តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបញ្ចប់សវនាការសាកសួរមេធាវីសញ្ជាតិខ្មែរអាមេរិកាំង កញ្ញា សេង ធារី និងសកម្មជននយោបាយមួយចំនួនទៀតក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស ហើយតុលាការគ្រោងប្រកាសសាលក្រមនៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនា។
នេះជាសវនាការលើកទី១៤ហើយក្នុងការសាកសួរ កញ្ញា សេង ធារី និងសកម្មជនផ្សងទៀត គិតចាប់តាំងពីការបើកសវនាការកាលពីខែមករា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃអង្គារនេះ កញ្ញាសេង ធារី ដែលស្លៀកពាក់ស មានដាវសៀតនៅនឹងចង្កេះ និងកាន់ជញ្ជីងពណ៌ទឹកប្រាក់ មិនបានចូលក្នុងសាលសវនាការឡើយ ដោយឈរចាំនៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ និងអានសេចក្តីថ្លែងការណ៍ បង្ហាញនូវអ្វីដែលកញ្ញាហៅថា ជាភាពអយុត្តិធម៌ទៅកាន់អ្នកសារព័ត៌មាន និងសកម្មជនសង្គមផ្សេងទៀត តាមការផ្សាយផ្ទាល់ក្នុងបណ្តាញសង្គមហ្វេសប៊ុក។
កញ្ញា សេង ធារី ដែលជាសកម្មជនការពារសិទ្ធិមនុស្សមួយរូបផងនោះ ពាក់ឆៀងក្រណាត់ភ្ជាប់ជាមួយពាក្យថា «អ្នកនាងយុត្តិធម៌»ផងដែរ និងបានអះអាងថា កញ្ញាបានឈរលើគោលការណ៍ប្រជាធិបតេយ្យ និងការណ៍ពិតចំពោះសកម្មភាពដែលកញ្ញាបានធ្វើកន្លងមកនោះ។ លើសពីនេះ កញ្ញាបន្តច្រានចោលការចោទប្រកាន់របស់តុលាការក្នុងសំណុំរឿងក្បត់ជាតិផងដែរ។
កញ្ញានិយាយថា៖ «បើអ៊ីចឹងព្រឹកនេះ ខ្ញុំជាអ្នកនាងយុត្តិធម៌ ហើយអាវុធរបស់ខ្ញុំ គឺការពិត។ អាវុធរបស់របបផ្តាច់ការគឺច្បាប់ ដែលពួកគាត់បង្កើតដោយខ្លួនឯង ដោយអស្ថិរភាព ដោយតាមអំពើចិត្ត ហើយតែងតែប្រឆាំងនឹងយុត្តិធម៌ ពីព្រោះ[របបដឹកនាំ]អត់មានមូលដ្ឋានយុត្តិធម៌»។
អតីតអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម កញ្ញា សេង ធារី ត្រូវបានតុលាការកោះហៅឱ្យមកតតាំងក្តីក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ ដែលមានទំនាក់ទំនងជាមួយព្រឹត្តិការណ៍នៃមាតុភូមិនិវត្តន៍មិនបានជោគជ័យរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រោយបិទបញ្ចប់សវនាការសួរដេញដោលនៅថ្ងៃអង្គារនេះ មេធាវីរបស់កញ្ញាសេង ធារី គឺលោក ជូង ជូងី បានប្រាប់វីអូអេថា តុលាការគ្រោងនឹងប្រកាសសាលក្រមលើកញ្ញា សេង ធារី និងសកម្មជនផ្សេងទៀត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង៨និង៣០នាទីព្រឹក។
កញ្ញា សេង ធារី ដែលកាន់លិខិតឆ្លងដែនសញ្ជាតិអាមេរិកាំងបានបញ្ជាក់ថា កញ្ញានឹងមិនចាកចេញពីប្រទេសឡើយ បើទោះមានការចាប់ខ្លួននៅថ្ងៃប្រកាសសាលក្រមក៏ដោយ។
កញ្ញាថ្លែងថា៖ «គេចង់ឱ្យតែខ្ញុំចាកចេញ ពីព្រោះគេមិនចង់ឱ្យមានសំឡេងតស៊ូមតិនៅក្នុងសង្គម ហើយគេចង់បង្រួម[សំឡេងតស៊ូមតិ]។ ទីកន្លែងហ្នឹង ដាច់ខាតខ្ញុំអត់ចេញ[ក្រៅប្រទេសនិង] អត់ទៅណាទេ»។
កាលពីកន្លងទៅ តុលាការបានបង្ហាញសារបង្ហោះរបស់កញ្ញា សេង ធារី ដែលលើកដៃម្រាម៩ សាក់លើស្មាលេខ៩ និងសំណេរមួយចំនួនពាក់ព័ន្ធការវិលត្រឡប់របស់លោក សម រង្ស៊ី។
ចំណែកអ្នកស្រី ព្រុំ ចាន់ថា ដែលស្វាមីរបស់អ្នកស្រី គឺលោក កាក់ កុម្ភារ សកម្មជនបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ ក្នុងសំណុំរឿងក្បត់ជាតិផងដែរនោះ លើកឡើងថា ការចោទប្រកាន់ស្វាមីរបស់អ្នកស្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិគឺផ្ទុយពីការណ៍ពិតនិងមិនអាចទទួលយកបានទេ។
អ្នកស្រីថ្លែងថា៖ «បើរដ្ឋាភិបាលមិនគោរពច្បាប់ និងគោរពសិទ្ធិមនុស្សផង ឱ្យខ្ញុំសំណូមពរបែបម៉េច? បើរដ្ឋាភិបាលគោរពច្បាប់ គោរពសិទ្ធិមនុស្សគាត់ត្រូវចូលតុចរចាហើយ គាត់មិនមែនទុកដល់រាល់ថ្ងៃស្ថានភាពនយោបាយ គឺឱ្យយ៉ាប់ដូចសព្វថ្ងៃទេ គឺត្រូវទម្លាក់ចោទ ឬចូលតុចរចាទៅ បំបាត់វិវាទនយោបាយទៅ»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ តែលោកមិនឆ្លើយតបសំណួរ ដែលអ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិក វីអូអេ ផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃអង្គារនេះទេ។ យ៉ាងណាក្តី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ធ្លាប់បានហៅសកម្មភាពរបស់កញ្ញា សេង ធារី ថា ជាការសម្តែងនិងចោទថា មានចេតនាចង់ឱ្យរួចពីបទចោទប្រកាន់របស់តុលាការ។
គួររំឭកឡើងវិញផងដែរថា គិតចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ រហូតដល់ខែមីនា ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកគាំទ្រ សកម្មជន មន្ត្រីគណបក្សតាមបណ្តាខេត្ត និងរាជធានី និងថ្នាក់ដឹកនាំរបស់គណបក្សនេះជិត១៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ ឬរងការចាប់ខ្លួនទាក់ទងនឹងបទ«ក្បត់ជាតិ» បទ«រួមគំនិតក្បត់» ឬបទ«ញុះញង់ឱ្យប្រពឹត្តបទឧក្រិដ្ឋ»ជាដើម៕