បន្ទាប់ពីមានការពិភាក្សាគ្នាអស់រយៈពេលមួយខែកន្លះមក នៅពាក់កណ្តាលខែតុលាកន្លងទៅនេះ ប្រតិភូចំនួន៣០០នាក់ បានសម្រេចលើកិច្ចព្រមព្រៀងមួយក្នុងគោលបំណងបញ្ចប់វិបត្តិនយោបាយជាច្រើនខែ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬ D.R.C។ គណកម្មការបោះឆ្នោតបាននិយាយថា ពួកគេមិនទាន់បានត្រៀមខ្លួនសម្រាប់ការបោះឆ្នោតដែលគេបានកំណត់ថានឹងធ្វើនៅខែវិច្ឆិកានេះទេ។
Vital Kamerhe ជាអ្នកសហការសម្របសម្រួលដំណើរការនេះ បាននិយាយថា៖ «យើងបានកំណត់យកកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិតបតីបន្ទាប់ គឺនឹងធ្វើឡើងនៅក្នុងថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៨។ ថាតើនឹងមានការផ្លាស់ប្តូរនយោបាយមួយនៅចុងបញ្ចប់នៃដំណាក់កាលអន្តរកាលនេះឬទេនោះ ចម្លើយគឺមាន។ តើយើងនឹងសរសេររដ្ឋធម្មនុញ្ញថ្មី ឬកែតម្រូវរដ្ឋធម្មនុញ្ញដែលមានស្រាប់នេះនៅក្នុងរយៈពេលអន្តរកាលនេះទេ? ចម្លើយគឺអត់ទេ»។
សម្ព័ន្ធគណបក្សប្រឆាំងដែលធំជាងគេ បានធ្វើពហិការមិនយល់ព្រមនឹងការពិភាក្សានេះទេ និងបានចោទប្រកាន់ប្រធានាធិបតី Joseph Kabila ថាបានព្យាយាមពន្យារការគ្រប់គ្រងអំណាចរយៈពេល១៥ឆ្នាំរបស់លោកបន្ថែមទៀតដោយខុសច្បាប់ទៅលើប្រទេសអាហ្វ្រិកកណ្តាលដ៏ធំធេងនេះ។
ការតវ៉ាដ៏ហិង្សា កាលពីពាក់កណ្តាលខែកញ្ញានៅក្នុងរដ្ឋធានីនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥៦នាក់បាត់បង់ជីវិត និងទីស្នាក់ការនយោបាយមួយចំនួនត្រូវដុតបំផ្លាញ។
កិច្ចព្រមព្រៀងថ្មីនេះ អនុញ្ញាតឲ្យលោក Kabila បន្តកាន់អំណាចរហូតដល់មានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់។ ប៉ុន្តែ លោក Kabila នឹងត្រូវកាន់អំណាចដោយមានការចូលរួមជាមួយសមាជិកម្នាក់នៃគណបក្សប្រឆាំង នៅក្នុងតំណែងជានាយករដ្ឋមន្ត្រី។
លោក Emmanuel Ramazani Shadary គឺជាអគ្គលេខាធិកានៃគណបក្សរបស់ប្រធានាធិបតី ដែលហៅកាត់ថា The PPRD។ លោកនិយាយថា៖ «នៅពេលអ្នកអានកិច្ចព្រមព្រៀងនោះ អ្នកនឹងយល់ថាគណបក្សនីមួយៗ បានធ្វើការសម្របសម្រួលច្រើនណាស់ ដើម្បីឲ្យមានការបោះឆ្នោតមួយប្រកបដោយសេរីភាព យុត្តិធម៌ត្រឹមត្រូវ និងសន្តិភាព ដែលគ្រប់គ្នាទទួលយកបាន»។
លោកអគ្គលេខាធិការ Shadary បានបន្ថែមថា កិច្ចព្រមព្រៀងនេះ ត្រូវបានបើកចំហដល់គណបក្សនយោបាយទាំងអស់ រួមទាំងអ្នកដែលមិនបានចូលរួមក្នុងកិច្ចពិភាក្សាផងដែរ។ ដូច្នេះ នឹងមានអ្នកនៅបក្សប្រឆាំងភាគច្រើន ដែលត្រូវគេស្គាល់ថាជាការប្រមូលផ្តុំឬសភា។ ពួកគេកំពុងទាមទារឲ្យមានវេទិកាពិភ្សាមួយដោយមានការចូលរួមច្រើនជាងនេះ។
លោក Franck Diongo គឺជាមេដឹកនាំបក្សប្រឆាំង។ លោកបាននិយាយថា៖ «ការពិភាក្សានោះ មិនមែនជាសភាបញ្ញត្តិច្បាប់នោះទេ។ វាមិនមែនជារដ្ឋសភាមួយទេ។ តើអ្នកណាឲ្យអំណាចឲ្យពួកគេធ្វើសេចក្តីសម្រេចដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញទៅ?
ការប្រមូលផ្តុំ ឬ សភា (Rassemblement) នេះ បានអំពាវនាវឲ្យមានបាតុកម្មប្រឆាំងតវ៉ា នៅប៉ុន្មានខាងសប្តាហ៍ខាងមុននេះ។ ពួកគេនិយាយថា ប្រធានាធិបតី Kabila ត្រូវចុះចេញនៅពេលចប់អាណត្តិរបស់លោក នៅថ្ងៃទី១៩ ខែធ្នូខាងមុខ៕
ប្រែសម្រួលដោយ សើ សាយ្យាណា