ្នក​ឯង​ទាំង​អស់​គ្នា​ជា​សមត្ថកិច្ច។ ​មិន​ថ្វីទេ​ប្រពន្ធ​មិន​បាច់​ភ័យ​ទេ។​ បង​ជាប់​គុក​បង​អត់​មាន​បញ្ហាអ្វី​កើត​ឡើង​ទេ។ ពួកអ្នក​ឯង​យក​យើង​មក​ដាក់​ទោស​ ទារុណ​កម្ម​ធ្វើ​ជា​របៀប​ថោក​ទាប»។​

ក្នុង​ពេល​សាលាឧទ្ធរណ៍​សម្រេច​បដិសេធ​រឿង​ក្តី​លោក​មាជ សុវណ្ណារ៉ា​ និង​ លោក អ៊ុក ពេជ្រ​សំណាង​ អ្នកស្រី​ សាម សុគន្ធា​ មេធាវី​ការ​ពារ​ក្តី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​បាន​មក​ជំរុញ​សាលា​ឧទ្ធរណ៍​ឱ្យ​ពន្លឿន​រឿង​ក្តី​នេះ​ដោយ​សារ​តែ​អ្នក​ស្រី​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេបន្ទាប់ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​អស់​រយៈ​ពេល​បីថ្ងៃ​មក​ហើយ៕