ចៅក្រម​អ.ស.ប.​ចង់កាត់​ទោស​ខ្មែរក្រហម​បន្ថែម​ តែ​ប្រឈមមុខ​នឹង​នីតិវិធី​ជំទាស់

សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។

ទោះជា​គ្មាន​ការ​ចូលរួម​ពីភាគី​ចៅក្រម​ជាតិ​ក្តី​ សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​អន្តរជាតិ​​នៃ​សាលាក្តី​ខ្មែរក្រហម ​បាន​បញ្ចប់​ដំណើរការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ជំទាស់​នោះ។

ចៅក្រម​ស៊ើប​អង្កេត​ភាគី​អ.ស.ប.​ក្នុង​សាលាក្តី​ខ្មែរក្រហម ​បាន​បោះ​ជំហាន​ទៅមុខ​លើ​សំណុំ​រឿង​បន្ថែម​ ០០៣ ​តែ​បញ្ហា​ខ្វែង​គំនិត​គ្នា​រវាង​ចៅក្រម​ ​អ.ស.ប. និង​ចៅក្រម​កម្ពុជាអាច​នឹង​អូស​បន្លាយ​ពេល​ ហើយ​ការ​បង្ហាញ​ភាព​ស្រពិច​ស្រពិល​ចំពោះការ​ចេញ​ដីកា​ដំណោះ​ស្រាយ​រួមគ្នា​ និង​ការ​មិន​បាន​កាត់​ទោស​នោះ​ នាំ​ឲ្យមាន​ការ​បក​ស្រាយ​ផ្សេងៗ​គ្នា​ក្នុង​ចំណោម​អ្នកឃ្លាំមើល​សាលាក្តី​នេះ។​ ​

អ្នកតាម​ដាន​សាលាក្តី​នេះ​ នៅតែ​អះអាង​ផ្សេង​គ្នា​ចំពោះ​ដំណើរការ​ជំនុំ​ជម្រះ​ទោស​នេះ។​

ទោះជា​គ្មាន​ការ​ចូលរួម​ពីភាគី​ចៅក្រម​ជាតិ​ក្តី​ សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​អន្តរជាតិនៃ​សាលាក្តី​ខ្មែរក្រហម ​បាន​បញ្ចប់​ដំណើរការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ជំទាស់​នោះ។​ តែការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅ​ក្រម​អន្តរជាតិ​និង​សហ​ចៅក្រម​ជាតិ​ក្នុង​ដំណើរ​ការ​សំណុំរឿង​បន្ថែម​នេះ ​នាំឲ្យ​មានការបកស្រាយ​ផ្សេង​គ្នា​ចំពោះ​បញ្ហា​ ថា​តើ​ជន​ជាប់​ចោទ​នៃ​សំណុំ​រឿង​០០៣​ និង​សំណុំ​រឿង​បន្ថែម​ផ្សេង​ទៀត​ អាច​ត្រូវ​នាំ​យក​ទៅ​កាត់ទោស​ ឬ​ត្រូវ​ទម្លាក់​ចោល​បទចោទដែរឬទេ?

សំណុំ​រឿង​០០៣ ​ដែល​នៅសល់​តែ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់ ​គឺ​លោក​មាស មុត ​ក៏ដូចជា​សំណុំ​រឿង០០៤​ ដែល​មាន​ជនជាប់​ចោទ​៣នាក់ដែរ​គឺ​ស្ថិត​នៅ​ក្រោម​ការ​បកស្រាយ​ផ្សេងៗ​គ្នា​ថា ​សហ​ចៅក្រម​បរទេស​ និង​សហ​ព្រះរាជ​អាជ្ញា​បរទេស​នឹង​មិន​ទទួល​បាន​កិច្ច​សហការ​ពី​សហ​ព្រះរាជ​អាជ្ញា​ និង​សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​កម្ពុជា​ទេ ​ក្នុង​ការ​ចេញ​ដីកាដំណោះ​ស្រាយ​ចុងក្រោយ​ ការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ​ហើយនឹង​ការ​រួម​គ្នា​កោះ​ឲ្យ​មាន​ការ​បើក​សវនាការ ​ដែល​ភាគី​កម្ពុជា​ ជា​ប្រធាន​អង្គ​ជំនុំ​ជម្រះត្រូវ​ផ្តួច​ផ្តើម​នោះ បើទោះបី​ជា​នីតិវិធី​អនុញ្ញាត​ឲ្យ​ចៅក្រម​អន្តរជាតិ​តែឯងអាច​ដំណើរ​រឿង​ក្តី​ទៅមុខ​ក្នុង​ការ​ស៊ើប​អង្កេត​ ឬ​នីតិវិធី​ផ្សេង​ទៀត​ក៏​ពិត​មែន។​

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់​គឺ ​លោក​ ភីធ័រ ម៉ាខ្វៃអ័រ ​(Peter Maguire) ​ដែល​ជា អ្នក​និពន្ធ​សៀវភៅ ​«ប្រឈមមុខ​នឹងការ​ស្លាប់​នៅកម្ពុជា ​(Facing Death ​in Cambodia)»​ បាន​ថ្លែង​ថា​ លោក​គ្មាន​ជំនឿ​ថា​ សំណុំ​រឿង​ទាំង​នេះ​នឹង​ដំណើរការ​ទៅ​មុខ​ទេ។​ ​រដ្ឋាភិបាល​កម្ពុជា​នឹងមិន​គាំទ្រ​ការ​កាត់ទោស​សំណុំ​រឿង​ទាំង​នេះ​ទេ​ ហើយអ.ស.ប.មិន​ត្រូវ​ទទួល​បានអ្វី​ដែល​ខ្លួន​ចង់​បាន​ខុសពី​ឆន្ទៈនយោបាយ​របស់​លោក​ហ៊ុន សែន ​ដែល​មិនចង់​ឲ្យ​មានការ​កាត់ទោស​សំណុំ​រឿង​បន្ថែម​ទៀត​នោះ។

«ខ្ញុំ​គិត​ថា​ ជាថ្មី​ម្តង​ទៀត ​វា​ជា​ពេល​វេលា​ដែលអ.ស.ប.​ត្រូវ​បញ្ចប់​ដំណើរការ​តុលាការ​និង​ដើរចេញ»។​

លោក​ Marguire​ ថា​ អ.ស.ប.បាន​ធ្វើ​កិច្ចការ​ច្រើន​ដែល​លោក​មិន​នឹក​ស្មាន​ដល់​គឺ​បាន​បញ្ចប់​ការ​កាត់ទោស​សំណុំ​រឿង​០០១ ​និង​សំណុំ​រឿង​០០២​ មួយ​វគ្គ ​ដោយបានចំណាយ​លុយ​ច្រើន​ ពេល​វេលាច្រើន​ និង​ទទួល​បាន​មក​វិញ​នូវ​លទ្ធផល​ចម្រុះ​គ្នា។

«ហើយអ.ស.ប.ត្រូវការ​ធ្វើ​កិច្ចការ​បញ្ចប់​សំណុំ​រឿង​០០២​ឲ្យបាន​ឆាប់តាម​ដែល​អាច​ធ្វើ​ ទៅ​បាន ​ហើយ​ត្រូវ​អំពាវនាវ​ឲ្យមាន​ការ​បញ្ចប់​ការកាត់​ទោស ​ដោយសារកម្ពុជា​រឹង​រូស​ ហើយអ.ស.ប.​មិនត្រូវ​បន្ត​បាត់បង់​កេរ្តិ៍​ឈ្មោះ​ ដោយសារ​តែ​ការ​ព្យាយាម​ជម្នះ​ក្នុង​សំណុំ​រឿង​០០៣ ​ដែល​នឹង​មិន​អាច​កើត​ឡើង​នោះ‍​ទេ»។

ក្នុងសំណុំ​រឿង​០០៣​និង០០៤​ ​សហ​ព្រះរាជ​អាជ្ញាធ្វើការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​ ទី​ដែល​ជន​ជាប់​ចោទ​ទាំងនេះ​បាន​កាន់កាប់​ក្នុង​ទស​វត្សរ៍​១៩៧០។​ ​ជនជាប់​ចោទ​ទាំង​នោះ​ត្រូវ​បាន​ស៊ើប​អង្កេត​រយៈពេល​៨​ឆ្នាំ​ហើយ​ តែមិន​ត្រូវ​បាន​ឃុំខ្លួន​ដូច​អតីត​ខ្មែរក្រហម​ដទៃ​ទៀត​ទេ​ ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​ដែលពេលខ្លះ​មេដឹកនាំ​រដ្ឋាភិបាល​ធ្លាប់​គំរាម​យូរៗ​ម្តង​ថា ​សុខចិត្ត​ឲ្យ​តុលាការ​រលាយ ​តែមិន​អាច​នាំ​ខ្លួន​ជនជាប់​ចោទ​បន្ថែម​ទៅ​កាត់​ទោស​ ដែល​ធ្វើ​ឲ្យ​ខូចខាត​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​នោះ។

លោកស្រី​នូស៊ីន សាការាទី​ (Nushin Sarkarati) ​អ្នកច្បាប់​នៃមជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ ​និងការ​ទទួល​ខុសត្រូវ ​(Center for ​Justice and ​Accountability​ (CJA)) ​បាន​យល់​ឃើញ​ផ្សេង​ថា​ ទោះបី​ជា​មាន​ការចោទ​ប្រកាន់​ថា​ មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ ​និង​ការ​មិន​ដើរ​ទៅមុខ​នៃ​សំណុំ​រឿង​បន្ថែម​មែន​ក្តី ​តែ​សំណុំ​រឿង​០០៣​ដែល​មាន​លោក​មាស មុតសំណុំ​រឿង​០០៤​ ដែលមានជន​ជាប់​ចោទ​ពីរ​នាក់​គឺ​អ្នកស្រី​អ៊ឹម ចែម ​និង​លោក​អោ អានត្រូវ​បាន​ស៊ើប​អង្កេត​បញ្ចប់។​ ដោយ​ឡែក​ជន​ទី៣​គឺ​លោក​យឹម ទិតតុលាការ​កំពុង​បន្តការ​ស៊ើប​អង្កេត។​

«សហ​ចៅក្រម​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​អ្នកស្រី​អ៊ឹម ចែម ​លោក​អោ អាន​ ហើយនឹង​លោក​មាស មុត​ហើយ។ ​ហើយ​នៅ​សល់​តែការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​លោក​យឹម ទិត​ទេ​ ដែល​កំពុង​បន្ត​ធ្វើ។​ ប៉ុន្តែ​រឿង​នេះ​ត្រូវគេ​ដាក់​គម្រោង​ការ​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​មុន​ដំណាច់​ខែ​មេសា​ឆ្នាំ​២០១៧។​ យើង​មាន​ជំនឿ​ថា​ ប្រសិន​បើ​ប្រមូល​បាន​ភ័ស្តុតាង​ដ៏រឹងមាំ​គ្រប់គ្រាន់​ក្នុង​ដំណើរការ​ស៊ើប​អង្កេតដើម្បី​ដាក់​ឲ្យមាន​ការ​កាត់​ទោស​នោះ​ នោះ​ចៅក្រម​នឹង​កាត់ទោស‍»។​

នៅ​ពេល​សួរអំពី​លទ្ធភាពដែលជន​ជាប់ចោទ​អាច​រួចទោស​ និង​សួរអំពី​កេដំណែលរបស់​សាលាក្តី​ បើ​សិន​ជា​ជនជាប់​ចោទ​ត្រូវបាន​ដាក់​ឲ្យរួច​ខ្លួន​នោះ​ លោកស្រី​នូស៊ីន សាការាទី​បាន​បញ្ជាក់​ថា៖​

«កេរ​ដំណែលរបស់​សាលាក្តី​ខ្មែរក្រហម ​ECCC ​ហាក់​ដូចជា​មាន​ការ​វាយតម្លៃ​ច្រើន​ថា​ មាន​ការ​កាត់ទោស​ដោយ​យុត្តិធម៌​ ជា​ជាង​ចំនួន​តួលេខ​នៃ​ការ​កាត់ទោស​ដែល​តុលាការ​នេះ​បាន​ធ្វើ។ ​ជន​ជាប់​ចោទ​ទាំងឡាយ​នៅតែ​ត្រូវ​ចាត់ទុក​ថា​ ជា​ជន​គ្មាន​ទោស​ ហើយ​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់ក្តី​ដោយ​យុត្តិធម៌​ក្នុង​អំឡុង​ពេល​ដែល​សហ​ព្រះរាជ​អាជ្ញា​ និង​ក្រុម​មេធាវី​នាំមុខ​នៃ​ដើម​បណ្តឹង​រដ្ឋប្បវេណី​អាច​បង្ហាញ​ភ័ស្តុតាង​ដាក់​បន្ទុក​ដើម្បី​ដាក់​កំហុស​ពួកគេ​នៅ​ចំពោះ​មុខ​ចៅក្រម​តុលាការ​ខ្មែរក្រហម‍»។​

សេចក្តី​ជូន​ដំណឹង​ថ្មីៗ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​គឺលោក​ម៉ៃខល បូឡែនឌ័រ ​(Michael Bohlander) ​បាន​បញ្ជាក់បិទ​បញ្ចប់ការ​ស៊ើប​សួរ​សំណុំ​រឿង​លោក​មាស មុត​នៅថ្ងៃទី​១០​ ខែ​មករា​ ឆ្នាំ​២០១៧ ​ រីឯសហ​ចៅក្រម​ជាតិ​គឺ​លោក​យូ ប៊ុនឡេង​បានបិទ​ការ​ស៊ើប​អង្កេត​សំណុំ​រឿងនេះ​តាំងពី​ឆ្នាំ​២០១១។​

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ទុក​រយៈពេល​៣០​ថ្ងៃ​ដល់ភាគី​ពាក់ព័ន្ធ​នានា​ ទាំង​ជន​រងគ្រោះ​ និង​ដើម​បណ្តឹង​ដើម្បី​ស្នើសុំ​ស៊ើបសួរ​បន្ថែម​ទៀត។​

តែ​សម្រាប់​លោក​ឡាត់ គី ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​ដែល​ធ្លាប់​ឃ្លាំមើល​ សាលាក្តី​ខ្មែរ​ក្រហម ​បាន​អះអាង​ថា​ បញ្ហា​សំខាន់​គឺ​អង្គការ​របស់​លោក​មិន​មាន​ថវិកា​ដើម្បី​ជួយជន​រងគ្រោះ​ និង​ឃ្លាំ​មើល​ដំណើរ​ការ​តុលាការ​ និង​ជូន​ព័ត៌មាន ​ហើយ​នឹង​បន្ត​គម្រោង​ឃ្លាំ​មើល​ដំណើរការ​សាលាក្តីទៀត​ទេ។​

«ជា​ទូទៅ​គឺ​ពួក​គាត់​ទន្ទឹង​រង់ចាំ​មើល​ព័ត៌មាន​ ឬ​ក៏​ការ​ផ្តល់​ព័ត៌មាន​ដូច​ពី​មុន។​ ប៉ុន្តែជា​ អកុសល​ ដោយសារ​តែ​កត្តា​ខ្វះខាត​មូលនិធិ​នេះ​ហើយ​ដែល​យើង​ខ្ញុំ​មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​ព័ត៌មាន​និង​ធ្វើ​បច្ចុប្បន្នភាព​ជូន​ពួក​គាត់​ផង​ដែរ‍»។​

លោក​ថា​ ជនរង​គ្រោះ​ពឹង​ផ្អែក​តែ​លើ​ព័ត៌មាន​តាម​វិទ្យុ​ ជា​ពិសេស។​ ​តែ​លោក​ស្វាគមន៍​ចំពោះ​ការ​រីកចម្រើន​ទៅមុខ​នៃ​សំណុំបន្ថែម​ទាំង​ពីរ ដែល​រង​ការ​ចោទ​ប្រកាន់​ថា ​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​នោះ។

លោក​នេត្រ ភក្រ្តា​ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​ថ្លែង​ថា​ ទោះជា​មាន​ការ​វាយ​តម្លៃ​ថា ​សំណុំរឿង​នេះ​មាន​ឧបសគ្គ ​តែ​សំណុំ​រឿង​ទាំង​នេះ​ចេះតែ​វិវត្ត​ទៅមុខ ​ហើយ​បើ​ទោះបី​ជា​សហ​ចៅក្រម​មាន​ការ​ខ្វែង​គំនិត​គ្នា​តាម​នីតិវិធី​ តែ​ពួក​គាត់​នៅតែ​សហការ​គ្នា​ ធ្វើការ​រួម​គ្នា​លើ​សំណុំ​រឿង​ទាំង​ពីរ។​

«កំណត់​ហេតុ​នៃ​ការ​ខ្វែង​យោបល់​គ្នា​របស់​ចៅក្រម​ជាតិ​និង​ចៅក្រម​អន្តរជាតិ​ទៅ​លើ ​ដំណើរការ​នីតិវិធី​នេះ​គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​កិច្ចការ​សម្ងាត់។​ អញ្ចឹង​នៅ​ពេល​នេះ យើង​មិន​ទាន់​អាច​បង្ហាញ​ទៅ​ដល់​សាធារណជន​ឲ្យ​បាន​ដឹង​ទេ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ នៅ​ពេល​ដំណើរការ​នីតិវិធី​បញ្ចប់​ទាំងស្រុង​ នៅពេល​ដែល​ឈាន​ទៅ​ដល់​ការ​ចេញ​ដីកាដំណោះ​ស្រាយ​គឺ​អាច​នឹង​បង្ហាញ​អំពី​ចំណុច​ខ្វែង​យោបល់​គ្នា​ទៅ​លើ​ដំណើរការ​ នីតិវិធី​នេះ‍»។​

​ទោះជា​គ្មាន​ការ​បញ្ជាក់​ឲ្យ​ដឹងពី​មូលហេតុ​ក៏​ពិត​មែន​ តែការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ថា ​តើ​ជន​ត្រូវ​ចោទ​នឹង​ត្រូវ​កាត់ទោស​ ឬ​យ៉ាង​ណា​នោះ​គឺជា​បញ្ហា​ ព្រោះ​តាម​យុត្តាធិការ​របស់​សាលាក្តី​ ដែល​អ.ស.ប.​បាន​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជានោះ ​គឺ​មានតែ​ជន​ចាប់ចោទ​តែពីរ​ជំពូក​ទេ​ត្រូវកាត់ទោស។ ​ការ​បក​ស្រាយពី​ភាគីកម្ពុជា​ ទាំង​សហ​ព្រះរាជ​អាជ្ញាជាតិ​ និង​សហ​ចៅក្រម​ជាតិទំនង​ជា​នឹង​ថា​ ជនជាប់​ចោទ​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤មិនមែន​ជាមេដឹក​នាំខ្មែរ​ក្រហម​ជាន់ខ្ពស់​បំផុត​ ឬជន​ដែល​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ ដែល​ត្រូវ​នាំមក​កាត់​ទោស​នោះ​ទេ ​ខណៈ​ដែល​សហ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​អន្តរជាតិ​យល់​ថា​ ពួកគេ​ជា​ជន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ដែល​ត្រូវ​នាំ​មក​កាត់​ទោស​នោះ។​ ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ចៅក្រម​ទាំងពីរ​ភាគី​នេះ​បានអូស​បន្លាយ​ពេល​វែង​ក្នុង​ដំណើរការ​ទៅ​កាន់​អង្គបុរេ​ ឬ​ក៏​អាច​ត្រូវ​គេ​គិត​ថា​ នាំឲ្យ​ជន​ជាប់​ចោទ​ត្រូវ​គេទម្លាក់​បទចោទ​បាន​ដោយ​ងាយ។​

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​បាន​ចំណាយ​ទឹកប្រាក់​ជាង​២៦០​លាន ​ដុល្លារ តែ​សាលាក្តី​នេះ​បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​តែ​៣នាក់​ ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន៧សែន​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ ​ដល់​១៩៧៩។ ​ជនទាំង​បី​នាក់​នោះ​គឺ​កាំង ហ្កេចអ៊ាវ ​ហៅឌុច​ ប្រធាន​គុក​ទួលស្លែង​ឬ​ស-២១​ ខៀវ សំផន​ ប្រមុខ​រដ្ឋ ​និង​នួន ជា​បងធំ​ទី​២​នៃ​របប​ខ្មែរក្រហម៕