ក្រុមមេដឹកនាំសហជីពមួយចំនួនដែលត្រូវបានមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថា មិនជាប់ពាក់ព័ន្ធនឹងបាតុកម្មលើកំណាត់ផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ និងខ្លះទៀតបានត្អូញត្អែរពីចំណាត់ការរបស់តុលាការ ដែលបានកាត់សេចក្តីក្នុងសំណុំរឿងជាច្រើនផ្សេងទៀត ដោយមិនទៅតាមនីតិវិធីត្រឹមត្រូវ។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ VOA ថា លោកបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍តាំងពីថ្ងៃទី១២ ខែធ្នូ ហើយរំពឹងថា សាក្សីមួយរូបនឹងជួយលោកជម្រះការសង្ស័យអំពីតួនាទីរបស់លោកក្នុងបាតុកម្មលើកំណាត់ផ្លូវវេងស្រេងនោះ។
«ឯកសាររបស់យើងត្រូវបានទៅហើយ ហើយគេរៀបចំធ្វើសវនាការថ្ងៃណាទេ។ ហើយជាមួយគ្នានេះដែរ គឺដោយសារថ្ងៃ១២ហ្នឹង កាលពីថ្ងៃ១២ហ្នឹង គឺខាងសម្តេចនាយកក៏បាន លោកថា នឹងមានឲ្យដូចជាលោកសយ សុភាព ទៅធ្វើសាក្សីអីហ្នឹង ឥឡូវនេះ គឺយើងស្វាគមន៍មែនទែន ចំពោះលោកសយ សុភាព ហ្នឹង។ ប៉ុន្តែ ខ្ញុំមិនដឹងថា តុលាការ គាត់កោះហៅគាត់ដែរ ឬក៏អត់ទេ បើសិនជាកោះហៅគាត់ ខ្ញុំគិតថាបានគាត់ទៅចូលរួមដែរ ក៏ល្អដែរ ដោយសារតែនៅក្នុងអំឡុងពេលដែលកម្មករធ្វើកូដកម្មនៅថ្ងៃដែលកើតហេតុហ្នឹង គឺយើងខ្ញុំនៅប្រជុំនៅសាលាក្រុង ហើយលោកសយ សុភាពហ្នឹង គាត់បានតេសួរ ព័ត៌មានការងារមួយចំនួនយើងហ្នឹង ហើយគាត់ដឹងថា ខ្ញុំប្រជុំនៅហ្នឹងដែរ អ៊ីចឹងខ្ញុំគិតថា គឺជាប់ពាក់ព័ន្ធគ្នាហ្នឹង»។
មេដឹកនាំសហជីពរូបនេះ បានបញ្ជាក់ឲ្យដឹងថា លោកសយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល បានឯកភាពជាមួយលោកតាមការឆ្លើយឆ្លងតាមទូរស័ព្ទថា លោកសយ សុភាព នឹងព្រមចូលខ្លួនទៅផ្តល់សក្ខីកម្ម ប្រសិនបើតុលាការសាលាឧទ្ធរណ៍កោះហៅ។ លោកសយ សុភាព ធ្លាប់បានប្រាប់ VOA ថា លោកនឹងធ្វើតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឲ្យលោកធ្វើជាសាក្សីដល់លោកអាត់ ធន់ និងលោកប៉ាវ ស៊ីណា។
កាលពីថ្ងៃទី១២ ខែធ្នូកន្លងទៅ លោក ហ៊ុន សែន បានថ្លែងការពារភាពស្អាតស្អំរបស់មេដឹកនាំ និងអតីតមេដឹកនាំសហជីពចំនួនបីនាក់ ដែលលោកជឿថា គ្មានគោលដៅខាងនយោបាយដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនោះទេ ក្នុងហេតុការណ៍បាតុកម្មលើកំណាត់ផ្លូវវេងស្រេងនោះ។ ការថ្លែងរបស់លោកហ៊ុន សែន នាពេលនោះ ធ្វើឡើងនៅក្នុងពិធីជួបជុំជាមួយកម្មករមួយនៅឯខេត្តកំពង់ស្ពឺ។
មេដឹកនាំ និងអតីតមេដឹកនាំសហជីពទាំងបីដែលលោកហ៊ុន សែន អះអាងថា គ្មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាតុកម្មលើកំណាត់ផ្លូវវេងស្រេងក្នុងទីក្រុងភ្នំពេញនោះ មានលោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងលោកជា មុន្នី អតីតប្រធានសហជីពសេរីកម្មករ។ តែសម្រាប់មេដឹកនាំសហជីពបីនាក់ផ្សេងទៀតនោះ លោក ហ៊ុន សែន ថ្លែងថា លោកមិនទទួលដឹងឮនោះឡើយ។
ក្រុមមេដឹកនាំសហជីពបីនាក់ដែលលោកហ៊ុន សែន មិនបានថ្លែងការពារនោះ មានលោករ៉ុង ឈុន អតីតសមាជិកមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងបច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជា អ្នកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា និងអ្នកស្រីម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា។
លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា មានប្រសាសន៍ថា លោកបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចឲ្យលោក និងមេដឹកនាំសហជីព៥នាក់ទៀតជាប់ពន្ធនាគារ២ឆ្នាំ ៦ខែ តែទោសត្រូវព្យួរ។
ក៏ប៉ុន្តែលោកថា លោកនៅមានការរកាំចិត្ត នឹងការកាត់សេចក្តីរឿងក្តីមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងលោក ក្រៅអំពីសំណុំរឿងផ្លូវវេងស្រេងនេះ។
ការកាត់ក្តីមិនត្រឹមត្រូវមួយដែលលោកមិនអាចទទួលបាននោះ គឺនៅឯខេត្តកំពង់ស្ពឺ។
«ពាក់ព័ន្ធទៅនឹងសំណុំរឿងនៅខេត្តកំពង់ស្ពឺ ដែលត្រូវបានគេកាត់កំបាំងមុខដែរ សូម្បីដីកាកោះ អញ្ជើញខ្ញុំ ឬក៏អញ្ជើញមេធាវីខ្ញុំ ក៏អត់ដែរ ហើយត្រូវបានកាត់កំបាំងមុខទាំងអស់។ រីឯករណីសំណុំរឿងនៅព្រែកទា ផ្សារព្រៃទា ករណីរោងចក្រ [Ocean] ហ្នឹង ក៏ត្រូវបាន ក៏ត្រូវបានគេកាត់កំបាំងមុខ ទាំងដែលខ្ញុំ មិនដែលបានទទួលដីកា សូម្បីតែម្តង តាំងពីឆ្នាំ២០១២មកម្ល៉េះ មិនដែលឃើញថា មានដីកាកោះអីទាំងអស់ ហើយបែរជាមកកាត់កំបាំងមុខឲ្យខ្ញុំជាប់ទោស ជាប់អី ទាំងអយុត្តិធម៌តែម្តងបាទ»។
ចំណែក លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលមិនទទួលបានការធានាពីលោកហ៊ុន សែន ចំពោះតួនាទីលោកក្នុងបាតុកម្មនៅផ្លូវវេងស្រេងនោះ បានឲ្យដឹងថា លោកមិនទាន់បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍នៅឡើយ។
ក៏ប៉ុន្តែលោកថា លោកនឹងដាក់ពាក្យបណ្តឹងឆាប់ៗនេះ ហើយរំពឹងថា យុត្តិធម៌នឹងកើតមាន ប្រសិនបើតុលាការសម្រេចសេចក្តីដោយមិនលុះក្នុងឥទ្ធិពលនយោបាយ ព្រោះលោកមិនមានចំណែកណាមួយនៅក្នុងហេតុការណ៍បាតុកម្មលើផ្លូវវេងស្រេងនោះទេ។
«តុលាការធ្វើការវិនិច្ឆ័យទៅតាម ហៅថាវិជ្ជាជីវៈ ពេលហ្នឹង យើងនឹងទទួលបាននូវយុត្តិធម៌ ហើយបើសិនជាអត់មានឥទ្ធិពលនយោបាយអីមកឡូកឡំជាមួយ»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ថ្លែងថា យុត្តិធម៌នឹងពិបាកកើតមានឡើងចំពោះអ្នកស្រី បើទោះបីអ្នកស្រីបានដាក់ពាក្យប្តឹងទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលមិនត្រឹមកាត់ទោសឲ្យក្រុមសហជីពជាប់ពន្ធនាគារនោះទេ តែថែមទាំងបញ្ជាឲ្យសងជំងឺចិត្តដល់ជនរងគ្រោះចំនួនពីរនាក់ក្នុងទឹកប្រាក់សរុប ៣៥លានរៀល ឬ (ប្រមាណជាជាង៨០០០ដុល្លារ)។
«ខ្ញុំ អ្វីដែលខ្ញុំមើលឃើញ ឃើញថា តុលាការហ្នឹង គាត់ធ្វើការងារមិនទៅតាមវិជ្ជាជីវៈគាត់ទេ ចង់និយាយអ៊ីចឹង។ គាត់ធ្វើការកន្លងមក វាទៅ អ្នក តាមបែបបទពាក់ព័ន្ធជាមួយអ្នកនយោបាយ ឬក៏អ្នកដឹកនាំ ឬក៏អ្នកមានអំណាច ឬក៏អ្នកមានលុយអីចឹង គេមានឥទ្ធិពលជាងពួកខ្ញុំទៅទៀត ខ្ញុំចង់និយាយអ៊ីចឹង»។
ក្រុមមេដឹកនាំសហជីពទាំងប្រាំមួយនាក់ ដែលតុលាការក្រុងភ្នំពេញ បានកាត់ទោស ជុំវិញហេតុការណ៍ហិង្សាលើផ្លូវវេងស្រេងនោះ ក៏នៅត្រូវបានយាយី ដោយបណ្តឹងជាច្រើនផ្សេងទៀត ដែលមិនទាន់ត្រូវបានដោះស្រាយរួចរាល់នៅឡើយ។
VOA បានព្យាយាមសុំការអធិប្បាយពីលោកទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ អំពីការទទួលពាក្យបណ្តឹងរបស់ក្រុមមេដឹកនាំសហជីពបីនាក់ដែលទទួលបានការធានាពីលោកហ៊ុន សែន ថាមិនមានការជាប់ពាក់ព័ន្ធនឹងបាតុកម្មនៅផ្លូវវេងស្រេង និងពាក្យបណ្តឹងរបស់មេដឹកនាំសហជីពបីនាក់ផ្សេងទៀត តែលោកថា មិនទាន់មានព័ត៌មាននៅឡើយ។
បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលក្នុងឧស្សាហកម្មកាត់ដេរដែលផ្ទុះឡើងលើផ្លូវវេង ស្រេង និងក្នុងទីតាំងរោងចក្រជាច្រើនទៀតនៅរាជធានីភ្នំពេញ នៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ និងដែលបានកា្លយជាហិង្សា បានបង្កឲ្យមនុស្សស្លាប់បួននាក់ រងរបួស និងចាប់ខ្លួនជាច្រើននាក់ទៀត។ អ្នកតវ៉ាមា្នក់ផ្សេងទៀត ក៏បានបាត់ខ្លួនផងដែរ ក្រោយបាតុកម្មដ៏ហិង្សានោះ។
ការសើរើសំណុំរឿងបាតុកម្មផ្លូវវេងស្រេងរបស់ក្រុមមេដឹកនាំសហជីពទាំងប្រាំមួយនាក់នេះឡើងវិញនោះ កើតមានឡើង នៅចំពេលដែលសហភាពអឺរ៉ុបបានព្រមានដកការអនុគ្រោះពន្ធពីកម្ពុជា ប្រសិនរដ្ឋាភិបាលប្រទេសនេះមិនព្រមកែប្រែដំណើរការប្រជាធិបតេយ្យឲ្យបាន ដូចមុនពេលនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ដែលគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រជាង៤០ភាគរយ។
ប្រសិនបើកម្ពុជាមិនអាចធានាបានកិច្ចអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនោះទេ នោះកម្ពុជានឹងខាតបង់ប្រាក់ពន្ធចំនួនប្រមាណជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់ឧស្សាកម្មកាត់ដេររបស់ខ្លួន ដែលបានផ្តល់ការងារដល់កម្មករ ដែលភាគច្រើនជាស្រ្តី ចំនួនជាង៧០ម៉ឺននាក់។ នេះបើតាមការអះអាងរបស់ក្រុមអ្នកការពារសិទ្ធិកម្មករនាពេលកន្លងមក៕