វិបត្តិ​ជំងឺ​កូវីដ១៩នៅ​វៀតណាមធ្វើ​ឲ្យ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើន​ឡើង

រូបឯកសារ៖ សិស្សសាលាម្នាក់ជិះម៉ូតូត្រឡប់ទៅផ្ទះ ពេលចេញពីរៀន នៅក្រុងហូជីមិញ ប្រទេសវៀតណាម។

នៅ​ក្នុង​ប្រទេស​វៀតណាម ការ​ដាក់​កំហិត​សកម្មភាព​សង្គម​កន្លង​មក​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យអំពើ​ហិង្សា​ក្នុង​គ្រួសារ​កើន​ឡើង ដោយសារមនុស្ស​ត្រូវ​បាន​បង្ខំ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ។

នៅ​ក្នុង​ប្រទេស​វៀតណាម អង្គការ Peace House Hotline និង​អង្គការ Sunshine Hotline គឺ​ជា ​អង្គការ​ពីរ​ដែល​ទទួល​ការ​ហៅ​ទូរសព្ទ​ពី​អ្នក​ស្វែងរក​ជំនួយ​ក្នុង​ករណី​មាន​អំពើ​ហិង្សា​លើ​ស្រ្តី ឬ​កុមារ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ចំនួន​ការ​ហៅ​ទូរសព្ទ បាន​កើនឡើង​យ៉ាង​ខ្លាំង គឺ​មាន​ចំនួន​ពីរ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នេះ​ដែរ​កាល​ពី​ឆ្នាំ​មុន ហើយ​សញ្ញា​បាន​បង្ហាញ​ថា វិបត្តិ​ជំងឺ​កូវីដ១៩គឺ​ជា​ ផ្នែក​មួយ​នៃ​មូលហេតុ​នេះ។

កន្លង​មក ប្រទេស​វៀតណាម​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ វៀតណាម​គឺ​ជា ​ប្រទេស​មាន​ប្រជាពលរដ្ឋ​ច្រើន​ដែល​មិន​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ទោះបីជា​ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន​ក៏ដោយ។ ការណ៍នេះ​មិន​បាន​ធ្វើ​ឲ្យប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះអាច​គេច​ផុត​ពី​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ដូចជា​ការ​កើនឡើង​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​ទេ។

វា​ជា​និន្នាការ​មួយ​ដែល​គេ​ឃើញ​នៅ​ជុំវិញ​ពិភពលោក ដោយ​មាន​ប្រទេស​ជា​ច្រើន​បាន​រាយការណ៍​អំពី​អត្រា​កើន​ឡើង​ខ្ពស់​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅ​ពេល​មាន​ការ​បិទ​សកម្មភាព​សង្គម​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ដូច​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ ភាគី​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម​និយាយ​ថា នៅ​ពេល​ដែល​ការ​បិទ​សកម្មភាព​សង្គម​បាន​បង្ខំ​មនុស្ស​ជា​ច្រើន​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ ដោយ​មិន​ចេញ​ទៅ​ធ្វើការ ឬ​ទៅ​រៀន ពួកគេ​បាន​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​អំពើ​ហិង្សា ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ឬ​ការ​កេង​ប្រវ័ញ្ច​ផ្សេងៗ​ទៀត​នៅ​ក្នុង​ផ្ទះ។

អំពើ​ហិង្សា​ក្នុង​ពេល​បិទ​សកម្មភាព​សង្គម

ហានិភ័យ​ខ្ពស់​នេះ​មិន​ត្រឹមតែ​កើត​ឡើង​ដោយសារ​ជន​រងគ្រោះ​ចំណាយពេល​ភាគ​ច្រើន​ស្នាក់នៅ​ក្នុង​ផ្ទះ​នោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​កើត​ឡើង​ផង​ដែរ ដោយសារ​ពួកគេ​មិន​ស្ថិត​នៅ​កន្លែង​ធ្វើ​ការ សាលារៀន ឬ​ទីកន្លែង​ផ្សេងៗទៀត ដែល​មនុស្ស​អាច​ប្រទះ​ឃើញ​សញ្ញា​នៃ​ការ​រំលោភ​ធ្វើ​បាប និង​អាច​ជួយ​ពួកគេ​បាន។

អ្នកស្រី Robyn Mudie ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​ប្រចាំ​នៅ​ប្រទេស​វៀតណាម បាន​និយាយ​ថា៖ «ភស្តុតាង​បង្ហាញ​ថា ក្នុង​អំឡុងពេល​មាន​វិបត្តិ​និង​គ្រោះ​មហន្តរាយ​នានា អំពើ​ហិង្សា​ក្នុង​គ្រួសារ និង អំពើ​ហិង្សា​យែនឌ័រ​បាន​កើន​ឡើង។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ការ​បាត់បង់​ការងារ​ធ្វើ និង​ការ​បង្ខំ​ឲ្យ​នៅ​ក្នុង​ផ្ទះ បាន​ធ្វើ​ឲ្យ​អត្រា​អំពើ​ហិង្សា​លើ​ស្រ្តី​និង​កុមារ​កើន​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក»។

អូស្រ្តាលី​បាន​ឧបត្ថម្ភ​ថវិកា ១ លាន ៧ សែន​ដុល្លារ​អាមេរិក​កាល​ពី​ខែ​មិថុនា​ដល់​យុទ្ធនាការ​បញ្ចប់​អំពើ​ហិង្សា​លើ​ស្រ្តី​និង​កុមារ​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​បាន​បញ្ជាក់​ថា គោលបំណង​គឺ​ផ្តល់​អាទិភាព​ដល់​ការ​ងើប​ឡើង​វិញ​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩នេះ។

ហាង​លក់​ម្ហូប​អាហារ និង​សណ្ឋាគារ

យុទ្ធនាការ​នេះរួម​មាន​ការ​ផ្តល់​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា និង​ការ​ធ្វើការ​ជាមួយ​ផ្សារទំនើប ឱសថស្ថាន និង​សណ្ឋាគារ​នានា ដែល​អាច​ជួយ​ដោយ​ការ​ផ្តល់​ម្ហូប​អាហារ ថ្នាំ​ពេទ្យ ឬ​កន្លែង​ស្នាក់នៅ​ដល់​អ្នក​នៅ​រស់រាន​មាន​ជីវិត។ គម្រោង​នេះ​ក៏​មាន​ការ​បង្កើន​ការ​យល់ដឹង​អំពី​បញ្ហា​នេះ​ផង​ដែរ។

ការ​បង្កើន​ការ​យល់ដឹង​អំពី​អំពើ​ហិង្សា​នេះ គឺ​អាច​ផ្ដល់​ដល់​សាធារណជន​មួយ​ចំនួន​ដែល​មិន​យល់ស្រប​លើ​អ្វី​ដែល​អាច​ចាត់ទុក​ថា​ជា​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ឬ​ក៏​ការ​រំលោភ​ដែល​កើត​ឡើង​រវាង​ប្តី​ប្រពន្ធ។ ក្នុង​ចំណោម​និស្សិត​វៀតណាម​ទាំង​អស់ ៥៨% ជឿ​ថា ពលរដ្ឋ​ជា​គ្រូ​បង្រៀន​នឹង​មិន​ប្រព្រឹត្តិ​ទង្វើ​រំលោភ​បំពាន​ផ្លូវ​ភេទ​ទេ ហើយ ៥៩% ជឿ​ថា ពួកគេ​មាន​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ​ដោយ​មិន​មាន​ការ​គំរាម​កំហែង​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ ២០១៩ នៅ​ក្នុង​ព្រឹត្តិប័ត្រ​អន្តរជាតិ​នៃ​ការ​ស្រាវជ្រាវ​បរិស្ថាន និង​សុខភាព​សាធារណៈ។

ការ​បង្កើន​ការ​យល់ដឹង​អំពី​អំពើ​ហិង្សា​នេះក៏​អាច​ផ្ដល់​ដល់​មន្ត្រី​រដ្ឋាភិបាល​ផង​ដែរ។ អ្នកស្រី Nguyen Thi Thu Ha ប្រធាន​សហជីព​ស្រ្តី​វៀតណាម បាន​និយាយ​នៅពេល​ដែល​គេ​សួរ​អំពី​សេវាកម្ម​សម្រាប់​កុមារថា អាជ្ញាធរ​មូលដ្ឋាន​ទំនងជា​នឹង​សំដៅ​ដល់​ឧទ្យាន​កម្សាន្ត ច្រើន​ជាង​សេវាកម្ម​សង្គម ឬ​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល។ សហជីព​របស់​អ្នកស្រី ដែល​ស្ថិត​ក្រោម​គណបក្ស​កុម្មុយនិស្ត​វៀតណាមគឺ​ជា ​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ហិង្សា។

ចលនា #MeToo

ដោយសារ​ចលនា #MeToo ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ បាន​សាយភាយ​នៅ​ទូទាំង​ពិភពលោក វៀតណាម​មាន​ទំនោរ​ផ្តោត​ខ្លាំង​លើ​ការ​រំលោភ​បំពាន​លើ​កុមារ ច្រើន​ជាង​លើ​ស្រ្តី។ កាល​ពី​ឆ្នាំ​មុន ករណី​រំលោភ​ធ្វើបាប​ជា​បន្តបន្ទាប់​បាន​ធ្វើ​ឲ្យ​សាធារណៈ​មាន​ការ​ភ្ញាក់ផ្អើល ដែល​ក្នុង​នោះ​មាន​ករណី​បុរស​ម្នាក់​ត្រូវ​បាន​ផាក​ពិន័យ​ជា​ប្រាក់ ៨ ដុល្លារ បន្ទាប់ពី​បាន​ថើប​ស្រ្តី​ម្នាក់​ដោយ​បង្ខំ​នៅ​ក្នុង​ជណ្តើរយន្ត​ផង​ដែរ។

ចំពោះ​អំពើ​ហិង្សា​នៅ​តាម​ផ្ទះ​វិញ អត្រា​ហិង្សា​នោះ​អាច​នឹង​ធ្លាក់ចុះ​នៅ​ពេល​ឥឡូវ​នេះ ដោយសារ​វៀតណាម​បាន​បញ្ឈប់​ការ​ដាក់​កំហិត​បិទ​សកម្មភាព​សង្គម​ដែល​ដាក់​កន្លង​មក​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ នោះ។
អង្គការ​មូលនិធិ​ប្រជាពលរដ្ឋ​របស់​អង្គការ​សហប្រជាជាតិ (UN Population Fund) បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ជម្នះ​បញ្ហា​ទាំង​នេះ​និង​បញ្ហា​ពាក់ព័ន្ធ​នានា​គឺ​រួម​ចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​ប្រទេស​វៀតណាម ដែល​ជា​កម្មវិធី​ផ្តួចផ្តើម​របស់​អង្គការ​សហប្រជាជាតិ ដែល​រួមមាន​ការ​ផ្ដោត​លើ​សមភាព​យេនឌ័រ​ផង​ដែរ។

អ្នកស្រី Naomi Kitahara ដែល​ជា​អ្នក​តំណាង​ឲ្យ​អង្គការ​មូលនិធិ​ប្រជាពលរដ្ឋ​របស់​អង្គការ​សហប្រជាជាតិ​នេះ និង​បាន​ថ្លែង​តាង​នាម​ឲ្យ​អង្គការ UNICEF ផង​នោះ បាន​បញ្ជាក់​ថា៖ «មិន​មាន​វិធី​ណា​មួយ​សម្រាប់​ប្រទេស​វៀតណាម​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០ ដោយ​មិន​ដោះស្រាយ​បញ្ហា​ហិង្សា​លើ​ស្រ្តី​និង​កុមារ​នោះទេ។ វា​ជា​ការ​ធ្វើ​ឲ្យ​ច្បាស់​ថា ពលរដ្ឋ​គ្រប់​រូប​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​ប្រ ទេស​វៀតណាម ដោយ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​គេ​ទុក​ចោល​នោះឡើយ»៕

ប្រែ​សម្រួល​ដោយ​លោកជឹង ប៉ូជីន