តុលាការខេត្តកោះកុងបានបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងប្រឆាំងនឹងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួនបីនាក់ ហើយគ្រោងនឹងរៀបចំធ្វើសវនាការក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ និងសកម្មជនបរិស្ថាន។
សកម្មជនទាំងបីនាក់ រួមមានឈ្មោះ សាន់ ម៉ាឡា ស៊ីម សំណាង និង ទ្រី សុវីគា ត្រូវបានព្រះរាជអាជ្ញាខេត្តកោះកុង ចោទប្រកាន់ពីបទគំរាមកំហែង មានចេតនាបង្កការខូចខាតក្នុងអំឡុងពេលធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកោះកុង និងត្រូវចាប់ដាក់ពន្ធនាគារចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥។
លោក ហួន ម៉ានី ប្រធានតុលាការខេត្តកោះកុង បានបញ្ជាក់ប្រាប់ VOA ថាសំណុំរឿងនេះ ត្រូវបានស៊ើបអង្កេតចប់ ហើយនឹងបានបញ្ជូនទៅឱ្យរៀបចំ ដើម្បីធ្វើសវនាការកាត់ទោស។ ប៉ុន្តែ លោកបដិសេធមិនបញ្ជាក់ពីពេលវេលាសវនាការនៅឡើយទេ។
សកម្មជនបរិស្ថានពីរនាក់នៃចលនាមាតាធម្មជាតិគឺ លោក ថុន រដ្ឋា និងលោក ចេក នីត្រា បានបញ្ជាក់ប្រាប់ VOA ដែរថា ពួកគេក៏បានទទួលព័ត៌មានដូចគ្នានេះដែរ។
តាមប្រភពស្និទ្ធនឹងតុលាការខេត្តកោះកុងបានប្រាប់ឱ្យ VOA ដឹងថា តុលាការអាចនឹងចោទប្រកាន់មនុស្សដែលមានការពាក់ព័ន្ធមួយចំនួនទៀត។ ប៉ុន្តែលោក ហួន ម៉ានីបានបដិសេធមិនឆ្លើយនឹងសំណួរនេះទេ។
«ខ្ញុំមិនអាចដឹងច្បាស់ទេទាល់។ តែលោកសួរទៅចៅក្រមស៊ើបអង្កេតកាន់សំណុំរឿងនេះ»។
VOAបានព្យាយាមទូរស័ព្ទទៅទាក់ទងចៅក្រមស៊ើបអង្កេត ឈុន ដាវី ប៉ុន្តែមិនមានអ្នកទទួលទូរស័ព្ទទេ។
លោក ថុន រដ្ឋា នៃចលនាមាតាធម្មជាតិថ្លែងការពារសហការី និងយុទ្ធនាការរបស់ខ្លួនក្នុងពេលកន្លងមក ថាជាការស្របច្បាប់ ហើយជាជាងការចាប់ដាក់ពន្ធនាគារពួកគេគួរតែទទួលបានការលើកទឹកចិត្ត៖
«ជាលទ្ធផលអ្វីជាកាដូដ៏ល្អសម្រាប់ពួកគាត់ គឺការសម្រាកនៅក្នុងពន្ធនាគារកោះកុងជិត៦ខែ ហើយអត់បានទទួលយុត្តិធម៌ទៀត គឺគ្រាន់តែធ្វើតាមច្បាប់ធ្វើតាមអ្វី ដែលខ្លួនជាប្រជាពលរដ្ឋខ្មែរ ជាយុវជនចង់ការពារធនធានធម្មជាតិ ចង់ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋត្រូវបានគេចាប់ដាក់ពន្ធនាគារ»។
ចាប់តាំងពីមានការចាប់ខ្លួនសកម្មជនទាំងបីនាក់ និងការបណ្តេញស្ថាបនិកម្នាក់ដែលជាជនជាតិអេស្ប៉ាញគឺលោក អាឡិច ហ្កុនហ្សាឡេស ដាវីដសុន ចេញពីប្រទេសកម្ពុជាមក ក្រុមសកម្មជនបានជួបការលំបាកក្នុងការធ្វើសកម្មភាពចុះអប់រំសហគមន៍ដើម្បីឱ្យពួកគេយល់ដឹងពីសិទ្ធិ និងការអភិវឌ្ឍន៍ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ ដោយសារតែអាជ្ញាធរតែងតែចុះទៅរារាំងសកម្មភាពរបស់ពួកគេ សូម្បីតែរៀបចំឡើងនៅក្នុងលំនៅដ្ឋានឯកជនក៏ដោយ។
រីឯសកម្មភាពបូមខ្សាច់វិញ គឺមិនមានការថមថយទេ។ នេះបើតាមការបញ្ជាក់របស់លោក ចេក នីត្រា។
លោកបានបន្ថែមថា៖
«សម្រាប់សកម្មភាពបូមខ្សាច់វាកាន់តែខ្លាំងជាងមុន។ តាមព័ត៌មានដែលទទួលបានតិចតួចដំបូង គឺអាចបូមនៅកោះស្រឡៅ ឃុំកោះកាពិ ខេត្តកោះកុងទៀត»។
ក្រុមការពារបរិស្ថានបានបរាជ័យជាច្រើនដង ក្នុងការសុំយកព័ត៌មានឱ្យបានច្បាស់លាស់ពីក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលអំពីក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណបូមខ្សាច់ និងកម្រិតអនុញ្ញាត ព្រោះពួកគេយល់ថា ក្រុមហ៊ុនបូមលើសពីកម្រិតអនុញ្ញាត។ រីឯការខិតខំទាក់ទងទៅស្ថានទូតសិង្ហបុរី ដើម្បីបញ្ចុះបញ្ចូលឱ្យឈប់ទិញខ្សាច់ពីប្រទេសកម្ពុជាក៏មិនទទួលបានលទ្ធផលល្អ។
លោក ថុន រដ្ឋា បានបន្ថែមថា៖
«យើងបានដាក់លិខិត ដើម្បីសុំជជែកអំពីការទិញខ្សាច់។ ហើយយើងចង់បង្ហាញទៅប្រាប់សិង្ហបុរីថា អ្នកឯងកំពុងតែទិញខ្សាច់ឈាមពីប្រជាពលរដ្ឋ ដែលគាត់កំពុងតែនៅក្បែរតំបន់ហ្នឹង។ ហើយអ្នកឯងកំពុងតែចូលរួមបំផ្លាញបរិស្ថាននៅក្បែរតំបន់ហ្នឹង។ បានន័យថា បើសិនជាអ្នកឯងអត់ទិញ ក៏កម្ពុជាអត់លក់ខ្សាច់ហ្នឹងទៅសិង្ហបុរីដែរ។ ហើយបើសិនជាសិង្ហបុរីទិញដោយត្រឹមត្រូវ និងត្រួតពិនិត្យម៉ត់ចត់ទៅលើខ្សាច់ហ្នឹងក៏ប្រជាជនមូលដ្ឋានអត់យំស្រែក អត់ចំណាកស្រុក ជីវភាពរបស់គាត់អត់ចុះខ្សោយដែរ។ ហើយធនធានធម្មជាតិក៏មិនប៉ះពាល់ធ្ងន់ធ្ងរដូចបច្ចុប្បន្នដែរ»។
ក្រុមចលនាមាតាធម្មជាតិគ្រោងនឹងធ្វើធម្មយាត្រាដើរពីតំបន់ពេជ្រនិលមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀត៕