ពេលវេលាកាន់តែខិតជិតមកដល់សម្រាប់រដ្ឋបាលស្បៀងអាហារនិងឱសថអាមេរិក (FDA) សម្រេចចុងក្រោយអំពីវ៉ាក់សាំងវីរុសកូរ៉ូណា ដែលគេទន្ទឹងរង់ចាំនោះហើយដែលផលិតដោយក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ដែលបង្ហាញថា មានប្រសិទ្ធភាព៩៥ភាគរយ ក្នុងការបង្ការជំងឺកូវីដ១៩។
រដ្ឋបាលស្បៀងអាហារនិងឱសថ ត្រូវគេរំពឹងជាទូទៅថា នឹងអនុញ្ញាតការប្រើវ៉ាក់សាំងគ្រាបន្ទាន់ប្រហែលនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ បន្ទាប់ពីក្រុមប្រឹក្សាពិសេសបោះឆ្នោតអនុម័តនៅថ្ងៃព្រហស្បតិ៍។ ការសម្រេចនេះ កើតឡើងនៅពេលដែលសហរដ្ឋអាមេរិក បានមានកំណត់ត្រាមនុស្សស្លាប់ជាង៣.១០០នាក់ក្នុងមួយថ្ងៃដោយសារវីរុសនេះ នៅដើមសប្តាហ៍នេះ។
គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានកត់ត្រាការឆ្លងកូវីដ១៩ចំនួនជាង១៥,៥លានករណី និងមានមនុស្សស្លាប់ជាង២៩១.០០០នាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ក្នុងចំណោមមនុស្ស២២នាក់នៃក្រុមប្រឹក្សា FDA មាន១៧នាក់ បានបោះឆ្នោតគាំទ្រការចាក់វ៉ាក់សាំងនេះ ហើយ៤នាក់ បានបោះឆ្នោតប្រឆាំង និងម្នាក់បានបោះឆ្នោតអនុប្បវាទចំពោះសំណួរថា៖ «ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រសរុប តើអត្ថប្រយោជន៍នៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer/BioNTech មានប្រយោជន៍លើសហានិភ័យចំពោះមនុស្សអាយុចាប់ពី១៦ឆ្នាំ ឡើងទៅ ឬទេ?»