មេដឹកនាំ​ពិភពលោក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP26 សន្យា​ជួយ​សង្គ្រោះ​ព្រៃឈើ

រូបឯកសារ៖ នៅក្នុង​រូបថត​នេះ ដែល​បាន​ថត​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បង្ហាញ​ឲ្យ​ឃើញ​ពី​តំបន់​ឆេះ​ព្រៃ Amazon ក្នុង​ប្រទេស​ប្រេស៊ីល។

មេដឹកនាំ​ពិភព​លោក ​ដែល​បាន​ចូលរួមក្នុង​កិច្ចប្រជុំស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​កាលពី​ថ្ងៃ​អង្គារ បានប្រកាស​នូវ​ការ​សន្យា​របស់​ខ្លួនដែល​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បីបញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ដែល​ជា​ការ​សន្យា​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​ការពារ​បរិស្ថាន​នៅ​មិន​ទាន់​មាន​ជំនឿ​នៅ​ឡើយ ដោយ​ពួក​គេ​និយាយ​ថា វិធានការ​ចាំបាច់​ជា​បន្ទាន់​មួយចំនួន​ត្រូវ​ដាក់ចេញ​ដើម្បី​ជួយ​សង្គ្រោះ​ព្រៃ​ឈើ​របស់​ភព​ផែន​ដី។ នេះ​ បើតាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌មាន AFP។

បើ​យោង​តាម​រដ្ឋាភិបាល​អង់គ្លេស​ដែល​ជា​ម្ចាស់ផ្ទះ​រៀប​ចំ​សន្និសីទកំពូល​នេះ ការសន្យា​នេះ ​ទទួល​បាន​ការគាំទ្រ​នូវ​ទឹក​ប្រាក់​ជិត​ ២០​ ពាន់ ​លាន​ដុល្លារ​ ដែលថវិកា​ទាំង​នេះ ​បាន​មក​ពី​ការ​ជួយ​របស់ផ្នែក​ឯកជន​និង​សាធារណៈ​ និង​ត្រូវ​បាន​គាំទ្រដោយ​មេដឹកនាំជាង​១០០រូប​ដែល​តំណាង​ឲ្យ​ប្រទេស៨៥% ដែល​មាន​ព្រៃឈើ​ក្នុង​ពិភព​លោក ដែល​ក្នុង​នោះ​មាន​តំបន់​ព្រៃ ​Amazon តំបន់​ព្រៃ​កាណាដា​ភាគខាង​ជើង​ និងតំបន់អាង​ព្រៃ​កុងហ្គោ ​ក្នុង​ទ្វីបអាហ្វ្រិក​កណ្តាលជា​ដើម។

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​និយាយ​ថា កិច្ចព្រមព្រៀង​ស្តីពី​ការ​បញ្ឈប់​ការកាប់​បំផ្លាញព្រៃឈើ​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំងដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការកម្រិត​ការឡើង​កម្តៅ​ភព​ផែន​ដី​ត្រឹម​ ១,៥ ​អង្សាសេ ដែល​ជា​ទិសដៅ​នៃមហិច្ឆតា​ដ៏​ធំ​បំផុត​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស។

លោក Johnson បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា «ការប្រែប្រួលអាកាសធាតុ ​និង​ជីវៈចម្រុះ​ គឺ​ជា​រឿង​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​ដូច​គ្នា»។

លោក​បន្តថា «យើង​មិន​អាច​ចាត់​វិធាន​ការណ៍​ការពារ​ប្រភេទ​សត្វព្រៃ​កម្រ​ ដោយ​មិន​ដោះស្រាយ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​នោះ​ទេ​ ហើយយើង​ក៏​មិន​អាច​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដោយ​មិន​គិត​គូពី​ការ​ការពារ​បរិស្ថាន​ធម្មជាតិ ​និង​គោរព​ដល់​សិទ្ធិ​របស់​ជន​ជាតិ​ដើម​នោះ​ឡើយ»៕